ពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់​ចូល​រួម​វេទិកា​សម្ដែង​មតិ​និង​ផ្សព្វផ្សាយ​សេចក្ដី​ព្រាង​ច្បាប់​៣

ដោយ យាង សុជាមេត្តា
2014-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ពាក់ព័ន្ធ​ផ្នែក​យុវជន កម្មករ សហជីព និង​កសិករ រៀបចំ​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ នា​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​អ្នក​ចូល​រួម​បង្ហាញ​ពី​ការ​បារម្ភ​របស់​ពួកគេ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​គ្រោង​បង្កើត។ សេចក្ដី​ព្រាង​ច្បាប់​ទាំង​នោះ​រួមមាន ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត ច្បាប់​ស្ដីពី​ដី​កសិកម្ម និង​ច្បាប់​ស្ដីពី​សហជីព។

វេទិកា​សាធារណៈ​ដែល​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ និង​មាន​អ្នក​ចូល​រួម​ភាគ​ច្រើន​ជា​យុវជន​កម្មករ​មន្ត្រី​សហជីព ព្រម​ទាំង​កសិករ និង​ព្រះសង្ឃ​សរុប​ប្រមាណ ១​ពាន់​នាក់ និង​អង្គ បាន​ពិភាក្សា​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង ៣ ជា​ពិសេស​ទៅ​លើ​ផល​ប៉ះពាល់​របស់​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ​ទៅ​លើ​យុវជន កសិករ និង​កម្មករ។

វេទិកា​នេះ ក្រៅ​តែ​ពី​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ជំនាញ និង​វាគ្មិន​ពន្យល់​ដល់​អ្នក​ចូល​រួម​អំពី​ខ្លឹមសារ និង​ផល​ប៉ះពាល់​នៃ​សេចក្ដី​ព្រាង​ច្បាប់​​ទៅ​លើ​សង្គម​កម្ពុជា អ្នក​ចូល​រួម​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ថ្លែង​ផ្ដល់​យោបល់ និង​លើក​ឡើង​ពី​ការ​យល់​ឃើញ​របស់​ពួកគេ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ។ អ្នក​ចូល​រួម​ភាគច្រើន​លើក​ឡើង​ថា ពួកគេ​ពុំ​សូវ​ដឹង​អំពី​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នោះ​ឡើយ។

អ្នក​សម្របសម្រួល​សេរីភាព​បញ្ចេញ​មតិ និង​គម្រោង​សិទ្ធិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា សន រ៉ាមណា ដែល​បាន​ចូល​រួម​ធ្វើ​ជា​វាគ្មិន​ក្នុង​វេទិកា​នោះ កត់​សម្គាល់​ថា វេទិកា​សាធារណៈ​ដែល​សង្គម​ស៊ីវិល​រៀបចំ​ឡើង​នៅ​ពេល​នេះ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​អ្នក​ចូលរួម​និង​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​យល់​ដឹង​អំពី​ខ្លឹមសារ និង​ផល​ប៉ះពាល់​របស់​សេចក្ដី​ព្រាង​ច្បាប់។

កញ្ញា សន រ៉ាមណា សង្កត់​ធ្ងន់​ថា សង្គម​ស៊ីវិល​ធ្វើ​ការ​តស៊ូ​មតិ និង​យុទ្ធនាការ​ដើម្បី​ឲ្យ​ការ​ផ្លាស់ប្ដូរ ឬ​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់ ប៉ុន្តែ​វា​ក៏​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ជាពិសេស​គឺ​អ្នក​គោលដៅ​តែម្ដង។

កញ្ញា សន រ៉ាមណា បញ្ជាក់​ថា រដ្ឋាភិបាល​ហាក់​មាន​ភាព​លាក់លៀម​ក្នុង​ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន ជាពិសេស​គឺ​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​អ៊ិនធឺណិត។ កញ្ញា​ថា សូម្បី​តែ​សេចក្ដី​ព្រាង​ច្បាប់​ដែល​សង្គម​ស៊ីវិល​ទទួល​បាន​សព្វថ្ងៃ ក៏​មិន​មែន​ជា​សេចក្ដី​ព្រាង​ច្បាប់​ផ្លូវ​ការ​នោះ​ទេ គឺ​គ្រាន់តែ​ជា​សេចក្ដី​ព្រាង​ច្បាប់​ដែល​បែក​ធ្លាយ​តៗ​គ្នា​ប៉ុណ្ណោះ។

​យ៉ាងណា​ក៏ដោយ តាមរយៈ​វេទិកា​នេះ អ្នក​ចូលរួម​ប្រហែលជា​អាច​ទទួល​បាន​នូវ​ចំណេះ​ដឹង​ច្រើន ព្រោះ​ថា​ក្រៅពី​ពន្យល់​ផ្ទាល់​មាត់ អ្នក​រៀបចំ​កម្មវិធី​ក៏​បាន​ចែកចាយ​ឯកសារ​វិភាគ​ពី​ផល​ប៉ះពាល់​របស់​សេចក្ដី​ព្រាង​ច្បាប់​នីមួយៗ​ទៅ​ឲ្យ​ពួកគេ។

​សម្រាប់​ប្រធាន​កម្មវិធី​ដីធ្លី​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត ដែល​ចូល​រួម​ឃ្លាំមើល​ការ​ជួបជុំ​នេះ មាន​ប្រសាសន៍​ថា វេទិកា​សាធារណៈ​ដែល​សង្គម​ស៊ីវិល​រៀបចំ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​សេចក្ដី​ព្រាង​ច្បាប់​ដូច​នេះ គឺ​ជា​ការ​ចូលរួម​ចំណែក​ជួយ​រដ្ឋាភិបាល​ទៅ​វិញ​ទេ ព្រោះ​លោក​ថា នៅ​ពេល​ដែល​ពលរដ្ឋ​យល់​ដឹង​ច្រើន រដ្ឋាភិបាល​ក៏​ស្រួល​ដែរ។ ដូច្នេះ​លោក​ថា ការ​ផ្សព្វផ្សាយ​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​សង្គម។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​របស់​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ធ្នូ។

យ៉ាងណា​ក៏ដោយ អ្នក​ចូលរួម​ទាំង​អស់​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​សេចក្ដី​ព្រាង​ច្បាប់​ផ្លូវការ​ជា​សាធារណៈ ដូចជា​តាម​រយៈ​ការ​បង្ហោះ​សេចក្ដី​ព្រាង​ច្បាប់​នៅ​លើ​គេហទំព័រ​ជាដើម។ លើស​ពី​នេះ ពួកគេ​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​មាន​ការ​ប្រឹក្សា​យោបល់​ជា​ចំហ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ប្រសិន​បើ​រដ្ឋាភិបាល​គិត​ថា ច្បាប់​ទាំង​នេះ​ជា​ច្បាប់​អាទិភាព ដែល​ចាំបាច់​ត្រូវ​បង្កើត​ឡើង​ក្នុង​អាណត្តិ​ទី​៥​នេះ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី USA

Folks-You have to lobby very hard to get some CPP clans to support those resolutions: Remember 50 + 1?

Dec 21, 2014 09:53 PM

គេហទំព័រ​ទាំងមូល