ភាព​ខុស​គ្នា​រវាង​លិខិត​សុំ​ច្បាប់​រៀប​ការ​និង​អេតាស៊ីវិល

2013-05-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អាពាហ៍ពិពាហ៍​នៅ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ មាន​ប្រជាពលរដ្ឋ​ខ្លះ​មាន​ការ​យល់​ច្រឡំ​ថា លិខិត​សុំ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍ និង​លិខិត​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ គឺ​ដូច​គ្នា។

តាម​ពិត លិខិត​សុំ​ច្បាប់​រៀបការ និង​លិខិត​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ ឬ​ហៅ​ម៉្យាង​ទៀត​ថា អេតាស៊ីវិល នោះ ជា​លិខិត​ពីរ​ខុស​គ្នា។

លិខិត​សុំ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍ គឺ​ជា​លិខិត​មួយ​ប្រភេទ​ដែល​បុរស​នារី​ទាំងអស់​ត្រូវ​តែ​មាន ដើម្បី​បាន​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​ទៅ​បាន។ លិខិត​អនុញ្ញាត​ឲ្យ​រៀប​អាពាហ៍ពិពាហ៍ គឺ​ចេញ​ដោយ​អាជ្ញាធរ​ឃុំ​សង្កាត់​ដែល​ជា​ទី​លំនៅ​របស់​កូន​ក្រមុំ​រស់នៅ។ នៅ​ពេល​រៀប​ការ គ្រប់​កូន​ក្រមុំ និង​កូន​កំលោះ​ទាំងអស់ ត្រូវ​តែ​សុំ​លិខិត​បញ្ជាក់​អំពី​ភាព​នៅ​លីវ ឬ​មិន​ទាន់​មាន​គូ​របស់​ខ្លួន ដើម្បី​សុំ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍។

ចំណែក​លិខិត​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ ឬ​ហៅ​ថា​អេតាស៊ីវិល នោះ គឺ​ជា​លិខិត​មួយ​ប្រភេទ​ដែល​កូន​កំលោះ និង​កូន​ក្រមុំ បាន​ដឹក​ដៃ​គ្នា​ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍ ទៅ​សាលា​ឃុំ ឬ​សង្កាត់ ដើម្បី​សុំ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អាពាហ៍ពិពាហ៍។

មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ​ថា លិខិត​សុំ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍ និង​លិខិត​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ គឺ​ជា​លិខិត​តែ​មួយ។

លោក វុទ្ធី មាន​ទី​លំនៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​មាន​ការ​យល់​មិន​ច្បាស់​លើ​ប្រភេទ​លិខិត​រៀប​អាពាហ៍ពិពាហ៍ និង​អេតាស៊ីវិល​នេះ​ដែរ៖ «ខ្ញុំ​ឆ្ងល់​ថា អ្វី​ទៅ​ហៅ​ថា​អេតាស៊ីវិល​នោះ? ជា​ទូទៅ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង មុន​ពេល​រៀប​ការ​គេ​តែង​តែ​ទៅ​សុំ​លិខិត​រៀប​អាពាហ៍ពិពាហ៍។ សំណួរ​ខ្ញុំ​សួរ​ថា តើ​លិខិត​សុំ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​ពី​ថ្នាក់​ភូមិ ឃុំ ខេត្ត គាត់​នោះ​ជា​អេតាស៊ីវិល ឬ​មិន​មែន​ទេ?»

លោក វុទ្ធី មាន​សំណួរ​បន្ថែម​មួយ​ទៀត​ថា តើ​លិខិត​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ ឬ​គេ​និយម​ហៅ​តាម​ភាសា​បារាំង ថា អេតាស៊ីវិល​នោះ វា​មាន​សារប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​គូ​ស្វាមី​ភរិយា ដែល​បាន​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​នោះ?

ឆ្លើយ​តប​ចំពោះ​សំណួរ​អ្នក​ស្តាប់​នេះ លោក សុក សំអឿន ជា​មេធាវី និង​ជា​នាយក​របស់​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ពន្យល់​ឲ្យ​ដឹង​ថា លិខិត​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​មាន​សារសំខាន់ និង​មាន​ប្រយោជន៍​ច្រើន​យ៉ាង ដើម្បី​ជួយ​រួម​ចំណែក​ថែរក្សា​ចំណង​អាពាហ៍ពិពាហ៍​រវាង​កូន​កំលោះ និង​កូន​ក្រមុំ ឲ្យ​បាន​យូរ​អង្វែង។ លិខិត​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ និង​លិខិត​សុំ​រៀប​អាពាហ៍ពិពាហ៍​មិន​ដូច​គ្នា​ទេ។

លោក សុក សំអឿន៖ «ខុស​គ្នា​ត្រង់​យើង​សុំ​រៀប​អាពាហ៍ពិពាហ៍ នោះ​គ្រាន់​តែ​សុំ​រៀប​ការ​ហ្នឹង? តែ​មិន​ច្បាស់​ថា​ទៅ​សុំ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ ឬ​អត់​ទេ។ និយាយ​រួម​សុំ​លិខិត​អាពាហ៍ពិពាហ៍ ដើម្បី​បាន​រៀប​អាពាហ៍ពិពាហ៍ ក្នុង​នោះ​មាន​រយៈ​ប្រកាស ហើយ​ទុក​ឱកាស​ឲ្យ​មាន​ការ​តវ៉ា ថា​ជា​ប្ដី ឬ​ប្រពន្ធ មុន​ពេល​រៀប​ការ​កើត​ឡើង។ ដល់​ពេល​រៀប​អាពាហ៍ពិពាហ៍ ហើយ​តើ​មាន​ការ​ចុះ​សម្រុង​គ្នា ឬ​អត់? ព្រោះ​នៅ​ក្នុង​សង្គម​យើង មាន​អ្នក​ខ្លះ​រៀប​អាពាហ៍ពិពាហ៍​ហើយ​មិន​មាន​ការ​ចុះ​សម្រុង​គ្នា​ឡើយ។ ដូច្នេះ កាល​ណា​មិន​ចុះ​សម្រុង​គ្នា​ទេ មន្ត្រី​អត្រានុកូលដ្ឋាន​មិន​ចុះ​ក្នុង​បញ្ជី​អាពាហ៍ពិពាហ៍​ឲ្យ​ទេ»

លោក​មេធាវី សុក សំអឿន បាន​បញ្ជាក់​ថា អាជ្ញាធរ​ចេញ​លិខិត​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ឲ្យ​គូ​ស្វាមី​ភរិយា​ណា​ដែល​មាន​ការ​យល់​ព្រម​គ្នា​យក​ជា​ប្ដី​ប្រពន្ធ ហើយ​ស្ម័គ្រចិត្ត​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ដោយ​មាន​ការ​ដឹង​ឮ និង​យល់​ព្រម​ពី​សាច់ញាតិ​គ្រួសារ​ទាំង​សងខាង។ ម៉្យាង​វិញ​ទៀត ច្បាប់​ថ្មី​គឺ​ក្រម​រដ្ឋប្បវេណី បាន​ចែង​ថា អាជ្ញាធរ​អាច​ចេញ​លិខិត​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ឲ្យ​គូ​ស្វាមី​បាន លុះត្រា​តែ​គូ​ស្វាមី​ភរិយា​ដែល​សុំ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​នោះ ធ្វើ​លិខិត​កិច្ចសន្យា​អាពាហ៍ពិពាហ៍​ជា​លាយលក្ខណ៍អក្សរ​ជា​មុន​សិន៖ «រៀប​ការ​នោះ​គ្រាន់​តែ​ជា​នីតិវិធី​មួយ​ទេ។ ក៏ប៉ុន្តែ យើង​ត្រូវ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ ហើយ​យើង​ត្រូវ​ធ្វើ​លិខិត​កិច្ចសន្យា​មួយ​នៅ​មន្ត្រី​អត្រានុកូលដ្ឋាន»

ចំពោះ​សារប្រយោជន៍​នៃ​លិខិត​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ ឬ​ហៅ​ថា​អេតាស៊ីវិល​នោះ លោក​មេធាវី សុក សំអឿន លើក​ឡើង​ថា លិខិត​នោះ​វា​រួម​ចំណែក​រក្សា​ចំណង​អាពាហ៍ពិពាហ៍​គូ​ស្វាមី​ភរិយា​ទាំងអស់​ផង​ដែរ៖ «នៅ​ពេល​ណា​យើង​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ហើយ យើង​ក្លាយ​ទៅ​ជា​ប្ដី​ប្រពន្ធ​ពេញ​ច្បាប់​ហើយ។ កាល​ណា​យើង​មាន​អេតាស៊ីវិល​អ៊ីចឹង​ហើយ បុរស​ជា​ប្ដី និង​ភរិយា​នេះ​មិន​អាច​ទៅ​ស្រឡាញ់​ទាក់ទង​ជាមួយ​អ្នក​ក្រៅ​ណា​បាន​ទៀត​ឡើយ ក្រៅ​ពី​ប្ដី​ប្រពន្ធ​នៅ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​បាន​ទេ»

លោក​មេធាវី សុក សំអឿន បាន​ពន្យល់​ថា គូ​ស្វាមី​ដែល​មាន​អេតាស៊ីវិល បើ​ចង់​លែងលះ​គ្នា ក៏​មាន​ការ​លំបាក​ដែរ ពីព្រោះ​ត្រូវ​ប្ដឹង​ដល់​តុលាការ​ដើម្បី​ឲ្យ​ចៅក្រម​កាត់​សេចក្តី បាន​អាច​លែង​គ្នា​បាន។ ចំពោះ​នីតិវិធី​ក្នុង​ការ​លែងលះ ក៏​មាន​ភាព​ស្មុគស្មាញ ចំណាយ​ពេល​វេលា​ច្រើន ដែល​ជា​ប្រយោជន៍​ផង​ដែរ​ដើម្បី​ឲ្យ​គូ​ស្វាមី​ភរិយា​ដែល​ចង់​លែងលះ​គ្នា​នោះ មាន​ពេល​វេលា​គិតគូរ អាច​ប្ដូរ​ចិត្ត​អនុគ្រោះ​ឲ្យ​គ្នា ហើយ​បន្ត​រួម​រស់​ជា​ប្ដី​ប្រពន្ធ​បាន​បន្ត​ទៀត៖ «និយាយ​រួម នៅ​ក្នុង​សង្គម គេ​មិន​ចង់​ឲ្យ​អ្នក​រៀប​ការ​គ្នា​នោះ​រៀប​ការ​ហើយ​បែក​គ្នា​បាន​ទេ។ មាន​ន័យ​ថា បើ​យើង​មាន​អេតាស៊ីវិល​ហើយ ចង់​បែក​គ្នា​វិញ មាន​នីតិវិធី​វែង​ឆ្ងាយ​មុន​អាច​បែក​គ្នា​បាន។ ហើយ​មួយ​ទៀត គឺ​ទាក់ទង​ជាមួយ​ទ្រព្យ​សម្បត្តិ មាន​ន័យ​ថា កាល​ណា​យើង​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ហើយ ទ្រព្យ​អ្នក​ណា​រក​ក៏​ជា​ទ្រព្យ​សម្បត្តិ​រួម​របស់​សហព័ទ្ធ​ដែរ។ ក៏ប៉ុន្តែ ក្រម​រដ្ឋប្បវេណី​ថ្មី បាន​ទទួល​ស្គាល់​ថា មាន​ទ្រព្យ​មុន​អាពាហ៍ពិពាហ៍​ដែរ»

នៅ​ក្នុង​ច្បាប់​ស្ដីពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ចំណុច​មាត្រា​១៤ បាន​ចែង​ថា អាពាហ៍ពិពាហ៍ និង​ចាត់​ទុក​ជា​ត្រឹមត្រូវ​តាម​លក្ខណៈ​ច្បាប់​បាន លុះត្រា​តែ​បុរស និង​នារី​ដែល​ស្ម័គ្រចិត្ត​យក​គ្នា​ជា​ប្ដី​ជា​ប្រពន្ធ ចុះ​កិច្ចសន្យា​អាពាហ៍ពិពាហ៍​នៅ​ចំពោះ​មុខ​មន្ត្រី​អត្រានុកូលដ្ឋាន​ខាង​លំនៅ​របស់​នារី។ កិច្ចសន្យា​នេះ​ត្រូវ​ចុះ​ក្នុង​បញ្ជី​អាពាហ៍ពិពាហ៍ ហើយ​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន​ប្ដី​ប្រពន្ធ និង​សាក្សី​គ្រប់​អាយុ​ការ​ចំនួន ២​នាក់។

បើ​លោក​អ្នក​នាង​មាន​ចម្ងល់​ផ្សេងៗ​ទាក់ទង​រឿង​ច្បាប់ លោក​អ្នក​អាច​ទាក់ទង​មក​នាទី​អត្ថាធិប្បាយ​ច្បាប់​របស់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​លេខ ០១៦ ២៦ ១២ ៧៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល