សង្គម​ស៊ីវិល​រិះគន់​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​៣​ពាក់ព័ន្ធ​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌

ដោយ យាង សុជាមេត្តា
2014-04-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៤-វិច្ឆិកា-២០១២៖ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
១៤-វិច្ឆិកា-២០១២៖ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
Photo: RFA

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៣ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ​អង្គការ​តុលាការ សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា។ រដ្ឋាភិបាល​អះអាង​ថា ច្បាប់​គោល​ទាំង​៣ នេះ គឺ​មាន​សារសំខាន់​សម្រាប់​ការងារ​កំណែ​ទម្រង់​ច្បាប់ និង​យុត្តិធម៌​នៅ​កម្ពុជា។

ដូច​ការ​រំពឹង​ទុក រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​ចំនួន​៣ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ​អង្គការ​តុលាការ សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា។

ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា ការ​រៀប​ចំ​ច្បាប់​គោល​ទាំង​៣ នេះ គឺ​ជា​ការ​ចាប់​ផ្ដើម​ដ៏​សំខាន់​មួយ​លើ​ការងារ​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ស្នូល​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល។

សេចក្តី​ប្រកាស​ព័ត៌មាន​លើក​ឡើង​បន្ត​ថា ច្បាប់​គោល​ទាំង​៣ នេះ នឹង​បង្កើត​បាន​ជា​មូលដ្ឋាន​ដ៏​សំខាន់ ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ និង​នីតិរដ្ឋ។

រដ្ឋាភិបាល​អះអាង​បន្ថែម​ថា ដោយ​ហេតុ​ថា ច្បាប់​គោល​ទាំង​៣ នេះ​មាន​ភាព​ឆ្លើយឆ្លង​ប្រទាក់ក្រឡា​គ្នា​ទៅ​វិញ​ទៅ​មក ទើប​សេចក្តី​ព្រាង​ច្បាប់​ទាំង​៣ ត្រូវ​បាន​រៀប​ចំ និង​តាក់តែង​ឡើង​ព្រម​ពេល​ជាមួយ​គ្នា ក្នុង​គោល​បំណង​ធានា​ឲ្យ​បាន​នូវ​សង្គតិភាព ឬ​ភាព​ស៊ី​សង្វាក់​គ្នា និង​ភាព​រលូន​រវាង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា ដើម្បី​ធានា​ការ​អនុវត្ត​គោល​នយោបាយ និង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល ក្នុង​ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​បាន​រិះគន់​ចំពោះ​ដំណើរ​ការ និង​របៀប​នៃ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា តើ​រដ្ឋាភិបាល​បាន​ជជែក​យ៉ាង​ណា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា តើ​លទ្ធផល​នៃ​ការ​ពិភាក្សា​នោះ ក្លាយ​ជា​យ៉ាង​ណា​នោះ​ដែរ។ ប្រការ​នេះ លោក​ថា នៅ​ពេល​រៀប​ចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ណា​មួយ រដ្ឋាភិបាល​គួរ​តែ​ប្រមូល​គំនិត​ពី​សាធារណជន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវ​ភ្ជាប់​គំនិត ឬ​អនុសាសន៍​របស់​ពួក​គេ ដាក់​ជូន​គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​ពិភាក្សា។

លោក សុក សំអឿន៖ «ធម្មតា​ដើម្បី​អាច​ឲ្យ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ​បាន​ល្អ លុះត្រា​តែ​យើង​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ មាន​ទាំង​ពី​ការ​គំនិត​រិះគន់ គំនិត​គាំទ្រ​អី​ហ្នឹង ហើយ​ថ្លឹងថ្លែង​មើល​ថា តើ​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​គួរ​ត្រង់​ណា អា​ហ្នឹង​ប្រសិន​ជា​អ៊ីចឹង​ខ្ញុំ​គិត​ថា ច្បាប់​ហ្នឹង​វា​អាច​ទី​១ មាន​ការ​ទទួល​ស្គាល់​ថា គាត់​ទទួល​យក​ពី​ប្រជាពលរដ្ឋ​ទូទៅ ហើយ​ទី​២ អាច​គំនិត​២​ប្រសើរ​ជាង​គំនិត​មួយ ហើយ​កុំ​ដូច​ថា ប្រសិន​បើ​យើង​ធ្វើ​អ្វី​មួយ​សំអាង​តែ​ទៅ​លើ​អ្នក​ដែល​ព្រាង​ច្បាប់​ហ្នឹង ខំ​ប្រឹង​និយាយ​ការពារ​ទស្សនៈ​របស់​ខ្លួន​បាន​ធ្វើ​ហើយ អា​ហ្នឹង​ក៏​វា​មិន​ល្អ​ប្រសើរ​ដែរ»

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ ខាង​ភាគី​រដ្ឋាភិបាល​វិញ​បាន​អះអាង​ថា សេចក្តី​ព្រាង​ច្បាប់​គោល​ទាំង​៣ នេះ ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ផ្អែក​តាម​បទ​ពិសោធន៍​នៃ​ប្រទេស​ដែល​មាន​នីតិរដ្ឋ​រីក​ចម្រើន​រឹងមាំ​នានា និង​ដោយ​មាន​ការ​ជួយ​រៀប​ចំ​ពី​អ្នក​ជំនាញ​ការពារ​ច្បាប់​របស់​សាធារណរដ្ឋ​បារាំង ទៀត​ផង។

តែ​ប្រការ​នេះ ត្រូវ លោក សុក សំអឿន កត់​សម្គាល់​ថា រដ្ឋាភិបាល​មិន​គួរ​បោះ​បង់​ចោល​គំនិត​របស់​អ្នក​នៅ​ក្នុង​ស្រុក​ទេ។ លោក​ថា រដ្ឋាភិបាល​គួរ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ទាំង​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ។

ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក (Adhoc) លោក នី ចរិយា បាន​ថ្លែង​ថា លោក​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​សេចក្តី​ព្រាង​ច្បាប់ ឲ្យ​អង្គការ​សង្គម​ស៊ីវិល​បាន​ដឹង​មុន ដើម្បី​ឲ្យ​សង្គម​ស៊ីវិល​អាច​មាន​ឱកាស​ផ្តល់​យោបល់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ។ លោក​ថា បើ​ផ្អែក​តាម​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ទាំង​៣ ដែល​ក្រុម​លោក​ទទួល​បាន​ក្រៅ​ផ្លូវ​ការ បង្ហាញ​ថា សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ​មិន​បាន​ធានា​ឯករាជ្យ​ភាព​របស់​ចៅក្រម ឬ​ព្រះរាជ​អាជ្ញា​ឡើយ។

លោក នី ចរិយា៖ «ទី​១​កាល​ណា​ច្បាប់​នេះ​អនុម័ត​ទៅ ដែល​មាន​ខ្លឹមសារ​ទៅ​តាម​អ្វី​ដែល​យើង​បាន​ឃើញ​នោះ គឺ​ថា ធ្វើ​ឲ្យ​ចៅក្រម​ព្រះរាជ​អាជ្ញា​ហ្នឹង​ក្លាយ​ទៅ​ជា​ចៅក្រម​ព្រះរាជ​អាជ្ញា​មួយ ដែល​អាស្រ័យ​លើ​គណបក្ស​នយោបាយ អាស្រ័យ​ទៅ​លើ​មេ​បក្ស​ជា​ធំ អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​បក្ស​ជា​សំខាន់។ អ៊ីចឹង​យើង​មិន​សង្ឃឹម​ថា ច្បាប់​នេះ​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌ ជាពិសេស​ស្ថាប័ន​តុលាការ​នេះ​ក្លាយ​ទៅ​ជា​ស្ថាប័ន​មួយ​ឯករាជ្យ​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ច្បាប់​នេះ​គឺ​ជួយ​ឲ្យ​ចៅក្រម​ព្រះរាជ​អាជ្ញា​ហ្នឹង​អាច​ធ្វើ​សកម្មភាព​សកម្ម​នៅ​ក្នុង​នយោបាយ​បាន»

ជុំវិញ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៤ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​ធានា​ឲ្យ​មាន​ការ​បើក​ចំហ​ជា​សាធារណៈ ចំពោះ​សេចក្តី​ព្រាង​ច្បាប់ ហើយ​ធានា​ឲ្យ​សង្គម​ស៊ីវិល មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​វិភាគ និង​ផ្តល់​យោបល់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ។ អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋសភា រង់ចាំ​រហូត​ដល់​បញ្ហា​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​ដោះស្រាយ មុន​នឹង​ធ្វើ​ការ​ជជែក​ពិភាក្សា និង​អនុម័ត​ច្បាប់​ថ្មី ជាពិសេស​ច្បាប់​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស។ ស្ថាប័ន​សិទ្ធិ​មនុស្ស​មួយ​នេះ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា សេចក្តី​ព្រាង​ច្បាប់ និង​មិន​ត្រូវ​បាន​ពិនិត្យ​ពិច័យ​ឲ្យ​បាន​គ្រប់គ្រាន់ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទាំង​ស្រុង​នោះ​ទេ ប្រសិន​បើ​មាន​តែ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អង្គុយ​នៅ​ក្នុង​រដ្ឋសភា​តែ​មួយ​នោះ។

ទាក់ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ​ដែរ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បាន​សំដែង​ការ​ខក​ចិត្ត​ចំពោះ​ខ្លឹមសារ និង​ស្មារតី​ដែល​ចែង​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ។ លោក​ថា ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ដែល​លោក​មាន​នៅ​ក្នុង​ដៃ មិន​ខុស​គ្នា​នឹង​សេចក្តី​ព្រាង​ច្បាប់​ដែល​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទើប​បាន​អនុម័ត​ទេ​នោះ ការ​ធ្វើ​ច្បាប់​នេះ​នឹង​មិន​បាន​ជួយ​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​កំពុង​រង​ការ​រិះគន់​យ៉ាង​សម្បើម​នោះ​ទេ ពីព្រោះ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ នឹង​ធ្វើ​អោយ​ឥទ្ធិពល​របស់​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​មក​លើ​ប្រព័ន្ធ​តុលាការ​កាន់​តែ​រឹងមាំ និង​ក្លាយ​ទៅ​ជា​ភាព​ស្រប​ច្បាប់​ពេញលេញ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «ច្បាប់​ហ្នឹង​គឺ​គ្រាន់​តែ​ថា​ប្រកាស​ថា ធានា​ឯករាជ្យ​ភាព​របស់​តុលាការ​ចៅក្រម​ក៏​អ៊ីចឹង​ដែរ ក៏ប៉ុន្តែ​អត់​មាន​ដែល​គេ​ហៅ​ថា បទប្បញ្ញត្តិ​នៅ​ក្នុង​ហ្នឹង​ដាក់​ឲ្យ​ច្បាស់ៗ​ថា តើ​ដែល​ធានា​ហ្នឹង​បែប​ផែន​យ៉ាង​ម៉េច បាទ! ហ្នឹង​យើង​អត់​ឃើញ​មាន​អ៊ីចឹង​ទេ។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប ហ្នឹង ហើយ​និង​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត ក្រុង ឃុំ សង្កាត់ ហ្នឹង ដែល​យើង​ហៅ​កាត់​តាម​ភាសា​អង់គ្លេស​ថា ប៉ិច ស៊ិច ហ្នឹង ដែល​សមាជិក​ទាំងអស់​នោះ​គឺ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ជា​សមាជិក​គណបក្ស​ណា​ទេ ហើយ​បើ​ខ្លួន​មុន​នឹង​ចូល​ជា​សមាជិក​ហ្នឹង ជា​សមាជិក​គណបក្ស​ត្រូវ​លាលែង​ពី​គណបក្ស​របស់​ខ្លួន ដូច្នេះ​ឧទាហរណ៍​ហ្នឹង គ្រាន់​តែ គ.ជ.ប ផង​លក្ខខណ្ឌ​មួយ​ច្បាប់ គ.ជ.ប បាន​ចែង គឺ​មិន​ឲ្យ​ចូល​គណបក្ស​នយោបាយ​ណា​ទេ​បាទ! ចុះ​ហេតុ​អី ច្បាប់​ពាក់ព័ន្ធ​នឹង​តុលាការ​ទាំង​បី​ហ្នឹង ហេតុ​អី​មិន​មាន​ច្បាប់​ណា​មួយ ជាពិសេស​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម ព្រះរាជ​អាជ្ញា ម៉េច​ក៏​មិន​ហាម​ឃាត់​មិន​ឲ្យ​ចៅក្រម ព្រះរាជ​អាជ្ញា​ហ្នឹង​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ ធ្វើ​សកម្មភាព​នយោបាយ ដូច​សមាជិក គ.ជ.ប ហើយ​និង ប៉ិច ស៊ិច ហ្នឹង​ទៅ។ ម៉េច​ក៏​អ៊ីចឹង? រឿង​ឯ​នេះ​សំខាន់​ជាង​ណាស់! ចែង​គោលការណ៍​ចែក​អំណាច​ណាស់! ហើយ​និង​ឯករាជ្យ​ភាព​របស់​តុលាការ ហើយ​គំរូ​នៅ​ប្រទេស​ឯ​ទៀតៗ​ក៏​អ៊ីចឹង​ដែរ គឺ​គេ​មិន​ឲ្យ​ចូល​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ។ ខ្ញុំ​ថា​បើ​សិន​ច្បាប់​ហ្នឹង​អនុវត្ត​ហើយ បង្កើត​បាន​ប្រព័ន្ធ​តុលាការ​បែប​ហ្នឹង​ណាស់! ថ្ងៃ​ក្រោយ​ខ្ញុំ​ខ្លាច​ក្រែង​លោ យើង​មាន​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ហ្នឹង​មាន​លក្ខណៈ​ដូច​ជា​ចៅក្រម​មួយ​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់ ជំនាន់​អ៊ីត្លែ កាន់​អំណាច​ផ្ដាច់​ការ​របប​នៅ​អាស៊ី​ហ្នឹង គឺ​គាត់​នោះ​ឈ្មោះ រ៉ូឡង់ ហ្វែសត្លែ គាត់​គឺ​ជា​ចៅក្រម​មួយ​សាហាវ​ណាស់​បាទ! គឺ​កាត់​ទោស​ភ្លាមៗ​តាម​គោល​នយោបាយ​តាម​របស់​របប​នៅ​អាស៊ី​ហ្នឹង អ្នក​ណា​ប្រឆាំង​អ្នក​ណា​អី កាត់​ទោស​ភ្លាមៗ​ដាក់​ទោស​ធ្ងន់ៗ​រហូត​ទៅ​ដល់​ប្រហារ​ជីវិត»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ ក៏​បាន​ផ្តល់​អំណាច​យ៉ាង​ច្រើន​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ រួម​មាន ត្រួតត្រា និង​ចាត់​ចែង​លើ​កញ្ចប់​ថវិកា​របស់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​ជា​ការ​បំពាន​ទៅ​លើ​ឯករាជ្យ​ភាព​របស់​តុលាការ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ ចំណុច​សំខាន់​មួយ​ទៀត​នោះ គឺ​ព្រះមហាក្សត្រ​ដែល​ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម នឹង​មាន​អំណាច​តិច​ជាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ទៅ​លើ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

វាធម្មតាទេ ក្រុមណាធ្វើវាប្រាកដជាគេធ្វើដើម្បីការពារផលប្រយោជន៍ក្រុមគេ បក្សគេហនឹងហើយ បើយើងចង់អោយច្បាប់ហ្នឹងការពារផលប្រយោជន៍យើងទាំងអស់គ្នា លុះត្រាណាតែយើងទាំងអស់គ្នាចូលរួមធ្វើវាឡើង តែបើយើងរវល់តែនាំគ្នាឆ្កួតនៅខាងក្រៅអញ្ចឹង ធ្វើម៉េចនឹងបានអ្វីដែលយើងចង់បានុ។

Apr 19, 2014 11:34 PM

អ្នក​អាន​អនាមិក

សូមអំពាវនាវដល់ជនរួមជាតិ មេត្ដាកុំស្ដាប់ កុំជឿពាក្យសំដី ឬផែនការអភិវឌ្្ឍន៍របស់គណៈបក្សប្រជាជនឲ្យសោះ ព្រោះថា អ្វីៗទាំងអស់គឺធ្វើដើម្បីតែនយោបាយលេបទឹកដីរបស់យួនហូជីមិញតែប៉ុណ្ណោះទេ។ សូមប្រយ័ត!

Apr 19, 2014 10:11 AM

អ្នក​អាន​អនាមិក

>. ច្បាប់ ធ្វើការពារ តែបក្សពួក ក្បត់ មនសិការជាតិ បំផ្លាញជាតិ ខ្លួនអែង ទៅបំរើ បរទេសយួន !
>. ប្រទេសខ្មែរ នឹង រលាយ ដោយស្នាដៃ ហ៊ុន សែន បំរើ នយោបាយ ខ្មោចយួន ហូ ជីមិញ !

Apr 19, 2014 01:01 AM

គេហទំព័រ​ទាំងមូល