HRW សុំ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​លើ​មនុស្ស​១៣​នាក់​ពី​បទ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា

ដោយ យាង សុជាមេត្តា
2014-04-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ​ទាំង ៧​នាក់​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ ដើរ​ចេញ​ពី​បន្ទប់​ជន​ជាប់​ចោទ​ចូល​ក្នុង​សវនាការ​នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤។
ជន​ជាប់​ចោទ​ទាំង ៧​នាក់​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ ដើរ​ចេញ​ពី​បន្ទប់​ជន​ជាប់​ចោទ​ចូល​ក្នុង​សវនាការ​នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) ទទូច​ឲ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់​ការ​ចោទ​ប្រកាន់​ជន​ទាំង ១៣​នាក់ ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ ចូល​រួម​ក្នុង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ ការ​ទទូច​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ប្រកាស​សាលក្រម​កាត់​ទោស​ជន​ជាប់​ចោទ​ទាំង ១៣​នាក់ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​១០ ខែ​មេសា ថា អាជ្ញាធរ​កម្ពុជា គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ទាំង ១៣​នាក់។ ស្ថាប័ន​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ បាន​កត់​សម្គាល់​ថា អាជ្ញាធរ​កម្ពុជា មិន​បាន​បង្ហាញ​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​បាន​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ឡើយ ហើយ​ថា ការ​ចោទ​ប្រកាន់​អំពី​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល លោក ហ៊ុន សែន គឺ​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​លើក​ឡើង​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ ក្នុង​ខេត្ត​ព្រៃវែង ដែល​ថា ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ និង​ក្រុម​ភេរវករ​កំពុង​តែ​លាក់​ខ្លួន​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​ក៏​មាន​ក្រុម​មនុស្ស​ដែល​បង្កើត​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ដែរ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​រឿង​ក្តី​ជន​ជាប់​ចោទ​ទាំង ១៣​នាក់ ក្នុង​នោះ​ជន​ជាប់​ចោទ ៧​នាក់​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ ចំណែក​ជន​ជាប់​ចោទ ៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំង​មុខ។ ក្នុង​ចំណោម​ជន​ត្រូវ​កាត់​ទោស​កំបាំង​មុខ​ទាំង ៦​នាក់​នោះ ក៏​មាន​ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ផង​ដែរ។

ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា នោះ តុលាការ​បាន​បង្ហាញ​ឯកសារ​ផ្សេងៗ​ដែល​គេ​ប្រមូល​បាន និង​បោះ​ពុម្ព​ចេញ​ពី​កុំព្យូទ័រ​របស់​ជន​ជាប់​ចោទ និង​បាន​អាន​ចម្លើយ​សារភាព​ដែល​ជន​ជាប់​ចោទ​បាន​ឆ្លើយ​សារភាព នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ និង​នគរបាល​យុត្តិធម៌ កាល​ពី​ខែ​មីនា និង​ខែ​មេសា ឆ្នាំ​២០១៣។

ប៉ុន្តែ ជន​ជាប់​ចោទ​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ហើយ​ក៏​បាន​ច្រាន​ចោល​ចម្លើយ​សារភាព ដែល​គេ​បាន​ធ្វើ​ចំពោះ​មុខ​នគរបាល​យុត្តិធម៌ ដោយ​លើក​ឡើង​ថា ពួក​គេ​ត្រូវ​បាន​បំភិតបំភ័យ គំរាម​កំហែង និង​ពេល​ខ្លះ​ត្រូវ​នគរបាល​ធ្វើ​ទារុណកម្ម ដើម្បី​បាន​ចម្លើយ។ ពួក​គេ​ថា ពេល​សួរ​ចម្លើយ​នោះ ពួក​គេ​មិន​មាន​មេធាវី​នៅ​ក្បែរ​ឡើយ ហើយ​ថា ពេល​ខ្លះ​នគរបាល​ជា​អ្នក​ពន្យល់ ហើយ​នគរបាល​ឲ្យ​ឆ្លើយ​តាម​ការ​ណែនាំ​របស់​ពួក​គេ​ទៀត​ផង។

នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ប៊្រែដ អាដាម (Brad Adams) បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ភស្តុតាង​ទាំង​ឡាយ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​តុលាការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជា​ភស្តុតាង​ដែល​គេ​បាន​ប្រឌិត​ឡើង។ ប្រការ​នេះ លោក អាដាម ថា ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​គួរ​ត្រូវ​បាន​ទម្លាក់​ចោល។ ជាមួយ​គ្នា​នេះ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​ស្នើ​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ​មក​កម្ពុជា ទទូច​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ជា​សាធារណៈ ដើម្បី​បញ្ចប់​ការ​ប្រើប្រាស់​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​តុលាការ​ខ្មែរ សម្រាប់​បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន។ លោក អាដាម ថា​មិន​គួរ​មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក ដើម្បី​បម្រើ​ប្រយោជន៍​នយោបាយ​របស់ លោក ហ៊ុន សែន ឡើយ។

ជន​ជាប់​ចោទ​ទាំង ៧​នាក់ ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​តុលាការ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា រួម​មាន លោក យ៉ាន យឿន លោក ខេ ម៉ា លោក យ៉ន គឹមស្រ៊ុន លោក សួន សុទ្ធិគន្ធ ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​ក្រោម ៣​នាក់​ទៀត គឺ​លោក ថាច់ កុងភួង លោក យិន យ៉ាវ និង​លោក សួន ថុល។ ពួក​គេ​ទាំងអស់​នេះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ ក្នុង​ទឹក​ដី​ថៃ។ ពួក​គេ​ទាំង ៧​នាក់​នោះ ៣​នាក់​ត្រូវ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ និង ៤​នាក់​ផ្សេង​ទៀត ត្រូវ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់​ផង និង​ឆ្លង​ដែន​ខុស​ច្បាប់​ផង។

ជន​ជាប់​ចោទ​ទាំង ១៣​នាក់ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​នៃ​ការ​ជំនុំ​ជម្រះ​លើ​ពួក​គេ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

IT HURTS.THE ONE PROTECTING KHMER JAILED BY THE ILLEGAL GOVERNMENT.
YOU JAILED BUT YOUR SPIRITS ARE FREE .

Apr 11, 2014 09:08 AM

អ្នក​អាន​អនាមិក

ប្រជាជនស្នេហាជាតិទៅជាក្បត់ជាតិ។ ហ្វូងព្រៃបក្ខពួកនិយម ពុករលួយ សម្លាប់ខ្មែរ លក់ជាតិ ក្បត់ជាតិ ទៅជា”ស្របច្បាប់[ព្រៃ]” តាមក្បាលចិត្ត។

Apr 11, 2014 07:06 AM

គេហទំព័រ​ទាំងមូល