គ្រួសារ​ស្ត្រី​សម្រាល​កូន​ស្លាប់​នៅ​បន្ទាយមានជ័យ​ស្នើ​តុលាការ​ពន្លឿន​សំណុំ​រឿង

ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ ស្នើ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​គ្រូពេទ្យ​បម្រើ​ការ​នៅ​គ្លីនិក​ឯកជន​មួយ ក្នុង​ក្រុង​ប៉ោយប៉ែត ដែល​បាន​ព្យាបាល​ស្ត្រី​សម្រាល​កូន​ម្នាក់​ស្លាប់។ ការ​ស្នើសុំ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​គ្រួសារ​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​លើ​ករណី​ស្ត្រី​ជា​ម្ដាយ ដែល​បាន​ស្លាប់​នៅ​ក្រោយ​ការ​សម្រាល​កូន​នេះ អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ ប៉ុន្តែ​តុលាការ​នៅ​ពុំ​ទាន់​បាន​លើក​យក​សំណុំ​រឿង​នោះ​ទៅ​ចាត់​ការ​នៅ​ឡើយ។
ដោយ សួន សុផលមុន្នី
2013-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៨-វិច្ឆិកា-២០១៣៖ លោក ឡាយ សុផល ត្រូវ​ជា​ប្ដី​ស្ត្រី​រងគ្រោះ ឈ្មោះ ហួង ស្រីភួង ដែល​សម្រាល​កូន​ស្លាប់​នៅ គ្លីនិក ប្រសិទ្ធ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៣។
២៨-វិច្ឆិកា-២០១៣៖ លោក ឡាយ សុផល ត្រូវ​ជា​ប្ដី​ស្ត្រី​រងគ្រោះ ឈ្មោះ ហួង ស្រីភួង ដែល​សម្រាល​កូន​ស្លាប់​នៅ គ្លីនិក ប្រសិទ្ធ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៣។
RFA/Soun Sophalmony

តុលាការ​ខេត្ត​បន្ទាយមានជ័យ រង​ការ​រិះគន់​ថា បាន​ផ្អឹប​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​រងគ្រោះ​ស្លាប់ ដោយសារ​ការ​សម្រាល​កូន​ម្នាក់​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ នៅ​ពុំ​ទាន់​បាន​បើក​ការ​ស៊ើប​អង្កេត​តាម​នីតិវិធី​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នោះ​ឡើយ។

ប្អូន​ថ្លៃ​ស្ត្រី​រងគ្រោះ គឺ​លោក អ៊ិន តាំងស្រួ អាយុ ៤៣​ឆ្នាំ រស់​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៣ រូប​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ។

ពាក្យ​បណ្ដឹង​នោះ គឺ​ជន​រងគ្រោះ​បាន​ប្ដឹង​ចោទ​ប្រកាន់​គ្រូពេទ្យ​នៅ​គ្លីនិក​ឯកជន​ឈ្មោះ គ្លីនិក ប្រសិទ្ធិ នៅ​ក្រុង​ប៉ោយប៉ែត ដែល​បាន​ទទួល​ព្យាបាល​បង​ស្រី​របស់​គាត់ នៅ​ពេល​ឈឺ​ពោះ​សម្រាល​កូន បណ្ដាល​ឲ្យ​ស្លាប់​ម្ដាយ៖ «ខ្ញុំ​ចង់​ឲ្យ​តុលាការ​រក​ឫស​រក​គល់​រឿង​ហ្នឹង តើ​កំហុស​ពេទ្យ ឬ​អ្នក​ជំងឺ​ស្លាប់​ដោយ​ខ្លួន​ឯង ដេញ​ដោល​សួរ​ពេទ្យ​ហ្នឹង​ទៅ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​លាស់ កុំ​យក​រឿង​ខ្ញុំ​ទៅ​ទុក​ចោល ហើយ​នៅ​សម្រួល​ទៀត។ ខ្ញុំ​ចង់​និយាយ​ថា មិន​បាច់​សម្រួល​ទេ បើ​សិន​ជា​តុលាការ​ខេត្ត​បន្ទាយមានជ័យ កាត់​ឲ្យ​ខ្ញុំ​ចាញ់ ខ្ញុំ​នឹង​ប្ដឹង​ទៅ​លើ​ទៀត​ដែរ»

ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​នៅ​ក្រោយ​ការ​សម្រាល​កូន​នោះ​មាន​ឈ្មោះ ហួង ស្រីភួង អាយុ ៣៦​ឆ្នាំ រស់​នៅ​ភូមិ​អូរឫស្សីលើ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៣ លោក ឡាយ សុផល ត្រូវ​ជា​ស្វាមី​ស្ត្រី​រងគ្រោះ​ឈ្មោះ ហួង ស្រីភួង បាន​ធ្វើ​ពាក្យ​បណ្ដឹង​មួយ​ច្បាប់ ដាក់​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​មាន​កម្មវត្ថុ​ប្ដឹង​ឈ្មោះ តែ ដាវី ភេទ​ស្រី ជា​គ្រូពេទ្យ មាន​ទីលំនៅ​នៅ​ភូមិ​បាលិលេយ្យ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ព្យាបាល​ស្ត្រី​ជា​ម្ដាយ​ឆ្លង​ទន្លេ​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​អាច​ទាក់ទង លោក ផាន់ វណ្ណរ័ត្ន ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។

ស្វាមី​ស្ត្រី​រងគ្រោះ គឺ​លោក ឡាយ សុផល បញ្ជាក់​ថា លោក​ទទូច​សុំ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ លើក​យក​ពាក្យ​បណ្ដឹង​របស់​គាត់​មក​ចាត់​ការ​ឲ្យ​បាន​ឆាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ប្រពន្ធ​របស់​ខ្លួន​ដែល​បាន​ស្លាប់​ទៅ។ លោក​ចោទ​ថា ប្រពន្ធ​គាត់​រងគ្រោះ​ស្លាប់​នោះ គឺ​ដោយសារ​គ្រូពេទ្យ​នៅ គ្លីនិក ប្រសិទ្ធិ ចាក់​ថ្នាំ​បញ្ចូល​តាម​សេរ៉ូម​ឲ្យ​បើក​មុខ​ស្បូន​លើស​ចំណុះ ហើយ​គ្រូពេទ្យ​បាន​ប្រើ​ឲ្យ​ជំនួយ​ការ​ពេទ្យ​នៅ​គ្លីនិក​នោះ​ម្នាក់​ទៀត ដែល​ពុំ​មាន​ជំនាញ​ច្បាស់​លាស់ លូក​ពិនិត្យ​ក្នុង​ពោះ​អ្នក​ជំងឺ៖ «មុន​ចូល ខ្ញុំ​បាន​ប្រាប់​ហើយ​ថា ប្រពន្ធ​ខ្ញុំ​កើត​កូន​មុន​វះ ពេទ្យ​ថា​មិន​អី​ទេ អាច​សម្រាល​កូន​បាន។ អ៊ីចឹង​បាន​ខ្ញុំ​មិន​អស់​ចិត្ត​ទេ។ បើ​ដឹង​អ៊ីចឹង ខ្ញុំ​សុខ​ចិត្ត​មក​កន្លែង​អស់​លុយ ដើម្បី​ប្រពន្ធ​មាន​សុវត្ថិភាព សុំ​ឲ្យ​ខាង​តុលាការ​ជួយ​ដោះស្រាយ កុំ​ឲ្យ​កាន់​ជើង​មនុស្ស​ខូច​មនុស្ស​នៅ​តែ​ខូច»

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ ថ្លែង​ថា តុលាការ​មិន​ត្រូវ​ផ្អឹប​សំណុំ​រឿង​ជន​រងគ្រោះ​ទុក​យូរ មិន​ព្រម​ចាត់​ការ​ដូច្នេះ​ទេ។ លោក​ថា ករណី​ស្ត្រី​ជា​ម្ដាយ​ស្លាប់​នៅ​ពេល​សម្រាល​កូន​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ។ កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​ច្រើន​ណាស់​ចង់​ដឹង​ចង់​ឃើញ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ករណី​គ្រូពេទ្យ ដែល​បាន​ព្យាបាល​អ្នក​ជំងឺ​ឲ្យ​បណ្ដាល​ឲ្យ​ស្លាប់​នោះ ទទួល​បាន​លទ្ធផល​ដូច​ម្ដេច៖ «រឿង​ហ្នឹង​ជា​រឿង​ក្ដៅ​គគុក ចំណែក​សមាគម​អាដហុក យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​នេះ​ថា តើ​តុលាការ​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​រឿង​នេះ ឬ​អត់ ឬ​ក៏​បណ្ដែត​បណ្ដោយ​ឲ្យ​អំពើ​និទ្ទណ្ឌភាព​ចេះ​តែ​កើន​ឡើង​ពាស​ពេញ​ខេត្ត​បន្ទាយមានជ័យ ឬ​ក៏​មាន​ចាត់​ការ​រឿង​នេះ​អត់»

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ជន​រងគ្រោះ បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៣ ស្ត្រី​ជា​ជន​រងគ្រោះ​មាន​អាការៈ​ឈឺ​ពោះ​គ្រប់​ខែ​ឆ្លង​ទន្លេ។ បន្ទាប់​មក ប្ដី​បាន​បញ្ជូន​ទៅ​សម្រាល​កូន​នៅ​គ្លីនិក​ឯកជន​មួយ​ឈ្មោះ​ថា គ្លីនិក ប្រសិទ្ធិ។ នៅ​ពេល​ទៅ​ដល់​គ្លីនិក​នោះ គ្រូពេទ្យ​ឈ្មោះ តែ ដាវី ដែល​ជា​ពេទ្យ​ឆ្មប បាន​ទទួល​យក​អ្នក​ជំងឺ​ទៅ​ពិនិត្យ​មើល។

ក្រោយ​ពី​ការ​ពិនិត្យ​ពេទ្យ​ឆ្មប​បាន​ប្រាប់​ថា អ្នក​ជំងឺ​មិន​ទាន់​សម្រាល​កូន​ភ្លាម​នោះ​ទេ ទាល់​តែ​ល្ងាច​ទើប​អាច​សម្រាល​បាន ហើយ​គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លុះ​ដល់​ពេល​ល្ងាច អ្នក​ជំងឺ​បាន​ទៅ​គ្លីនិក​នោះ​ម្ដង​ទៀត។ នៅ​ពេល​នោះ ពេទ្យ​ឆ្មប​ឈ្មោះ តែ ដាវី បាន​ចាក់​សេរ៉ូម​ឲ្យ​អ្នក​ជំងឺ។ បន្ទាប់​មក​នាំ​អ្នក​ជំងឺ​ចូល​ក្នុង​បន្ទប់​ពិនិត្យ​ម្ដង​ទៀត​នៅ​ពេល​ពិនិត្យ​ហើយ ស្ត្រី​ជា​អ្នក​ជំងឺ​បាន​ចេញ​មក​ក្រៅ​ប្រាប់​ប្ដី​របស់​ខ្លួន​ថា នៅ​ពេល​ពិនិត្យ​នោះ​មិន​ដឹង​គ្រូពេទ្យ​ធ្វើ​អី​ទេ ឮ​សូរ​ក្នុង​ពោះ​លាន់​ព្រឹប ហើយ​មាន​ទឹក​ហូរ​តាម​ទ្វារ​មាស។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​បន្ត​ថា បាន​ប្រហែល ៥​នាទី​ក្រោយ​មក ស្រាប់​ស្ត្រី​ជា​អ្នក​ជំងឺ​ធ្វើ​ទុក្ខ​ប្រកាច់ ហើយ​ត្រូវ​គ្រូពេទ្យ​ឈ្មោះ តែ ដាវី នោះ​យក​ខ្យល់​អុកស៊ីហ្សែន​បញ្ចូល​តាម​ច្រមុះ។ ក្រោយ​មក​ទៀត ស្ត្រី​ជា​អ្នក​ជំងឺ​បាន​ហូរ​ឈាម​តាម​មាត់ និង​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​យ៉ាង​ច្រើន។ ដោយ​ឃើញ​ដូច្នេះ គ្រូពេទ្យ​ឈ្មោះ តែ ដាវី ភ័យ​ស្លន់ស្លោ ហើយ​បាន​បញ្ជូន​អ្នក​ជំងឺ​ចេញ​ពី​គ្លីនិក​របស់​ខ្លួន​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបុរី។

ទៅ​ដល់​មន្ទីរពេទ្យ​នោះ ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ឲ្យ​បាន​សម្រាល​កូន តែ​ស្ត្រី​ជា​ម្ដាយ​មាន​ការ​ធ្លាក់​ឈាម​យ៉ាង​ខ្លាំង ហើយ​ក្រោយ​មក​បាន​ដាច់​ខ្យល់​ស្លាប់​នៅ​វេលា​ម៉ោង​២ រំលង​អាធ្រាត្រ។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​គ្រួសារ​ស្ត្រី​រងគ្រោះ បាន​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ២​ម៉ឺន​ដុល្លារ និង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​គ្រូពេទ្យ​ឈ្មោះ តែ ដាវី ទៅ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល