ការ​ផ្លាស់​ប្ដូរ​អ្នក​ទោស​រវាង​កម្ពុជា​និង​ថៃ

រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​បង្កើត​កិច្ច​ព្រមព្រៀង​ធ្វើ​បត្យាប័ន​ដោះដូរ​អ្នក​ទោស​រវាង​គ្នា​ទៅ​វិញ​ទៅ​មក តាំង​ពី​ឆ្នាំ​២០០៩។ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពុំ​ទាន់​បាន​យល់​ដឹង​ពី​ការ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ ខណៈ​ដែល​សាច់ញាតិ ឬ​ក្រុម​គ្រួសារ​ពួក​គេ​មក​ទទួល​ទោស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។
ដោយ សួន សុផលមុន្នី
2013-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បន្ទប់​អ្នក​ទោស​បុរស​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង។
បន្ទប់​អ្នក​ទោស​បុរស​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង។
Licadho

ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន នៅ​ពុំ​ទាន់​បាន​យល់​ដឹង​ពី​ការ​ធ្វើ​បត្យាប័ន​ដោះដូរ​អ្នក​ទោស​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ ខណៈ​ដែល​កិច្ច​ព្រមព្រៀង​នៃ​ការ​ធ្វើ​បត្យាប័ន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​២០០៩។

ប្រជាពលរដ្ឋ​ឈ្មោះ ប្រាក់ ថន អាយុ ៦១​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ថ្លែង​ថា កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ថៃ បាន​ដោះដូរ​កូន​ប្រុស​របស់​គាត់​ដែល​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិញ។ លោក​បញ្ជាក់​ថា កូន​គាត់​ឈ្មោះ ប្រាក់ ចន្ថា អាយុ ៣១​ឆ្នាំ ត្រូវ​បាន​តុលាការ​ថៃ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៥០​ឆ្នាំ ពី​បទ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន។ បច្ចុប្បន្ន កូន​គាត់​ត្រូវ​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បន្ត​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ៖ «កាល​ជាប់​នៅ​ក្រុង​ថេប បទ​គ្រឿង​ញៀន​ឆ្លង​ដែន កាត់​ទោស ៥០​ឆ្នាំ ជាប់ ៩​ឆ្នាំ​នៅ​ប្រទេស​ថៃ ខ្ញុំ​បាន​ជួប​កូន​ប៉ុណ្ណឹង​ទេ។ ខ្ញុំ​មាន​ចម្ងល់​ថា មក​ដល់​ខ្មែរ​ហើយ​កាត់​ទោស​ឲ្យ​វា​ចេញ​ឬ​អត់»

ឆ្លើយ​តប​បញ្ហា​នេះ ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន បាន​ពន្យល់​ថា នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ថៃ ពុំ​មាន​ច្បាប់​កាត់​ទោស​មនុស្ស​ប្រហារ​ជីវិត​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ទោស​ដែល​រដ្ឋាភិបាល​កម្ពុជា-ថៃ ដោះដូរ​គ្នា អាច​មក ឬ​ទៅ​បន្ត​ទទួល​ទោស​តាម​សាលក្រម​របស់​តុលាការ​នៃ​ប្រទេស​នីមួយៗ ដែល​បាន​កាត់​ទោស​រួច​ហើយ៖ «កម្រិត​ទោស យើង​អនុវត្ត​តាម​សាល​ក្រម​ដែល​តុលាការ​គេ​បាន​ផ្ដន្ទាទោស គេ​ដោះដូរ​បាន យើង​យក​ប្រជាពលរដ្ឋ​យើង​មក​ទទួល​រង​នៅ​ស្រុក​យើង ឬ​ក៏​ថៃ គេ​ស្នើសុំ​ពលរដ្ឋ​គេ​ទៅ​ទទួល​រង​ទោស​នៅ​ស្រុក​គេ​វិញ នៅ​ក្នុង​សន្ធិសញ្ញា​ហ្នឹង គេ​លើក​លែង​តែ​មាន​ការ​ចែង​ពី​ហេតុផល​នយោបាយ ប្រទេស​ដែល​ត្រូវ​បាន​គេ​ស្នើសុំ អាច​មាន​សិទ្ធិ​បដិសេធ ដូច​ករណី​លោក ថាក់ ស៊ីន លើក​មុន​អី យើង​យក​ហេតុផល​មួយ​ដែល​មើល​ទៅ​ជា​រឿង​នយោបាយ អ៊ីចឹង​ស្នើសុំ​មក​យើង​មាន​សិទ្ធិ​បដិសេធ»

បន្ថែម​លើ​ចម្ងល់​នេះ មន្ត្រី​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត ពន្យល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​ដទៃ ពួក​គេ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ច្បាប់​នៃ​ប្រទេស​នោះ មិន​អាច​យក​ច្បាប់​ខ្មែរ​ទៅ​អនុវត្ត​នៅ​ប្រទេស​ដទៃ​នោះ​បាន​ទេ។ ប៉ុន្តែ ការ​ធ្វើ​បត្យាប័ន​នេះ បើ​សិន​ជា​ភាគី​ទាំង​សង​ខាង​យល់​ឃើញ​ថា មិន​យុត្តិធម៌ ថៃ ឬ​អ្នក​ទោស​ថៃ ក៏​គេ​អាច​ស្នើសុំ​ឲ្យ​មាន​ការ​សើរើ​បាន​ដែរ។

លោក ចាន់ សុវ៉េត៖ «ខ្មែរ​យើង​កាត់​មិន​យុត្តិធម៌ ឧទាហរណ៍ ហើយ​ប្រជាជន​ខ្មែរ​យើង​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​ដែល​គាត់​បាន​ធ្វើ​បត្យាប័ន​ត្រឡប់​មក​វិញ គាត់​មាន​សិទ្ធិ​ស្នើសុំ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ថា តើ​បន្តឹង​របស់​គាត់ ហើយ​ការ​ប្រព្រឹត្ត​បទល្មើស​របស់​គាត់​នៅ​ប្រទេស​ថៃ សម​នឹង​ផ្ដន្ទាទោស ៥០ ឬ​មួយ​ជីវិត​ដែរ​ឬ​អត់ អ៊ីចឹង​គាត់​អាច​ប្ដឹង​ដោយ​ខ្លួន​គាត់​ផ្ទាល់ ទៅ​ក្រសួង​យុត្តិធម៌​តែ​ម្ដង ដើម្បី​ស្នើសុំ​ក្រសួង​យុត្តិធម៌​ធ្វើ​អន្តរាគមន៍ មើល​ថា តើ​ធ្វើ​បន្តឹង​សើរើ​បាន​អត់ នេះ​ជា​សិទ្ធិ​របស់​គាត់»

លោក ចាន់ សុវ៉េត លើក​ឡើង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​ធ្វើ​បត្យាប័ន​ជាមួយ​គ្នា ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​មាន​បទល្មើស​ដូច​គ្នា។ ដូច្នេះ​ហើយ ការ​ធ្វើ​បត្យាប័ន​ទី​១ ត្រូវ​ធ្វើ​យ៉ាង​ណា​ពង្រឹង​សន្តិសុខ​ព្រំដែន ទី​២ ពង្រឹង​ការ​ទំនាក់ទំនង​អន្តរជាតិ​ឲ្យ​មាន​លក្ខណៈ​ពេញលេញ និង​ទី​៣ ដើម្បី​ឲ្យ​កិច្ច​ប្រតិបត្តិការ​អន្តរជាតិ​មាន​លក្ខណៈ​ជា​ក្របខណ្ឌ​គតិយុត្តិ ដែល​មាន​ច្បាប់​ចែង​រៀងៗ​ខ្លួន៖ «ឧទាហរណ៍ ដូច​ថា​ប្រទេស​ខ្មែរ ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​ប្រព្រឹត្ត​នូវ​បទល្មើស អ៊ីចឹង​ប្រទេស​គេ​អាច​ផ្ដន្ទាទោស​យើង​បាន​នៅ​ខណៈ​ពេល​ដែល​យើង​បាន​ប្រព្រឹត្ត​បទល្មើស ហើយ​បើ​ចង់​ត្រឡប់​មក​ស្រុក​យើង​វិញ វា​ទាល់​តែ​មាន​ការ​ធ្វើ​បត្យាប័ន​តាម​អំណាច​នៃ​ប្រទេស​នីមួយៗ​ដែល​គេ​យល់​ព្រម។ អ៊ីចឹង​ប្រទេស​ជា​ដៃគូ​នោះ គឺ​គេ​ត្រូវ​តែ​មាន​លក្ខខណ្ឌ ហើយ​លក្ខខណ្ឌ​នោះ​ថា​មិន​មែន​ផល​ចំណេញ ឬ​ផល​ខាត​ទេ»

ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ​មីនា ឆ្នាំ​២០១៣ នេះ ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​ធ្វើ​បត្យាប័ន​ដោះដូរ​អ្នក​ទោស​ជាមួយ​គ្នា​បាន​ចំនួន ៧​នាក់។ ក្នុង​នោះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់​អ្នក​ទោស​ថៃ ទៅ​ឲ្យ​រដ្ឋាភិបាល​ថៃ ចំនួន​ពីរ​នាក់ ចំណែក​ឯ​រដ្ឋាភិបាល​ថៃ បាន​យល់​ព្រម​ប្រគល់​អ្នក​ទោស​កម្ពុជា ៥​នាក់​មក​ឲ្យ​ប្រទេស​កម្ពុជា វិញ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បញ្ជាក់​ថា ការ​ដោះដូរ​អ្នក​ទោស​នេះ បាន​ធ្វើ​ឡើង​ដោយ​ឈរ​លើ​គោលការណ៍​នៃ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ទាំង​ពីរ គឺ កម្ពុជា និង​ថៃ៖ «យើង​ផ្ទេរ​អ្នក​ទោស​ថៃ ឲ្យ​ទៅ​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ចំនួន​ពីរ​នាក់ ហើយ​ខាង​ភាគី​ថៃ គេ​បាន​បញ្ជូន​អ្នក​ទោស​ខ្មែរ​យើង​ជាប់​នៅ​ប្រទេស​ថៃ មក​បន្ត​ជាប់​ពន្ធនាគារ​ប្រទេស​យើង​នេះ​ចំនួន ៥​នាក់។ ចំពោះ​អ្នក​ទោស​ថៃ ខ្ញុំ​មិន​បាន​ដឹង​ច្បាស់​ថា​គេ​បាន​ប្រព្រឹត្ត​បទល្មើស​អី​ទេ ប៉ុន្តែ​អ្នក​ទោស​ខ្មែរ​យើង ៥​នាក់​នេះ បើ​តាម​ខ្ញុំ គេ​ចោទ​ប្រកាន់​ពី​រឿង​គ្រឿង​ញៀន»

កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ រដ្ឋាភិបាល​ថៃ បាន​ដោះដូរ​អ្នក​ទោស​ខ្មែរ​ដែល​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ចំនួន ១២​នាក់ មក​បន្ត​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​គេ​ពុំ​បាន​ដឹង​ពី​ចំនួន​អ្នក​ទោស​ថៃ ដែល​រដ្ឋាភិបាល​កម្ពុជា ដោះដូរ​ទៅ​ឲ្យ​រដ្ឋាភិបាល​ថៃ នោះ​ទេ។

លោក កុយ គួង បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ធ្វើ​បត្យាប័ន​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ នេះ កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​២០០៩ មក។ លោក​បញ្ជាក់​ថា ការ​បត្យាប័ន​ផ្ទេរ​អ្នក​ទោស​សំខាន់​បំផុត គឺ​ដើម្បី​សម្រួល​ដល់​សាច់ញាតិ​អ្នក​ទោស​ដែល​គេ​អាច​ទៅ​ទទួល​ព័ត៌មាន និង​មក​សួរ​សុខទុក្ខ​ងាយ​ស្រួល​ជាង​អ្នក​ទោស​ដែល​ជាប់​នៅ​បរទេស មាន​ការ​លំបាក។ ទោះ​បី​អ្នក​ទោស​នោះ​មាន​ទោស​ឧក្រិដ្ឋ​យ៉ាង​ណា​ក៏​ដោយ តែ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល