មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី​សុំ​ឲ្យ​ស៊ើប​អង្កេត​ករណី​ឃុំ​ខ្លួន​ពលរដ្ឋ​ខុស​នីតិវិធី

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អះអាង​ថា ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​រតនគិរី បាន​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់​ដោយ​មិន​បាន​បំពេញ​នីតិវិធី​ត្រឹមត្រូវ ស្ដីពី​ការ​ឃុំ​ខ្លួន។ ការ​ឃុំ​ខ្លួន​នេះ ក្នុង​បទ​ចោទ​ប្រកាន់​ថា ប្រជាពលរដ្ឋ​បាន​រំលោភ​ទៅ​លើ​អចលនទ្រព្យ​អ្នក​ដទៃ។ ភរិយា​ជន​ជាប់​ចោទ អះអាង​ថា ការ​ចាប់​ឃុំ​ខ្លួន​នេះ គឺ​ជា​អំពើ​អយុត្តិធម៌។
ដោយ រដ្ឋា វិសាល
2013-11-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​វិច្ឆិកា អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​មិន​ស្រប​តាម​នីតិវិធី​នៃ​ការ​ឃុំ​ខ្លួន។

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក មាន ព្រហ្មមុនី មាន​ប្រសាសន៍​បញ្ជាក់​ថា ចៅក្រម​ស៊ើប​សួរ និង​ជា​ប្រធាន​តុលាការ​ខេត្ត លោក សួស ឡា បាន​សម្រេច​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់ ដោយ​មិន​បាន​ជូន​ដំណឹង​មក​មន្ត្រី​ស្ថាប័ន​អយ្យការ។ លោក​កត់​សម្គាល់​ថា តាម​នីតិវិធី​នៃ​ការ​ឃុំ​ខ្លួន​ជន​ណា​ម្នាក់ ត្រូវ​តែ​មាន​មន្ត្រី​អយ្យការ​ចោទ​ប្រកាន់​ជន​សង្ស័យ ហើយ​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើប​សួរ ទើប​ចៅក្រម​ស៊ើប​សួរ​មាន​សិទ្ធិ​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​នោះ​ជា​បណ្ដោះ​អាសន្ន ហើយ​ត្រូវ​ជូន​ដំណឹង​ស្ដីពី​ការ​ឃុំ​ខ្លួន​នោះ​ទៅ​មន្ត្រី​អយ្យការ​វិញ។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ ប្រជាពលរដ្ឋ​ឈ្មោះ អ៊ុត អាន រស់​នៅ​ភូមិ​ថ្មដា សង្កាត់​បឹងកន្សែង ក្រុង​បានលុង ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ចាប់​ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​តុលាការ​ខេត្ត។ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១៨ ប្រជាពលរដ្ឋ​នោះ​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត។

ឆ្លើយ​តប​ការ​អះអាង​នេះ ចៅក្រម​ស៊ើប​សួរ លោក សួស ឡា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ធ្វើ​ខុស​នីតិវិធី​នៃ​ការ​ឃុំ​ខ្លួន​នោះ​ទេ គឺ​លោក​បាន​ជូន​ដំណឹង​តាម​ទូរស័ព្ទ​ទៅ​មន្ត្រី​អយ្យការ​រួច​ហើយ ដោយសារ​ការ​សម្រេច​ឃុំ​ខ្លួន​ជា​ថ្ងៃ​បុណ្យ​ឈប់​សម្រាក មិន​មាន​វត្តមាន​មន្ត្រី​អយ្យការ​នៅ​ការិយាល័យ។ លោក​បន្ត​ថា ជន​ជាប់​ចោទ​ព្យាយាម​គេចវេស​មិន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ជាច្រើន​លើក ក្នុង​ការ​អនុវត្ត​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​លើ​ដី ដែល​ជន​ជាប់​ចោទ​ទៅ​តាំង​ទី​លំនៅ​លើ​ដី​កម្មសិទ្ធិ​អ្នក​ដទៃ។

លោក សួស ឡា៖ «កិច្ច​ពិភាក្សា​ដេញ​ដោល​ចំពោះ​មុខ​យើង​ធ្វើ​ទាំងអស់ នីតិវិធី​អត់​មាន​ខុស​ទេ។ ព្រះរាជ​អាជ្ញា ក៏​យើង​បាន​ជូន​ព័ត៌មាន​រួច​ហើយ គាត់​មិន​នៅ​កន្លែង តែ​យើង​បាន​ជូន​ព័ត៌មាន​តាម​ទូរស័ព្ទ​ហើយ។ ឥឡូវ ដីកា​សម្រេច​ឃុំ​ខ្លួន​ក៏​គាត់​បាន​ទទួល​ដំណឹង​អស់​ហើយ​អ្នក​ណា​ថា​អត់»

ផ្ទុយ​ពី​ការ​អះអាង​នេះ ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត​រតនគិរី លោក លាវ ស្រេង មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ទទួល​ដំណឹង​ពី​ការ​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​នេះ​មែន។ លោក​មិន​ប្រាកដ​ថា តើ​ការ​សម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើប​សួរ​កើត​ឡើង​ដោយ​របៀប​ណា​នោះ​ឡើយ៖ «ការ​ចាប់​ឃុំ​ខ្លួន​នេះ វា​កើត​នៅ​ថ្ងៃ​ទី​១៨ ហើយ​ដល់​ថ្ងៃ​ទី​២០ បាន​ខ្ញុំ​ទទួល​បាន​ដឹង​ព័ត៌មាន​ពី​ពន្ធនាគារ​មក​វិញ។ ដល់​ពេល​ហ្នឹង បាន​ខ្ញុំ​ឲ្យ​ខាង​ពន្ធនាគារ​ធ្វើ​របាយការណ៍​មក​ខ្ញុំ​មួយ។ មិន​ដឹង​ថា​វា​កើត​ឡើង​ដោយសារ​កំហុស​យ៉ាង​ម៉េច ខ្ញុំ​អត់​ដឹង​ដែរ»

ភរិយា​ជន​ជាប់​ចោទ អ្នកស្រី យ៉ាត គឹមយ៉ា ចាត់​ទុក​ការ​ឃុំ​ខ្លួន​ប្ដី​អ្នកស្រី គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​ពលរដ្ឋ។ អ្នកស្រី​អះអាង​ថា គ្រួសារ​អ្នកស្រី​បាន​មក​តាំង​ទី​លំនៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៩៧ មាន​ប្រធាន​ភូមិ​ទទួល​ស្គាល់ និង​មិន​មាន​ជន​ណា​ម្នាក់​អះអាង​ថា​ជា​ដី​របស់​ខ្លួន​នោះ​ឡើយ៖ «ខ្ញុំ​ទាមទារ​ឲ្យ​គេ​ដោះ​លែង​ប្ដី​ខ្ញុំ ហើយ​រក​យុត្តិធម៌​ឲ្យ​ប្ដី​ខ្ញុំ​ផង។ ខ្ញុំ​អត់​ដឹង​ថា​ដី​គេ​ផង ព្រោះ​ដី​ហ្នឹង​ខ្ញុំ​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៩៧ រហូត​មក»

ទោះ​ជា​យ៉ាង​នេះ​ក្តី មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ លោក ម៉ៅ សារី កត់​សម្គាល់​ថា លោក​ទទួល​ការពារ​ក្តី​នេះ​ក្រោយ​ការ​ចាប់​ខ្លួន​កូន​ក្តី​លោក។ ដូច្នេះ​ជំហាន​ដំបូង លោក​បាន​ធ្វើ​លិខិត​ធានា​ជន​ជាប់​ចោទ​ឲ្យ​នៅ​ក្រៅ​ការ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​សិន ដើម្បី​រក​នីតិវិធី​តតាំង​រឿង​ក្តី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល