អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ថ្កោលទោស​ការ​កាត់​ទោស​មេ​សហជីព រួច​ហើយ​ព្យូរ​ទោស​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ មិន​មែន​បើក​ចំហ​សេរីភាព​ទេ

ដោយ មួង ណារ៉េត
2018-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង​ជួរ​លើ) លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា (ពី​ឆ្វេង​ជួរ​ក្រោម) លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា និង​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
(ពី​ឆ្វេង​ជួរ​លើ) លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា (ពី​ឆ្វេង​ជួរ​ក្រោម) លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា និង​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
RFA

អង្គការ​សង្គមស៊ីវិលជាតិ​ និង​អន្តរជាតិ​ចំនួន ៩៥អង្គការ បាន​ថ្កោលទោស​យ៉ាង​ដាច់​អហង្កការ ចំពោះ​ការ​កាត់​ទោស​មេ​សហជីព រួច​ហើយ​ព្យូរ​ទោស​ពួក​គាត់​វិញ ដោយ​ចាត់​ទុក​ថា នេះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ មិន​មែន​បើក​ចំហ​សេរីភាព​ទេ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​ នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ អង្គការ​ទាំង ៩៥ ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក ស្នើសុំ​ឲ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​ដាក់​ទោស​ទណ្ឌ​លើ​សហជីព។

ជំហររបស់អង្គការ​ទាំង​នេះ គឺ​ធ្វើ​ឡើង​ឆ្លើយតប​ទៅ​នឹង​សាលក្រម​របស់​សាលា​ដំបូង រាជធានី​ភ្នំពេញ​ ដែល​កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ បាន​ផ្តន្ទាទោស​ថ្នាក់​ដឹក​នាំ​សហជីព​ឯករាជ្យ ចំនួន​ប្រាំ​មួយ​រូប រូម​មាន​លោក អាត់ ធន លោក រ៉ុង ឈុន អ្នកស្រី យ៉ាង សុភ័ណ្ឌ លោក ជា មន្នី លោក ប៉ាវ ស៊ីណា និង អ្នកស្រី ម៉ម ញឹម។ អ្នក​ទាំង​នេះ ត្រូវ​បាន​តុលាការ​ផន្ទាទោស ដាក់​ពន្ធនាគារ​ពីរ​ឆ្នាំ និង​ប្រាំ​មួយ​ខែ តែ​ទោស​ទាំង​អស់​ត្រូវ​ព្យួរ​ទាំង​ស្រុង។ ប៉ុន្តែ​អ្នក​ទាំង​អស់​ត្រូវ​បង់​សំណង​រួម​គ្នា ចំនួន ៣៥លាន​រៀល (ប្រហែល ៨.៦០០ដុល្លារ) សង​ទៅ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ពីរ​រូប ទោះ​បី​ដើម​បណ្តឹង​មួយ​រូប​ បាន​ដក​បណ្តឹង​ទារ​សំណង​នេះ​រួច​ហើយ​ក្តី។

អង្គការ​ទាំង ៩៥ នេះ ចាត់ទុកសេចក្តី​សម្រេច​របស់​តុលាការ គឺ​ជា​គំរូ​ផ្សេង​ទៀត នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មន្រ្តី​សហជីព​ឯករាជ្យ។ ការ​កាត់​ឲ្យ​ជាប់​ទោស​នេះ បើ​ទោះ​បី​ជា​ព្យួរ​ទោស​ក៏​ដោយ ជា​សញ្ញាណ​ដែល​បញ្ជាក់​ថា សិទ្ធិ​សេរីភាព​សមាគម និង​អ្នក​សហជីព​ឯករាជ្យ នៅ​តែ​ស្ថិត​ក្រោម​ការ​គម្រាម​កំហែង ដោយ​ផ្ទាល់ ក្នុង​ប្រទេស​កម្ពុជា។

នាយកប្រតិបត្តិ​នៃអង្គការ​សង់​ត្រាល់ លោក មឿន តុលា ថ្លែង​ថា កម្មករ​ និង​អ្នក​សហជីព​ឯករាជ្យ មិនគួរ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ក្នុង​ការ​អនុវត្ត​សិទ្ធិ សេរីភាព សមាគម និង ការ​ចរចា​ជា​សមូហភាព ដោយសារ​តែ​ការ​ជាប់​ទោស​ទណ្ឌ ក្នុង​ការ​អនុវត្ត​សកម្មភាព​ស្រប​ច្បាប់​របស់​សហជីព​នោះ​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន និង ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី យ៉ាង​ សុភណ្ឌ ត្រេកអរ​នឹង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ដោយ​ចាត់​ទុក​ថា នេះ​ជា​ការ​លើក​ទឹក​ចិត្ត​បន្ថែម ដល់​ការ​ការងារ​តស៊ូមតិ​ដើម្បីសិទ្ធិ និង​ប្រយោជន៍​កម្ពុជា។ អ្នក​ទាំង​ពីរ​ មិន​សុខ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ជាន់​ទាប​នេះ​ទេ ហើយ​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះ។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​ដដែល អង្គការ​ទាំង​អស់​នេះ ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ជា​ពិសេស​សហភាព​អឺរ៉ុប ត្រូវ​ពិនិត្យ​ឡើង​វិញ ចំពោះ​ឥរិយាបទ​របប​លោក ហ៊ុន សែន ដែល​បន្ធូរ​បន្ថយ ដែល​អាច​គ្រាន់តែ​ជា​ការ​ផ្គាប់​ចិត្ត​ កុំ​ឲ្យ​ដក​ការ​អនុគ្រោះ​ពន្ធ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល