តុលាការ​ខេត្ត​កោះកុង​នឹង​ដោះ​លែង​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ដោយ ដែន អយុធ្យា
2014-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​ពលរដ្ឋ​លោក ផន ណុល ដែល​ត្រូវ​តុលាការ​ខេត្ត​កោះកុង​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៧ តុលា ២០១៤។
តំណាង​ពលរដ្ឋ​លោក ផន ណុល ដែល​ត្រូវ​តុលាការ​ខេត្ត​កោះកុង​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៧ តុលា ២០១៤។
Photo: Adhoc

មេធាវី​ការពារ​ក្តី​ឲ្យ លោក ផន ណុល ជា​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​ព្រែកខ្សាច់  ខេត្ត​កោះកុង បាន​អះអាង​ថា តុលាការ​ខេត្ត​កោះកុង នឹង​ដោះ​លែង​កូន​ក្តី​របស់​លោក​ដែល​តុលាការ​ខេត្ត​នេះ​ចាប់​ដាក់​គុក ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​វិច្ឆិកា ខាង​មុខ។

ការ​សន្យា​ដោះ​លែង​សកម្មជន​ដីធ្លី​រូប​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយសារ​តែ​ប្រជាពលរដ្ឋ​ចំនួន ១៣៥​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត (SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ស្នាក់​នៅ​ពី​មុខ​តុលាការ​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយៈពេល​ជាង ១​សប្ដាហ៍​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​របស់​ពួក​គាត់។

លោក ឡុង លន់ មេធាវី​ការពារ​ក្តី​ឲ្យ លោក ផន ណុល តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ៣​ភូមិ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ថា ក្រោយ​ពេល​រូប​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​កូន​ក្តី​ឈ្មោះ លោក ផន ណុល បាន​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា ពេល​នេះ​តុលាការ​បាន​ឆ្លើយ​តប​ថា​នឹង​ដោះ​លែង​តាម​សំណើ​របស់​លោក។

លោក​ថា ការ​ដោះ​លែង​នេះ គឺ​តុលាការ​បាន​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ប្រមូល​ផ្តុំ​ទាំង​យប់​ទាំង​ថ្ងៃ​ចេញ​ពី​មុខ​តុលាការ និង​តម្រូវ​ឲ្យ លោក ផន ណុល ត្រូវ​មក​បង្ហាញ​ខ្លួន​ទៅ​តាម​ការ​ណាត់​របស់​តុលាការ ជាដើម៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​ឲ្យ​ដោះ​លែង​កូន​ក្តី លោក ផន ណុល នៅ​ក្រៅ​ឃុំ​មួយ​ទៀត ហើយ​តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ថា លោក​ចៅក្រម​គាត់​សម្រេច​ថា នឹង​ដោះ​លែង​នៅ​ថ្ងៃ​ច័ន្ទ ខាង​មុខ​នេះ។ លិខិត​លើក​ទី​២ គឺ​យើង​បាន​បញ្ជូន​ទៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។ ហើយ​ដោយសារ​តែ​ក្នុង​កំឡុង​ពេល​នេះ យើង​បាន​ឈប់​សម្រាក គឺ​តុលាការ​ខេត្ត​កោះកុង បាន​ផ្តល់​ព័ត៌មាន​មក​ថា នឹង​ដោះ​លែង​គាត់ គឺ​លោក ផន ណុល នៅ​ថ្ងៃ​ច័ន្ទ»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៤ លោក ខាំ សុផារី ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង ដែល​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ចោទ​ថា មាន​ល្បិចកល​ខ្លាំង បាន​សម្រេច​ឃុំ​ខ្លួន លោក ផន ណុល ក្រោយ​ពេល​កោះ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​លើ​បណ្ដឹង​ពី​បទ​លួច​ទ្រព្យ​សម្បត្តិ ប្ដឹង​ដោយ​តំណាង​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

បន្ទាប់​ពី​តុលាការ​ឃុំ​ខ្លួន លោក ផន ណុល ក្រុម​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ចំនួន ៣​ភូមិ មាន​គ្នា​ប្រមាណ​ជា ៦០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​ដើរ​ហែ​ក្បួន និង​តវ៉ា​នៅ​ពី​មុខ​តុលាការ​ខេត្ត​កោះកុង ទាំង​យប់​ទាំង​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា រហូត​មក​ដល់​ពេល​នេះ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង លោក ផន ណុល ឲ្យ​មាន​សេរីភាព​វិញ។ ប្រជាពលរដ្ឋ​ទាំង ៣​ភូមិ ដែល​ចោទ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ថា​បាន​រំលោភ​យក​ដី​បង្កបង្កើនផល​នោះ គឺ​មក​ពី​ភូមិ​ព្រែកខ្សាច់ ភូមិ​សំរុងតាកែវ និង​ភូមិ​យាយសែន ស្ថិត​ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

លោក រៀម រុំ តំណាង​ឲ្យ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ម្នាក់​ថ្លែង​ថា បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​ចន្លោះ​ពី ៥០ ទៅ ៦០​នាក់ បាន​បន្ត​ប្រមូល​ផ្តុំ​តវ៉ា និង​ស្នាក់​នៅ​មុខ​តុលាការ​ខេត្ត​កោះកុង ទាំង​យប់​ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​នេះ​ដោះ​លែង​តំណាង​ឈ្មោះ ផន ណុល ជា​ជន​ពិការ​ដៃ​ម្ខាង​ពី​ពន្ធនាគារ។ លោក​បន្ត​ថា ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ គឺ​បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៥ មក​ម្ល៉េះ ហើយ​ពលរដ្ឋ​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​រក​ដំណោះស្រាយ​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១០ មក។ ស្ថាប័ន​ទាំង​នោះ​មាន​ដូចជា ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម រដ្ឋសភា និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាដើម ប៉ុន្តែ​អត់​មាន​ដំណោះស្រាយ​ទេ​រហូត​ដល់​ឆ្នាំ​២០១៤ នេះ៖ «ការ​ដោះ​លែង លោក ផន ណុល ហ្នឹង គេ​ឈប់​ឲ្យ​យើង​នៅ​រញ៉េរញ៉ៃ​ពី​មុខ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង ទៀត។ កិច្ច​សន្យា​គេៗ​ឈប់​ឲ្យ​យើង​នៅ​ពី​មុខ​សាលា​ដំបូង​ខេត្ត ដោយ​មាន​ស្នាម​មេដៃ​តំណាង​ពលរដ្ឋ ឬ​ពលរដ្ឋ គេ​នឹង​ដោះ​លែង។ ពួក​ខ្ញុំ​ឡើង​មក​ហ្នឹង គឺ​ឲ្យ​ឡើង​មក ដើម្បី​ឲ្យ​បំភ្លឺ​ហេតុ​អី​តុលាការ​ចាប់​ពួក​ខ្ញុំ។ ម្សិលមិញ​ខ្ញុំ​និយាយ​ប្រាប់​តុលាការ​ថា ដោះ​លែង​តំណាង​ខ្ញុំ​ថ្ងៃ​ណា ខ្ញុំ​ចាក​ចេញ​ពី​មុខ​តុលាការ​ថ្ងៃ​ហ្នឹង​ភ្លាម»

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក នាង បូរ៉ាទីណូ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង បញ្ជាក់​ថា លោក ផន ណុល ត្រូវ​តុលាការ​ចោទ និង​ចាប់​ដាក់​គុក​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ដោយសារ​បាន​រក្សា​ទុក​សម្ភារៈ​សំណង់​ក្រុមហ៊ុន ដែល​សង់​របង​លើ​ដី​ធ្លី និង​បិទ​ផ្លូវ​ទៅ​ស្រែ​ចម្ការ​របស់​ពួក​គាត់​កាល​ពី​ដើម​ឆ្នាំ​២០១៤។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​រិះគន់​មន្ត្រី​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់ ពិសេស​មន្ត្រី​ស្ថាប័ន​កំពូលៗ មាន​ខុទ្ទកាល័យ​ប្រមុខ​ដឹក​នាំ និង​រដ្ឋសភា ជាដើម ថា​អសមត្ថភាព​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ ហើយ​ទុក​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​គំរាម​ចាប់​ដាក់​គុក​ច្រវាក់ រហូត​មក​ដល់​សព្វថ្ងៃ​នេះ៖ «ហើយ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ដោះ​លែង លោក ផន ណុល ហ្នឹង តុលាការ​បាន​ឲ្យ​ពលរដ្ឋ​ធ្វើ​កិច្ចសន្យា​មួយ​ជាមួយ​តុលាការ​ដែរ ព្រោះ​ខ្លាច​ថា ដល់​ពេល​តុលាការ​ដោះ​លែង លោក ផន ណុល ទៅ ស្រាប់​តែ​ប្រជាពលរដ្ឋ​គាត់​នៅ​ពេញ​មុខ​តុលាការ​ខេត្ត ហើយ​អត់​មាន​អ្នក​ទទួល​ខុស​ត្រូវ។ ចឹង​បាន​ថា បើ​ត្រូវ​ដោះ​លែង សូម​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​កុំ​ឲ្យ​ចង​មុង​ដេក​នៅ​មុខ​តុលាការ ឬ​ដាំ​បាយ​ដាំ​អី​ជាដើម​នៅ​ពី​មុខ​តុលាការ​ត​ទៅ​ទៀត។ ហ្នឹង​ហើយ គាត់​សំណូមពរ​ចឹង​តុលាការ​នោះ»

មន្ត្រី​អង្គការ​លីកាដូ (Licadho) និង​សមាគម​អាដហុក (Adhoc) ខេត្ត​កោះកុង ចាត់​ទុក​ថា ករណី លោក ខាំ សុផារី ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង សម្រេច​ឃុំ​ខ្លួន លោក ផន ណុល និង​ចេញ​ដីកា​កោះ​ពលរដ្ឋ ៣​នាក់​ទៀត ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពី​បទ​លួច​ទ្រព្យ​សម្បត្តិ​ទៅ​តាម​បណ្ដឹង​ក្រុមហ៊ុន អែស.អ៊ី.ហ្សិត ថា​ជា​ការ​គំរាម​បំបាក់​ស្មារតី​ពលរដ្ឋ ដែល​ហ៊ាន​ចេញ​តវ៉ា​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​របស់​អ្នក​មាន​ទ្រព្យ​ធន ឬ​មាន​ងារ​ជា​ឧកញ៉ាៗ ហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ៣​ភូមិ​មាន​គ្នា​ចន្លោះ​ពី ៥០ ទៅ ៦០​នាក់ មិន​ចាក​ចេញ​ពី​មុខ​តុលាការ​ខេត្ត​កោះកុង ទេ គឺ​នាំ​គ្នា​សម្រាក​នៅ​ពី​មុខ​តុលាការ​ខេត្ត​នេះ​ទាំង​យប់​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា មក។ ពលរដ្ឋ​ទាំង​នេះ បាន​អះអាង​ថា នឹង​បន្ត​ប្រមូល​ផ្តុំ​នៅ​ពី​មុខ​តុលាការ​រហូត​តុលាការ​ខេត្ត​កោះកុង ដោះ​លែង​តំណាង​របស់​ខ្លួន​ឈ្មោះ លោក ផន ណុល ចេញ​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ ទើប​ប្រកាស​រំសាយ​ការ​ប្រមូល​ផ្តុំ​តាម​ក្រោយ ទោះ​បី​តុលាការ​សន្យា​ដោះ​លែង​តំណាង​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​វិច្ឆិកា ខាង​មុខ​បែប​ណា​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល