បញ្ជូន​មនុស្ស​៧​នាក់​ទៅ​តុលាការ​ជាប់​ពាក់ព័ន្ធ​ធ្វើ​ឲ្យ​ជ្រុះ​ដែក​ពី​អគារ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់

ដោយ អ៊ុក សាវបូរី
2014-11-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៧​នាក់ ដែល​មាន​ជាប់​ទាក់ទង​បទ​ចោទ​ធ្វើ​ឲ្យ​ជ្រុះ​ដែក​ពី​ការដ្ឋាន​សំណង់ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២ ខែ​វិច្ឆិកា នៅ​ជិត​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បញ្ចប់​ការ​សាកសួរ​មេការ​ជនជាតិ​ចិន និង​កម្មករ​សំណង់ ៧​នាក់ ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែល​បាន​ធ្វេសប្រហែស​ធ្វើ​ឲ្យ​ធ្លាក់​ដែក​ពី​អគារ​កំពុង​សាងសង់ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្បែរ​រង្វង់​មូល​នាង​គង្ហីង។

ស្នងការ​រង​រាជធានី​ភ្នំពេញ លោក ជួន ណារិន មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ថា ការ​ចាប់​ខ្លួន​កម្មករ និង​មេការ ក្រោយ​ពី​កិច្ច​ប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ហើយ​មាន​ការ​បញ្ជា​ពី លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ឃាត់​អ្នក​ធ្វើ​ការ​នៅ​ការដ្ឋាន​សាងសង់​ជុំវិញ​ស្តាត​អូឡាំពិក ដើម្បី​សាកសួរ។ លោក​បន្ត​ថា បាន​បញ្ជូន​មនុស្ស ៧​នាក់ ក្នុង​នោះ​មាន​មេការ ២​នាក់ និង​កម្មករ ៥​នាក់ ទៅ​តុលាការ បន្ទាប់​ពី​បាន​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា៖ «សំឡេង»។

ប្រភព​ពី​ប៉ូលិស​ខណ្ឌ​៧​មករា ឲ្យ​ដឹង​ថា អ្នក​ទាំង ៧​នាក់ មិន​បាន​បញ្ជូន​មក​អធិការដ្ឋាន​នេះ​វិញ​ទេ។ ប៉ុន្តែ ប៉ូលិស​នៅ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា អ្នក​ទាំង ៧​នាក់ ទំនង​ជា​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ព្រោះ​ជាប់​បណ្ដឹង​អាជ្ញា។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង នូវ​គ្រោះថ្នាក់​កើត​ឡើង​ដោយ​ចៃដន្យ។ លោក​ថា ថ្មីៗ​នេះ ស្ត្រី​ម្នាក់​ត្រូវ​ដែក​ជ្រុះ​មក​លើ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ និង​កន្លង​មក ២​នាក់​ប្ដី​ប្រពន្ធ ជិះ​រថយន្ត​ទៅ​ធ្វើ​ការ​ត្រូវ​ត្រាក់ទ័រ​រអិល​ពី​រថយន្ត​ដឹក​តាម​ដង​ផ្លូវ​បើកបរ​ទន្ទឹម​គ្នា ធ្លាក់​សង្កត់​បណ្ដាល​ឲ្យ​ស្លាប់ ដោយសារ​ការ​ធ្វេសប្រហែស​របស់​អ្នក​ដឹក​ត្រាក់ទ័រ មិន​បាន​ចង​ឲ្យ​ជាប់​មុន​បើកបរ​តាម​ផ្លូវ។ លោក​បន្ត​ថា ធម្មតា ការដ្ឋាន​នីមួយៗ​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​ពី​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ និង​ហាម​សង់​កៀក​មក​លើ​ផ្លូវ​ជាតិ ប៉ុន្តែ​ករណី​ធ្លាក់​ដែក​ពី​ការដ្ឋាន​សម្លាប់​ស្ត្រី​អ្នក​ដំណើរ​ម្នាក់​នេះ លោក​ថា​ទំនង​ជា​មតិ​ក្នុង​សង្គម​ហ្វេសប៊ុក (facebook) វាយ​លុក​ខ្លាំង ទើប​អាជ្ញាធរ​មាន​ការ​ខ្មាសអៀន និង​ចាត់​វិធានការ​ហៅ​កម្មករ និង​មេការ​ចិន​សាកសួរ៖ «សំឡេង»។

នៅ​ចុង​ខែ​តុលា និង​ដើម​ខែ​វិច្ឆិកា មុន​ពិធី​បុណ្យ​អុំ​ទូក មាន​កើត​រឿង​ចៃដន្យ​ផ្ទួនៗ​កណ្ដាល​ទីក្រុង​ភ្នំពេញ ដូចជា​ករណី​បាញ់​កាំជ្រួច​ខុស​បច្ចេកទេស បណ្ដាល​ឲ្យ​និស្សិត​ម្នាក់​ស្លាប់​ក្នុង​ខួប​១០​ឆ្នាំ​នៃ​ព្រះរាជ​ពិធី​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ហើយ​រំលង​បាន​តែ ៣​ថ្ងៃ គឺ​ថ្ងៃ​អាទិត្យ ទី​២ ខែ​វិច្ឆិកា ក៏​មាន​ដែក​ជ្រុះ​ពី​អគារ​សំណង់​ខ្ពស់​ក្នុង​ដី​ស្តាត​អូឡាំពិក បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​អ្នក​ដំណើរ​ជិះ​នៅ​ខាង​ក្រោយ​ម៉ូតូ ដែល​កូន​កំពុង​ឌុប​ថែម​ទៀត។

ប្រភព​ពី​មន្ត្រី​តុលាការ ឲ្យ​ដឹង​ថា មេការ​ខ្មែរ និង​ចិន ពីរ​នាក់ ត្រូវ​បាន​ដោះ​លែង ចំណែក​កម្មករ ៥​នាក់  តុលាការ​នឹង​ផ្អាក​ការ​សាកសួរ ហើយ​ពិចារណា​ចោទ​ប្រកាន់ ឬ​ដោះ​លែង​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល