ជនជាតិ​វៀតណាម​១២​នាក់​អាច​នឹង​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ទាក់ទង​បទល្មើស​នេសាទ

ដោយ ជិន ជេដ្ឋា
2016-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
របាំង​សាច់​អួន​ក្រឡា​ញឹក​ដែល​ក្រុម​ឈ្មួញ និង​ពលរដ្ឋ​មាន​ធនធាន​ដាក់​នៅ​ក្នុង​ទឹក​ដី​ឃុំ​ពោធិ៍ និង​ឃុំ​កំពង់ហាវ ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៤
របាំង​សាច់​អួន​ក្រឡា​ញឹក​ដែល​ក្រុម​ឈ្មួញ និង​ពលរដ្ឋ​មាន​ធនធាន​ដាក់​នៅ​ក្នុង​ទឹក​ដី​ឃុំ​ពោធិ៍ និង​ឃុំ​កំពង់ហាវ ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៤
RFA/Chin Chetha

គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​ស្រុក នៃ​ខេត្ត​កំពង់ឆ្នាំង នឹង​បង្ក្រាប​បទល្មើស​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ បន្ទាប់​ពី​ចុះ​បង្ក្រាប​លើក​ទី​១ រឹប​អូស​អួន និង​ទូក​នេសាទ​ខុស​ច្បាប់​ជាច្រើន​គ្រឿង ដើម្បី​កសាង​សំណុំ​រឿង​ទៅ​តុលាការ។ មន្ត្រី​ជំនាញ​បញ្ជាក់​ថា វត្ថុ​តាង​បទល្មើស​ដែល​រឹប​អូស​បាន​នោះ គឺ​ជា​របស់​ជនជាតិ​វៀតណាម ចំនួន ១២​នាក់។

សមាជិក​គណៈ​បញ្ជាការ​ឯកភាព​បង្ក្រាប​បទល្មើស​នេសាទ និង​ជា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ថា មន្ត្រី​ជំនាញ​ជលផល និង​តំណាង​អយ្យការ កំពុង​ដំណើរ​ការ​នីតិវិធី ហើយ​អាច​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម ចំនួន ១២​នាក់​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ តាម​មាត្រា​៩៨ និង​៩៩ នៃ​ច្បាប់​ស្ដីពី​ជលផល។

លោក ងិន ហ៊ុន បន្ថែម​ថា សកម្មភាព​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ដែល​ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ មក កម្លាំង​សមត្ថកិច្ច​ចម្រុះ​រឹប​អូស​បាន​អួន ១១​វង់ និង​ទូក​ស្មាច់​ពាក់ព័ន្ធ​នឹង​បទល្មើស​ចំនួន ១២​គ្រឿង ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង។ លោក​ថា នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ កម្លាំង​ជំនាញ​ជលផល ប៉េអិម ព្រម​ទាំង​មាន​តំណាង​អយ្យការ​ផង នឹង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​កំពង់លែង និង​ស្រុក​ជលគីរី៖ «ឥឡូវ​ហ្នឹង​ក្រុម​ការងារ​របស់​ខ្ញុំ​សម្រាប់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​ស្រុក គឺ​យើង​បាន​ធ្វើ​យុទ្ធនាការ​ជា​បន្តបន្ទាប់ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ធ្វើ​ទៅ​លើស​ប្រវែង​លើស​អី​ហ្នឹង យើង​បាន​អប់រំ​គាត់​ឲ្យ​កាត់​តម្រឹម​ត្រូវ​ទៅ​តាម​ច្បាប់ ហើយ​អាណា​ទ្រង់ទ្រាយ​ធំ យើង​រឹប​អូស​ទៅ​កម្ទេច​ចោល»

ច្បាប់​ស្ដីពី​ជលផល​មាត្រា​៤១ ត្រង់​ចំណុច​ទី​៣ បាន​ហាមឃាត់​ការ​ធ្វើ​នេសាទ​ក្នុង​កន្លែង​បម្រុង​ដោយ​ប្រើ​ឧបករណ៍​គ្រប់​ប្រភេទ រួម​ផ្សំ​ដោយ​របាំង​ព្រួល​ដែល​មាន​បណ្ដោយ​លើស​ពី ៥០​ម៉ែត្រ ឬ​លាត​សន្ធឹង​លើស​ពី​ពីរ​ភាគ​បី​នៃ​ទទឹង​មុខ​ទឹក ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ជលយាន​គ្រប់​ប្រភេទ។ ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នេះ ត្រូវ​ពិន័យ​អន្តរ​ការណ៍​ពី​រដ្ឋបាល​ជលផល​ជា​ប្រាក់​ពី ៥​លាន ដល់ ១០​លាន​រៀល។

ចំណែក​មាត្រា​១០៣ ត្រង់​ចំណុច​ទី​៥ ចែង​ថា ចំពោះ​មន្ត្រី​រដ្ឋបាល​ជលផល​ដែល​មិន​បាន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​បទល្មើស​ថ្នាក់​ទី​១ ដែល​បាន​កើត​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​ទាន់​ពេលវេលា ត្រូវ​ចាត់​ទុក​ជា​បទល្មើស ហើយ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ទៅ​ដល់ ៥០​លាន​រៀល។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​រិះគន់​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​តែ​បទល្មើស​តូចតាច ឬ​រឹប​អូស​អួន​ពី​ក្នុង​ផ្ទះ និង​ទូក​របស់​ពលរដ្ឋ ជា​ជាង​បង្ក្រាប​បទល្មើស​ក្នុង​ទឹក។

ប្រជា​នេសាទ និង​ជា​កសិករ​នៅ​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង លោក សេង បឿន អះអាង​ថា របាំង​អួន ៦​ខ្សែ​យ៉ាង​តិច​ពីរ​គីឡូម៉ែត្រ​នៅ​ក្បែរ​ចម្ការ​របស់​លោក ចាប់​ពី​ចុង​កោះ​ស្វាយ​កាប ដល់​ចុង​កន្ទ្រ នៃ​ឃុំ​ផ្លូវទូក មិន​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ​ទេ។ លោក​ថា រយៈពេល​ជាង ៥​ខែ​ហើយ ដែល​សមត្ថកិច្ច​ជលផល​បើក​កាណូត​ដឹក​ក្រុម​ការងារ​ចុះ​បង្ក្រាប​កាត់​ទីតាំង​នេះ​ដែរ មិន​ឃើញ​បង្ក្រាប៖ «សំណូមពរ​ឲ្យ​លោក​ជលផល ឲ្យ​មើល​ផង! កុំ​ស៊ី​លុយ​ពួក​អា​អស់​ហ្នឹង​ពេក! ខ្ញុំ​យក​ការណ៍​ជាក់ស្ដែង​លើក​ក្រោយ​នេះ ខ្ញុំ​ថត​ម៉ង! ទៅ​កាប់​អា​របាំង​កំប៉ិកកំប៉ុកៗ​យក​មក​ថត​ឲ្យ​អ្នក​ធំ​មើល​ទេ ដល់​របាំង​រាប់​គីឡូម៉ែត្រ​អត់​មើល​សោះ។ នៅ​តំបន់​វាលភក់ ម្នាក់ៗ​ដាក់​ចង់​កាត់​ទន្លេ​ជិត​ហើយ រាប់​គីឡូ​ដី គ្រាន់​តែ​ថា អូ!​មេ​ចុះ​មក​ហើយ ពន្លិច មក​ហើយ​ពន្លិច​អស់​រលីង»

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់​ថា បញ្ហា​បទល្មើស​នេសាទ​ត្រូវ​ធ្វើ​ជា​ប្រចាំ ដោយ​ចុះ​កាត់​តម្រឹម​ឧបករណ៍​ល្មើស និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

be careful Hun Sen went to Vietnam maybe they won't let him come back home.

Dec 23, 2016 12:34 AM

Kem Ley

ពី California, USA

The illegal immigration who violated the Cambodia’s law should be deportation from the country and mark in black book.

Dec 20, 2016 06:57 PM

គេហទំព័រ​ទាំងមូល