តុលាការ​ភ្នំពេញ​កោះហៅ​ចៅ​សង្កាត់​ព្រែកប្រា​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា

ដោយ អ៊ុង សេរីវុទ្ធ
2016-11-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ឈ្មោះ​មាស ដុំដី សន្តិសុខ​ក្នុង​បុរី​ម្នាក់​ដែល​ត្រូវ​ចៅសង្កាត់​ព្រែកប្រា វាយ​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sun Heng
យុវជន​ឈ្មោះ​មាស ដុំដី សន្តិសុខ​ក្នុង​បុរី​ម្នាក់​ដែល​ត្រូវ​ចៅសង្កាត់​ព្រែកប្រា វាយ​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sun Heng
RFA/Sun Heng

តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនឡេង ចេញ​ដីកា​កោះហៅ​ចៅសង្កាត់​ព្រែកប្រា លោក ហួរ ហួត ដែល​វាយ​សន្តិសុខ​បុរី​ម្នាក់​ឲ្យ​របួស​ធ្ងន់ ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា។

ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ថា ការ​ចេញ​ដីកា​នៅ​ពេល​នេះ គឺ​ក្នុង​ដំណាក់កាល​ស៊ើបសួរ។

សំណុំ​រឿង​លោក ហួរ ហួត ត្រូវ​បានសមត្ថកិច្ច​​បញ្ជូន​ទៅ​កាន់​តុលាការ តាំង​ពី​ថ្ងៃ​ទី​២៦ តុលា បន្ទាប់​ពី​ចៅសង្កាត់​រូប​នេះ​វាយ​សន្តិសុខ​បាន​ពីរ​ថ្ងៃ។ ប៉ុន្តែ​​​ក្រោយ​កើតហេតុ​មួយ​ថ្ងៃ​មក លោក ហួរ ហួត បាន​គេច​ខ្លួន​បាត់​រហូត​មក​ដល់​ពេល​នេះ។

អាស៊ីសេរី​បាន​ទាក់ទង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ដើម្បី​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​ចំណាត់​ការ​លើ​ចៅសង្កាត់​រូប​នោះ តែ​លោក​ថា ជាប់​រវល់។

លោក ហួរ ហួត ជា​ចៅសង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​វាយ​បុរស​សន្តិសុខ​រូប​នេះ​ឈ្មោះ មាស ដុំដី ឲ្យ​របួស​ធ្ងន់ ដោយ​វាយ​ចំ​ក្បាល​ទប់​នឹង​ជញ្ជាំង​ថ្ម កាល​ពី​យប់​ថ្ងៃ​ទី​២៤ តុលា ហើយ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​ភ្លាម​នៅ​ពេទ្យ​បង្អែក​ច្បារ​អំពៅ និង​បន្ត​មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឬ​ហៅ​មន្ទីរពេទ្យ​​រុស្ស៊ី។

ស្ថានភាព​ជំងឺ​របស់​បុរស​សន្តិសុខ​រូប​នោះ បាន​ធូរស្រាល ក្រោយ​ពី​ក្រុម​គ្រួសារ និង​តំណាង​បុរី​សម្បត្តិ មានហេង បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល