សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​លោក ឈូក បណ្ឌិត មាន​ទោស​ដដែល

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ចៅក្រម​សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​ដោយ​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង ដដែល លើ​ករណី​បណ្តឹង​ទាស់​របស់​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់​ឲ្យ​រង​របួស។
ដោយ ទេព សុរ៉ាវី
2013-11-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sochivy


ចៅក្រម​សាលាឧទ្ធរណ៍ លោក តាំង ស៊ុនឡាយ សម្រេច​ឲ្យ​លោក ឈូក បណ្ឌិត មាន​ទោស ១​ឆ្នាំ​កន្លះ​ដដែល និង​បន្ត​អនុវត្ត​ដីកា​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត​រូប​នេះ ដាក់​ក្នុង​ពន្ធនាគារ។ លោក តាំង ស៊ុនឡាយ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង លើ​ករណី​ប្តឹង​ទាស់​របស់​លោក ឈូក បណ្ឌិត។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​ជន​រង​គ្រោះ​ទាំង ៣​រូប និង​ជន​ជាប់​ចោទ លោក ឈូក បណ្ឌិត។ យ៉ាង​ណា​មេធាវី​ការពារ​ក្តី​ឲ្យ​ភាគី​ទាំង​សង​ខាង បាន​ស្តាប់​ការ​ប្រកាស​នោះ។

លោក ឈូក បណ្ឌិត ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​បាន​ចេញ​ដីកា​ឲ្យ​តាម​ចាប់​ខ្លួន និង​បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ឲ្យ​ជន​រងគ្រោះ ប៊ុន ចិន្តា ចំនួន ២០​លាន​រៀល ឈ្មោះ នុត សាខន ចំនួន ១០​លាន​រៀល និង​ឈ្មោះ កែវ នា ចំនួន ៨​លាន​រៀល។

នៅ​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​៣១ តុលា នោះ មេធាវី​ជន​រងគ្រោះ​ទាំង ៣​រូប បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម​សាលាឧទ្ធរណ៍ ពិចារណា​ប្ដូរ​បទ​ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា ទៅ​ជា​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា​វិញ លើ​សំណុំ​រឿង​លោក ឈូក បណ្ឌិត។ តែ​ចៅក្រម​មិន​បាន​ប្ដូរ​បទ​ចោទ​តាម​ការ​ស្នើ​សុំ​ឡើយ ដោយ​សំអាង​ហេតុ​ថា ជន​ជាប់​ចោទ ឈូក បណ្ឌិត គ្មាន​ចេតនា​បាញ់​នារី​រង​គ្រោះ​ទាំង ៣​នាក់​នោះ​ទេ ដោយសារ​តែ​ទាំង​ជន​រង​គ្រោះ និង​ជន​ជាប់​ចោទ មិន​ធ្លាប់​ស្គាល់​គ្នា និង​មិន​ធ្លាប់​មាន​គំនុំ​ជាមួយ​គ្នា ហើយ​ថា ការ​បាញ់​ឲ្យ​របួស​កម្មករ​ទាំង​នោះ កើត​ឡើង​ដោយសារ​តែ​ការ​រាល​កៃ​កាំភ្លើង។

លោក កៃ វិសាល មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឈូក បណ្ឌិត ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Tep Soravy
លោក កៃ វិសាល មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឈូក បណ្ឌិត ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Tep Soravy

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ចាត់​ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ ថា​មិន​ទាន់​ផ្ដល់​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​ឲ្យ​បាន​ពេញលេញ ត្បិត​តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក ឈូក បណ្ឌិត ឲ្យ​ជាប់​ពន្ធនាគារ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក ឈូក បណ្ឌិត នៅ​តែ​ស្ថិត​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ។

លោក​បញ្ជាក់​ថា សំណុំ​រឿង​លោក ឈូក បណ្ឌិត ជា​បទ​ឧក្រិដ្ឋ នឹង​ត្រូវ​ជាប់​ចោទ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា។ ប៉ុន្តែ​តុលាការ​បែរ​ជា​ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ដែល​ជា​ប្រភេទ​ទោស​បទ​មជ្ឈិម។ ទោស​មជ្ឈិម ជា​ទោស​ដែល​ជាប់​ពន្ធនាគារ​ពី ៦​ថ្ងៃ ទៅ​ដល់​អតិបរមា គឺ ៥​ឆ្នាំ និង​អាច​បន្ថែម​នូវ​ទោស​ពិន័យ​ជា​ប្រាក់​ផង​ដែរ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឈូក បណ្ឌិត គឺ​លោក កៃ វិសាល មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជួយ​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ លោក​បាន​ព្យាយាម​លើក​ទឡ្ហីករណ៍​ជា​ច្រើន​បញ្ជាក់​ថា លោក ឈូក បណ្ឌិត គ្មាន​ទោស។ លោក​គិត​ថា ការ​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​នេះ គឺ​មិន​សមស្រប​សម្រាប់​កូន​ក្តី​របស់​លោក​ទេ។ យ៉ាង​ណា​លោក​ក៏​មិន​ប្រាកដ​ក្នុង​ចិត្ត​ដែរ​ថា តើ​កូន​ក្តី​របស់​លោក​នឹង​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​ឬ​ក៏​អត់?

រយៈពេល ២០​ខែ​ហើយ បន្ទាប់​ពី​មាន​ការ​បាញ់​ទៅ​លើ​កម្មករ​រោងចក្រ កៅវ៉េ លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​រហូត​ដល់​សព្វថ្ងៃ។ កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មការិនី ៣​នាក់​ដែល​រង​របួស គឺ​លោកស្រី ប៊ុន ចិន្តា សម្ដែង​ការ​អស់​សង្ឃឹម​ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ហើយ​ថា ពួក​គាត់​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ​នៅ​ឡើយ។

មន្រ្តី​ឃ្លាំមើល​បញ្ហា​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​បណ្ដែត​បណ្ដោយ​ឲ្យ​លោក ឈូក បណ្ឌិត មាន​សេរីភាព​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​ដោយ​មាន​ខ្នង​បង្អែក​ជា​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ការពារ គឺ​ជា​អំពើ​អយុត្តិធម៌​ច្បាស់​ក្រឡែត​នៅ​កម្ពុជា ពីព្រោះ​មាន​ប្រជាពលរដ្ឋ​ខ្លះ​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​ជាក់ស្ដែង​ពិត​ប្រាកដ​ផង តែ​ត្រូវ​ចៅក្រម​កាត់​ទោស​ឲ្យ​ជាប់​គុក​ជា​ច្រើន​ឆ្នាំ ដូចជា​ករណី​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​តស៊ូ​ដីធ្លី​នៅ​បឹងកក់ និង​ករណី​លោក ប៊ន សំណាង និង សុខ សំអឿន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (31)
Share

ពក ចាន់ដារ៉ា

ពី ភ្នំពេញ

ប្រព័ន្ធតុលាការ និងការអនុវត្តច្បាប់ នៅសម័យដែកជោបាន ល្អគួរឲ្យកោតសរសើរ ។ អ្នកគ្មានទោស ( ប៊ន សំណាង សុខ​សំអឿន) ជាប់គុកលេងៗ ជិត៦ឆ្នាំ បាត់បង់កិត្តិយស បែកបាក់គ្រួសារ ខូចអនាគត ទឹកភ្នែកហូរក្លាយជាស្ទឹង...។ ឈូក បណ្ឌិត យកកាំភ្លើង ទៅបាញ់កម្មារិនី៣នាក់ តុលារការស្វាយរៀងកាត់ថាបាញ់ដោយអចេតនា ។ គិតៗទៅតុលាការស្រុកខ្មែរ ទង្វើរឆ្គួតលីលាបែបណាក៍ ពួកគេធ្វើទៅរួចដែរហ្ន! ។ ឳខ្មែរអើយ! ថ្ងៃណាពួក អសុរកាយវិនាសអស់ អ្នកមានធម៌ចូលមកដឹកនាំ ស្រុកវិញ។

Nov 08, 2013 03:29 AM

(PP

ពី PP

Hun Sen is born to destroy Cambodia. He is uneducated. He knows nothing how to develop and build the country due to his words and many evidences as seen in Cambodia. Buddha, land, sun,wind...it is time to *** or he will delete Cambodia from the world map very soon.


[មតិ​នេះ​ត្រូវ​បាន​កែសម្រួល​ដោយ​អ្នក​និពន្ធ​របស់​វិទ្យុ​អាស៊ីសេរី ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​ប្រើប្រាស់​របស់​យើង​ខ្ញុំ។]

Nov 05, 2013 12:00 PM

អ្នក​អាន​អនាមិក

Cpp សម្បូរមន្ត្រីល្បីឈ្មោះណាស់ ដូចករណី ឈូក បដិត ជាដើម បើច្ចឹងមិចមិនឲ្យគាត់ឈរឈ្មោះជាតំណាងរាស្ត្រតែម្តងទៅ?

Nov 05, 2013 08:48 AM

អ្នក​អាន​អនាមិក

មិនតែប៉ុណ្ណោះHUN SENបណ្តោយឲ្យជនពាល ទួចចរិត្តមកដឹកនាំ
ប្រទេសជាតិដើម្បីបំរើផលប្រយោជន៍របស់ខ្លួននិងបក្សពួក។
ដូចជាករណីឈូក បណ្ឌិតគឺជាជនពាលសុទ្ធសាទយកមកឲ្យដឹកនាំ
ក្រុង​បាវិត​។
ជាទីបញ្ចប់ខ្ញុំសូមអំពាវទាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឈប់គាំទ្រ
គណៈបក្សប្រជាជនវិលមកគាំទ្រគណៈបក្សសង្រ្គោះជាតិឲ្យច្រើន
គ្រប់ៗគ្នា ដើម្បីឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍និងគោរពនិតិរដ្ឋពិត
ប្រាកដនាពេលអណាគតដ៍ខ្លី។

Nov 04, 2013 10:00 PM

ធាវី

ពី ពីបាវិត

ហ៊ុន សែនជាជនបំផ្លាញជាតិពិតប្រាកដពីព្រោះហ៊ុន​សែនបណ្តោយ
ឲ្យយួនចូលមករស់នៅស្រុកខ្មែររាប់លានអ្នក ឲ្យយួនមកកាប់បំផ្លាញ
ព្រៃឈើនេសាទខុសច្បាប់បំផ្លាញជលផលខ្មែរ និងយកដីប្រជារាស្រ្ត
យ៉ាងគឃ្លើនឲ្យទៅឈ្មួញបរទេសខុសច្បាប់។(នៅមានត)

Nov 04, 2013 09:57 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល