អង្គការ​អន្តរជាតិ​បារម្ភ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា

ដោយ ជី វិតា
2014-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទំព័រ​ហ្វេសប៊ុក (Facebook) របស់​វិទ្យុ​អាស៊ីសេរី
ទំព័រ​ហ្វេសប៊ុក (Facebook) របស់​វិទ្យុ​អាស៊ីសេរី
Photo: RFA

មិន​មែន​មាន​តែ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​បី​ទាក់ទង​នឹង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ប៉ុណ្ណោះ​ទេ ដែល​អង្គការ​ជាតិ និង​អន្តរជាតិ មាន​ការ​ព្រួយ​បារម្ភ​ថា អាច​នឹង​រឹត​ត្បិត​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា ប៉ុន្តែ​យ៉ាង​ហោច​ណាស់​នៅ​មាន​សេចក្តី​ព្រាង​ច្បាប់​មួយ​ទៀត គឺ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។

អង្គការ Article 19 ដែល​ឃ្លាំ​មើល​សេរីភាព​បញ្ចេញ​មតិ​នៅ​តាម​បណ្ដា​ប្រទេស​នានា បាន​សម្ដែង​ក្តី​កង្វល់​របស់​ខ្លួន​យ៉ាង​ខ្លាំង​ចំពោះ​ស្មារតី និង​ខ្លឹមសារ ចែង​មិន​ច្បាស់​លាស់​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តាក់តែង​ដោយ​មិន​បើក​ចំហ ហើយ​អំពាវនាវ​អោយ​មាន​ការ​ចូល​រួម​ផ្តល់​យោបល់​ពី​សង្គម​ស៊ីវិល។

អង្គការ​មាត្រា​១៩ ឬ Article 19 ជា​ភាសា​អង់គ្លេស​ថ្មីៗ​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​មាន​គោលដៅ​រឹត​បន្តឹង ឬ​កាត់​បន្ថយ​សេរីភាព​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។

អង្គការ​មាត្រា​១៩ អោយ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" ឬ Cybercrime Law ជា​ភាសា​អង់គ្លេស ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​រៀប​ចំ​ដោយ​មិន​អនុញ្ញាត​អោយ​សង្គម​ស៊ីវិល​ចូល​រួម​នោះ មាន​កម្រិត​ក្រោម​ស្តង់ដារ​អន្តរជាតិ។ ស្ថិត​ក្រោម​កម្រិត​ស្តង់ដារ​អន្តរជាតិ ពីព្រោះ​ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់ វា​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ សិទ្ធិ​ផ្សព្វផ្សាយ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ព្រម​ទាំង​សិទ្ធិ​មាន​ជីវភាព​ឯកជន​នៅ​កម្ពុជា ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

រាជ​រដ្ឋាភិបាល​កម្ពុជា រហូត​មក​ដល់​ពេល​នេះ បាន​ខិតខំ​ប្រឹងប្រែង​លាក់លៀម​មិន​អោយ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" នេះ លេច​ធ្លាយ​ទៅ​ប្រភព​ខាង​ក្រៅ។

ទោះ​ជា​យ៉ាង​ណា អង្គការ​មាត្រា​១៩ ដែល​បាន​ទទួល​សេចក្តី​ព្រាង​ច្បាប់​នេះ​បញ្ជាក់​ថា មាន​ពាក្យពេចន៍ និង​ខ្លឹមសារ​ជាច្រើន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ មាន​ភាព​ស្រពិចស្រពិល​មិន​ច្បាស់​លាស់ ដែល​ជា​ចន្លោះ​ប្រហោង​អាច​បកស្រាយ​បាន​តាម​អំពើ​ចិត្ត នាំ​ទៅ​ដល់​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ ជាពិសេស​មាត្រា​២៨ ដែល​មាន​ដាក់​ទោស​ជាប់​ពន្ធនាគារ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ដែល​ល្មើស​នឹង​ច្បាប់​នេះ។

ពាក្យពេចន៍​ដែល​មាន​អត្ថន័យ​មិន​ច្បាស់​លាស់​ចែង​ក្នុង​មាត្រា​២៨ រួម​មាន សកម្មភាព​រារាំង​ប៉ះពាល់​ដល់​អធិបតេយ្យភាព និង​បូរណភាព​ដែន​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សកម្មភាព​ញុះញង់​អោយ​មាន​ភាព​អនាធិបតេយ្យ សកម្មភាព​បង្ក​អោយ​មាន​អសន្តិសុខ អស្ថិរភាព​សង្គម និង​នយោបាយ ការ​និយាយ​បង្ខូច​បង្កាច់ ឬ​ធ្វើ​អោយ​អន្តរាយ​ដល់​សុចរិត​ភាព​នៃ​ទីភ្នាក់ងារ និង​ក្រសួង​នានា​គ្រប់​លំដាប់​ថ្នាក់​របស់​រដ្ឋាភិបាល ការ​បញ្ចេញ​មតិ​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​តម្លៃ​សីលធម៌ និង​វប្បធម៌ ដូច​ជា​វប្បធម៌​គ្រួសារ ជាដើម។

អ្វី​ដែល​ជា​បញ្ហា​ក្នុង​បទ​ពិសោធន៍​កន្លង​មក គឺ​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​កំណត់​និយមន័យ​នៃ​ពាក្យ​ទាំងអស់​នេះ ដូច​ជា​ថា អ្វី​ទៅ​ជា​សកម្មភាព​បង្ក​អសន្តិសុខ អស្ថិរភាព​សង្គម ឬ​អស្ថិរភាព​នយោបាយ​នោះ? អ្វី​ទៅ​ជា​ការ​និយាយ​បង្ខូច​បង្កាច់ ឬ​ធ្វើ​អោយ​អន្តរាយ​ដល់​សុចរិត​ភាព​នៃ​ទីភ្នាក់ងារ​រដ្ឋ​នោះ? អ្វី​ទៅ​ជា​ការ​បញ្ចេញ​មតិ​នាំ​អោយ​ប៉ះពាល់​ដល់​តម្លៃ​សីលធម៌ និង​វប្បធម៌​នោះ?

អង្គការ​មាត្រា​១៩ ស្នើ​អោយ​រដ្ឋាភិបាល​កម្ពុជា លុប​បញ្ញត្តិ​ទាំង​នេះ​ចេញ​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ ពីព្រោះ​ពាក្យពេចន៍ និង​ខ្លឹមសារ​ដែល​បាន​រៀប​រាប់​ក្នុង​មាត្រា​២៨ នេះ​មាន​អត្ថន័យ​ស្រពិចស្រពិល​ខ្លាំង​ណាស់ គ្មាន​កំណត់​និយមន័យ​ច្បាស់​លាស់ ដែល​ផ្តល់​ឱកាស​ងាយ​ស្រួល​ដល់​មន្ត្រី​រដ្ឋ​ដែល​អនុវត្ត​ច្បាប់​នេះ ផ្តល់​និយមន័យ ឬ​បកស្រាយ​មាត្រា​ទាំង​នេះ​តាម​អំពើ​ចិត្ត​រៀងៗ​ខ្លួន បណ្ដាល​អោយ​មាន​អំពើ​រំលោភ​បំពាន​ច្បាប់ និង​សិទ្ធិ​មនុស្ស។ ឧទាហរណ៍ ការ​សម្ដែង​មតិ​ស្រប​ច្បាប់​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​រិះគន់​នូវ​អំពើ​ពុក​រលួយ ឬ​អំពើ​ខុស​ឆ្គង​របស់​អាជ្ញាធរ ឬ​ការ​និយាយ​រិះគន់​ដល់​រដ្ឋាភិបាល​យ៉ាង​សាមញ្ញៗ ក៏​អាច​នឹង​រង​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ​ដោយ​ច្បាប់​នេះ​ដែរ។ នៅ​មាន​បញ្ញត្តិ​ក្នុង​មាត្រា​ផ្សេងៗ​ទៀត ដែល​អង្គការ​មាត្រា​១៩ នេះ​សម្ដែង​ការ​ខ្វាយខ្វល់ ក្នុង​នោះ​រួម​មាន កម្រិត​ទោស​ដែល​ត្រូវ​ដាក់​ទៅ​លើ​អ្នក​ល្មើស​នឹង​ច្បាប់​នេះ គឺ​វា​ធ្ងន់ធ្ងរ​ជាង​ទោស​សម្រាប់​ដាក់​លើ​អ្នក​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ​ធម្មតា​ទៅ​ទៀត គឺ​ធ្ងន់ធ្ងរ​ទាំង​ប្រាក់​ពិន័យ និង​រយៈពេល​ជាប់​ពន្ធនាគារ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​មាត្រា​១៩ នេះ​ទេ ដោយ​លោក​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" សម្រាប់​គ្រប់គ្រង​លើ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត នេះ​កំពុង​ស្ថិត​ក្នុង​ការ​រៀប​ចំ​របស់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍៖ «អត់​ទាន់​មាន​ពិភាក្សា​ទេ​ពី​ច្បាប់​នេះ ពីព្រោះ​វា​ស្ថិត​នៅ​លើ​ពង្រាង​ទាំងអស់ ហើយ​ពង្រាង​នេះ​មិន​ទាន់​ជា​ផ្លូវ​ការ​ទៀត។ ក្រសួង​ទូរគមនាគមន៍​ជា​អ្នក​ផ្ដួចផ្ដើម​នៅ​លើ​សាច់​រឿង​ហ្នឹង ហើយ​កំពុង​នៅ​ក្នុង​វគ្គ​សិក្សា អត់​ទាន់​ចេញ​ជា​សេចក្តី​ព្រាង​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ នៅ​ពេល​ខ្ញុំ​និយាយ​សេចក្តី​ព្រាង​ផ្លូវ​ការ គឺ​ត្រូវ​ឆ្លង​ពី​អន្តរ​ក្រសួង​ចូល​មក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ ដូច្នេះ​យើង​អត់​ទាន់​មាន​អ្វី​ជា​មូលដ្ឋាន​ក្នុង​ការ​ជជែក​ទេ។ លោក ជី វិតា៖ អ៊ីចឹង​មាន​ន័យ​ថា ឥឡូវ​ហ្នឹង​វា​ស្ថិត​នៅ​ក្នុង​ដៃ​ក្រសួង​នៅ​ឡើយ? លោក ផៃ ស៊ីផាន៖ វា​មិន​ទាន់​ជា​ជំហរ​របស់​រដ្ឋាភិបាល​ទេ។ អា​ហ្នឹង​ជា​ជំហរ​របស់​អ្នក​ឯកទេស​របស់​ក្រសួង»

បើ​ទោះ​ជា លោក ផៃ ស៊ីផាន បដិសេធ​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មិន​ទាន់​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" នេះ​ពី​ក្រសួង​សាមី​ក៏ដោយ វិទ្យុ​អាស៊ីសេរី ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ជា​ភាសា​អង់គ្លេស មាន ១៧​ទំព័រ។ នៅ​ខាង​ក្រោម​ទំព័រ​ទី​១​នេះ​មាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ជា​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ថា ព្រាង​ឡើង​ដោយ​ក្រុម​ការងារ​សរសេរ​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ អត្ថន័យ​នេះ អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជា​អ្នក​រៀប​ចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អង្គការ​មាត្រា​១៩ ឬ Article 19 គូស​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​បាន​ផ្តល់​អំណាច​ច្រើន​ពេក​ដល់​ព្រះរាជ​អាជ្ញា ជា​ជាង​តុលាការ។ អង្គការ​មាត្រា​១៩ បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ពិគ្រោះ​យោបល់​អំពី​ច្បាប់​នេះ​ឡើយ បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក្តី។ ម្យ៉ាង​វិញ​ទៀត រាជ​រដ្ឋាភិបាល​តែង​បិទ​បាំង​មិន​អោយ​លេច​ធ្លាយ​នូវ​ដំណើរ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​របស់​ខ្លួន ដោយ​មិន​ដែល​បញ្ជាក់​អោយ​សាធារណជន​ដឹង​ថា តើ​សេចក្តី​ព្រាង​ច្បាប់​នោះ​នៅ​ទីណា ស្ថិត​នៅ​ដំណាក់​ការ​ណា ហើយ​នឹង​ត្រូវ​អនុម័ត​នៅ​ពេល​ណា​នោះ។

សភាពការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពេល​រដ្ឋាភិបាល​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ​នៅ​ផ្លូវ​វ៉េងស្រេង និង​សង្កាត់​កំបូល កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា ឆ្នាំ​២០១៤ នោះ​មក ការ​ប្រមូល​ផ្តុំ​គ្នា និង​ធ្វើ​បាតុកម្ម​តវ៉ា​ផ្សេងៗ ត្រូវ​បាន​រដ្ឋាភិបាល​ហាម​ឃាត់​រហូត​មក​ដល់​ពេល​នេះ បើ​ទោះ​ជា​ការ​ហាម​ឃាត់​នេះ​ផ្ទុយ​ពី​ច្បាប់​ក៏ដោយ​ចុះ។

ដូច្នេះ វេទិកា​សម្រាប់​ជួបជុំ​សម្ដែង​មតិ ចែក​ចាយ និង​ទទួល​បាន​ព័ត៌មាន ដែល​ពលរដ្ឋ​កម្ពុជា អាច​ធ្វើ​ទៅ​បាន គឺ​មាន​តែ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត រួម​មាន ហ្វេសប៊ុក (Facebook) ថ្វីតធឺ (Twitter) ឬ​តាម​រយៈ​វែបសាយ ជាដើម​តែ​ប៉ុណ្ណោះ។ ប្រជាពលរដ្ឋ​កម្ពុជា អាច​នឹង​បាត់​បង់​មធ្យោបាយ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" បែប​នេះ​អោយ​ក្លាយ​ទៅ​ជា​ច្បាប់។

អង្គការ​ឃ្លាំ​មើល​សេរីភាព​អន្តរជាតិ Article 19 បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា បញ្ចេញ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ធ្វើ​ឡើង​ថ្មីៗ​របស់​ខ្លួន​ជា​សាធារណៈ និង​បើក​កិច្ច​ពិគ្រោះ​យោបល់​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ហើយ​អង្គការ​មាត្រា​១៩ ឬ Article 19 នេះ រង់ចាំ​ជួយ​ផ្តល់​មតិ​យោបល់​ជានិច្ច។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ទាក់ទង​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​សិទ្ធិ​ចែក​ចាយ​ព័ត៌មាន ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​បំបិទ​សិទ្ធិ​សេរីភាព​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

pp

The criminal group of CPP tries to make laws that repress freedom of speech and violate the constitutions. CPP always talks about laws but this group itself obstructs laws and commit serious crimes such as corruption, bribes, and killings. Actually this group lost legitimacy to represent Khmer people. Why CPP still make laws while this group does not obey laws ?

Apr 22, 2014 11:07 AM

អ្នក​អាន​អនាមិក

HUN SEN 0R HUN NAL IS A KILLER, TRAITOR......

Apr 22, 2014 10:40 AM

ភាពភ្នំពេញ

ពី Phnom Penh

វាជាច្បាប់បម្រើឲ្យរបបផ្តាច់ការ វាមិនខុសពីជំនាន់ប៉ុលពតដែលអាពតបង្កើតច្បាប់កុំឲ្យប្រជាជនដើររហេតុរហូតក្នុងហេតុផលការពារសន្តិសុខសង្គមឡើយ។ អាចនិយាយបានថា ជំនាន់នេះជាជំនាន់ប៉ុលពតទី២។

Apr 22, 2014 05:08 AM

គេហទំព័រ​ទាំងមូល