អគ្គលេខាធិការរងសហជីពសេរីកម្មករ លោក ថន ថុល មានប្រសាសន៍ថា មន្ត្រីសហជីព ២រូប ប្រចាំរោងចក្រ សាប្រ៊ីណា គឺលោក ជា សាត់ឡា ជាលេខាធិការសហជីព និងលោក ឡាយ សំបូរ ជាសកម្មជនសហជីពប្រចាំរោងចក្រ បានចូលខ្លួនឆ្លើយបំភ្លឺតាមការកោះរបស់តុលាការ នៅថ្ងៃទី១៨ ខែកញ្ញា៖ «សាកសួរអំពីការធ្វើបាតុកម្មកូដកម្មកាលពីថ្ងៃទី២១ រហូតមកដល់មានការប្រើអំពើហិង្សា ហើយបន្ទាប់មក ខាងតុលាការបានចេញដីកាសម្រេចដាក់ជនទាំងពីរហ្នឹង ត្រូវចោទឲ្យជាប់កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវរបស់តុលាការ»។
មន្រ្តីសហជីព ២រូប ប្រចាំរោងចក្រ សាប្រ៊ីណា មិនត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារទេ ប៉ុន្តែត្រូវចោទឲ្យជាប់កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។
តុលាការខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនថ្នាក់ដឹកនាំសហជីពសេរីកម្មករ ៨នាក់ ដាក់ក្នុងពន្ធនាគារខេត្ត ក្រោមបទចោទចំនួន២ គឺទី១ ផ្ដើមគំនិតឲ្យមានអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងទី២ ផ្ដើមគំនិតធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌថ្មី។
ការឃុំខ្លួននេះ គឺបន្ទាប់ពីផ្ទុះហិង្សាកើតឡើងដែលមានកម្មករជិត ២ពាន់នាក់ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ១៤ដុល្លារបន្ថែម កាលពីថ្ងៃទី៣ ខែមិថុនា។ កូដកម្មនោះបានឈានទៅដល់ការប្រើអំពើហិង្សា ធ្វើឲ្យកម្មការិនីរោងចក្រ ២នាក់ រលូតកូន និងកម្មករច្រើនទៀតរងរបួស៕