មេធាវី​ថា​អតីត​បុគ្គលិក​អាស៊ីសេរី​រួច​ផុត​ពី​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ជា​ផ្លូវការ​ហើយ

ដោយ មួង ណារ៉េត
2019-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​អាស៊ី​សេរី លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា  ពេល​ទៅ​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២១ មិថុនា ២០១៩។
អតីត​បុគ្គលិក​អាស៊ី​សេរី លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ពេល​ទៅ​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២១ មិថុនា ២០១៩។
Radio Free Asia

អតីត​បុគ្គលិក​អាស៊ីសេរី​បាន​រួច​ផុត​ពី​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​សាលដីកា​របស់​ខ្លួន។ អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប​ថ្លែង​ថា ពួក​លោក​សប្បាយចិត្ត​ចំពោះ​ដំណឹង​នេះ ហើយ​ថា​ពួក​លោក​នឹង​លែង​ទៅ​បង្ហាញខ្លួន​នៅមុខ​សមត្ថកិច្ច​ទៀត​ហើយ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី លោក សំ ចំរើន ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៩ មិថុនា​ថា លោក​ទើបតែ​ទទួល​បាន​សាលដីកា​ពី​សាលាឧទ្ធរណ៍ ដែល​បដិសេធ​បណ្ដឹង​ទាស់​របស់​កូន​ក្តី​លោក ទាក់ទង​នឹង​ការ​ស្នើ​សុំ​វត្ថុ​ចាប់​យក និង​បញ្ឈប់​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។ លោក​ថា នៅ​ក្នុង​សាលដីកា​នោះ សាលាឧទ្ធរណ៍​បាន​បញ្ជាក់​ច្បាស់​ថា កូន​ក្តី​របស់​លោក​ទាំង​ពីរ​មិន​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ទៀត​ឡើយ ដូច្នេះ​ពួកគេ​អាច​មាន​សេរីភាព​ក្នុង​ការ​ដើរហើរ និង​មិន​ចាំបាច់​ទៅ​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជា​រៀងរាល់​ខែ​ទៀត​នោះ​ឡើយ«ក្នុង​សម្អាង​ហេតុ តុលាការ​បាន​បញ្ជាក់​ហើយ​ថា ដីកា​ដំណោះស្រាយ​ហ្នឹង​បាន​ឱ្យ​រួចផុត​ពី​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ។ គាត់​បញ្ជាក់​ប៉ុណ្ណឹង យើង​ច្បាស់លាស់​ហើយ​។ កិច្ចការ​កាតព្វកិច្ច​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ហ្នឹង វា​ត្រូវ​ចប់​ហើយ លែង​មាន​អនុភាព​ទៀតហើយ»

មេធាវី​ដដែល​ឱ្យ​ដឹង​ទៀត​ថា លោក​បាន​ដាក់​លិខិត​ទៅ​ចៅក្រម​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ឹម វណ្ណៈ រួចហើយ កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ស្នើសុំ​វត្ថុ​ចាប់​យក លិខិតឆ្លងដែន និង​ឯកសារ​សម្គាល់​ខ្លួន​ផ្លូវការ​របស់​កូន​ក្តី​មកវិញ ក៏ប៉ុន្តែ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាងណា​នៅ​ឡើយ​ពី​ខាង​តុលាការ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ចៅក្រម អ៊ឹម វណ្ណៈ ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី​២៩ មិថុនា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

អតីត​បុគ្គលិក​អាស៊ីសេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពី​បទ "​ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​” ។ អ្នក​ទាំងពីរ​បាន​ជាប់​ពន្ធនាគារ​ជាង ៩​ខែ ទម្រាំ​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៨ កន្លង​ទៅ។

អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុធារិន្ទ ថ្លែង​ថា លោក​ត្រេកអរ​ដែល​បាន​រួច​ផុត​ពី​ការ​ត្រួត​ពិនិត្យ​តាម​​ផ្លូវ​តុលាការ​។ លោក​បញ្ជាក់​ថា លោក​នឹង​មិន​ទៅ​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជា​រៀងរាល់​ខែ​ទៀត​ឡើយ ហើយ​រំពឹង​ថា តុលាការ​នឹង​ប្រគល់​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​ឱ្យ​លោក​វិញ ដើម្បី​លោក​ទទួល​បាន​សិទ្ធិ​សេរីភាព​បាន​ពេញលេញ​ក្នុង​ការ​ដើរហើរ​។ បន្ថែម​ពីលើ​នេះ លោក​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ពន្លឿន​សវនាការ​លើ​អង្គ​សេចក្ដី ដោយ​កុំ​អូស​បន្លាយ​សំណុំ​រឿង​នេះ​តទៅទៀត«យើង​ក៏បាន​ដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ដើម្បី​ឱ្យ​ពន្លឿន​នីតិវិធី​ក្នុង​ការ​ជំនុំជម្រះ​ហ្នឹង ពីព្រោះ​យើង​ក៏​ចង់​ដឹង​ស​ខ្មៅ​ឱ្យ​បាន​ឆាប់ ពីព្រោះ​យើង​ដឹងខ្លួន​ថា យើង​មិនបាន​ប្រព្រឹត្ត​អី្វ​ដែល​ខុសច្បាប់​ដូច​ការចោទប្រកាន់​ទេ។ អ៊ីចឹង​ការ​អូស​បន្លាយ​ទុក​រឿងរ៉ាវ​របស់​យើង​កាន់តែ​វែង វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​យើង​កាន់តែ​ខ្លាំង​ទៅ»

ចំណែក លោក អ៊ួន ឈិន វិញ​ថ្លែង​ថា លោក​មាន​ភាព​កក់ក្តៅ​ក្នុង​ចិត្ត​ជាង​មុន នៅ​ពេល​សាលាឧទ្ធរណ៍​បញ្ជាក់​ច្បាស់​ជា​លាយលក្ខណ៍​បែបនេះ​។ ក្រៅ​ពី​នេះ លោក​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ និង​វត្ថុ​ចាប់​យក​ឱ្យ​លោក​វិញ ពីព្រោះ​របស់របរ​ទាំង​នោះ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​រូបលោក ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​។ លោក​ស្នើ​យ៉ាង​ទទូច​ឱ្យ​តុលាការ​លើកលែង​បទចោទប្រកាន់​លើ​រូបលោក និង​លោក យាង សុធារិន្ទ ដើម្បី​ពួក​លោក​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​ពលរដ្ឋ​ទូទៅ«របស់របរ​អស់ហ្នឹង សុទ្ធតែ​ខ្ញុំ​ទិញ​សន្សំ​បន្តិច​ម្តងៗ បើ​គិត​ទៅ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​របស់ខ្ញុំ​។ ឥលូវ​នេះ​ខ្ញុំ​ចង់​យក​ជំនាញ ចំណេះ​ហ្នឹង យក​មក​ដើម្បី​ប្រកប​របរ រក​កម្រៃ​ចិញ្ចឹមជីវិត ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​ខ្ញុំ​អត់​មាន​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ហ្នឹង»

ចំណាត់ការ​របស់​អាជ្ញាធរ និង​តុលាការ​របប​លោក ហ៊ុន សែន លើ​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប បាន​រង​នូវ​ការរិះគន់ និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ដ្បិត​អ្នក​ទាំងពីរ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វាយ​តម្លៃ​ថា អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប គឺជា​ជនរងគ្រោះ​នៃ​អំពើ​វាយប្រហារ​ឥត​ឈប់ឈរ​របស់​លោក ហ៊ុន សែន ទៅលើ​អង្គភាព​ព័ត៌មាន ដែល​ហ៊ាន​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​របប​របស់​លោក។ អង្គការ​អន្តរជាតិ​មួយ​នេះ​ពិនិត្យ​ឃើញ​ថា តុលាការ​គ្មាន​មូលដ្ឋាន​អ្វី​សម្រាប់​ការចោទប្រកាន់​បែប​ឆ្កួត​លីលា ឬក៏​ការ​ដាក់​អ្នក​ទាំងពីរ​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​បែបនេះ​ឡើយ​។ ចំណែក​អង្គការសហប្រជាជាតិ​វិញ ក៏បាន​ពិនិត្យ​ឃើញ​ដែរ​ថា អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប​នេះ ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព​ដោយ​បំពាន តាមរយៈ​ការ​ឃុំខ្លួន និង​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។

សហគមន៍​ជាតិ និង​អន្តរជាតិ​ស្នើ​យ៉ាង​ទទូច​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​ការ​ប្រកាន់​លើ​អ្នក​ទាំងពីរ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងឡាយ​ទៅលើ​អង្គការ​ព័ត៌មាន និង​អ្នកកាសែត​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល