គ្រួសារ​អ្នក​កាសែត​ដែល​ត្រូវ​គេ​ព្រួត​វាយ​សម្លាប់​នៅ​កំពង់ឆ្នាំង​ស្នើ​តុលាការ​ពន្លឿន​នីតិវិធី

ដោយ ជិន ជេដ្ឋា
2014-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២២-មេសា-២០១៤៖ សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង។
២២-មេសា-២០១៤៖ សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង។
RFA/Chin Chetha

សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង កំពុង​ពិនិត្យ​សំណុំ​រឿង​ឃាតកម្ម​គិត​ទុក​ជា​មុន​ទៅ​លើ​អ្នក​កាសែត មាគ៌ា​កម្ពុជា ដែល​ត្រូវ​បាន​គេ​ព្រួត​គ្នា​វាយ​សម្លាប់​នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៤។ ក្រុម​គ្រួសារ​ជន​រងគ្រោះ ស្នើ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី និង​ចាប់​យក​ជន​ល្មើស​ទៅ​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់ ទើប​ពួក​គាត់​ស្ងប់​ចិត្ត។

នៅ​គ្រា​ដែល​ក្រុម​គ្រួសារ និង​ភរិយា​ជន​រងគ្រោះ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ចំពោះ​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​របស់​ជន​សង្ស័យ ដែល​សង្ស័យ​ថា​បាន​វាយ​សម្លាប់ លោក សួន ចាន់ ភ្នាក់ងារ​កាសែត មាគ៌ា​កម្ពុជា នោះ ចៅក្រម​តុលាការ​បាន​ចោទ​ប្រកាន់​មនុស្ស​ជាច្រើន​នាក់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ក្នុង​សំណុំ​រឿង​នេះ។

ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក គឹម ហុងសាន្ត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ថា លោក​បាន​ដាក់​បទ​ចោទ និង​កំពុង​រៀប​ចំ​សំណុំ​រឿង​នេះ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដែល​អាច​ទៅ​ដល់​ដៃ​ចៅក្រម​ក្នុង​សប្ដាហ៍​ទី​៤ នៃ​ខែ​មេសា នេះ៖ «ឥឡូវ​កំពុង​រៀប​ចំ​បញ្ជូន​ទៅ​ហើយ! នេះៗ​រឿង​ហ្នឹង​ខ្ញុំ​ដាក់​ហិង្សា​ដោយ​ចេតនា បណ្ដាល​ឲ្យ​ស្លាប់​ដល់​ជន​រងគ្រោះ អា​ហ្នឹង​វា​បទ​ឧក្រិដ្ឋ​ដូច​គ្នា ហើយ​នៅ​ក្នុង​ហ្នឹង​មាន​ជន​ល្មើស​ទាំងអស់ ៦​នាក់»

ប្រធាន​ផ្នែក​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អង្គការ​លីកាដូ នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ទៀត ទាក់ទង​នឹង​ករណី​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌ និង​ចាត់​វិធាន​ការ​ជា​បន្ទាន់។ លោក​បន្ត​ថា ករណី​វាយ​សម្លាប់​អ្នក​កាសែត មាគ៌ា​កម្ពុជា នេះ គឺ​កើត​ចេញ​ពី​វិជ្ជាជីវៈ​សារព័ត៌មាន ដូច​ជា​អ្នក​សារព័ត៌មាន​ចំនួន ១១​រូប​ផ្សេង​ទៀត​ដែរ ដែល​បាន​ស្លាប់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ៖ «វា​មាន​ហេតុផល​ច្រើន​ដែល​ចង្អុល​បង្ហាញ​អំពី​ថា ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន ពីព្រោះ​អី​គាត់​ក៏​ត្រូវ​រង​ការ​គំរាម​កំហែង​ពី​មុន​មក ហើយ​អត្ថបទ​របស់​គាត់​ភាគ​ច្រើន គឺ​បាន​ចុះ​ផ្សាយ​អំពី​បទ​ល្មើស​នៃ​ជលផល​នៅ​ទីនោះ​ជាច្រើន»

ក្រុម​គ្រួសារ និង​ភរិយា​ជន​រងគ្រោះ កំពុង​រស់​នៅ​ដោយ​ភ័យ​ខ្លាច​ជន​ល្មើស​គុំកួន និង​លួច​វាយ​ធ្វើ​បាប​បន្ត​ទៀត ក្រោយ​ពី​ឃើញ​ជន​សង្ស័យ​ទាំង​នោះ​ចេញ​មុខ​ជា​សាធារណៈ និង​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​យ៉ាង​មាន​សេរីភាព បន្ទាប់​ពី​គេច​ខ្លួន​មួយ​រយៈ​មក។ គ្រួសារ លោក សួន ចាន់ ស្នើ​ឲ្យ​សមត្ថកិច្ច និង​តុលាការ​ចាប់​ខ្លួន​ជន​ល្មើស​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ឆាប់។

កូន​ប្រុស​វ័យ ២០​ឆ្នាំ​របស់ លោក សួន ចាន់ ឈ្មោះ ដុស ជីម បាន​រៀប​រាប់​ថា ក្នុង​ហេតុការណ៍​វាយ​សម្លាប់​ឪពុក​របស់​ខ្លួន កាល​ណោះ​ជន​ល្មើស​មាន​គ្នា​ប្រហែល​ជា ១០​នាក់ ប៉ុន្តែ​ស្គាល់​មុខ​ច្បាស់​ចំនួន ៤​នាក់ គឺ​មាន​ទី​១​ឈ្មោះ យឿន នុន ទី​២ យឿន ណាក់ ទី​៣ នាង រ៉ា និង​ទី​៤​ឈ្មោះ សាំង សេងអៀង៖ «មុន​ដំបូង​ខ្ញុំ​នៅ​លើ​ផ្ទះ ដល់​ពេល​ខ្ញុំ​ចុះ​មក ប្អូន​ខ្ញុំ​ប្រាប់​ថា គេ​វាយ​ពុក ដល់​ពេល​ខ្ញុំ​រត់​ទៅ​ឃើញ​អា​បួន​នាក់​ហ្នឹង​ហ្មង​កំពុង​វាយ​ពុក​ខ្ញុំ ៤​នាក់​ហ្នឹង​ឈរ​ជុំវិញ​ពុក​ខ្ញុំ​ហ្មង! ពេល​ខ្ញុំ​រត់​ចូល​ទៅ​បាន​វា​ដក​ដំបង​មក​វាយ​ខ្ញុំ​វិញ។ វាយ​ត្រូវ​ដៃ​១​ដំបង និង​កន្លែង​បោះ​ដៃ​ផុត​១​ដំបង និង​ក្បាល​១​ដំបង។ ដល់​ពេល​ហ្នឹង ខ្ញុំ​ត្រូវ​ខ្ញុំ​ដួល​ខ្ញុំ​ងើប​មក​វិញ វា​ចាប់​ក្របួច​ក​អាវ​ខ្ញុំ រួច​ទៅ​វា​ស្រែក​ឲ្យ​គ្នា​វា​វាយ​មក។ អា​អ្នក​ស្រែក​ឲ្យ​គ្នា​វា​វាយ​ខ្ញុំ​ថែម​ទៀត ពេល​ខ្ញុំ​ភ័យ ខ្ញុំ​រើ​មក ឪពុក​ខ្ញុំ​ក៏​រត់​មក​ដល់​ផ្ទះ​ដែរ»

លោក​បញ្ជាក់​ថា នៅ​ម៉ោង​ជិត ៨​យប់ ជន​ល្មើស​បាន​ឈរ​រប៉ាត់រប៉ាយ​នៅ​កន្លែង​ងងឹត​តាម​ផ្លូវ ចំណែក​ជន​ដៃ​ដល់​ទាំង ៤​នាក់ បាន​ប្រើ​ដំបង​ឫស្សី​ពីងពង់ និង​ឈើ​ជ្រុង ព្រួត​គ្នា​វាយ​ឪពុក និង​ខ្លួន​នៅ​កន្លែង​ភ្លឺ ដែល​មាន​អ្នក​ភូមិ​ក្បែរ​នោះ​បើក​អំពូល​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់។ ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​២០០ ចែង​ថា បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល