រដ្ឋាភិបាល​គ្រោង​កែប្រែ​មាត្រា​ខ្លះ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ

រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​មាត្រា​ខ្លះ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ឲ្យ​ចៅក្រម​តុលាការ​អាច​លក់​ឡាយឡុង ឬ​រឹប​អូស​ទុក​ជា​សម្បត្តិ​រដ្ឋ​នូវ​វត្ថុ​តាង​នានា ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់ និង​រឹប​អូស​បាន​ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស ជា​ពិសេស​បទល្មើស​ព្រៃ​ឈើ។
ដោយ កែវ និមល
2013-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​អ្នក​នាំ​ពាក្យ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ឱម ច័ន្ទតារា មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ថា ខ្លឹមសារ​សេចក្ដី​ព្រាង​ច្បាប់​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី ពិនិត្យ និង​សម្រេច​ហើយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា កន្លង​ទៅ។

ខ្លឹមសារ​សំខាន់​ដែល​ចង់​ធ្វើ​វិសោធនកម្ម​នោះ គឺ​ដើម្បី​ឲ្យ​ចៅក្រម​តុលាការ​អាច​ចាត់ចែង​ទៅ​លើ​វត្ថុ​តាង​នានា ដែល​រឹប​អូស​បាន​ហើយ​មិន​មាន​អត្តសញ្ញាណ​ម្ចាស់​កម្មសិទ្ធិ ក្រោយ​ពេល​សាលក្រម​តុលាការ​ចូល​ជា​ស្ថាពរ​ហើយ។

លោក ឱម ច័ន្ទតារា ប្រធាន​នាយកដ្ឋាន​សារ​គមនាគមន៍​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​នោះ រួម​មាន​មាត្រា ២៤៧ មាត្រា ៣៦៨ មាត្រា ៣៧២ និង​មាត្រា ៣៨២។

លោក ឱម ច័ន្ទតារា៖ «ការ​ធ្វើ​វិសោធនកម្ម គឺ​ផ្ដើម​ចេញ​ពី​កាល​មុន ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ គឺ​លោក​បាន​ដាក់​បញ្ជា​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ ហើយ​អាជ្ញាធរ​បាន​បង្ក្រាប​ដោយ​ជោគជ័យ​ជា​ច្រើន​ករណី។ អ្វី​ដែល​នៅ​មាន​បញ្ហា គឺ​យើង​មិន​អាច​រឹប​អូស​ទ្រព្យ​សម្បត្តិ ដូចជា​រថយន្ត និង​មធ្យោបាយ​របស់​ឈ្មួញ និង​ពួក​ខិលខូច​ទាំង​នោះ​បាន ដោយសារ​យើង​នៅ​ខ្វះ​នីតិ​វិធី​ច្បាប់។ អ៊ីចឹង​យោង​តាម​ការ​ណែនាំ​របស់​សម្ដេច​ក្នុង​អង្គ​ប្រជុំ​គណៈរដ្ឋមន្ត្រី កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ គឺ​ឲ្យ​ក្រសួង​យុត្តិធម៌ ធ្វើការ​តាក់តែង​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​បើក​ច្រក​ឲ្យ​ចៅក្រម​មាន​សិទ្ធិ​ក្នុង​ការ​អនុវត្ត​នីតិ​វិធី​ក្នុង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ និង​អចលនទ្រព្យ​ដែល​ឈ្មួញ​ប្រើ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​នេះ»

មាត្រា ២៤៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មាន​ចែង​អំពី​ដីកា​ដំណោះ​ស្រាយ។ ខ្លឹមសារ​សំខាន់​នៅ​ក្នុង​មាត្រា​នេះ គឺ​ចៅក្រម​ស៊ើប​សួរ​បិទ​ការ​ស៊ើប​សួរ​តាម​ដីកា​ដំណោះស្រាយ។ ដីកា​នេះ​អាច​ជា​ដីកា​បញ្ជូន​ទៅ​ជំនុំ​ជម្រះ ឬ​ដីកា​លើក​លែង​ការ​ចោទ​ប្រកាន់។ ចំណែក​មាត្រា ៣៦៨ ចែង​រយៈពេល​សម្រាប់​ធ្វើ​បណ្ដឹង​ទាស់។ ខ្លឹមសារ​សំខាន់​នៅ​ក្នុង​មាត្រា​នេះ គឺ​និយាយ​អំពី​រយៈពេល​ធ្វើ​បណ្ដឹង​ទាស់ គឺ​មាន​ចំនួន ១៥​ថ្ងៃ។ ចំពោះ​មាត្រា ៣៧២ មាន​ចែង​អំពី​បណ្ដឹង​ទាស់​ដែល​ធ្វើ​ឡើង​ដោយ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ឬ​អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋប្បវេណី និង​មាត្រា ៣៨២ ចែង​អំពី​រយៈពេល​ប្ដឹង​ឧទ្ធរណ៍​របស់​ពិរុទ្ធជន ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋ​ប្បវេណី។

មន្ត្រី​អ្នក​នាំ​ពាក្យ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ក្រុម​អ្នក​ជំនាញ​ច្បាប់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ពិនិត្យ និង​កែ​សម្រួល​លើ​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​នោះ​ហើយ ជំហាន​បន្ទាប់​គឺ​អង្គ​ប្រជុំ​ពេញ​អង្គ​របស់​គណៈរដ្ឋមន្រ្តី ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋមន្រ្តី នឹង​ពិនិត្យ​សម្រេច​លើ​សេចក្ដី​ព្រាង​ច្បាប់​នោះ​រួច​ហើយ បាន​បញ្ជូន​ទៅ​ឲ្យ​សមាជិក​សភា​ពិនិត្យ​សម្រេច​ជា​បន្ត​ទៀត។

ទាក់ទង​ជាមួយ​គម្រោង​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នេះ លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា គាំទ្រ​សកម្មភាព​នេះ ប៉ុន្តែ​លោក​សុំ​ឲ្យ​រដ្ឋាភិបាល និង​សមាជិក​រដ្ឋ​សភា មេត្តា​ពិនិត្យ និង​ចែង​និយម​ន័យ​ឲ្យ​បាន​ច្បាស់លាស់​លើ​ពាក្យ​ថា វត្ថុ​ខុស​ច្បាប់ និង​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស។ ពីព្រោះ​មាន​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ខ្លះ​ជនល្មើស​បាន​ជួល ឬ​ខ្ចី​ពី​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​យក​មក​ប្រព្រឹត្ត​បទល្មើស ហើយ​ម្ចាស់​យានយន្ត ឬ​ម្ចាស់​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​នោះ អាច​ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ប្រព្រឹត្ត​បទល្មើស​ទៀត​ផង។

លោក សុក សំអឿន៖ «ត្រូវ​គោរព​សិទ្ធិ​ម្ចាស់​កម្មសិទ្ធិ​របស់​គេ។ ទី​១ បើ​វត្ថុ​នោះ​ខុស​ច្បាប់​រឹប​អូស​យក​ចុះ។ ទី​២ វា​ទាក់ទង​ជាមួយ​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស។ ដូច្នេះ​ត្រូវ​រក​ឲ្យ​ឃើញ​ថា វត្ថុ​នោះ​ទាក់ទិន​ជាមួយ​បទល្មើស។ តែ​ច្បាប់​ត្រូវ​សរសេរ​ឲ្យ​ច្បាស់​ទាក់ទង​ជាមួយ​សិទ្ធិ​ប្រជាពលរដ្ឋ​ដែរ»

ទាក់ទង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​នេះ​ដែរ ប្រធាន​ក្រុម​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធនកម្ម​មាត្រា​នានា​នេះ គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​ការ​ភាន់ច្រឡំ ចៀសវាង​ចៅក្រម​តុលាការ​ចាត់ចែង​វត្ថុ​តាង​មុន​ពេល​សំណុំ​រឿង​បញ្ចប់ ហើយ​មាន​សាលក្រម​ស្ថាពរ។

លោក នី ចរិយា៖ «តុលាការ​មាន​សិទ្ធិ​ចាត់ចែង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នោះ។ នៅ​ពេល​ដែល​ខ្លួន​សម្រេច​សេចក្ដី ឧទាហរណ៍ នៅ​ពេល​ដែល​ចាប់​ឈើ​បាន នៅ​ពេល​សម្រេច​សេចក្ដី តុលាការ​អាច​មាន​សិទ្ធិ​ចាត់​យក​វត្ថុ​នោះ​ជា​សម្បត្តិ​រដ្ឋ ហើយ​អាច​យក​ទៅ​ចាត់​ចែង​ដេញ​ថ្លៃ​បាន​ដូច​តែ​គ្នា​ហ្នឹង។ ផ្ទុយ​ទៅ​វិញ បើ​យើង​ធ្វើ​វិសោធនកម្ម​មាត្រា​ទាំង​អស់​នេះ​ហើយ ហើយ​ចៅក្រម ព្រះរាជអាជ្ញា ចាត់​ចែង​វត្ថុ​ទាំង​អស់​នេះ​មុន​ការ​សម្រេច​សេចក្ដី គឺ​ជា​ការ​ធ្វើ​ឲ្យ​បាត់​ភស្តុតាង ដោយសារ​តុលាការ​នោះ​ឯង វា​អាច​ធ្វើ​ឲ្យ​ជន​សង្ស័យ​ពាក់ព័ន្ធ​រឿង​នេះ​បាត់​ដាន​ទៅ​វិញ»

ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន ៦១២​មាត្រា។ ក្រម​នេះ​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០០៧ ហើយ​ព្រឹទ្ធ​សភា​បាន​អនុម័ត​យល់​ព្រម​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០០៧។ ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​នេះ ជា​លទ្ធផល​ការងារ​អស់​រយៈពេល​ជិត ១០​ឆ្នាំ របស់​ក្រសួង​យុត្តិធម៌ ដោយ​មាន​ជំនួយ​សហប្រតិបត្តិការ​ពី​ប្រទេស​បារាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល