តុលាការ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​រឿង​សម្លាប់​អ្នក​កាសែត​នៅ​រតនគិរី

ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​រតនគិរី បាន​ចេញ​សាលក្រម​របៀប ឬ​ចាត់​របៀប​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​សំណុំរឿង​ក្ដី​ចោទ​ប្រកាន់​មន្ត្រី​កងរាជអាវុធហត្ថ លោក អ៊ាន ប៊ុនហេង ហៅ អេង និង​អ្នកស្រី ស៊ឹម ស្រីវី ជា​ភរិយា ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គ្រោង​ទុក​ជា​មុន​ទៅ​លើ​អ្នក​សារព័ត៌មាន "វីរជន​ខ្មែរ"។
ដោយ រដ្ឋា វីសាល
2013-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​បណ្ដើរ​ជន​ជាប់​ចោទ​សម្លាប់​អ្នក​កាសែត​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី លោក អ៊ាន ប៊ុនហេង ហៅ អេង ចេញ​ពី​ឡាន នៅ​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១២។
ប៉ូលិស​បណ្ដើរ​ជន​ជាប់​ចោទ​សម្លាប់​អ្នក​កាសែត​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី លោក អ៊ាន ប៊ុនហេង ហៅ អេង ចេញ​ពី​ឡាន នៅ​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១២។
Adhoc Photo

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក អ៊ី សុវណ្ណ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែ​មេសា ឆ្នាំ​២០១៣ បាន​សម្រេច​បី​ចំណុច គឺ​ចាត់​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​អង្គហេតុ ៨​ចំណុច ដែល​ចៅក្រម​ស៊ើបសួរ​ក្នុង​រឿង​ក្ដី​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​រតនគិរី គឺ​លោក ឡុច ឡៅ មិន​បាន​ស៊ើប​សួរ​បាន​សព្វគ្រប់។ ចាត់​តាំង​ចៅក្រម​ស៊ើបសួរ​ថ្មី គឺ​លោក សួស ឡា បច្ចុប្បន្ន​ជា​ប្រធាន​តុលាការ​ខេត្ត និង​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី លោក អ៊ាន ប៊ុនហេង ហៅ អេង និង​ភរិយា​ឈ្មោះ ស៊ឹម ស្រីវី ជា​បណ្ដោះអាសន្ន​បន្ត​ទៀត។

អង្គហេតុ ៨​ចំណុច​ដែល​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ខេត្ត​រតនគិរី ចាត់​ឲ្យ​ស៊ើបសួរ​បន្ថែម រួម​មាន ឯកសារ​ផ្ដល់​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ ម៉ូប៊ីថែល (Mobitel) និង​ក្រុមហ៊ុន អឹមហ្វូន (Mfone) ទាក់ទិន​លេខ​ទូរស័ព្ទ និង​ការ​ទំនាក់​ទំនង​គ្នា​តាម​ទូរស័ព្ទ​រវាង​ជន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី។

សាក្សី​ជា​ជាង​រថយន្ត​បំភ្លឺ​ពី​ឭ​សំឡេង​ស្រែក​ពី​ទីតាំង​សង្ស័យ​បង្ក​ហេតុ។ ចម្លើយ​បំភ្លឺ​របស់​ម្ចាស់​ភោជនីយដ្ឋាន សាវាឌី ទិនទិន ដែល​ជនសង្ស័យ​នាំ​គ្នា​ទៅ​ផឹក​ស៊ី​នៅ​ទី​នោះ​នៅ​ថ្ងៃ​កើត​ហេតុ និង​ចម្លើយ​សាក្សី​ពាក់ព័ន្ធ​ជន​ជាប់​ចោទ និង​ជន​ជាប់​សង្ស័យ​ផ្សេង​ទៀត ដូចជា លោក សាត សឿន ហៅ សឿន ផែនដី មន្ត្រីកងរាជអាវុធហត្ថលោក គឺងសៀងឡៃ ជាដើម។

ព្រះរាជអាជ្ញា​រង លោក ជា សុភ័ក្រ្ត ជា​អ្នក​ចោទ​ប្រកាន់​ជន​ជាប់​សង្ស័យ​ទាំង​ពីរ​ក្នុង​រឿង​ក្ដី​នេះ​មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​យល់​ស្រប​ចំពោះ​ចំណាត់​ការ​របៀប​នេះ​ដើម្បី​ស៊ើប​អង្កេត​បាន​ស៊ី​ជម្រៅ​ក្នុង​រឿង​ក្ដី​នេះ។

ចំណែក​ភាគី​ដើម​ចោទ​ជា​ភរិយា​ជន​រងគ្រោះ អ្នកស្រី អឹម ចន្ធី បាន​សំដែង​ការ​ត្រេកអរ ដោយសារ​ចៅក្រម​ជំនុំជម្រះ​មិន​បាន​សម្រេច​ដោះលែង​ជន​ជាប់​សង្ស័យ ហើយ​បើក​ការ​ស៊ើប​អង្កេត​បន្ថែម។ អ្នកស្រី​អំពាវនាវ​សុំ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​ថ្មី ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​អ្នកស្រី និង​ផ្ដល់​សំណង​ក្នុង​រឿង​នេះ។

ទាក់ទិន​ករណី​នេះ​ដែរ មេធាវី​ការពារ​ជន​ជាប់​ចោទ លោក ហេង សុធារ៉ា កត់​សំគាល់​ថា សាលក្រម​របៀប​នេះ​អាច​ប៉ះពាល់​ផល​ប្រយោជន៍​កូន​ក្តី​របស់​លោក ប៉ុន្តែ​លោក​គាំទ្រ​សេចក្ដី​សម្រេច​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​គូ​ភាគី​ក្នុង​រឿង​ក្តី។

ចៅក្រម​ជំនុំជម្រះ​រឿង​ក្តី​សម្លាប់​អ្នក​សារព័ត៌មាន​វរជន​ខ្មែរ​មាន​បី​រូប គឺ​លោក អ៊ី សុវណ្ណ ជា​ប្រធាន និង​ចៅក្រម​ប្រឹក្សា​ពីរ​រូប គឺ​លោក អេង ចំណាប់ និង​លោក ឯក ប៉ូលីហ្វៀល។

ចៅក្រមប្រឹក្សា លោក អេង ចំណាប់ មាន​ប្រសាសន៍​បញ្ជាក់​ថា រយៈពេល​នៃ​ការ​ស៊ើប​អង្កេត​បន្ថែម គឺ​មិន​មាន​កំណត់​ទេ ប៉ុន្តែ​ក៏​មិន​មាន​រយៈពេល​វែង​ដែរ គឺ​ចៅក្រម​ស៊ើបសួរ​តែ​ចំណុច​ណា​ដែល​ក្រុមប្រឹក្សា​ដាក់​ឲ្យ​ស៊ើបសួរ។ ក្រម​នីតិ​ព្រហ្មទណ្ឌ​ចែង​ថា ក្នុង​បទល្មើស​ឧក្រិដ្ឋ ការ​ស៊ើប​សួរ​មាន​រយៈពេល ៦​ខែ និង​អាច​បន្ត​រយៈពេល​ដូច​គ្នា​នេះ​បាន​ពីរ​ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល