សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​លើ​ការ​អនុវត្ត​អនុ​ក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ

ការ​គ្រប់គ្រង​អាស៊ីដ នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ​នៅ​ឡើយ​នៅ​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​តួលេខ​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ថយ​ចុះ​ក៏ដោយ។
ដោយ ឡេង ម៉ាលី
2013-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៦-តុលា-០៩៖ ជន​រង​គ្រោះ​ដោយសារ​​ទឹក​អាស៊ីដ ​កំពុង​រៀន​អក្សរ​នៅ​ក្នុង​អង្គការ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។
១៦-តុលា-០៩៖ ជន​រង​គ្រោះ​ដោយសារ​​ទឹក​អាស៊ីដ ​កំពុង​រៀន​អក្សរ​នៅ​ក្នុង​អង្គការ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។
RFA/Tin Zakariya

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស៊ី.ស៊ី.អេច្ឆ.អ័រ (CCHR) និង​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា ដោយសារ​អាស៊ីដ ហៅ​កាត់​ថា កាស (CASC) ចេញ​វិចារណកថា​ព័ត៌មាន​រួម​មួយ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធានា​លើ​ការ​អនុវត្ត​អនុ​ក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ឱ្យ​បាន​ពេញលេញ។

នៅ​ក្នុង​វិចារណកថា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា ដោយសារ​អាស៊ីដ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១៣ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ អំពី​ការ​ខ្វះ​ខាត​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​អនុក្រឹត្យ​ស្ដីពី​បែបបទ និង​លក្ខខណ្ឌ​នៃ​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង នៅ​កម្ពុជា​បច្ចុប្បន្ន។

អ្នក​ស្រាវជ្រាវ​ក្នុង​គម្រោង​បញ្ឈប់​អំពើ​ហិង្សា​ដោយ​អាស៊ីដ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា សន រ៉ាម៉ាណា ថ្លែង​ថា នៅ​ក្នុង​ពេល​ថ្មីៗ​នេះ មាន​មន្ត្រី​ស្ថាប័ន​រដ្ឋាភិបាល​ខ្លះ មិន​បាន​បង្ហាញ​អំពី​កិច្ច​ប្រឹងប្រែង​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ទេ ហើយ​មន្ត្រី​ខ្លះ​ទៀត ថ្លែង​ថា​មិន​ដឹង ឬ​មិន​មាន​ការ​ទទួល​ខុសត្រូវ​អនុវត្ត​ទៀត​ផង។

កញ្ញា សន រ៉ាម៉ាណា៖ «អ្វី​ដែល​គាត់​និយាយ ដូច​ថា គាត់​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ជំនាញ​អនុវត្តន៍​ច្បាប់ គឺ​គាត់​ថា ស្ថាប័ន​គាត់​ហ្នឹង​មិន​បាន​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​ទាក់ទិន​នឹង​ច្បាប់​ហ្នឹង​ទេ ហើយ​សូម្បី​តែ​ក្រសួង​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​អនុក្រឹត្យ​ហ្នឹង​ទៀតសោត ក៏​គាត់​និយាយ​ថា គាត់​អត់​ដឹង​រឿង ហើយ​គាត់​ថា គាត់​អត់​មាន​តួនាទី​ត្រូវ​ចំពោះ​ច្បាប់​ហ្នឹង។ អ៊ីចឹង យើង​គិត​ថា អា​ហ្នឹង​ដូច​ជា​ការ​ផាត់​ចោល​នូវ​ការ​ទទួល​ខុស​ត្រូវ»

ក្នុង​វិចារណកថា​ព័ត៌មាន អ្នក​គ្រប់គ្រង​គម្រោង​របស់​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា ដោយសារ​អាស៊ីដ អ្នកស្រី អ៊ែរីន ប៊ួហ្គោស (Erin Bourgois) ថ្លែង​បន្ថែម​លើ​ការ​អនុវត្ត​បទបញ្ជា​អនុក្រឹត្យ​ឱ្យ​បាន​ពេញលេញ រដ្ឋាភិបាល​ត្រូវ​តែ​បរិច្ចាគ​ធនធាន​នានា ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ជា​ពិសេស អាជីវករ​លក់​ទឹក​អាស៊ីដ កម្មករ​ធ្វើ​ការ​នៅ​តាម​ចម្ការ​កៅស៊ូ មន្ត្រី​អនុវត្តន៍​ច្បាប់ មន្ត្រី​តុលាការ អ្នក​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ និង​បុគ្គល​សំខាន់ៗ​ដទៃ​ទៀត ដែល​ពាក់ព័ន្ធ​​នឹង​ការ​តាក់តែង​ច្បាប់​នេះ។

អ្នកស្រី​ឱ្យ​ដឹង​ថា តួលេខ​ជន​រង​គ្រោះ​ដោយសារ​អាស៊ីដ នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ៤១០​នាក់ រាប់​ទាំង​អ្នក​ប៉ុនប៉ង​ធ្វើ​អត្តឃាត ​និង​អ្នក​ប្រើប្រាស់​គ្រោះថ្នាក់​ដោយ​ចៃដន្យ។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣ មក មាន​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​ចំនួន ៣​ករណី ដែល​បណ្ដាល​ឱ្យ​មាន​ជន​រងគ្រោះ​ចំនួន ៦​នាក់។ ទន្ទឹម​គ្នា​នេះ មាន​មនុស្ស ៣​រូប បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​នេះ ដោយសារ​ការ​ប្រើប្រាស់​ទឹក​អាស៊ីដ គឺ​ម្នាក់​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​ចៃដន្យ និង ២​នាក់​ទៀត​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត។ ទោះ​ជា​ដូច្នេះ​ក្ដី អ្នកស្រី​ រំឭក​ថា អាច​មាន​ករណី​​វាយ​ប្រហារ​ខ្លះ​ទៀត ប៉ុន្តែ​គេ​មិន​បាន​រាយការណ៍។

ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា ដោយសារ​អាស៊ីដ វាយ​តម្លៃ​ថា បាន​ធ្លាក់​ចុះ​ជា​លំដាប់ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១០ គឺ​មួយ​ចំណែក​ដោយសារ​តែ​មាន​ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង នៅ​ឆ្នាំ​២០១១។

អ្នកស្រី អ៊ែរីន ប៊ួហ្គោស ថ្លែង​ថា ដើម្បី​ធានា​ដល់​ការ​គោរព និង​អនុវត្តន៍​បទប្បញ្ញត្តិ​នានា នៅ​ក្នុង​អនុក្រឹត្យ ហើយ​ទប់ស្កាត់​អំពើ​ហិង្សា​ដោយ​ទឹក​អាស៊ីដ មធ្យោបាយ​តែ​មួយ​គត់ គឺ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ដល់​សាធារណជន។ បច្ចុប្បន្ន អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា ដោយសារ​អាស៊ីដ កំពុង​ផ្សព្វផ្សាយ​បទប្បញ្ញត្តិ​អនុក្រឹត្យ និង​ផ្ដល់​សេវា​ជួយ​ជន​រងគ្រោះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ទេ ជុំវិញ​ការ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល