ក្រសួង​យុត្តិធម៌​ណែនាំ​ឲ្យ​តុលាការ​ខេត្ត-​ក្រុង​ថ្លឹងថ្លែង​មុន​សម្រេច​ឃុំ​ពលរដ្ឋ​​ក្នុង​រឿង​ដីធ្លី

ដោយ យាង សុជាមេត្តា
2016-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ក្នុង​ជំនួប​ជាមួយ​ប្រធាន​សាលាដំបូង និង​​​​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ទូទាំង​ប្រទេស នា​ទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ក្នុង​ជំនួប​ជាមួយ​ប្រធាន​សាលាដំបូង និង​​​​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ទូទាំង​ប្រទេស នា​ទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Yeang Socheametta

ក្រសួង​យុត្តិធម៌ ណែនាំ​ឲ្យ​តុលាការ​គ្រប់​រាជធានី-​ខេត្ត ក្នុង​ប្រទេស​កម្ពុជា ថ្លឹងថ្លែង​ឲ្យ​ច្បាស់លាស់​មុន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើ​ពលរដ្ឋ​ក្នុង​ទំនាស់​ដីធ្លី។ ការ​ទទូច​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី-​ខេត្ត​ទាំង​អស់ នា​ទីស្ដីការ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា។

ការ​កោះ​ហៅ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​គ្រប់​រាជធានី-​ខេត្ត មក​ជួប​ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា នេះ ធ្វើ​ឡើង ៤​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អន្តរាគមន៍​ឲ្យ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពិចារណា​ឡើង​វិញ​ពី​ការ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី ២​នាក់​បណ្ដោះអាសន្ន ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ និង​បន្ទាប់​ពី​លោក ហ៊ុន សែន លើកលែង​ពី​បញ្ហា​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​នឹង​ទាហាន ៥​គ្រួសារ​នៅ​ខេត្ត​បន្ទាយមានជ័យ។

ប្រហែលជា​មក​ពី​មូលហេតុ​នេះ​ហើយ​ទើប​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​គ្រប់​រាជធានី-​ខេត្ត ក្រសួង​យុត្តិធម៌ ស្នើ​ឲ្យ​តុលាការ​ថ្លឹងថ្លែង​ច្បាស់លាស់​មុន​ពេល​សម្រេច​ឃុំ​ខ្លួន​ភាគី​ណា​មួយ​ក្នុង​ទំនាស់​ដីធ្លី។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​កិច្ចប្រជុំ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ឲ្យ​ដឹង​ថា រាល់​វិវាទ​ដីធ្លី​ដែល​មាន​លក្ខណៈ​ជា​សមូហភាព ហើយ​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ ឬ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មួយ​ក្រុម ឬ​មួយ​សហគមន៍ តុលាការ​ត្រូវ​តែ​មាន​ភាព​ទន់ភ្លន់ ពិចារណា​ឲ្យ​ច្បាស់លាស់​មុន​សម្រេច​ឃុំ​ខ្លួន​ភាគី​ណា​មួយ​បណ្ដោះអាសន្ន។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA

លោក ជិន ម៉ាលីន បញ្ជាក់​ថា ការ​ធ្វើ​ដូច​នេះ គឺ​ដើម្បី​ជៀសវាង​ការ​ប៉ះទង្គិច​គ្នា​រវាង​ភាគី​ជម្លោះ ឬ​ជៀសវាង​ការ​ចោទ​ប្រកាន់​ថា តុលាការ​សម្រេច​សេចក្ដី​មាន​ភាព​មិន​ប្រក្រតី៖ «ជួន​កាល​យើង​មើល​ទៅ​គោលការណ៍​ច្បាប់​គឺ​ថា តម្រូវ​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន អ៊ីចឹង​តុលាការ​ត្រូវ​មាន​ភាព​ទន់ភ្លន់ អាច​មាន​ការ​អនុគ្រោះ ហើយ​យក​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ជា​ដំណាក់កាល​ចុង​ក្រោយ​បំផុត គឺ​អាច​យក​គាត់​ដាក់​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ប្រសិនបើ​គាត់​នៅ​ធ្វើ​ល្មើស​ម្ដង​ហើយ​ម្ដង​ទៀត ចាំ​យក​យន្តការ​ចុង​ក្រោយ​បំផុត​ដើម្បី​ឃុំខ្លួន​បណ្ដោះអាសន្ន នេះ​ករណី​ដីធ្លី​មាន​ចរិត​ជា​លក្ខណៈ​សមូហភាព។ ប៉ុន្តែ​ករណី​នេះ​មិន​ត្រូវ​ធ្វើជា​ទូទៅ​ទេ ពីព្រោះ​ថា បើ​វិវាទ​ដីធ្លី​មាន​លក្ខណៈ​ឯកជន ត្រូវ​តែ​អនុវត្ត​ម៉ឺងម៉ាត់​តាម​ផ្លូវ​ច្បាប់»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ជិន ម៉ាលីន សង្កត់​ធ្ងន់​ថា គោលការណ៍​នេះ​នឹង​មិន​សើរើ​ឡើង​វិញ​ករណី​ដីធ្លី​ដែល​កន្លង​មក​ត្រូវ​បាន​តុលាការ​កាត់ទោស​សម្រេច​សេចក្ដី​រួច​ហើយ​នោះ​ទេ។ ប៉ុន្តែ លោក​ថា ប្រសិនបើ​ពលរដ្ឋ​ឬ​សហគមន៍​ណាមួយ​យល់ថា​ការ​កាត់​សេចក្ដី​វិវាទ​ដីធ្លី របស់​ពួកគេ​ដោយ​តុលាការ​មាន​ភាព​មិន​ប្រក្រតី ឬ​អយុត្តិធម៌ ពួកគេ​អាច​ប្ដឹង​មក​កាន់​ក្រសួង​យុត្តិធម៌ ពិនិត្យ​ឡើង​វិញ ឬ​ស្នើ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ទំព័រ​ហ្វេសប៊ុក របស់​លោក។

​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​រង់ចាំ​ទាល់​តែ​មាន​ពលរដ្ឋ​ប្តឹង​ទើប​ក្រសួង ឬ​រដ្ឋាភិបាល​ចាត់​វិធានការ មិន​អាច​ដោះស្រាយ​បញ្ហា​មាន​ប្រសិទ្ធភាព​ជាទូទៅ​នោះ​ទេ។

​ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្រសួង​យុត្តិធម៌ ត្រូវ​ប្រមូល​ទិន្នន័យ​ទំនាស់​ដីធ្លី​មកពី​គ្រប់​តុលាការ ដើម្បី​ពិនិត្យ​មើល​សាវតារ​នៃ​ទំនាស់ រួច​ចាត់​វិធានការ​ដោះស្រាយ បើ​រក​ឃើញ​ថា ករណី​ណា​មួយ​មាន​ភាព​មិន​ប្រក្រតី ឬ​អយុត្តិធម៌។

លោក អំ សំអាត ក៏​ទទូច​ឲ្យ​តុលាការ​ពិនិត្យ​ឡើង​វិញ​ករណី​ឃុំ​ខ្លួន​ពលរដ្ឋ​ដោយសារ​ទំនាស់​ដីធ្លី​ក្នុង​ពេល​កន្លង​មក៖ «ចៅក្រម​និង​ព្រះរាជអាជ្ញា​មុន​នឹង​សម្រេច​ធ្វើការ​ចោទ​ប្រកាន់ មុន​នឹង​សម្រេច​ធ្វើ​ការ​ឃុំ​ខ្លួន​ពលរដ្ឋ​ពាក់ព័ន្ធ​ដីធ្លី​នេះ សូម​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ពីព្រោះ​កុំ​ឲ្យ​បុគ្គល​ខ្លះ ឬ​អាជ្ញាធរ ឬ​ក៏​ក្រុមហ៊ុន​ខ្លះ​យក​តុលាការ​ធ្វើ​ជា​ឧបករណ៍​ដើម្បី​ធ្វើ​ការ​គំរាម​ចោទ​ប្រកាន់​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ដើម្បី​គំរាម​កំហែង​កុំ​ឲ្យ​តវ៉ា​បញ្ហា​ដីធ្លី»

ទន្ទឹង​នឹង​ការ​សាទរ ក្រោយ​ការ​អន្តរាគមន៍​របស់​លោក ហ៊ុន សែន ឲ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ ដោះលែង​ស្ត្រី​ក្នុង​ទំនាស់​ដីធ្លី ២​រូប​នៅ​ក្រៅ​ឃុំ ក៏​មាន​ការ​រិះគន់​ដែរ​ថា លោក ហ៊ុន សែន បាន​ប្រើ​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​លូកលាន់ ឬ​ជ្រៀតជ្រែក​ចូល​ការងារ​របស់​តុលាការ។

លោក អំ សំអាត សម្ដែង​មតិ​ថា ដើម្បី​ជៀសវាង​កុំ​ឲ្យ​សាធារណជន​រិះគន់​ថា តុលាការ​មិន​ឯករាជ្យ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល ឬ​ដើម្បី​ជៀសវាង​ការ​រិះគន់​ថា រដ្ឋាភិបាល​ជ្រៀត​ជ្រែក​ចូល​ក្នុង​ការងារ​របស់​តុលាការ តុលាការ​ត្រូវ​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ និង​ត្រូវ​ធ្វើ​ការ​សម្រេច​សេចក្ដី​ប្រកប​ដោយ​ភាព​យុត្តិធម៌​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

តុលាការគឺជាកន្លែងរកយុត្តិធម៌ជូនប្រជាជន តែប្លែកអ្វីតែស្រុកខ្មែរ
តុលាការគឺជាកន្លែងរកលុយឬជាកន្លែងបង្កើយភាពអយុត្តិធម៌ទៅ
វិញ។ តុលាការដែលទទួលស្គាល់តែរដ្ឋាភិបាលខ្លួនឯងហើយសូម្បី
តែប្រជាជនខ្មែរក៍គ្មាននរណាទទួលស្គាល់ដែរ។ ដូច្នេះកុងសីយុត្តិធម៌
អើយតើអ្នកមានការអៀនខ្មាស់ឬទេ? ធ្វើម្ត៉េចអោយខ្មែរខ្លាំងបើគ្រាន់
តែយុត្តិធម៌ខ្លះៗគ្មានផងក្នុងស្រុកនោះ?

Mar 20, 2016 11:51 PM

អ្នក​អាន​អនាមិក

រឿងនេះ មកពី ប្រជាពលរដ្ឋ ល្ងង់ បោះឆ្នោត អោយគេធ្វើបាប !

Mar 19, 2016 11:34 PM

ហានិភ័យ

ពី តាកែវ

រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ស្ទក់ ទាល់តែគេរុញគូថទើបភ្ញាក់ ខំស្រវេស្រវា យកល្អគួរមានសេចក្តីក្លាហានហ៊ានចុះចេញពីតំណែង ។តុលាការក្រោមៗដើរសំឡុត ចាប់ចងពលរដ្ឋបញ្ចូលគុកស្រេចតែចិត្ត នាំគ្នាស៊ុំគ្រលំប្លន់យកដីរាស្ត្រ។ នគរមានស្តេច ស្រុកមានច្បាប់ តែរាស្រ្តខ្មែរបែរជាកំសត់ ប្រៀបបានកូនមាន់អត់មេ។

Mar 19, 2016 04:42 AM

អ្នក​អាន​អនាមិក

Ang Vong Wathana,
about time to use your head not your knees.

Mar 18, 2016 08:49 AM

គេហទំព័រ​ទាំងមូល