កសិករ​គំរាម​បោះឆ្នោត​ទម្លាក់​តំណាង​រាស្ត្រ​ដែល​អនុម័ត​ច្បាប់​គ្រប់គ្រង​ដី​កសិកម្ម

កសិករ​មក​ពី ២៤​ខេត្ត​ក្រុង មាន​គ្នា​ប្រមាណ ២០០​នាក់ បាន​នាំគ្នា​តវ៉ា​នៅ​មុខ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មុខ​រដ្ឋសភា ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៧ ខែ​មិថុនា។ គោល​បំណង​នៃ​ការ​វ៉ា​នោះ គឺ​ពួក​គាត់​ទាមទារ​កុំ​ឲ្យ​រដ្ឋសភា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម។
ដោយ អ៊ុក សាវបូរី
2013-06-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​កសិករ​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​ក្រសួង​កសិកម្ម និង​រដ្ឋសភា ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៣។
ប្រជា​កសិករ​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​ក្រសួង​កសិកម្ម និង​រដ្ឋសភា ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Ouk Savborey

ការ​តវ៉ា​នោះ ព្រោះ​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ បាន​ចែង​ដាក់​ទោស​កសិករ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ច្រើន​លាន​រៀល បើ​កសិករ​ណា​ពង្រីក ឬ​បម្លែង​ដី​ដាំ​ដំណាំ​ដោយ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម​ជា​មុន​សិន​ជាដើម។

ប្រជា​កសិករ​ជាង ២០០​នាក់ មក​ពី​គ្រប់​ខេត្ត​រាជធានី​នៅ​ក្នុង​ប្រទេស​កម្ពុជា គំរាម​បោះឆ្នោត​ទម្លាក់​អ្នក​តំណាង​រាស្ត្រ​ដែល​លើក​ដៃ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម​នោះ។ ការ​គំរាម​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា នៅ​មុខ​ទីស្ដីការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​នៅ​មុខ​រដ្ឋសភា។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ញិល ភាព ថ្លែង​ថា នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ មាត្រា​៥៤ បាន​ចែង​ពី​ការ​ដាក់​ទោស​កសិករ​ដែល​បម្លែង​ដី​កសិកម្ម បើ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម។ បញ្ហា​នេះ នាំ​ឲ្យ​កសិករ​ព្រួយ​បារម្ភ ទើប​មាន​ការ​តវ៉ា​ប្រឆាំង​មាត្រា​ខ្លះ​នោះ៖ «តំណែង​របស់​អស់​លោក​គង់វង្ស ឬ​មិន​គង់វង្ស ស្ថិត​នៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឯង»

កសិករ​មក​ពី​ខេត្ត​កណ្ដាល ដែល​មាន​វិបត្តិ​ដី​ដាំដុះ​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះ​ពលរដ្ឋ​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម តែ​មក​សម្លាប់​ប្រជាពលរដ្ឋ​ដោយ​ប្រយោល តាម​រយៈ​ការ​រឹប​យក​ដីធ្លី​ដាំដុះ​ពី​កសិករ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ៖ «រំដោះ​យើង​ហើយ មិន​មែន​ឲ្យ​យើង​បាន​នៅ​រស់​ស្រួល​ទេ រំដោះ​ឲ្យ​យើង​វេទនា យក​ពី​មាត់​ខ្លា​ហើយ មក​ហុច​ឲ្យ​មាត់​ក្រពើ ដក​ដី​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ក្រុមហ៊ុន ឲ្យ​ប្រជាជន​វេទនា អា​ហ្នឹង​ខ្ញុំ​អត់​ឯកភាព​ទេ ខ្ញុំ​មិន​គាំទ្រ​គាត់​ជា​នាយក​រដ្ឋមន្ត្រី​ត​ទៅ​ទៀត ខ្ញុំ​និយាយ​អីចឹង អាណត្តិ​នេះ ខ្ញុំ​បោះឆ្នោត​ទម្លាក់​ហើយ ខ្ញុំ​សូម​ជម្រាប​អីចឹង ខ្ញុំ​សូម​និយាយ​ត្រង់​តែ​ម្តង»

កសិករ​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង ដែល​រងគ្រោះ​ដីធ្លី​ក្រោម​ការ​អភិវឌ្ឍ​ចម្ការ​អំពៅ ថ្លែង​ថា ពួក​គាត់​នឹង​បន្ត​ធ្វើ​មហា​បាតុកម្ម ពី​កសិករ​ចំនួន​តិច ទៅ​រាប់​សែន​នាក់ ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បន្ត​យក​សេចក្តី​ព្រាង​ច្បាប់​នោះ​បញ្ជូន​ឲ្យ​សមាជិក​សភា​អនុម័ត៖ «ច្បាប់​ចេញ​មក គឺ​អត់​មាន​កំណត់​ថា​ឲ្យ​យើង​នេះ​មាន​សេរីភាព​សោះ»

ស្ត្រី​មក​ពី​ខេត្ត​ឧត្តរមានជ័យ ឃុំ​គោកមក ស្រុក​បន្ទាយអំពិល ឈ្មោះ ប៉ោ អឿន អាយុ ៥២​ឆ្នាំ ថ្លែង​ថា ដី​គាត់​បាន​កាប់​រាន​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ ត្រូវ​ថៃ ទប់ស្កាត់ ហើយ​ប្រាប់​ថា​ដី​គាត់​ដាំដុះ​នោះ​ជា​ដី​របស់​ថៃ។ បញ្ហា​នេះ គាត់​ទាមទារ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ជួយ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​លើ​ដី​កសិកម្ម​នៅ​តាម​ព្រំដែន​នោះ។

ក្រោយ​ពី​មាន​ការ​ធ្វើ​កូដកម្ម​ដោយ​មាន​លើក​បដា​សរសេរ​ពាក្យ​ស្លោក​ដែល​មាន​អត្ថន័យ​ការពារ​ដី​កសិកម្ម​នោះ មន្ត្រី​ក្រសួង​កសិកម្ម បាន​អញ្ជើញ​តំណាង​កសិករ ៦​នាក់ ចូល​ពិភាក្សា និង​ដាក់​ញត្តិ បន្ទាប់​មក​ក្រុម​កសិករ​បាន​ដើរ​ដោយ​ថ្មើរ​ជើង​ពី​ក្រសួង​កសិកម្ម ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា និង​បាន​ដាក់​ញត្តិ​នៅ​ទី​នោះ​ទៀត។

ញត្តិ​ទាមទារ​របស់​កសិករ គឺ​មិន​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​លើក​ទី១ ស្ដីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម ដែល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​សហប្រជាជាតិ (FAO = ហ្វាវ) ដែល​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ចំពោះ​សេចក្តី​ពង្រាង​ច្បាប់​នេះ។ កសិករ​ស្នើសុំ​ឲ្យ​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ឈប់​ការ​ប៉ុនប៉ង​ចេញ​ច្បាប់​ដែល​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ជីវិត​រស់នៅ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

កសិករ​ទាមទារ​ឲ្យ​កែប្រែ និង​លុប​ចោល​ចំណុច​មួយ​ចំនួន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ​ដូចជា៖
-បទបញ្ញត្តិ​អំពី​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​តែ​ដក​ចេញ។
-សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា​មិន​មែន​អ្នក​កាន់​កាប់​ដី ដែល​អាច​ត្រូវ​គេ​បង្ខំ​ឲ្យ​ចូលរួម​ក្នុង​តំបន់​អភិវឌ្ឍន៍​កសិកម្ម​ទេ។
-ច្បាប់​នេះ​បាន​អះអាង​ថា តំបន់​អភិវឌ្ឍន៍​កសិកម្ម មាន​គោល​បំណង​ជួយ​ដល់​កសិករ​ខ្នាត​តូច ដូច្នេះ​បង្កើត​តំបន់​ទាំង​នេះ​ត្រូវ​តែ​ចេញ​មក​ពី​កសិករ សហគមន៍ សមាគម ខ្លួន​គេ​ផ្ទាល់ មិន​មែន​ចេញ​ពី​ក្រសួង​កសិកម្ម ឬ​ស្ថាប័ន​នៅ​ក្រោម​ក្រសួង​កសិកម្ម​ទាំង​ស្រុង​តែ​ម្នាក់​ឯង​ទេ។
-រាល់​បញ្ញត្តិ​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​បម្លែង​ដី​ចំពោះ​ម្ចាស់​ដី​ឯកជន ត្រូវ​ដក​ចេញ។
-ក្រសួង​កសិកម្ម​ត្រូវ​ដក​ចេញ​នូវ​ជំពូក​ទី៧ ទាក់ទង​ផលិត​កម្ម​កសិកម្ម តាម​កិច្ច​សន្យា​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ចេញ។
-ក្រសួង​កសិកម្ម ព្រម​ទាំង​អង្គការ ហ្វាវ ត្រូវ​ធ្វើ​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលាយ ជា​ពិសេស​ជាមួយ​ប្រជាពលរដ្ឋ កសិករ សហគមន៍ សមាគម បណ្ដាញ និង​អង្គការ​នានា មុន​នឹង​ចូល​ជា​ធរមាន។

សេចក្តី​ព្រាង​ច្បាប់​នេះ បច្ចុប្បន្ន​នៅ​ក្នុង​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម នោះ​នៅ​ឡើយ។

ក្រុម​កសិករ​បាន​រំសាយ​ការ​តវ៉ា​នៅ​ម៉ោង​ជិត ១២​ថ្ងៃ​ត្រង់ ហើយ​សន្យា​ថា​នឹង​បន្ត​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត នៅ​គ្រា​ដែល​ញត្តិ​របស់​គេ​នោះ ស្ថាប័ន​រដ្ឋសភា និង​ក្រសួង​កសិកម្ម មិន​បាន​ហៅ​ពួក​គេ​ទៅ​ពិភាក្សា​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

មិនត្រូវអោយមានដីសម្បទានសេដ្ឋកិច្ចទៀតទេ

Jun 08, 2013 07:34 AM

Aruong

ពី Uttomeanchey

រដ្ឋសភាគណៈបក្សប្រជាជនត្រូវជាង វាបង្កើតច្បាប់ដើម្បី សម្រាប់បំរើអ្នកមានលុយមានអំណាចប៉ុណ្ណោះ ។ ផ្គាប់ចិត្ត មេចោរលក់ជាតិ ៕

Jun 08, 2013 01:34 AM

អ្នក​អាន​អនាមិក

ពី Wellington, New Zealand

Ya!!!!!It is a good idea! It is time for you to stand up together against Hun Sen's government which is backed up by Vietnam communist. It is time for you to free yourself from iron fists of Hun Sen who persecutes only Cambodian people, but not for illegal Vietnamese in Cambodia. So all of you don't vote for CPP, number 4 on 28/07/13. All of you should vote for NRP, number 7. This party can help you whatever you want and fair and all of you will not become 2nd Kampuchea Krom at all.

Jun 07, 2013 08:58 PM

ហូ ទន់

ពី ក្រសាំងទួល

យកលុយទៅសូកហ៊ុន សែនប្រហែលជាបានផលឆាប់ជាងសន្លឹក
ឆ្នោត។

Jun 07, 2013 04:27 PM

ពូថៅដៃ

ពី នំប៊ិញ

វាគួរតែអញ្ចឹង កាលណាបងប្អូនភ្ញាក់ថាចាញ់បោកគេហើយ គួរ
ផ្លាស់ប្ដូរចោលទៅ បងប្អូនគិតថាអ្វីចំណេញ អ្វិមិនចំណេញដល់
បងប្អូន ។

Jun 07, 2013 02:35 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល