លោក អាត់ ធន់ ចូល​បំភ្លឺ​តុលាការ​រឿង​បង្ក​របួស​ស្នាម​និង​បទ​ញុះញង់

ដោយ ខែ សុណង
2014-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បាតុករ​រោងចក្រ អែស.អិល (SL) ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
បាតុករ​រោងចក្រ អែស.អិល (SL) ប៉ះ​ទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Uon Chhin

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​មេដឹកនាំ​សហជីព​ឈ្មោះ ស៊ីខាវឌូ (CCAWDU) និង​សកម្មជន​ប្រចាំ​រោងចក្រ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពី​ករណី​បង្ក​របួស​ស្នាម និង​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម តាម​ពាក្យ​ប្ដឹង​របស់​ក្រុមហ៊ុន និង​កម្មករ​រោងចក្រ អែស.អិល (SL)។

ការ​កោះ​ហៅ​នេះ ត្រូវ​បាន​ក្រុម​សហជីព​រិះគន់​ថា ក្រុមហ៊ុន អែស.អិល មិន​បាន​គោរព​តាម​កិច្ច​ព្រមព្រៀង និង​មាន​ចេតនា​លុប​បំបាត់​លែង​ឲ្យ​មាន​សហជីព​ក្នុង​រោងចក្រ​ទៀត។

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា បាន​ដំណើរការ​នីតិវិធី​ដំបូង​របស់​ខ្លួន ក្នុង​ចំណោម​ពាក្យ​បណ្ដឹង ៣ ដែល​ក្រុមហ៊ុន អែស.អិល បាន​ប្ដឹង​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខាវឌូ ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​និង​បាតុកម្ម ដោយ​សម្រេច​ឲ្យ​ថ្នាក់​ដឹកនាំ​សហជីព​រូប​នេះ​តម្កល់​លុយ​រាប់​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​បាន​ទទួល​សិទ្ធិ​នៅ​ក្រៅ​ឃុំ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា លោក អាត់ ធន់ ដែល​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​បាន​ថ្លែង​ថា ព្រះរាជ​អាជ្ញា​រង​បាន​សាកសួរ​រូប​លោក និង​សកម្មជន​សហជីព​ប្រចាំ​រោងចក្រ អែស.អិល មួយ​រូប​ទៀត គឺ​អ្នកស្រី ប៉ាវ ផាន់ណា តាម​ពាក្យ​ប្ដឹង​របស់​កម្មករ​រោងចក្រ​នេះ​ម្នាក់ ដែល​បាន​ប្ដឹង​ពួកគាត់​ពី​បទ​បង្ក​របួស​ស្នាម។ លោក​ថា បន្ទាប់​ពី​ប្រើ​ពេល​សាកសួរ​អស់​ជា​ច្រើន​ម៉ោង តុលាការ​មិន​បាន​រក​ឃើញ​ថា ពួកគាត់​ពាក់ព័ន្ធ​ការ​នឹង​ការ​ចោទ​ប្រកាន់​នេះ ក៏​បាន​បង្វែរ​បទ​ចោទ​ទៅ​ជា​បទ​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​វិញ។

លោក អាត់ ធន់ បញ្ជាក់​ថា ចៅក្រម​តុលាការ​បាន​សម្រេច​ឲ្យ​ពួក​គាត់​នៅ​ក្រៅ​ឃុំ​លោក​ក្រោម​ការ​អង្កេត​របស់​តុលាការ និង​ដាក់​តម្កល់​ប្រាក់​ដើម្បី​ធានា​ខ្លួន។ លោក​ថា ការ​តម្កល់​ប្រាក់​នោះ ដើម​បណ្ដឹង​បាន​ប្ដឹង​ទារ ៥​ម៉ឺន​ដុល្លារ ប៉ុន្តែ​តុលាការ​មិន​ទាន់​សម្រេច​ថា​យ៉ាង​ណា​នោះ​ទេ។

លោក អាត់ ធន់៖ «យើង​ចម្លែក​គ្រាន់​តែ​រឿង​កម្មករ​ប្ដឹង​ម្នាក់​សោះ មាន​ឥទ្ធិពល​នៃ​ការ​សួរ​ដេញដោល​យើង​យូរ​ណាស់ ហើយ​បាន​ដាក់​ឲ្យ​យើង​នៅ​ក្រៅ​ឃុំ ហើយ​ឲ្យ​យើង​តម្កល់​លុយ​យ៉ាង​ច្រើន​ទៀត តាម​ការ​អង្កេត​របស់​តុលាការ​ជា​ច្រើន​ទៀត អ៊ីចឹង​ចម្លែក​មែន​ទែន។ ដំបូង​កម្មករ​ប្ដឹង​ថា ខ្ញុំ​បង្ក​ហិង្សា ខ្ញុំ​ថា អត់​ទេ ខ្ញុំ​មាន​តែ​ប្រាក់​កម្មករ​ថា កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា។ ចៅក្រម​គេ​នឹង​ចេញ​ដីកា​មួយ​ឲ្យ​យើង​តម្កល់​ដើម្បី​ពិនិត្យ​មើល​បើ​សិន​ជា​យើង​អត់​មាន​ពាក់ព័ន្ធ​អី​ទេ គឺ​គេ​ឲ្យ​យើង​ដក​លុយ​នេះ​មក​វិញ តែ​បើ​យើង​ពាក់ព័ន្ធ​គេ​នឹង​រុញ​ទៅ​ជម្រះ ហើយ​ជម្រះ​បើ​រក​ឃើញ​យើង​អត់​មាន​ទោស​ទេ គឺ​គេ​ឲ្យ​លុយ​ហ្នឹង​មក​វិញ តែ​បើ​សិន​ជា​មែន​គេ​នឹង​ទុក​អា​ហ្នឹង​ដើម្បី​ជូន​ជន​រងគ្រោះ»

ទាក់ទង​បញ្ហា​នេះ ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​ឆ្លើយ​ដោយ​ខ្លី​ថា លោក​គ្រាន់​តែ​សាកសួរ​តាម​នីតិវិធី រី​ឯ​សេចក្ដី​សម្រេច​ថា​យ៉ាង​ណា​នោះ​គឺ​លើ​លោក​ចៅក្រម ជា សុខហៀង៖ «ខ្ញុំ​អត់​ដឹង អា​នេះ​ការ​សម្រេច​របស់​លោក​ចៅក្រម»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក​ចៅក្រម ជា សុខហៀង ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចាប់​ផ្ដើម​នីតិវិធី​របស់​ខ្លួន​ក្នុង​ចំណោម​ពាក្យ​បណ្ដឹង ៣ ដែល​ក្រុមហ៊ុន អែស.អិល បាន​ប្ដឹង​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខាវឌូ និង​សកម្មជន​សហជីព​ប្រចាំ​រោងចក្រ​គឺ​អ្នកស្រី ប៉ាវ ផាន់ណា ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម និង​បាតុកម្ម បទ​ហិង្សា និង​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន។ បណ្ដឹង​ទាំង ៣​នេះ នឹង​ត្រូវ​កោះ​ហៅ​មេដឹកនាំ​សហជីព និង​សកម្មជន​សហជីព​ជា​បន្ត​បន្ទាប់។ ការ​ប្ដឹង​សហជីព​នេះ ត្រូវ​បាន​មន្ត្រី​សហជីព​ស៊ីខាវឌូ អះអាង​ថា ក្រុមហ៊ុន អែស.អិល កំពុង​រំលោភ​កិច្ច​ព្រមព្រៀង​ជាមួយ​កម្មករ បន្ទាប់​ពី​មាន​កូដកម្ម​ដ៏​រ៉ាំរ៉ៃ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ​នោះ។

ករណី​នេះ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ស្ដី​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ រើសអើង​សហជីព ដោយ​ក្រុមហ៊ុន អែស.អិល ដែល​មិន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង។

សហជីព​បាន​បង្ហាញ​ថា បន្ទាប់​ពី​កម្មករ​រោងចក្រ អែស.អិល ធ្វើ​ការ​តវ៉ា​ចាប់​ពី​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៣ ដល់​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​សិទ្ធិ​សហជីព និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៣ មាន​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋាភិបាល​ឲ្យ​ភាគី​ក្រុមហ៊ុន និង​កម្មករ​អនុវត្ត ៦​ចំណុច ហើយ​ចូល​ធ្វើ​ការ​វិញ​នោះ សហជីព​ស៊ីខាវឌូ អះអាង​ថា ក្រុមហ៊ុន​នេះ បាន​អនុវត្ត​តែ ២​ចំណុច​ប៉ុណ្ណោះ ក្នុង​ចំណោម ៦​ចំណុច គឺ​ក្រុមហ៊ុន​បាន​ទទួល​ថ្នាក់​ដឹកនាំ​សហជីព​និង​សកម្មជន ១៩​នាក់ ឲ្យ​ចូល​ធ្វើការ​វិញ និង​ដក​កម្លាំង​សន្តិសុខ ដែល​មាន​ប៉ូលិស ប៉េអឹម ទាហាន ចេញ​ពី​រោងចក្រ។ ក្រៅ​ពី​នោះ​កិច្ច​ព្រមព្រៀង ៤​ចំណុច​ទៀត ដែល​ក្រុមហ៊ុន​ខកខាន​មិន​បាន​អនុវត្ត រួម​មាន ដក​លោក មាស សុត្ថា ចេញ​ពី​ការ​គ្រប់គ្រង ពាក់ព័ន្ធ​ការងារ​ចាត់ចែង​ក្នុង​ក្រុមហ៊ុន។ ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​រាល់​បណ្ដឹង​ទាំង​ឡាយ​ដែល​ប្រឆាំង​នឹង​កម្មករ តំណាង​សហជីព និង​គ្មាន​ការ​គុំកួន និង​ផ្ដល់​ប្រាក់​ឈ្នួល ៥០% និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម​រយៈ​ប្រមាណ ៤​ខែ​ជា​ដើម​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

>. ពូកែ ចោទប្រកាន់ ដូច របប ខ្មោច ប៉ុល ពត !
>. សម័យ ភ្នែកទិព្វ ត្រចៀកទិព្វ ឃើញប៉ុណ្ណេះហើយ នៅហ៊ានចោទមួលបង្កាច់ទៀត !
>. កាលណា បានខ្មែរ ឈប់ ធ្វើបាប សម្លាប់ខ្មែរ !

Apr 08, 2014 08:52 AM

អ្នក​អាន​អនាមិក

NOT TOO LONG, THEY DISAPPEAR FROM WORLD MAP,THEY BECOME MINORITY ON THEIR OWN TERRITORY,AT THAT TIME,NOBODY PAYS ATTENTION. THAT'S THE END OF STORY.

Apr 13, 2014 09:11 AM

គេហទំព័រ​ទាំងមូល