សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ដោយ តាំង សារ៉ាដា
2013-03-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
RFA/Sok Serey

ក្រុម​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​កសាង​ប្រទេស​ក្នុង​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​មួយ​ប្រកប​ដោយ​ភាព​ស្អាត​ស្អំ តម្លា​ភាព បំបាត់​អំពើ​ពុក​រលួយ និង​លើក​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​អោយ​កម្ពុជា​រីក​ចំរើន​ដូច​បណ្ដា​ឲ្យ​ប្រទេស​ជឿន​លឿន​នៅ​លើ​ពិភពលោក។ គោល​បំណង​នេះ​អាច​សម្រេច​ទៅ​បាន​លុះត្រាតែ​ប្រទេស​មួយ​នេះ បង្កើត និង​អនុវត្ត​ឲ្យ​បាន​នូវ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

អង្គការ​តម្លាភាព​អន្តរជាតិ​ ឲ្យ​ដឹង​ថា សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លាត​ត្រដាង​ព័ត៌មាន​ចាំបាច់​ត្រូវ​ដឹង​នានា​ជា​សាធារណៈ គឺ​ជា​យន្តការ​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​កម្ពុជា ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជឿនលឿន និង​ការ​បំបាត់​អំពើ​ពុក​រលួយ។

លោក ប៉ិច ពិសី នាយក​កម្មវិធី​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​សម្រាប់​សាខា​ក្នុង​ប្រទេស​កម្ពុជា ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ​ព័ត៌មាន​សំខាន់ៗ​អំពី​ការ​សាង​សង់​ផ្លូវ ស្ពាន អាគារ​ខ្ពស់ៗ និង​ការ​អភិវឌ្ឍ​ផ្សេងៗ នៅ​មិន​ទាន់​ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ​នៅ​ឡើយ។ ដូច្នេះ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន គឺ​ជា​កម្លាំង​ចលករ​មួយ​ដ៏​ធំធេង​ក្នុង​ការ​បង្កើត​នូវ​តម្លាភាព​សង្គម។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ការ​ទទូច​អោយ​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កំពុង​ក្លាយ​ជា​ឆ្អឹង​ទទឹង​ករ​របស់​រដ្ឋាភិបាល​កម្ពុជា។ កាល​ពី​ដើម​ឆ្នាំ​២០១៣ នេះ រដ្ឋសភា​កម្ពុជា បាន​បដិសេធ​សេចក្ដី​ស្នើ​ច្បាប់​ពី​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ដោយ​លើក​ហេតុផល​មក​អះអាង​ថា មាន​ខ្លឹមសារ​ខ្លះ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ (API) និង ក្រុម​ការងារ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន បាន តាក់​តែង​ច្បាប់​គំរូ​មួយ​ស្ដី​ពី​សិទ្ធិ​ទទួល បាន​ព័ត៌មាន​នេះ។ រហូត​មក​ទល់​ពេល​នេះ​ពួកគេ​កំពុង​ស្វែង​រក លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​បញ្ជូន​ច្បាប់​គំរូ​មួយ​នេះ​ទៅ​ដល់​ដៃ​រដ្ឋ​សភា ក្នុង​ជំនឿ​មុតមាំ​ថា រដ្ឋ​សភា​នឹង​មិន​បដិសេធ​ទេ។

លោក មែន វណ្ណផានិត មន្ត្រី​កម្ម​វិធី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ ថ្លែង​ថា នៅ​ក្នុង​ច្បាប់​គំរូ​របស់​សង្គម​ស៊ីវិល​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចែង​ឲ្យ​បាន​ច្បាស់​អំពី​អ្វី​ដែល​ជា​ព័ត៌មាន​អាថ៌កំបាំង​អ្វី​ដែល​ប៉ះពាល់​សន្តិសុខ​សង្គម ហើយ​អ្វី​ដែល​ជា​ព័ត៌មាន​ត្រូវ​បើក​ចំហ ដើម្បី​កុំ​អោយ​រដ្ឋ​អំណាច ឬ​តុលាការ​បក​ស្រាយ​តាម​ទំនើង​ចិត្ត ដែល​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​សាធារណជន។

ច្បាប់​ស្ដីពី​ការ​ទទួល​បាន​ព័ត៌មាន​កំពុង​ស្ថិត​នៅ​លើ​ចំណុច​ទាល់ច្រក​មួយ ខណៈ​ភាគី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​កំពុង​មាន​ភាព​ចម្រូងចម្រាស​ទៅ​លើ​ពាក្យ​ថា "សន្តិសុខ​សង្គម"។ រដ្ឋាភិបាល​ប្រកាន់​ជំហរ​របស់​ខ្លួន​ថា ព័ត៌មាន​អាថ៌កំបាំង​ជា​ព័ត៌មាន​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម។ ប៉ុន្តែ​ខាង​សង្គម​ស៊ីវិល​ចង់​ឲ្យ​រដ្ឋាភិបាល​កំណត់​ឲ្យ​ច្បាស់​ថា តើ​ចំណុច​ជាក់លាក់​ណា​មួយ​ដែល​ជា​ការ​ប៉ះ​ទង្គិច​ដល់​សន្តិសុខ​សង្គម​នោះ។

លោក មែន វណ្ណផានិត មាន​ប្រសាសន៍​បន្ត​ថា សង្គម​ស៊ីវិល​ចង់​ឲ្យ​រដ្ឋាភិបាល​ឈរ​លើ​ប្រយោជន៍​ពលរដ្ឋ​ធំ​ជាង​ប្រយោជន៍​ស្ថាប័ន ឬ​បុគ្គល។

ក្រុម​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សមាជិក​រដ្ឋ​សភា​នៃ​បក្ស​កាន់​អំណាច នៅ​មិន​ទាន់​អាច​បកស្រាយ​បាន​នៅ​ឡើយ​ទេ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថ្លែង​ថា ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ គឺ​ស្រប​ទៅ​នឹង​ឆន្ទៈ​របស់​រដ្ឋាភិបាល។ លោក​បន្ត​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​តាក់​តែង​ច្បាប់​ស្ដីពី​ការ​ថែ​រក្សា​ភាព​ឯកជន​ជា​មុន​សិន ដើម្បី​កំណត់​ឲ្យ​ច្បាស់​ថា តើ​អ្វី​ជា​ភាព​ឯកជន ជា​សាធារណៈ ឬ​ជា​របស់​រដ្ឋ​នោះ?

មាត្រា ៣៥ និង​មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ មាន​សិទ្ធិ​ចូល​រួម​ឆាក​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌។ មាត្រា ១៩ នៃ​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​ដែល​កម្ពុជា ជា​សមាជិក​នោះ ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សេរី មាន​សិទ្ធិ​ស្វែង​រក និង​ទទួល​បាន​ព័ត៌មាន​គ្រប់​ប្រភេទ​ដោយ​ផ្ទាល់​មាត់ ដោយ​សំណេរ ឬ​ដោយ​ការ​បោះពុម្ព​ទៅ​តាម​សេចក្ដី​ត្រូវការ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ ក្រសួង មន្ទីរ ឬ​ស្ថាប័ន​របស់​រដ្ឋ​ទាំង​អស់ ខ្វះ​ការ​រៀប​ចំ​ចាត់​ចែង​ខាង​ព័ត៌មាន​ជា​លក្ខណៈ​ប្រព័ន្ធ ដូច្នេះ​វា​អាច​នាំ​ឲ្យ​មាន​ភាព​វឹកវរ​មួយ ប្រសិន​បើ​រដ្ឋ​មិន​មាន​បច្ចេកទេស​ក្នុង​ការ​ចាត់​ចែង​នោះ។

ព័ត៌មាន​គឺ​ជា​ឱសថ​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ក្នុង​ការ​កម្ចាត់​ជំងឺ​ពុករលួយ​សង្គម និង​នាំ​មក​វិញ​នូវ​គណនេយ្យភាព ឬ​ការ​ទទួល​ខុស​ត្រូវ តម្លាភាព ដែល​នឹង​នាំ​ឲ្យ​ប្រទេស​ខិត​ចូល​ក្នុង​លំដាប់​ប្រទេស​ស្អាត​ស្អំ។

បើ​ទោះ​ជា​ប្រទេស​កម្ពុជា មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ក៏​ដោយ ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​អាច​បំបាត់​អំពើ​ពុករលួយ​លំដាប់​ខ្ពស់​បាន​ឡើយ។ នោះ​ក៏​ដោយសារ​តែ​ច្បាប់ សមាសភាព និង​យន្តការ​សម្រាប់​ដោះស្រាយ​អំពើ​ពុករលួយ ធ្វើ​ឡើង​ដោយ​នៅ​ខ្វះ​តម្លាភាព និង​ខ្វះ​ឆន្ទៈ​ពិតប្រាកដ។ ឧទាហរណ៍ ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​មន្ត្រី​រាជការ អាច​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ ដូច្នេះ​សាធារណជន​ក៏​នៅ​តែ​មិន​អាច​ដឹង​អំពី​អំពើ​ពុក​រលួយ​របស់​ក្រុម​អ្នក​ដឹក​នាំ​ប្រទេស​របស់​ខ្លួន។

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពើ​ពុក​រលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០១២ បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី ១៥៧ ក្នុង​ចំណោម​ប្រទេស ១៧៦ លើ​ពិភពលោក។ ក្រុម​សង្គម​ស៊ីវិល​និយាយ​ថា ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដ៏​ល្អ​មួយ​នឹង​ជួយ​អោយ​កម្ពុជា ទទួល​បាន​នូវ​ប្រាក់​ចំណូល​ខ្ពស់ តាម​រយៈ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ នេះ​ក៏​ដោយសារ​ថា អ្នក​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី «ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន» នេះ មិន​មែន​តែ​សង្គម​ស៊ីវិល ឬ​ប្រជាពលរដ្ឋ​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល រដ្ឋ​សភា អ្នក​សារព័ត៌មាន និង​តុលាការ ក៏​នឹង​ទទួល​បាន​ផល​ពី​ច្បាប់​នេះ​ដែរ។

ដោយ​ហេតុផល​នេះ​ហើយ ក្រុម​សង្គម​ស៊ីវិល​ទទូច​ថា ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​គួរ​តែ​នាំ​គ្នា​ជំរុញ និង​លើក​ទឹក​ចិត្ត​អោយ​មាន​ការ​តាក់តែង និង​អនុម័ត «ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន» ដ៏​ល្អ​មួយ ដើម្បី​ឲ្យ​កម្ពុជា​អាច​បោះ​ជំហាន​ទៅ​មុខ​ឲ្យ​បាន​ឆ្ងាយ និង​ល្អ​ប្រសើរ​ជា​ជាង​ការ​បន្ទោស​ច្រំដែលៗ​ដល់​របប​ខ្មែរ​ក្រហម ដែល​កើត​ឡើង​តាំង​ពី​ជាង ៣៤​ឆ្នាំ មុន​ម្ល៉េះ។

លោក សុន ឆ័យ និយាយ​ពី​ការ​ដែល​សភា​ច្រាន​ចោល​សេចក្ដី​ព្រាង​ច្បាប់​នេះ

មន្ត្រី​បក្ស​ជំទាស់​សំដែង​ការ​សោកស្ដាយ ក្រោយ​ពី​រដ្ឋ​សភា​កម្ពុជា បាន​ច្រាន​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ខ្លួន​ចំនួន​ពីរ​ដង​មក​ហើយ ដោយ​ហេតុផល​ថា កម្ពុជា​មិន​ត្រូវ​ការ​ច្បាប់​បែប​នេះ។ តំណាងរាស្ត្រ​បក្ស​ជំទាស់​និយាយ​ថា ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជា​អាវុធ​ដ៏​សំខាន់​មួយ​ក្នុង​ការ​បំបាត់​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ និង​អំពើ​ពុករលួយ​កម្រិត​ខ្ពស់​នៅ​កម្ពុជា។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អំពី​បញ្ហា​នេះ៖

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

ខ្មែរពិត

ពី ភ្នំពេញ

សង្គមខ្មែរឯណា ត្រូវការច្បាប់ហ្នឹងនោះ។ ព្រោះអីរដ្ឋាភិបាលបច្ចុប្បន្នគ្មានឆន្ទៈក្នុងការលើកកំពស់ជីវភាពពលរដ្ឋខ្លួនពិតប្រាកដឡើយ។ បក្សពួកនិយម និង ពុករលួយទាំងពីទាបរហូតដល់ខ្ពស់តែម្ដង។

Mar 17, 2013 08:10 AM

Chantha

ពី Phnom Penh

A dictator always fears of freedom of expression, opinion and thoughts and right to free flow of information because it would lead devastation of its leadership. When people are well-informed of government's performance and bad deeds, people would stand up against the dictator's rule, that is why controlling and censoring information and restriction on freedom of expression, opinion, thoughts, assembly and demonstration are always put in placed. The current government will not let the Law on Rights to Information happen easily, unless it makes that the law serves its political purpose, that is "censorship of information and restriction on freedom of expression and press".

Mar 11, 2013 11:43 PM

អ្នក​អាន​អនាមិក

EVERRY ONE KNEW, CURRENT GOVERNMENT NEVER WANT THIS LAW HAPPENED, BECAUSE THEY A LOT OF EASY CONTINUOUS DO THERE JOBS(CORRUPTION IN CPP).

Mar 11, 2013 09:11 PM

អ្នក​អាន​អនាមិក

វិទ្យុរាប់មិនអស់ កាសែតអានមិនឈ្នះ អ្នកកាសែតសល់ មានអ្នកកាសែតខ្លះក្លាយជានគបាល ខ្លះក្លាយជាអ្នកច្បាប់ ជាពេទ្យ ជាមេព្រៃ ជាជលផល......ជាមេជំរឹតទាប្រាក់។ ប៉ុណ្ណឹងហើយនៅថា ខ្វះសិទ្ទទទួលពណមានទៀត។ តាមខ្ញុំអង្កេតមើលទៅ មានតែពួកប្រឆាំង សិទ្ធមនុស្ស អង្គកាក្រៅរដ្ឋាភិបាល ទេដែល តែងតែស្រែកថា អត់សិទ្ទ។ អស់លោកស្រែកដើម្បីលុយប្រាក់ខែកប់ពពកខ្លួនងង ឬដើម្បីប្រជាជន?

Mar 11, 2013 07:00 AM

ស្ទឹងសង្កែ

ពី បាត់ដំបង

ទោះជាមានច្បាប់ក៏ដោយក៏រដ្ឋាភិបាលគ្មានឆន្ទៈនិងអនុវត្តដែរ រដ្ឋធម្មនុញបានចែងច្បាស់ហើយអំពីសិទ្ធ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ រាប់ទាំងសិទ្ធទទួលបាននូវព័ត៌មាន តើមានមនុស្សប៉ុន្មាននាក់ដែលស្លាប់ និងជាប់គុក ដោយសាការបញ្ចេញមតិ និងធ្វើបាតុកម្ម ។​ នេះហើយជានីតិរដ្ឋសម័យកម្ពុជាកំពុងបោះជំហ៊ានឆ្ពោះទៅរកប្រវត្តិសាស្រ្តកម្ពុជាក្រោមទី​២ ។

Mar 10, 2013 11:38 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល