អ្នកវិភាគ៖ ការ​សន្យា​កែទម្រង់​តុលាការ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹង​អំណាច​របស់​លោក ហ៊ុន សែន

ដោយ ហេង រស្មី
2019-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page

អ្នកវិភាគ​ថា ការសន្យា​កំណែទម្រង់​លើ​ប្រព័ន្ធ​តុលាការ​របស់​របប​លោក ហ៊ុន សែន​ជា យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹង​អំណាច​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀតហើយ​ការកែទម្រង់​នេះ​គ្មាន​បាន​ផល​ចំណេញ​ដល់​ប្រទេសជាតិ​នោះ​ទេ។ ការ​លើកឡើង​នេះ ដោយសារតែ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៨ សីហា​ បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យមើល​ភាព​មិន​ប្រក្រតី និង​អំពើពុករលួយ​នៅ​ក្នុង​ស្ថាប័ន​តុលាការ ក្រោយពី​មាន​កា​រិះគន់​ថា ស្ថាប័ន​មួយ​នេះ​ជា​មិន​ឯករាជ្យ និង​បក្សពួកនិយម។

អ្នកវិភាគ​នយោបាយ និង​ជា​អ្នក​រិះគន់​ឥត​សំចែ​លើ​របប​ក្រុងភ្នំពេញ​ដែល​កំពុង​រស់នៅ​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ បញ្ជាក់​ថា ប្រព័ន្ធ​តុលាការ​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ​នឹង​មិន​អាច​កែទម្រង់ ទៅ​ឯករាជ្យ និង​យុត្តិធម៌​បាន​ទេ ដរាប​ណា​លោក ហ៊ុន សែន​នៅតែ​គ្រប់គ្រង​អំណាច។

លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន​ធ្លាប់​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជាច្រើនលើក​រួច​មក​ហើយ ក៏ប៉ុន្តែ​កំណែទម្រង់​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ជា​គោលដៅ​ប្លន់​អំណាច​របស់​លោក​តែប៉ុណ្ណោះ៖ «ច្បាស់​ណាស់​មិនមែន​ជា​កំណែទម្រង់​ដើម្បី​បុព្វហេតុ​យុត្តិធម៌​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជារាស្ត្រ​ទន់ខ្សោយ​ទូទៅ​នោះ​ទេ ពីព្រោះ​ជាក់ស្ដែង​យើង​ឃើញ​ហើយ។ គាត់​កាន់តែ​សូត្រ​នូវ​ទ្រឹស្ដី​កំណែទម្រង់​របស់​គាត់ អំពើ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ការ​ជ្រៀតជ្រែក​តុលាការ​ក៏​កាន់តែ​ធំ​រហូតដល់​ប្រើ​តុលាការ ជា​សេនាធិការ​សម្រាប់​កម្ចាត់​អ្នកប្រឆាំង​ប្លន់​យក​អំណាច​ស្រស់ៗ​តែម្ដង»

កាល​ពី​ថ្ងៃ​ទី២៨ ខែ​សីហា លោក ឈឹម ផលវរុណ អគ្គលេខាធិការ​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង ផ្ដល់​យោបល់​ប្រាប់​ក្រុម​អ្នកកាសែត​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្សវឌ្ឍនា ពិនិត្យមើល​ភាព​មិន​ប្រក្រតី និង​អំពើពុករលួយ​ដែល​កើតមាន​ក្នុង​តុលាការ​កម្ពុជា ក្រោយពី​មាន​ជំនួប​ជាមួយ​ក្រុមប្រឹក្សា​នេះ​បាន​បញ្ចប់។

លោក ឈឹម ផលវរុណ អះអាង​ថា លោក ហ៊ុន សែន និយាយ​ថា រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ ត្រូវ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី និង​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​តាមរយៈ​មេធាវី ក្រោយពី​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​រាយការណ៍​ប្រាប់​លោក​ថា បុគ្គល​ដែល​ជា​ចៅក្រម ព្រះរាជអាជ្ញា មិនមែន​ទៅ​យក​លុយ​ផ្ទាល់​ពី​ពលរដ្ឋ ទេ គឺ​មានតែ​មេធាវី​ទេ ដែល​ជា​អ្នក​យក​លុយ ហើយ​យក​ទៅ​ចែក​បន្ត​ចៅក្រម​នឹង​ព្រះរាជអាជ្ញា​ទាំងនោះ។

ដោយឡែក គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បាន​សរសេរ​នៅ​ថ្ងៃ​ទី​២៨ សីហា ថា ក្នុង​រយៈពេល​១២​ខែ​កន្លង​ទៅ​នេះ សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ បាន​បំពេញ​ការងារ​របស់​ខ្លួន និង​បាន​ធ្វើ​របាយការណ៍​ចំនួន ២៩៥ លើក ហើយ​លោក​ពិនិត្យ​ចំនួន​២៥១​លើក​។​របាយការណ៍​ទាំងនោះ​ភាគច្រើន​លើកឡើង​ពាក់ព័ន្ធ​នឹង​រឿង​រំលោភ​ដីធ្លី បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ និង អំពើពុករលួយ​តែ​មិនបាន​បញ្ជាក់​អំពើពុករលួយ​នៅ​ក្នុង​ស្ថាប័ន​ណាមួយ​ទេ​។ ទោះបីជា​យ៉ាងណា កន្លងមក​សង្គម​ស៊ីវិល ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ បង្កើត​​ឡើង ដើម្បី​បន្លំ​មតិ​អន្តរជាតិ​ថា កម្ពុជា​មាន​ពហុបក្ស ដែល​ផ្តល់​យោបល់ រដ្ឋាភិបាល តែប៉ុណ្ណោះ​ហើយ​ធាតុ​ពិត គណបក្ស​តូចៗ​ទាំងនោះ គ្រាន់​ជា​ល្បែង នយោបាយ របស់ លោក ហ៊ុន សែន​ប៉ុណ្ណោះ។

ការ​សន្យា​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​លោក ហ៊ុន សែន កើតឡើង​បន្ទាប់ពី​មានការ​ផ្ទុះ​អំពើពុករលួយ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​យោធា។

បុគ្គលិក​នៅ​ក្នុង​ស្ថាប័ន​តុលាការយោធា​ប្រាប់​អាស៊ីសេរី​កាលពី​ខែ​កក្កដា​ថា អំពើពុករលួយ និង​បក្សពួកនិយម​ជាច្រើន​ករណី​បាន​កើតមានឡើង​នៅ​ក្នុង​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ ដូចជា​កាត់​ប្រាក់ខែ​ចៅក្រម​ដែល​មិនមែន​ជា​សាច់ញាតិ ការដំឡើង​តួនាទី​ឱ្យ​កូនចៅ​បក្ខពួក​របស់​ខ្លួន​និង​ការ​ពន្យារ​ពេល​ចូលនិវត្តន៍​ចំនួន ៧​លើក និង​ការ​ស៊ីដាច់​លុយ​មន្ត្រី​ខ្សែបណ្ដោយ​អស់​ម្នាក់ៗ ប្រហែលជា ២​ពាន់​ដុល្លារ​ទៅ ២​ពាន់ ៥​រយ​ដុល្លារ​ក្នុង​ការ​សូកប៉ាន់​ឱ្យ​លោក ន័យ ថុល បញ្ចូល​សាច់ញាតិ​ជា​នាយ​ទាហាន​។ បុគ្គលិក​នៃ​តុលាការ​ថា អ្នក​ដែល​សូក​លុយ ដើម្បី​បាន​តំណែង​ទាំងនោះ ខ្លះ​ត្រូវ​ថ្នាក់លើ​ជំទាស់ តែ​លុយ​សំណូក​នោះ​ក៏​ត្រូវ​គេ​ស៊ីដាច់​ផង​ដែរ។ ករណី​ទាំងនេះ​មន្ត្រី​ក្នុង​តុលាការយោធា​ធ្លាប់​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ ក្នុង​អំឡុង​ឆ្នាំ​២០១៦ ប៉ុន្តែ​ពុំ​មាន​ការស៊ើបអង្កេត​អ្វី​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល