អ្នក​ជំនាញ​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់​សហជីព​ដោយ​តម្លាភាព​ដើម្បី​ធានា​និរន្តរភាព​វិស័យ​កាត់​ដេរ

ដោយ អ៊ុំ រង្សី
2016-11-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្និសីទ​ស្ដីពី​ការ​ពិនិត្យ​មើល​ច្បាប់​សហជីព​ក្នុង​រយៈពេល ៦​ខែ​កន្លង​មក ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Um Rainsey
សន្និសីទ​ស្ដីពី​ការ​ពិនិត្យ​មើល​ច្បាប់​សហជីព​ក្នុង​រយៈពេល ៦​ខែ​កន្លង​មក ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Um Rainsey
RFA/Um Rainsey

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ លើក​ឡើង​ថា វិស័យ​សំខាន់ៗ​ដែល​កំពុង​រួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា រួម​មាន​វិស័យ​ទេសចរណ៍ វិស័យ​សំណង់ និង​ជាពិសេស វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង។ ទន្ទឹម​គ្នា​នេះ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ស្នើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​សហជីព​ដោយ​តម្លាភាព និង​គោរព​សិទ្ធិ​កម្មករ ដើម្បី​ធានា​ដល់​និរន្តរភាព​វិស័យ​កាត់​ដេរ​កម្ពុជា។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា អះអាង​ថា ការ​អនុវត្ត​ច្បាប់​សហជីព​ប្រកប​ដោយ​តម្លាភាព យុត្តិធម៌ ធ្វើ​យ៉ាង​ណា​ផ្តល់​សំឡេង​ដល់​កម្មករ គឺ​ជា​វិធីសាស្ត្រ​តែ​មួយ​គត់​ដែល​ជួយ​កសាង​ទំនុក​ចិត្ត​ដល់​ការ​ធ្វើ​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​ឧស្សាហកម្ម​សម្លៀកបំពាក់​កាត់​ដេរ​កម្ពុជា។

ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ធ្វើ​ឡើង​នៅ​ក្នុង «សន្និសីទ​ស្ដីពី​ការ​ពិនិត្យ​មើល​ច្បាប់​សហជីព​ក្នុង​រយៈពេល ៦​ខែ​កន្លង​មក» ដែល​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ស្កុត សក្លសបឺដ (Scott Schlossberg) មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ថា រយៈពេល ៦​ខែ​កន្លង​ទៅ ក្រោយ​ពី​កម្ពុជា មាន​ច្បាប់​សហជីព ស្ថានភាព​នៃ​ការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព​នៅ​មិន​ទាន់​ប្រសើរ​ឡើង​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា វិស័យ​កាត់​ដេរ​មាន​តួនាទី​សំខាន់​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ហេតុ​នេះ លោក​ថា​ការ​ធានា​ដល់​សិទ្ធិ​កម្មករ​ឲ្យ​ទទួល​បាន​ប្រាក់​ខែ​សមរម្យ កន្លែង​ធ្វើ​ការ​ប្រកប​ដោយ​សុវត្ថិភាព គឺ​រឿង​ចាំបាច់ ដើម្បី​ធានា​ដល់​ខ្សែ​សង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​នេះ​បាន​ពេញលេញ។

លោក​ក៏​យល់​ថា ដើម្បី​ឲ្យ​កម្មករ​ចូលរួម​ដល់​ខ្សែ​សង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​សម្លៀកបំពាក់​កាត់​ដេរ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែ​ធ្វើ​ការ​ពិនិត្យ​នូវ​ការ​អនុវត្ត​ច្បាប់ ពិសេស​ច្បាប់​សហជីព​ដោយ​តម្លាភាព យុត្តិធម៌ ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មករ​ក្នុង​វិស័យ​នេះ​ឈប់​ភ័យ​ខ្លាច និង​មិន​ត្រូវ​បាន​រារាំង​សិទ្ធិ​ណា​មួយ។

ជាង​នេះ​ទៀត លោក​ក៏​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​ការ​រួម​គ្នា និង​ពិភាក្សា​បញ្ហា​ប្រឈម​នានា​ដែល​សហជីព និយោជក និង​កម្មករ កំពុង​ប្រឈម​ក្នុង​វិស័យ​កាត់​ដេរ​នេះ​ឲ្យ​បាន​ច្បាស់លាស់៖ «បើ​សិន​ជា​យើង​មាន​ការ​ពិភាក្សា ធ្វើ​ការ​កែលំអ​ច្បាប់ និង​ចំណុច​ដែល​ប្រឈម​ដែល​មាន​នៅ​ក្នុង​ច្បាប់​នេះ ដើម្បី​ផ្តល់​អំណាច​ដល់​និយោជិត​ឲ្យ​ទទួល​បាន​សំឡេង និង​សិទ្ធិ​ពេញលេញ»

ទន្ទឹម​គ្នា​នេះ អ្នក​ឯកទេស​ជាន់​ខ្ពស់​ខាង​ស្តង់ដារ​ការងារ​អន្តរជាតិ និង​ច្បាប់​ស្ដីពី​ការងារ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក អេឡេន ពែលសេ (Alain Pelce) លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាល​ពី​ខែ​មិថុនា ថា កន្លង​ទៅ គណៈកម្មាធិការ​ស្តង់ដារ​អន្តរជាតិ ក៏​បាន​បង្ហាញ​ក្តី​កង្វល់​ពី​សេរីភាព​របស់​សហជីព​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ដោយ​យុត្តិធម៌ និង​ការ​អនុវត្ត​ច្បាប់​សហជីព​ថ្មី​នៅ​កម្ពុជា ផង​ដែរ។

លោក​យល់​ថា ដើម្បី​អនុវត្ត​ច្បាប់​សហជីព​ដោយ​តម្លាភាព​បាន រដ្ឋាភិបាល​គួរ​តែ​គិត​ទៅ​លើ​អនុសញ្ញា​លេខ​៨៧ នៃ​ការ​អនុវត្ត​គោលការណ៍​នៃ​សិទ្ធិ​បង្កើត​សមាគម និង​សិទ្ធិ​នៃ​ការ​ចរចា​ជា​សមូហភាព ព្រម​ទាំង​គិត​ទៅ​លើ​អនុសញ្ញា​លេខ​៩៨ ស្ដីពី​សេរីភាព​នៃ​សិទ្ធិ​បង្កើត​សមាគម និង​ការពារ​សិទ្ធិ​នៃ​ការ​បង្កើត​សមាគម។

ក្រសួង​ការងារ ឲ្យ​ដឹង​ថា បច្ចុប្បន្ន វិស័យ​សំខាន់ៗ​ដែល​កំពុង​រួម​ចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ រួម​មាន វិស័យ​ទេសចរណ៍ វិស័យ​សំណង់ និង​ជាពិសេស​វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង។ ទន្ទឹម​គ្នា​នេះ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៦ ការ​នាំ​ចេញ​សរុប​របស់​វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​នៅ​កម្ពុជា មាន​តម្លៃ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក (.៤៩១​លាន​ដុល្លារ) ដែល​ស្មើ​នឹង ៧៣% នៃ​តម្លៃ​នាំ​ចេញ​សរុប។

ចំណែក​ឯ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា គាំទ្រ​ចំពោះ​ការ​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់​សហជីព​ដោយ​តម្លាភាព។ លោក ប៉ាវ ស៊ីណា សង្កេត​ឃើញ​ថា ស្ថានភាព​សិទ្ធិ​កម្មករ​មិន​បាន​ប្រសើរ​ឡើង​ជាង​មុន ក្រោយ​មាន​ច្បាប់​សហជីព​នោះ​ទេ។ លោក​បញ្ជាក់​ថា ក្នុង​រយៈពេល ៦​ខែ​ក្រោយ​កម្ពុជា បាន​អនុវត្ត​ច្បាប់​សហជីព​ថ្មី ទាំង​សហជីព និង​កម្មករ​នៅ​មាន​ចំណុច​ប្រឈម និង​ក្តី​កង្វល់​ខ្លាំង ក្នុង​នោះ​មាន​បែបបទ​នៃ​ការ​ចុះ​បញ្ជិកា ការ​ទទួល​ពាក្យ​បណ្ដឹង និង​ការ​ផ្តល់​របាយការណ៍​ហិរញ្ញវត្ថុ ជាដើម។

លោក​បន្ត​ថា ការ​រឹត​បន្តឹង​សិទ្ធិ​របស់​សហជីព នៅ​តែ​បន្ត​កើត​មាន សហជីព និង​កម្មករ​នៅ​តែ​រង​ការ​ចោទ​ប្រកាន់ ពិសេស​ការ​ដោះស្រាយ​វិវាទ និង​ជម្លោះ​នៅ​មាន​ការ​រារាំង​ពី​អាជ្ញាធរ ពិសេស​មិន​ស្មើ​ភាព​គ្នា​រវាង​ក្រុម​សហជីព និង​ក្រុម​និយោជក​នៅ​ឡើយ។

អ្នក​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ​បន្ត​ថា កម្មករ​ក្នុង​វិស័យ​ឧស្សាហកម្ម​សម្លៀកបំពាក់ គឺ​ជា​ធនធាន​មនុស្ស​សំខាន់​ជួយ​បញ្ចៀស​ឱនភាព​សេដ្ឋកិច្ច​កម្ពុជា។

ត្រង់​ចំណុច​នេះ លោក​ស្នើ​ទៅ​ក្រសួង​ការងារ គួរ​តែ​ពិនិត្យ​លើ​ច្បាប់​សហជីព​ឡើង​វិញ និង​គួរ​ចាត់​វិធានការ​ឲ្យ​បាន​ស្មើ​ភាព មិន​មែន​រឹត​បន្តឹង​តែ​អ្នក​ការពារ​សិទ្ធិ​កម្មករ និង​កម្មករ​នោះ​ទេ៖ «សហព័ន្ធ​ខ្លះ​គាត់​ប្រឈម​នឹង​ការ​ធ្វើ​របាយការណ៍ ឬ​ក៏​សកម្មភាព​ខ្លះ​គាត់​មាន។ ចឹង​ជា​បញ្ហា​ប្រឈម​របស់​គាត់ ចឹង​ចំណុច​នេះ​ទាំង​រដ្ឋាភិបាល ដៃគូ​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ យើង​គួរ​តែ​គិត​ថា យើង​គួរ​ជជែក​ពិភាក្សា​គ្នា​មើល ថា​តើ​ច្បាប់​នេះ​បង្ក​ការ​លំបាក ហើយ​ផ្តល់​ផល​ប្រយោជន៍​អ្វី​ខ្លះ? បាន​ធានា​ដល់​ការ​ការពារ​សិទ្ធិ​កម្មករ និង​ប្រយោជន៍​កម្មករ​អ្វី​ខ្លះ? មិន​មែន​យើង​ផ្ដោត​កម្លាំង​តែ​ការងារ តែ​សិទ្ធិ និង​រំលោភ​បំពាន​ផ្សេងៗ យើង​មិន​មើល​នោះ​ទេ»

ទាក់ទិន​នឹង​រឿង​នេះ​ដែរ តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ក៏​មាន​ប្រសាសន៍​ថា គោលការណ៍​នៃ​ការ​អនុវត្ត​ច្បាប់​នេះ​នៅ​មាន​ភាព​ច្របូកច្របល់ ដូចជា​ការ​ចុះ​បញ្ជិកា និង​សិទ្ធិ​នៃ​ការ​បង្កើត​សហជីព​ជាដើម។ អ្នកស្រី វ៉ាន់ហ៊ី លី ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ គួរ​តែ​ពិនិត្យ និង​ពិភាក្សា​រួម​គ្នា​លើ​ច្បាប់​សហជីព ប្រសិន​ជា​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អគ្គលេខាធិការ​នៃ​សហព័ន្ធ​និយោជក (CAMFEBA) លោក សុខ ឡោ មាន​ប្រសាសន៍​ថា ក្រុម​និយោជក​មាន​បញ្ហា​ទំហំ​ធំ​ជាង​សហជីព ព្រោះ​និយោជក​មាន​តួនាទី​បង្កើត​ទីផ្សារ​ការងារ និង​បង្កើត​រោងចក្រ​ឲ្យ​មាន​ចំនួន​ច្រើន សំដៅ​ធានា​ការងារ​នៅ​ក្នុង​ស្រុក ពិសេស​កាត់​បន្ថយ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។ ហេតុ​នេះ លោក​ស្នើ​ឲ្យ​សហជីព គួរ​តែ​គោរព​ច្បាប់​ដែល​មាន​ក្នុង​វិស័យ​ការងារ មិន​គួរ​បន្ទោស​តែ​និយោជក​នោះ​ទេ។ ប៉ុន្តែ​យ៉ាង​ណា លោក​ស្វាគមន៍​រាល់​ការ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ពី​ច្បាប់​សហជីព​នេះ​ដែរ៖ «យើង​ចង់​ឲ្យ​ខាង​សហជីព​គោរព​ទៅ​តាម​ច្បាប់ និង​បទបញ្ញត្តិ​ផ្សេងៗ​ដែល​មាន​ក្នុង​វិស័យ​ការងារ​ដែរ ព្រោះ​សហជីព​គួរ​គិត​ពី​តួនាទី​របស់​និយោជក តើ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ប្រជាជន​ខ្មែរ? ព្រោះ​យើង​ដឹង​ហើយ ថា​រាល់​ថ្ងៃ​ខាង​និយោជក​ជា​អ្នក​បង្កើត​ការងារ បង្កើត​រោងចក្រ​ឲ្យ​យុវជន​ខ្មែរ នេះ​ជា​ក្តី​កង្វល់ និង​បញ្ហា​របស់​សហជីព»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ពាក់ព័ន្ធ​នឹង​រឿង​នេះ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ធ្លាប់​អះអាង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ដើម​ឆ្នាំ​២០១៦ ក្រោយ​មាន​ច្បាប់​សហជីព ស្ថានភាព​ឧស្សាហកម្ម​សម្លៀកបំពាក់​កម្ពុជា ពិសេស​សិទ្ធិ​កម្មករ​ប្រសើរ​ឡើង​ជាង​មុន ព្រោះ​ចំនួន​រោងចក្រ​ដែល​បាន​បើក​ទ្វារ​ច្រើន​ជាង​ចំនួន​រោងចក្រ​ដែល​បាន​បិទ​ទ្វារ ឬ​ផ្អាក​ធ្វើ​អាជីវកម្ម ពិសេស​ថយ​ចុះ​បាតុកម្ម​ខុស​ច្បាប់។

លោក​ថា ស្ថានភាព​ឧស្សាហកម្ម​សម្លៀកបំពាក់​កម្ពុជា ប្រសើរ​ឡើង​ជាង​មុន ដោយសារ​តែ​ភាគី​ពាក់ព័ន្ធ ពិសេស​ភាគី​និយោជក និង​សហជីព មាន​ភាព​ចាស់​ទុំ​ជាង​មុន​លើ​កិច្ច​ចរចា​ប្រាក់​ឈ្នួល​ជូន​កម្មករ ពិសេស​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ច្បាប់​សហជីព។

លោក​ក៏​បាន​បញ្ជាក់​ថា វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​បាន​ក្លាយ​ជា​វិស័យ​ស្នូល បាន​ផ្ដល់​ការងារ​ផ្ទាល់​ជូន​ដល់​កម្មករ​និយោជិត​ជាង ៧០​ម៉ឺន​នាក់ និង​បាន​ផ្ដល់​ការងារ​ដោយ​ប្រយោល​ដល់​ពលរដ្ឋ​កម្ពុជា ប្រមាណ ២​លាន​នាក់។ លោក​ថា ជា​រួម​ចំនួន​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ដ៏​ច្រើន និង​កត្តា​អនុគ្រោះ​ពន្ធ​ខាង​លើ សុទ្ធសឹងតែ​ជា​ចំណុច​សក្ដានុពល​របស់​វិស័យ​ដែល​បន្ត​ទាក់ទាញ​អ្នក​វិនិយោគ។

ច្បាប់​សហជីព​ដែល​មាន ១០០​មាត្រា និង ១៧​ជំពូក ត្រូវ​បាន​រដ្ឋសភា អនុម័ត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦។ កន្លង​ទៅ ក្រុម​វិនិយោគិន​ក្នុង​វិស័យ​កាត់​ដេរ និង​សហជីព ធ្លាប់​បាន​ជំទាស់ និង​ទាមទារ​ឲ្យ​កែប្រែ​មាត្រា​មួយ​ចំនួន​ដែល​មាន​ភាព​មិន​ប្រក្រតី និង​ចម្រូងចម្រាស​នៅ​ក្នុង​ច្បាប់​នេះ។

ទោះ​បី​យ៉ាង​ណា អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ តំណាង​សហជីព និង​ឯកទេស​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​នៅ​តែ​ទទូច​ឲ្យ​ក្រសួង​ការងារ គួរ​តែ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឲ្យ​បាន​សមរម្យ និង​ឈប់​រារាំង​សិទ្ធិ​សហជីព​ដែល​បម្រើ​ផល​ប្រយោជន៍​កម្មករ អនុវត្ត​ច្បាប់​សហជីព​ដោយ​តម្លាភាព ព្រម​ទាំង​ស្នើ​ឲ្យ​អ្នក​នយោបាយ​ចរចា​គ្នា​ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល