តុលាការ​កំពូល​សម្រេច​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា

អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់ ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ នៅ​ម៉ោង​ជាង ៦​ល្ងាច​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។
ដោយ សេក បណ្ឌិត
2013-11-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ថ្លែង​ទៅ​កាន់​អ្នក​ភូមិ និង​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ថ្លែង​ទៅ​កាន់​អ្នក​ភូមិ និង​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Uon Chhin

ក្នុង​ឱកាស​នោះ មាន​ប្រជាពលរដ្ឋ​ជាច្រើន ជា​ពិសេស​អ្នក​បឹងកក់ និង​អ្នក​មក​ពី​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ដទៃ​ទៀត មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ទៅ​ទទួល​ស្វាគមន៍ ព្រម​ទាំង​បាន​ច្រៀង​រាំ​សប្បាយ​រីករាយ​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ផង។

ក្រោយ​ពី​បាន​ចេញ​ពី​ពន្ធនាគារ​ភ្លាម អ្នកស្រី យ៉ោម បុប្ផា បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត ដែល​ខ្លួន​ទទួល​បាន​សេរីភាព​ឡើង​វិញ ប៉ុន្តែ​អ្នកស្រី​ថ្លែង​ដោយ​ក្តី​កង្វល់​ថា គាត់​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ និង​សេរីភាព​ពេញ​លេញ​ឡើយ ដោយសារ​តុលាការ​ពុំ​ទាន់​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​គាត់​នៅ​ឡើយ។

អ្នកស្រី​បន្ត​ថា ការ​ដែល​អ្នកស្រី​បាន​រួច​ផុត​ពី​ពន្ធនាគារ​នៅ​ពេល​នេះ គឺ​ដោយសារ​កម្លាំង​សាមគ្គី​គ្នា​ទាំង​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​បាន​រួម​គ្នា​ធ្វើ​ការ​តស៊ូ​មតិ​យ៉ាង​ស្វិតស្វាញ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​អ្នកស្រី​ផ្ទាល់ និង​ក្រុម​គ្រួសារ​គាត់​រហូត​បាន​ជោគជ័យ។

អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​កំពូល ដើម្បី​ជំនុំ​ជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Morm Moniroth
អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​កំពូល ដើម្បី​ជំនុំ​ជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Morm Moniroth

អ្នកស្រី យ៉ោម បុប្ផា បាន​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ឲ្យ​មាន​ទោស ៣​ឆ្នាំ ហើយ​ក្រោយ​មក​ត្រូវ​សាលា​ឧទ្ធរណ៍​សម្រេច​បន្ធូរបន្ថយ​ទោស​ឲ្យ​មក​ជាប់​ទោស ២​ឆ្នាំ​វិញ ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​មួយ​នៅ​ក្នុង​ភូមិ៕

អ្នកស្រី យ៉ោម បុប្ផា៖ សេរីភាព​រស់​ក្នុង​ភាព​ភ័យ​ខ្លាច

ដោយ ម៉ម មុនីរតន៍

នៅ​ថ្ងៃ​សុក្រ​ទី​២២ ខែ​វិច្ឆិកា តុលាការ​កំពូល​ដែល​ជា​តុលាការ​ជាន់​ខ្ពស់ បាន​សម្រេច​ដោះ​លែង​ស្ត្រី​ដែល​ជា​សកម្មជន​ដីធ្លី និង​ស្វាមី នៅ​តំបន់​បឹងកក់ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ ឲ្យ​មាន​សេរីភាព​បណ្ដោះ​អាសន្ន បន្ទាប់​ពី​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ។

ចំណែក​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​នេះ ចាត់​ទុក​ថា ការ​សម្រេច​ក្ដី​របស់​តុលាការ​កំពូល​នៅ​ពេល​នេះ មិន​មាន​ភាព​យុត្តិធម៌​ឡើយ។

បន្ទាប់​ពី​ជំនុំ​ជម្រះ​ក្ដី​អស់​ជាច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​ស្ត្រី​បឹងកក់ និង​ស្វាមី ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ប៉ុន្តែ​បាន​បង្វែរ​សំណុំ​រឿង​នេះ​ឲ្យ​សាលា​ឧទ្ធរណ៍ បន្ត​នីតិវិធី​ជំនុំ​ជម្រះ​ឡើង​វិញ ក្រោយ​ពី​រក​ឃើញ​ថា សភា​សាកសួរ​នៃ​តុលាការ​ថ្នាក់​កណ្ដាល​សម្រេច​ក្ដី​នៅ​មាន​មន្ទិល​សង្ស័យ និង​ពុំ​មាន​សំណុំ​រឿង​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល លោក ឃឹម ប៉ុន បាន​សម្រេច​ដាក់​ឲ្យ អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី គឺ​លោក លួស សាខន ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ ប៉ុន្តែ​បាន​ដាក់​កម្រិត​ឲ្យ​បន្ត​តាម​ចាប់​ខ្លួន​ឈ្មោះ យ៉ោម កន្លង់ ហៅ ឡុង និង​ឈ្មោះ យ៉ោម ពិសិដ្ឋ ត្រូវ​ជា​ប្អូន​របស់ អ្នកស្រី យ៉ោម បុប្ផា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្ក​ហិង្សា កាល​ពី​ខែ​សីហា ឆ្នាំ​២០១២។

ក្រោយ​ចេញ​ពី​អង្គ​សវនាការ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា សកម្មជន​ដីធ្លី​បឹងកក់ គឺ​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​ដឹង​ថា បើ​ទោះ​ជា​តុលាការ​សម្រេច​នៅ​ពេល​នេះ​ឲ្យ​មាន​សេរីភាព​ក៏ដោយ​ចុះ ក៏​សេរីភាព​នេះ គឺ​ជា​សេរីភាព​ដាក់​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ជាប់​ទោស​នៅ​ឡើយ។ អ្នកស្រី​គិត​ថា មិន​ខុស​អ្វី​ទៅ​នឹង​សំណុំ​រឿង​របស់ លោក ប៊ន សំណាង និង​លោក សុខ សំអឿន ទេ។ ស្ថិត​ក្នុង​វ័យ ៣០​ឆ្នាំ អ្នកស្រី យ៉ោម បុប្ផា ឲ្យ​ដឹង​ទៀត​ថា សេរីភាព​ដែល​ត្រូវ​បាន​ផ្ដល់​នេះ គឺ​ជា​សេរីភាព​រស់​ក្នុង​ភាព​ភ័យ​ខ្លាច និង​តក់ស្លុត ព្រោះ​ថា​អ្នកស្រី​គឺ​ជា​សកម្មជន​តវ៉ា​ក្នុង​រឿង​ដីធ្លី។ ហេតុ​នេះ ក្នុង​ករណី​ណា​មួយ អ្នកស្រី​ងើប​តវ៉ា​ឡើង​វិញ​ប្រឆាំង​នឹង​សិទ្ធិ​រស់​នៅ​សមរម្យ អាច​ងាយ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត៖ «ដោះ​លែង​ហើយ​អាច​ចាប់​មក​វិញ ពីព្រោះ​ខ្ញុំ​អ្នក​ទាមទារ អ្នក​តស៊ូ​មតិ។ ថ្ងៃ​ណា​គេ​ចង់​ចាប់​មក​វិញ​ក៏​បាន​ដែរ។ អ៊ីចឹង ខ្ញុំ​នៅ​តែ​បារម្ភ។ ខ្ញុំ​អស់​សង្ឃឹម ពីព្រោះ​ខ្ញុំ​មិន​ត្រូវ​បាន​លុប​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង គឺ​ខ្ញុំ​អស់​សង្ឃឹម​រឿង​នៅ​មិន​ទាន់​ចប់ ចំពោះ​ខ្ញុំ​នៅ​ឡើយ​ទេ»

ចំណែក​ស្វាមី​របស់ អ្នកស្រី យ៉ោម បុប្ផា គឺ​លោក លួស សាខន គិត​ថា ថ្វី​ត្បិត​នៅ​ពេល​នេះ​តុលាការ​សម្រេច​ឲ្យ​គ្រួសារ​របស់​លោក​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ​ក្ដី ក៏​សេរីភាព​នេះ​នៅ​បន្ត​រឹតត្បិត និង​ចង្អៀត​សម្រាប់​លោក​នៅ​ឡើយ​ដែរ។

នៅ​ខាង​ក្រៅ​បរិវេណ​របង​តុលាការ​ឯណេះ​វិញ ប្រជាពលរដ្ឋ​រាប់​រយ​នាក់ រួម​មាន​ព្រះសង្ឃ​ផង បាន​ដង្ហែ​ជា​ក្បួន​ជុំវិញ​តុលាការ​កំពូល ហើយ​ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង អ្នកស្រី យ៉ោម បុប្ផា ដោយ​គ្មាន​លក្ខខណ្ឌ។ ចំណែក​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេ​វិញ មាន​លាប​ពណ៌​ខ្មៅ និង​ពណ៌​ស ដោយ​សរសេរ​អក្សរ​ថា ដោះ​លែង យ៉ោម បុប្ផា ថែម​ទៀត។

ដោយ​ឡែក លោក វ៉ាត សារ៉ាត់ តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ជា​ឪពុក និង​ជា​ឪពុកមា​របស់​ឈ្មោះ វ៉ាត ថៃសេង និង​ឈ្មោះ ង៉ែត ចិត្ត ថ្លែង​ថា ការ​សម្រេច​ក្ដី​របស់​តុលាការ​កំពូល​នេះ គឺ​លោក​ពុំ​អាច​ទទួល​យក​បាន​ឡើយ។ លោក​ចាត់​ទុក​ថា ព្រោះ​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស បែរ​ជា​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ទៅ​វិញ។ លោក​បន្ត​ថា បើ​ការ​សម្រេច​ក្តី​លើក​ក្រោយ​របស់​សាលា​ឧទ្ធរណ៍ នៅ​តែ​បន្ត​ឲ្យ​លោក​ចាញ់​ក្តី​ទៀត នឹង​បន្ត​សំណុំ​រឿង​នេះ​ប្រឆាំង​ការ​សម្រេច​តុលាការ​ជា​ថ្មី​ឡើង​វិញ៖ «ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា បណ្ដោះ​អាសន្ន​នេះ​ជា​រឿង​នីតិវិធី​របស់​តុលាការ ក៏ប៉ុន្តែ​ចំពោះ​ខ្ញុំ​ជា​ឪពុក​ជន​រងគ្រោះ វា​មិន​អាច​អស់​ចិត្ត​សោះ និង​អយុត្តិធម៌​ដល់​ជន​រងគ្រោះ»

អ្នកស្រី យ៉ោម បុប្ផា ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២។ ក្រោយ​មក សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​អ្នកស្រី ស្វាមី និង​ប្អូន​ប្រុស​ពីរ​នាក់​ទៀត ឲ្យ​មាន​ទោស​ក្នុង​ម្នាក់ៗ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប ៦០​លាន​រៀល ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់​ទោស។ ប៉ុន្តែ ក្រោយ​មក​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​កែ​បទ​ចោទ​ទៅ​ជា​បទ​ផ្ដើម​គំនិត​បង្ក​ហិង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​កាត់​តម្រឹម​ទោស​ឲ្យ​នៅ​ត្រឹម ២​ឆ្នាំ និង​បង់​ប្រាក់​ឲ្យ​ជន​រងគ្រោះ​សរុប ២០​លាន​រៀល​វិញ។

ការ​ជំនុំ​ជម្រះ​ក្រោម​ការ​ឃ្លាំ​មើល​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ជាច្រើន​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ។ ដោយ​ឡែក​មេធាវី​ការពារ​ក្តី​របស់​អង្គការ​លីកាដូ (Licadho) ដែល​ការពារ​ឲ្យ អ្នកស្រី យ៉ោម បុប្ផា គឺ​លោក ហម ស៊ុនរិទ្ធ បង្ហាញ​ការ​ព្រួយ​បារម្ភ​ក្រោយ​សវនាការ​ថា បើ​សំណុំ​រឿង​នេះ​នៅ​តែ​បន្ត​ជាប់​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ ដូច្នេះ​រឿង​ក្តី​ព្រហ្មទណ្ឌ​នេះ​ទំនង​អាច​មាន​ការ​ប្រែប្រួល។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​ពី​មេធាវី​ដើម​បណ្ដឹង លោក សៀង ហៃ ក្រោយ​ពី​ជំនុំ​ជម្រះ​ក្តី​រួច​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។

ទាំង លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ និង​លោក ណៃ វង្សដា មន្ត្រី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ដែល​ចុះ​អង្កេត​សវនាការ​យល់​ឃើញ​ថា នេះ​ជា​របៀប ឬ​វិធី​បោះ​បាល់​របស់​តុលាការ​ប៉ុណ្ណោះ។ មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​នេះ​គិត​ថា អ្នកស្រី យ៉ោម បុប្ផា គប្បី​លើក​លែង​ការ​ចោទ​ប្រកាន់ ព្រោះ​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​តាំង​ពី​ដើម​ដល់​ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (14)
Share

អ្នក​អាន​អនាមិក

តុលាការខ្មែរអែណាហ៊ានជាមួយអូនសែន!សូម្បីតែស្តេចឬជី
ដូនជីតាស្តេចក៍រាបដូចកន្ទេលដែរ!!ដូចនេះមានតែកម្លាំង
សាមគីរបស់រាស្ត្រទេដែលអាចរំលំនឹងជីកទាំងឬសបាន!!!
យើងទាំងអស់គ្នាកុំបោះបង់នូវការតស៊ូនេះឡើយ!ព្រោះពី
ភពជនកំពុងរកមធ្យោបាយជួយយើង!

Nov 22, 2013 11:40 PM

អ្នក​អាន​អនាមិក

DON'T GET EXCITING,THE JUDGE WAIT FOR ORDER FROM HUN SEN WEATHER TO DROP THE CHARGE OR TO BRING BACK TO JAIL.

Nov 22, 2013 10:21 PM

dara

ពី new york

so why she was happy
when she out from the jail.
she was said to who help her out from
the jail
why she was happy so much
not that way to do
I thing she will be back to jail

Nov 22, 2013 09:27 PM

អ្នក​អាន​អនាមិក

សូមអបអរសាទរអ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានដោះលែងថ្វីបើនោះមិនទាន់ជាសេរីភាពពេញលេញក៏ដោយ។ ដំណោះស្រាយរបស់តុលាការនោះវាមិនមែនជាការស្វែងរកនូវសុចរិតភាពនិងយុត្តិធម៌ជូនអ្នកស្រី យ៉ោម បុប្ផា ទេ តែវាគឺគ្រាន់ជាឧបករណ៍នយោបាយប៉ុណ្ណោះ។

Nov 22, 2013 08:51 PM

កូនខ្មែរ

ពី ភព

ការឃុំឃាំងមនុស្សឥតទោសយ៉ាងនេះ សុំសួរថាតើអស់លោកតុលា
ការទាំងនោះគួរតែមានទោសដែរឬទេ?ហើយជនរងគ្រោះគួរតែទទួល
បាននូវជម្ងឺចិត្តដែររទេ?។

Nov 22, 2013 04:24 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល