តុលាការ​ស៊ើប​អង្កេត​ពាក្យ​បណ្ដឹង​​ប្រឆាំង​អង្គរក្ស​លោក កឹម សុខា

តុលាការ​ខេត្ត​ព្រៃវែង កំពុង​បន្ត​នីតិវិធី​ស៊ើប​អង្កេត​ទៅ​លើ​បណ្ដឹង​ប្រឆាំង​នឹង​លោក កឹម សុខា ក្នុង​បទ​ចោទ​ថា អង្គរក្ស​របស់​លោក​បាន​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ស្ត្រី​ម្នាក់​ឈ្មោះ សំ ផល្លា កាល​ពី​សប្ដាហ៍​មុន។
ដោយ វណ្ណ វិចារ
2013-06-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្ត្រី​ឈ្មោះ សំ ផល្លា ជា​ម្ដាយ​របស់​ស្ត្រី​ម្នាក់​ទៀត ឈ្មោះ កែវ សុផាណារី ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​អតីត​ស្រី​កំណាន់​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​សាលា​ដំបូង​ខេត្ត​ព្រៃវែង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា នេះ​ថា សំណុំ​រឿង​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ស្ត្រី​ម្នាក់​ឈ្មោះ សំ ផល្លា កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​តុលាការ​ខេត្ត​ព្រៃវែង​ហើយ។ សំណុំ​រឿង​នោះ​ត្រូវ​ដើម​បណ្ដឹង​ប្ដឹង​ថា អង្គរក្ស​លោក កឹម សុខា បង្ក​ហិង្សា​ទៅ​លើ​ខ្លួន​ក្នុង​ពិធី​ជួប​ជុំ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ក្នុង​ខេត្ត​ព្រៃវែង។ ប៉ុន្តែ​តុលាការ​មិន​ទាន់​សម្រេច​ថា នឹង​កោះ​ហៅ​ដើម​ចោទ និង​ចុង​ចម្លើយ​ដើម្បី​សួរ​នាំ​នៅ​ពេល​ណា​នោះ​ទេ។

ចំពោះ​ហេតុការណ៍​នោះ កើត​ឡើង​បន្ទាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ កែវ សុផាណារី អះអាង​ថា ធ្លាប់​ទាក់ទង​ស្នេហា​ជាមួយ​លោក កឹម សុខា ហើយ​ស្ត្រី​រូប​នោះ​និង​ម្ដាយ​ឈ្មោះ សំ ផល្លា បាន​ព្យាយាម​ទៅ​ឆាឆៅ​វេទិកា​ជួបជុំ​របស់​លោក កឹម សុខា ម្ដង​ជា​ពីរ​ដង ដោយ​ប្រាប់​ថា មាន​បំណង​ទារ​ប្រាក់​ខ្លះ​យក​ផ្គត់ផ្គង់​ជីវភាព។ លុះ​ដល់​ថ្ងៃ​ទី​១៣ ខែ​មិថុនា ស្ត្រី​ម្ដាយ​និង​កូន​នោះ ក៏​ទៅ​អុកឡុក​វេទិកា​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ទៀត។ បន្ទាប់​មក​ក៏​កើត​រឿង​ថា អ្នកស្រី សំ ផល្លា រង​របួស​និង​ត្រូវ​ចូល​ដេក​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រូពេទ្យ និង​ក្រុម​សកម្មជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រៃវែង លោក សុខ កល្យាណ ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ស្រង់​សម្ដី​ថា ករណី​ប្រើប្រាស់​ហិង្សា​លើ​ស្ត្រី សំ ផល្លា ជា​ករណី​ព្រហ្មទណ្ឌ។ លោក​បន្ត​ថា ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក កឹម សុខា បាន​ប្រើ​អង្គរក្ស​វាយ​លើ​ស្ត្រី​នោះ​មែន លោក កឹម សុខា អាច​ជាប់​ពន្ធនាគារ​រយៈពេល​ពី​មួយ​ឆ្នាំ​ទៅ ៣​ឆ្នាំ។ លោក​បន្ថែម​ថា តុលាការ​​នឹង​សម្រេច​ចាត់​ការ​រឿង​នេះ ឬ​អត់​នៅ​ចុង​សប្ដាហ៍​នេះ។

ទោះ​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា លោក​ស្ថិត​នៅ​វេទិកា​ដែល​ស្ត្រី​ពីរ​នាក់​នោះ​ចុះ​ទៅ​ឆាឆៅ ហើយ​មិន​មាន​កើត​រឿង​ប្រតាយប្រតប់​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកស្រី សំ ផល្លា រង​របួស​ទេ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​អាច​ធ្វើ​ជា​សាក្សី​បាន បើ​សិន​ណា​ជា​តុលាការ​កោះ​ហៅ​ឲ្យ​លោក កឹម សុខា ចូល​បំភ្លឺ​មែន​នោះ៖ «យើង​បាន​ដឹង​បាន​ឮ​រឿង​កើត​យ៉ាង​ម៉េច​ខ្លះ យើង​បាន​ដឹង​ឮ​ដោយ​ផ្ទាល់​តែម្ដង។ ប៉ូលិស​នគរបាល​បាន​មក​នាំ​គាត់​ទៅ​ខាង ហើយ​នាំ​ទៅ​ប៉ុស្តិ៍ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ស្រាប់​តែ​ឃើញ​លេច​មុខ​នៅ​កាល់ម៉ែត​តែម្ដង។ យើង​មាន​ទាំង​វីដេអូ ទាំង​ពលរដ្ឋ​រាប់​ពាន់ ជិត​មួយ​ម៉ឺន​នាក់​ធ្វើ​សាក្សី​បាន។ ចេញ​ពី​បាតុកម្ម ចូល​ដល់​បណ្ដឹង វា​គួរ​ឲ្យ​ចម្លែក​ដែរ​បាទ!»

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​បំណង​ចង់​ឲ្យ​មាន​កិច្ចពិភាក្សា​តស៊ូ​មតិ​ដាក់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ជ្រាប​ពី​គោលនយោបាយ​គណបក្ស​នីមួយៗ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​បង្វែរ​សាច់​រឿង​ទៅ​ជា​ការ​វាយ​ប្រហារ​សំដៅ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ។

ក្រៅ​ពី​បណ្ដឹង​របស់​ស្ត្រី ឈ្មោះ សំ ផល្លា លោក កឹម សុខា ក៏​ត្រូវ​អតីត​អ្នក​ទោស​គុក​ទួល​ស្លែង លោក ជុំ ម៉ី ប្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ពី​បទ​បរិហារកេរ្តិ៍​ចំពោះ​ខ្សែ​អាត់​សំឡេង​ដែល​គណបក្ស​កាន់​អំណាច​យក​មក​ផ្សព្វផ្សាយ ដោយ​លោក កឹម សុខា ទំនង​ជា​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម ជា​អ្នក​បង្កើត។ បើ​ទោះ​ជា​លោក កឹម សុខា បដិសេធ​ថា ខ្សែ​អាត់​នោះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដោយ។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ក៏​បាន​ថ្លែង​សំដៅ​ទៅ​មេ​បក្ស​ប្រឆាំង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ថា បាន​ចាយ​ប្រាក់​ដើម្បី​រួម​ភេទ​ជាមួយ​កុមារ​អាយុ ១៥​ឆ្នាំ កាល​ពី​ឆ្នាំ​២០១១ និង​បាន​រំលឹក​បើក​កកាយ​ថា មាន​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​មាន​សហាយស្មន់​ថែម​ទៀត។

ទោះ​យ៉ាង​ណា​ក្តី អ្នក​វិភាគ​បញ្ហា​នយោបាយ​មួយ​ចំនួន​លើក​ឡើង​ថា នៅ​មុន​ការ​បោះ​ឆ្នោត​នេះ ប្រជាជន​កម្ពុជា ហាក់​ដូចជា​បារម្ភ​ថា ប្រជាប្រិយភាព​របស់​ខ្លួន​អាច​ធ្លាក់​ចុះ​ដោយសារ​ចំណុច​អសកម្ម​មួយ​ចំនួន ដូច​ជា​បញ្ហា​ដីធ្លី អំពើ​ពុករលួយ និង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ទើប​គណបក្ស​កាន់​អំណាច​ជិត ៤​អាណត្តិ​នេះ ប្រើ​ប្រាស់​មធ្យោបាយ​ជា​ច្រើន​ដើម្បី​បំបាក់​កម្លាំង​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

Love Khmer

ពី Cambodia

តុលាការអាចម៍គោ, តុលាការចោលម្សៀត, តុលាការអាយ៉ង, ចាំមើលបណ្តឹងរបស់តំណាងរាស្ត្រមណ្ឌលប៉ៃលិនចំពោះហ៊ុន សែន តើវាធ្វើយ៉ាងម៉េចដែរ????

Jun 21, 2013 12:10 AM

សង្គ្រប់ជាតិ

ពី USA

លោកប្រធាន សូមលាឈប់ពីការងារនយោបាយ ហើយចូលខ្លួនទទួលទោស និង សុំទោសប្រជាពលរដ្ឋដែលរងទុកក្នុងរបប ៣ ឆ្នាំ ៨ខែ ២០ ថ្ងៃ និងដោះស្រាយបញ្ហាជាមួយ សោ សិនទៅ។

Jun 20, 2013 08:42 AM

Saniya Thoeung

ពី Hanoi

លោក ហ៊ុន សែន មិនសមជាមេដឹកនាំទេ ! តាមរយៈការប្រើ ចរិកនយោបាយ ដែលមេដឹកនាំពិភពលោកទាំង កុម្មុយនីស និងសេរី គេមិនដែលប្រើដូច្នេះ ធ្វើអោយសហគមន៍ ជាតិ និងអន្តរជាតិ គេមើលឃើញពីភាពខ្វៈខាតយ៉ាងខ្លំាងក្នុងភាព ជាមេដឹកនាំដែលខ្លួនបានដឹកនាំរាប់សិបឆ្នាំរួចមកហើយនោះ ។

Jun 18, 2013 10:19 PM

រាស្ត្រចាយលុយរៀល

ពី ភ្នំពេញ

ហេតុអ្វីអ្នកនយោបាយស្រុកខ្មែរប្រព្រឹត្តអំពើថោកទាប ប្រើមធ្យោបាយថោកទាប ? បើពិតជាមនុស្សមែន ត្រូវវែកមុខរកឃាតករស្នេហាត្រីកោណទាំងអស់អោយឃើញ ទើបរាស្ត្រខ្មែរជឿលើសមត្ថភាពបុរសខ្លាំង !

Jun 18, 2013 09:40 PM

អ្នក​អាន​អនាមិក

ពី កំពង់ចាម

គិតតែរឿងគេ!​ មានគិតរឿងខ្លួនឯងទេ កាលពីមុនវាអាក្រក់ហើយសាហាវឃោឃៅយ៉ាងម៉េចខ្លះ????????

Jun 18, 2013 07:35 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល