អ្នក​កាសែត​នៅ​ភាគ​ឦសាន​​រិះគន់​សេចក្ដី​ព្រាង​​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ដោយ រដ្ឋា វិសាល
2016-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​កាសែត​ថតរូប​អនុស្សាវរីយ៍​ក្រោយ​ចូល​រួម​វេទិកា​ពិភាក្សា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
អ្នក​កាសែត​ថតរូប​អនុស្សាវរីយ៍​ក្រោយ​ចូល​រួម​វេទិកា​ពិភាក្សា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA/Ratha Visal

អ្នក​សារព័ត៌មាន​នៅ​ខេត្ត​ប៉ែក​ឦសាន​ប្រទេស​កម្ពុជា សំណូមពរ​ឲ្យ​ក្រសួង​ព័ត៌មាន និង​មន្ត្រី​អង្គការ​​សង្គម​ស៊ីវិល​ដែល​កំពុង​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​កែសម្រួល​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ។ ពួកគេ​ថា វា​មាន​លក្ខណៈ​រឹត​បន្តឹង​សេរីភាព​អ្នក​សារព័ត៌មាន និង​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ប្រឈម​ទៅ​នឹង​ឧបសគ្គ​ក្នុង​វិជ្ជាជីវៈ។

អ្នក​សារព័ត៌មាន​វិទ្យុ ទូរទស្សន៍ និង​កាសែត​នៅ​ប៉ែក​ឦសាន​ប្រទេស​ចំនួន ៤​ខេត្ត រិះគន់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ថា មិន​បាន​ជួយ​ឲ្យ​សេរីភាព​សារព័ត៌មាន​បាន​ប្រសើរ​នោះ​ទេ ប្រសិនបើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​កែសម្រួល​មាត្រា​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ការ​រឹតត្បិត​ការ​បំពេញ​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន។

ការ​រិះគន់​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្នាក់​តំបន់​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា នា​សាល​ប្រជុំ​សណ្ឋាគារ​រតនគិរី ប៊ូទិច (Rattanakiri Boutique Hotel) ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី និង​មាន​អ្នក​សារព័ត៌មាន​មក​ពី​ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី ចំនួន ២៥​នាក់​ចូលរួម។

អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​បាយ័ន និង ប៊ី.ធី.វី (BTV) ប្រចាំ​ខេត្ត​ស្ទឹងត្រែង លោក មាស ផល្លា កត់សំគាល់​ថា ជំពូក​៧ ស្ដីពី​ទោស​បញ្ញត្តិ​ចាប់​ពី​មាត្រា​២៥ ដល់​មាត្រា​២៩ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​អ្នក​សារ​​ព័ត៌មាន និង​កៀបសង្កត់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​អ្នក​កាសែត។ លោក​ថា ការ​ចូល​រួម​កែ​សម្រួល​សេចក្ដី​ព្រាង​ច្បាប់​នេះ ពី​ស្ថាប័ន​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​គឺ​ជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​មិន​មាន​ការ​ភ័យខ្លាច៖ «ក្រសួង​ព័ត៌មាន​គួរ​អញ្ជើញ​អង្គការ​នានា​ចូល​រួម​ពិភាក្សា​ចេញ​ច្បាប់​នេះ ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​យើង​មាន​សេរីភាព​យក​ព័ត៌មាន និង​មិន​អាច​មាន​ទោសទណ្ឌ»

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​គឺ​ជា​អ្នក​រៀបចំ​កិច្ច​ពិភាក្សា​ស្ដីពី​សេចក្ដី​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ។ កិច្ច​ពិភាក្សា​ដូច​គ្នា​នេះ បាន​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ រួច​ហើយ កាល​ពី​ខែ​កន្លង​ទៅ។

អ្នក​គ្រប់គ្រង​កម្មវិធី​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោកស្រី ហុក ណារិន ចាត់​ទុក​វេទិកា​ពិភាក្សា​ជាមួយ​អ្នក​សារព័ត៌មាន​ផ្ទាល់​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ថា មាន​សារសំខាន់។ លោកស្រី​បន្ត​ថា លទ្ធផល​ដែល​អ្នក​សារព័ត៌មាន​រក​ឃើញ​នៅ​ក្នុង​វេទិកា​នេះ មជ្ឈមណ្ឌល​នឹង​ចងក្រង​ជា​របាយការណ៍​ផ្ដល់​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពិចារណា និង​ពិនិត្យ​សំណូមពរ​កែសម្រួល​របស់​អ្នក​សារព័ត៌មាន៖ «អ្នក​សារព័ត៌មាន​បារម្ភ​ពី​ការ​រឹតត្បិត​សេរីភាព​ដល់​ពួកគាត់​ក្នុង​ការ​យក​ព័ត៌មាន និង​ចែកចាយ​ព័ត៌មាន​ទៅ​ដល់​ប្រជាពលរដ្ឋ។ ច្បាប់​នេះ​មាន​គោលបំណង​ផ្ដល់​ព័ត៌មាន​បាន​ទូលំទូលាយ ប៉ុន្តែ​ខ្លឹមសារ​មាន​ចំណុច​មួយ​ចំនួន​រាំង​ស្ទះ​ដំណើរ​ការ​ផ្ដល់​ព័ត៌មាន​ដែល​ពិបាក​ធ្វើ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ពលរដ្ឋ»

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន មាន ៩​ជំពូក និង ៣៦​មាត្រា។ សេចក្ដី​ព្រាង​ច្បាប់​នេះ​រៀបចំ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន​តាំង​ពី​ឆ្នាំ​២០១៤។ បច្ចុប្បន្ន​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ដាក់​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ពិភាក្សា​កែសម្រួល​សេចក្ដី​ព្រាង​ច្បាប់​នៅ​ឡើយ។

អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់​ថា ថ្នាក់ដឹកនាំ​ក្រសួង​ស្វាគមន៍​ចំពោះ​មតិ​រិះគន់ និង​សំណូមពរ​កែសម្រួល​មាត្រា​ទាំង​ឡាយ​ទាក់ទិន​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ។ លោក​ថា ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ហេតុ​នេះ​ការ​ចូលរួម​មតិយោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​បាន​គ្រប់​មជ្ឈដ្ឋាន គឺ​ជា​ការ​ប្រសើរ៖ «ការ​ព្រួយ​បារម្ភ​របស់​គាត់​ត្រូវ ប៉ុន្តែ​គាត់​ត្រូវ​ចងក្រង​ជា​របាយការណ៍​ជាក់លាក់ តើ​គាត់​ចង់​បាន​យ៉ាង​ម៉េច​ក្នុង​ចំណោម​ទាំង ៩​ជំពូក គឺ​ឲ្យ​សរសេរ​ជាក់​លាក់»

តាម​ការ​គ្រោង​ទុក​នៅ​ដើម​ឆ្នាំ​២០១៧ វេទិកា​ពិភាក្សា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ នឹង​រៀបចំ​ធ្វើ​នៅ​ថ្នាក់​តំបន់​នៅ​ក្រុង​សៀមរាប មាន​អ្នក​សារព័ត៌មាន​ខេត្ត​សៀមរាប ព្រះវិហារ ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ចូល​រួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល