ស្ថាប័ន​តុលាការ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រង​ការ​រិះគន់​ថា​មិន​ឯករាជ្យ

ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ បាន​ប្ដេជ្ញា​ថា នឹង​ធ្វើ​កំណែ​ទម្រង់​វិស័យ​ជាច្រើន​នោះ គេ​បាន​សម្លឹង​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ក៏​កំពុង​នៅ​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​តែ​ធ្វើ​ការ​កែ​ទម្រង់​ដែរ។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ បាន​រក​ឃើញ​ថា បច្ចុប្បន្ន ស្ថាប័ន​តុលាការ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​មាន​ការ​អនុវត្ដ​ច្បាប់​មិន​ត្រឹមត្រូវ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​នៅ​មិន​ទាន់​ទទួល​បាន​ភាព​យុត្តិធម៌​ពិត​ប្រាកដ​ទេ។
ដោយ ហង្ស សាវយុត
2013-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សុខ កែវបណ្ឌិត (ស្ដាំ) ធ្វើ​ការ​ពន្យល់ លោក អ៊ូ ជឿន បន្ទាប់​ពី​លោក​សម្រេច​ផ្អាក​ការ​ដឹក​នាំ​អនុវត្ត​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន ដើម្បី​រុះរើ​រោង​របស់ លោក អ៊ូ ជឿន លើ​ដី​ទំនាស់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សុខ កែវបណ្ឌិត (ស្ដាំ) ធ្វើ​ការ​ពន្យល់ លោក អ៊ូ ជឿន បន្ទាប់​ពី​លោក​សម្រេច​ផ្អាក​ការ​ដឹក​នាំ​អនុវត្ត​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន ដើម្បី​រុះរើ​រោង​របស់ លោក អ៊ូ ជឿន លើ​ដី​ទំនាស់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Hang Savyouth

តើ​នៅ​មាន​បញ្ហា​អ្វី​ខ្លះ​ដែល​ជា​ភាព​អយុត្តិធម៌ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ទទួល​យក​បាន​នោះ?

ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​ដែល​រស់​នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​ស្រែក​ទ្រហោ​យំ ហើយ​រត់​ទៅ​ដេក​នៅ​កណ្ដាល​ទ្រូង​ផ្លូវ​លែង​ចង់​រស់ ដោយសារ​តែ​គាត់​យល់​ថា ប្រព័ន្ធ​តុលាការ​មិន​បាន​ផ្ដល់​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ទេ។

«សំឡេង»

ការ​ព្យាយាម​រត់​ទៅ​ដេក​លើ​ទ្រូង​ផ្លូវ បំណង​ឱ្យ​រថយន្ត​កិន​សម្លាប់​នោះ បាន​កើត​ឡើង​បន្ទាប់​ពី​គាត់​បាន​ឱ្យ​ដី​ទៅ​ស្ត្រី​មេម៉ាយ​ម្នាក់​រស់​នៅ​រយៈពេល ៣០​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​នៅ​ទី​បំផុត គឺ​កូនៗ​របស់​ស្ត្រី​មេម៉ាយ​នោះ​ក្ដី​ក្ដាំ​យក​ដី និង​ផ្លូវ​ចេញ​ចូល​របស់​គាត់។

ប្ដី​របស់​ស្ត្រី​ដែល​ព្យាយាម​រត់​ចូល​ឡាន​នោះ គឺ​លោក អ៊ូ ជឿន។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​កាន់​កាប់​ដី​ផ្ទះ​លេខ​១១៩ នៅ​ភូមិ​ស្លក្រាម ចាប់​តាំង​តែ​ពី​អំឡុង​ឆ្នាំ​១៩៨៣ មក។ បុរស​ដដែល​បាន​បញ្ជាក់​ថា ប្រហែល​ជា ២-៣​ឆ្នាំ​ក្រោយ​មក មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ មាស អាត់ បាន​ទៅ​សុំ​ដី​រស់​នៅ ហើយ​លោក​ក៏​អនុញ្ញាត ក៏ប៉ុន្តែ​បន្ទាប់​ពី​ស្ត្រី​នោះ​ស្លាប់ គឺ​កូនៗ​របស់​ស្ត្រី​នោះ​បាន​ចាប់​ផ្ដើម​ធ្វើ​ប័ណ្ណ​កាន់​កាប់​ដីធ្លី ព្រម​ទាំង​យក​ផ្លូវ​ចេញ​ចូល​នៃ​ផ្ទះ​របស់​លោក​ធ្វើ​ជា​ដី​របស់​ពួក​គេ​ទៀត​ផង។

លោក អ៊ូ ជឿន បាន​បញ្ជាក់​ថា ក្នុង​រឿង​ជម្លោះ​ដីធ្លី​នោះ គឺ​ភាគី​ម្ខាង​មាន​ប្រៀប​លើ​គ្រួសារ​របស់​លោក​ទាំង​ការ​សម្រប​សម្រួល​នៅ​មូលដ្ឋាន និង​ការ​ក្ដី​ក្ដាំ​នៅ​តុលាការ៖ «ខ្ញុំ​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨៣ មក ខ្ញុំ​ដើរ​ចេញ​ចូល​តែ​ផ្លូវ​នេះ ហើយ​អាស្រ័យ​ផល​នៅ​លើ​តែ​ដី​នេះ ហើយ​ប្រពន្ធ លោក ទី សុផាត គឺ​អ្នកគ្រូ ដេត នឿម បាន​មក​សុំ​ឱ្យ​បង​ថ្លៃ​គាត់​ឈ្មោះ មាស អាត់ នេះ​ឯង​នៅ។ ខ្ញុំ​ក៏​ចែក​គាត់​នៅ​ទៅ។ រហូត​មក​ដល់​បច្ចុប្បន្ន ឆ្នាំ​២០១៣ គេ​ក៏​ធ្វើ​សំបុត្រ​ដី​ជាមួយ​ប្រធាន​ភូមិ ទើប​តែ​បាន ៦-៧​ខែ គេ​ក៏​យក​មក​ឱ្យ​ខ្ញុំ​មើល ហើយ​គេ​ថា នឹង​រើ​ផ្លូវ​របស់​ខ្ញុំ​ចេញ។ មិន​ឱ្យ​គេ​រុះរើ ក៏​គេ​នៅ​ចចេស​ថា​នឹង​រុះរើ ហើយ​ប្រពន្ធ​កូន​ខ្ញុំ​យំ​ពេញ​តែ​ផ្ទះ ហើយ​គេ​ឈរ​សើច»

ទោះ​យ៉ាង​ណា ភាគី​ជម្លោះ​ម្ខាង​ទៀត​នៅ​តែ​អះអាង​ថា គេ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ផង និង​ប្ដឹង​តុលាការ​ផង ដើម្បី​ការពារ​ដីធ្លី​របស់​ម្ដាយ​ដែល​បាន​ប្រគល់​ឱ្យ​កូនៗ​កាន់​កាប់​បន្ត​នៅ​មុន​ពេល​ដែល​គាត់​ស្លាប់។

ស្ត្រី​ឈ្មោះ ស៊ឹង សុធី ជា​តំណាង​ឱ្យ​ភាគី​ដែល​ប្ដឹង​ទៅ​តុលាការ ដើម្បី​សុំ​ដីកា​រក្សា​ការពារ​លើ​ដី​ច្រក​ផ្លូវ​ចេញ​ចូល​នោះ។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា ម្ដាយ​ក្មេក​របស់​អ្នកស្រី​ឈ្មោះ មាស អាត់ បាន​ទៅ​រស់​នៅ​លើ​ដី​ទំហំ ១០​គុណ​នឹង ១៥​ម៉ែត្រ ដែល​កំពុង​មាន​ទំនាស់​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨៥-១៩៨៦។ អ្នកស្រី ស៊ឹង សុធី បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨៩ គឺ​ម្ដាយ​ក្មេក​របស់​អ្នកស្រី​បាន​ទៅ​ធ្វើ​បង្កាន់​ដៃ​កាន់​កាប់​ដី​នោះ។ អ្នកស្រី​យល់​ថា កាល​ពី​សម័យ​រដ្ឋ​កម្ពុជា បើ​អ្នក​ណា​រស់​នៅ​លើ​ដី​ណា ហើយ​មាន​បង្កាន់​ដៃ គឺ​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ដី​នោះ៖ «បើ​គាត់​នៅ​រហូត​មក​ដល់​បច្ចុប្បន្ន​ហ្នឹង។ ពេល​ដែល​គាត់​ស្លាប់​ទៅ ស្រាប់​តែ​មាន​អ្នក​នៅ​ខាង​ក្រោយ គាត់​យក​រោង​យក​អី​មក​ធ្វើ​លើ​ដី​យើង​កាត់​ពាក់​កណ្ដាល​ហ្នឹង​ទៅ។ ហើយ​ខ្ញុំ​ក៏​ហៅ​គាត់​ទៅ​ភូមិ​ឃុំ ប្រាប់​គាត់​ឱ្យ​រើ​ដែរ តែ​គាត់​មិន​រើ រហូត​ដល់​គេ​ហៅ​គាត់​ទៅ​សម្រួល​ចុង​ក្រោយ​ហ្នឹង គឺ​គាត់​អត់​ព្រម។ ដល់​គាត់​អត់​ព្រម​រើ​ហើយ គឺ​គាត់​ដាក់​ពាក្យ​ប្ដឹង​ខ្ញុំ​ទៀត។ ដល់​អ៊ីចឹង ខ្ញុំ​ទៅ​សួរ​តុលាការ​ទៅ​ក៏​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​ថា​គាត់​បាន​ធ្វើ​លើ​ដី​យើង»

ទោះ​យ៉ាង​ណា សាក្សី​ខ្លះ​បាន​សុខ​ចិត្ត​ចេញ​មុខ​សម្ដែង​ការ​អាណិត​អាសូរ​ដល់​គ្រួសារ លោក អ៊ូ ជឿន ដោយ​ចាត់​ទុក​ជា​អ្នក​រងគ្រោះ ពីព្រោះ​តែ​ចិត្ត​ល្អ និង​យក​អាសា​អ្នក​ដទៃ។

អ្នក​ជិត​ខាង លោក អ៊ូ ជឿន ជា​យូរ​មក​ហើយ គឺ​អ្នកស្រី ពេជ្រ ណារិន បាន​មាន​ប្រសាសន៍​ថា ដី​ដែល​កំពុង​មាន​ទំនាស់​នេះ បើ​តាម​អ្នកស្រី​ដឹង គឺ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ អ៊ូ ជឿន ដែល​កាន់​កាប់​ដោយ​សុចរិត​ជា​យូរ​មក​ហើយ៖ «ឈ្មោះ ជឿន នេះ គេ​នៅ​មុន​គេ តែ​ក្រោយ​មក​បាន​ឃើញ​យាយ អាត់ មក​នៅ​ត្រង់​ហ្នឹង ដែល​យើង​ស្គាល់​គ្នា ជា​ជាង​នេះ​ទៅ​បាន​អ៊ូអរ​ជា​ញាតិ ជា​មិត្ត​អី​អ៊ីចឹង។ វា​មិន​យុត្តិធម៌​ទេ គឺ​សំឡេង និង​សម្រែក​យំ​ឱ្យ​រក​យុត្តិធម៌​នេះ គឺ​វា​ច្រើន​តែ​ខុស​ថា​ត្រូវ ឯ​ត្រូវ​ថា ខុស! ពិបាក​អ៊ីចឹង ហើយ​គ្នា​អ្នក​ក្រីក្រ​អ្នក​ទន់​ទាប គ្នា​មាន​អ្វី? យ៉ាប់​ណាស់! សម័យ​នេះ ក៏ប៉ុន្តែ​សម្ដេច​តេជោ ក៏​គាត់​កំពុង​តែ​រក​មុខ​ដែរ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា កន្លង​ទៅ ភាគី អ្នកស្រី ស៊ឹង សុធី ធ្លាប់​បាន​ប្រើ​អំណាច​ខ្លួន​ឯង ដោយ​នាំ​កម្មករ​ចំនួន ២០​នាក់ ប្រដាប់​ដោយ​ពូថៅ ញញួរ និង​ដែកគាស់ ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​របស់ លោក អ៊ូ ជឿន ដើម្បី​រុះរើ​របា​របង​ដែល​កំណត់​ព្រំដែន​នៃ​ផ្លូវ​ចេញ​ចូល​នោះ​ម្ដង​មក​ហើយ។

ក្រុម​គ្រួសារ លោក អ៊ូ ជឿន និង​សាក្សី​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា ចំពោះ​ការ​ប្រើ​អំណាច​ទៅ​រុះរើ​របង​កំណត់​ព្រំដែន​ផ្លូវ​ចេញ​ចូល​នោះ គឺ​គេ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប ម្ដង​មក​ហើយ តែ​គេ​មិន​ឃើញ​តុលាការ​មាន​ចំណាត់​ការ​អ្វី​នៅ​ឡើយ។ ដោយ​ឡែក ចំពោះ​ភាគី អ្នកស្រី ស៊ឹង សុធី និង​ប្ដី​ឈ្មោះ ហង្ស សុវណ្ណា ដែល​ដាក់​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ស្នើសុំ​ដីកា​រក្សា​ការពារ​ដី​នោះ​វិញ គឺ​តុលាការ​បែរ​ជា​មាន​ចំណាត់​ការ​ឆាប់​រហ័ស។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា កន្លង​ទៅ ចៅក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក ឈុន ច័ន្ទសីហា បាន​ចេញ​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន​មួយ ដោយ​សម្រេច​ឱ្យ ឈ្មោះ អ៊ូ ជឿន រុះរើ​របង​ឈើ​ក្រាក់ និង​រោង​ប្រក់​ស័ង្កសី ដែល​មាន​ទីតាំង​នៅ​ចន្លោះ​កណ្ដាល​ដី​ឡូត៍​ចេញ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន ដើម្បី​អនុវត្ត​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន​នោះ ក៏ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​បន្ទាប់​ពី​សមាជិក​ក្រុម​គ្រួសារ​របស់ លោក អ៊ូ ជឿន ជាច្រើន​បាន​ប្រតិកម្ម ព្រម​ទាំង​មាន​ស្ត្រី​ខ្លះ​បម្រុង​គាំង​បេះដូង​សន្លប់​ផង​នោះ។

«សំឡេង»

ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សុខ កែវបណ្ឌិត បាន​មាន​ប្រសាសន៍​ថា លោក​បាន​សម្រេច​ផ្អាក​ការ​អនុវត្ត​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន​នេះ ដោយ​យោល​ទៅ​លើ​ភាគី​ម្ខាង​ទើប​តែ​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​តែ ១​ថ្ងៃ នៅ​មុន​ពេល​អនុវត្ត។

ចំណែក​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បាន​ហៅ​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​តុលាការ​នោះ​ថា មាន​ភាព​មិន​ប្រក្រតី។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា តុលាការ​ដែល​ចេញ​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន​នេះ គឺ​មាន​លក្ខណៈ​មិន​ត្រឹមត្រូវ ដោយសារ​ការ​ចេញ​ដីកា​មាន​លក្ខណៈ​រហ័ស​ពេក គឺ​យក​ទៅ​ឱ្យ​ភាគី​ម្ខាង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ហើយ​ចុះ​ទៅ​អនុវត្ត​នៅ​ថ្ងៃ​ទី​២២។ លោក សួស ណារិន បាន​រិះគន់​ថា តុលាការ​គួរ​តែ​កែប្រែ​នីតិវិធី​របៀប​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​អនុវត្ត​ដូច្នេះ​នៅ​ទូទាំង​ប្រទេស៖ «ជា​អង្គការ​សង្គម​ស៊ីវិល ខ្ញុំ​គិត​ថា គួរ​តែ​ចៅក្រម​ដែល​កាន់​រឿង​ក្តី​រដ្ឋប្បវេណី​ហ្នឹង​ឈាន​ទៅ​ដល់​អង្គ​សេចក្តី ដែល​ចេញ​ជា​សាលក្រម​រក​ឱ្យ​ឃើញ​ថា នរណា​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​សិន ចាំ​អនុវត្ត​ទៅ​លើ​សាលក្រម​រុះរើ ដើម្បី​ប្រគល់​ឱ្យ​ទៅ​ភាគី​ណា​មួយ។ តែ​រឿង​នេះ​អត់​ទាន់​មាន​សវនាការ​ទេ គ្រាន់​តែ​បាន​កោះ​ហៅ​គាត់​ទៅ​សាកសួរ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នេះ ហើយ​ក៏​ចេញ​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន ធ្វើ​ឱ្យ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ក្នុង​ការ​អនុវត្ត​ដីកា​បណ្ដោះ​អាសន្ន​នេះ»

អង្គការ​សង្គម​ស៊ីវិល បាន​ចាត់​ទុក​ថា នេះ​ជា​កំហុស​នីតិវិធី​របស់​តុលាការ ហើយ​គេ​នឹង​ផ្ដល់​មេធាវី​ដើម្បី​ជួយ​ការពារ​ផ្លូវ​ច្បាប់​ដល់​ក្រុម​គ្រួសារ លោក អ៊ូ ជឿន ជុំវិញ​រឿង​ទំនាស់​ដីធ្លី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

KOMSOT

ពី SVAY RIENG

និយាយអោយចំទៅមិនមែនតុលាការតាមខែត្រមួយចំនួនមិន
ឯករាជ្យនោះទេ គឺទូរទាំងប្រទេសតែម្ដងសូមប្រជាជនទូរទាំង
សកលលោកជ្រាប៕





Nov 23, 2013 08:51 PM

KOMSOT

ពី SVAY RIENG

និយាយអោយចំទៅមិនមែនតុលាការតាមខែត្រមួយចំនួនមិន
ឯករាជ្យនោះទេ គឺទូរទាំងប្រទេសតែម្ដងសូមប្រជាជនទូរទាំង
សកលលោកជ្រាប៕





Nov 23, 2013 08:49 PM

KOMSOT

ពី SVAY RIENG

និយាយអោយចំទៅមិនមែនតុលាការតាមខែត្រមួយចំនួនមិន
ឯករាជ្យនោះទេ គឺទូរទាំងប្រទេសតែម្ដងសូមប្រជាជនទូរទាំង
សកលលោកជ្រាប៕





Nov 23, 2013 08:48 PM

អ្នក​អាន​អនាមិក

តើហ៊ុន សែនមានភ្ញាក់ខ្លួនខ្លះនៅ នៅពេលធ្លាក់សន្លឹកឆ្នោតរហូតដល់ ២២កៅអីនោះ? រឿងតុលាការអយុតិធម៌នេះ គឺគ្រាន់តែជាមូលហេតុមួយនៃការធ្លាក់សន្លឹកឆ្នោតប៉ុណ្ណោះ។ ខ្ញុំសូមជម្រាបថា គ្រប់តុលាការហ៊ុន សែនទាំងអស់ មានលុយ ទើបមានយុតិធម៌។ បើគ្មានលុយទេ មិនបានចំណាយលុយទៅតុលាការទេ នាំតែរឹតតែក្រ។ របបអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រខ្មែរ គឺរបបហ៊ុន សែននេះឯង។

Nov 23, 2013 08:18 PM

ឈាមស្រែកស្បែកហៅ

ពី ឡូវ៉ែល ម៉ាស្សាឈូស្សេត

សួរថាតុលាការចោរ របស់រាជ្ជកាលសែននេះតើដូចរាជ្ជកាលតាមុខខ្មៅ
ប៉ាវ ឈិន ដែរឬទេ? ចម្លើយថាទេកាលណោះស្តេចចិនចង់បំបាត់ពួកពុករលួយ
ក្នុងជួរតុលាការឲ្យស្អាតស្អំ គឺដើម្បីជាតិ ចុះសព្វថ្ងៃនេះមានជាតិខ្មែរដែរ ?ជាតិ សាសនា ព្រះមហាក្ស័ត្រ= ជាតិនៅក្នុងដៃយួន សាសនាក៏យួនត្រួតត្រា ព្រះមហាក្សត្រគ្មានអំណាច តើដូច
ចិនដែរ សូមបងប្អូនពីចារណា ទោះជាស្រែកដល់ស្លាប់ខ្លួនទៀតក៏អត់ប្រយោជន៏ដែរគឺមាន
ក្រោកឈរឡើងរួមគ្នាប្រឆាំងនិងបនកញ្ជះយួនទេទើបមានតុលាការយុត្តិធម៌៕

Nov 23, 2013 11:51 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល