តុលាការ​ភ្នំពេញ​ចោទ​ប្រកាន់​កម្មករ​៥​នាក់​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ដែក​ត្រូវ​មនុស្ស​ស្លាប់

ដោយ កែវ និមល
2014-11-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជាង​រៀប​ចំ​ដោះ​ព្រះ​ឆាយាល័ក្ខណ៍​​អតីត​ព្រះមហាក្សត្រ​ចេញ​​ពី​ក្លោង​ទ្វារ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៤។
ជាង​រៀប​ចំ​ដោះ​ព្រះ​ឆាយាល័ក្ខណ៍​​អតីត​ព្រះមហាក្សត្រ​ចេញ​​ពី​ក្លោង​ទ្វារ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៤។
RFA/ Vohar Cheath

ចៅក្រម​តុលាការ​ភ្នំពេញ ចោទ​ប្រកាន់​កម្មករ​សំណង់​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ទាក់ទង​ការ​ធ្លាក់​ដែក​ពី​ទី​ខ្ពស់ បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដំណើរ​មួយ​រូប។ ក្រៅ​ពី​ផ្ដន្ទាទោស​កម្មករ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សម្រេច​ផ្អាក​សកម្មភាព​ការដ្ឋាន​សំណង់​អគារ​ក្រុមហ៊ុន​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ។

កម្មករ​សំណង់​ចំនួន ៥​នាក់ ដែល​សាងសង់​សំណង់​អគារ អូឡាំព្យា ស៊ីធី (Olympia City) ឲ្យ​ក្រុមហ៊ុន អូស៊ីអាយស៊ី នៅ​ជិត​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ត្រូវ​ចៅក្រម​តុលាការ​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា។

ព្រះរាជអាជ្ញា​រង​តុលាការ​រាជធានី​ភ្នំពេញ លោក កែវ សុជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ថា ទោះ​បី​ជា​គ្រួសារ​ជន​រងគ្រោះ​បាន​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​វិញ​ក៏ដោយ ក៏​តុលាការ​នៅ​តែ​ធ្វើ​ការ​ចោទ​ប្រកាន់​ដែរ ពីព្រោះ​អំពើ​នោះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់៖ «មាន​អំពើ​មួយ​ហើយ បើ​យើង​មិន​ចោទ​ប្រកាន់ ចុះ​បើ​មាន បើ​សិន​សង​ជន​រងគ្រោះ​ទៅ​រួច​ខ្លួន​ទាំងអស់​នោះ មិន​បាច់​ទេ​សង្គម​យើង មិន​វឹកវរ​ទៅ​ហើយ​ទេ? ឧទាហរណ៍​មាន​ចេតនា​សម្លាប់​មនុស្ស សម្លាប់​ហើយ​យក​លុយ​ទៅ​សង​គេ ចប់​ហើយ។ មិន​អ៊ីចឹង​ទេ​ច្បាប់ គឺ​បញ្ញត្តិ​អំពី​អំពើ​មួយ​ដែល​ក្លាយ​ជា​បទ​ព្រហ្មទណ្ឌ ហើយ​ត្រូវ​មាន​ទោស​ទទួល​ខុស​ត្រូវ​ពី​បទ​ព្រហ្មទណ្ឌ​ហើយ។ ចំពោះ​សំណង​ស៊ីវិល​ផ្សេង»

ក្រម​ព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា មាត្រា​២០៧ ទាក់ទង​បទ​មនុស្ស​ឃាត​ដោយ​អចេតនា បាន​ចែង​ថា បទ​មនុស្ស​ឃាត​ដោយ​អចេតនា គឺ​ជា​អំពើ​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ដោយ​ការ​ធ្វេសប្រហែស ការ​មិន​ប្រុង​ប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា ការ​បំពាន​លើ​កាតព្វកិច្ច សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុង​ប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ បទ​មនុស្ស​ឃាត​ដោយ​អចេតនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ៦​លាន​រៀល។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ វិច្ឆិកា នៅ​ចំណុច​ការដ្ឋាន​សំណង់​អគារ​អូឡាំព្យា​ស៊ីធី នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា មាន​ដែក​ប្រវែង ២​ម៉ែត្រ បាន​ធ្លាក់​ពី​លើ​សំណង់​អគារ​កំពុង​សាងសង់ បណ្ដាល​ឲ្យ​ចំ​ក្បាល​អ្នក​ដំណើរ​មួយ​រូប​ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​កូន បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច។ ស្ត្រី​រងគ្រោះ​ឈ្មោះ ប៊ុត វណ្ណី អាយុ ៤២​ឆ្នាំ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ភ្នំពេញ។ ក្រោយ​ពេល​សាច់ញាតិ​ស្លាប់ គ្រួសារ​សព បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ភ្នំពេញ សុំ​ឲ្យ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្តិ និង​សង​ការ​ខូចខាត និង​ជំងឺ​ចិត្ត។ ប៉ុន្តែ គ្រួសារ​សព បាន​ដក​ពាក្យ​ប្ដឹង​វិញ ក្រោយ​ពី​បាន​ទទួល​សំណង​ជា​ប្រាក់​មួយ​ចំនួន។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា អគ្គស្នងការ​ប៉ូលិស​ជាតិ លោក នេត សាវឿន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្តិ​បទល្មើស និង​អ្នក​ពាក់ព័ន្ធ មក​ផ្ដន្ទាទោស​តាម​ច្បាប់។ អាជ្ញាធរ​ប៉ូលិស បាន​ចាប់​ខ្លួន​មនុស្ស ៧​នាក់​មក​សាកសួរ តែ​ក្រោយ​មក​បាន​ដោះ​លែង ២​នាក់​ទៅ​វិញ និង​បាន​បញ្ជូន ៥​នាក់​ទៅ​ឲ្យ​ចៅក្រម​តុលាការ​សាកសួរ និង​ចោទ​ប្រកាន់។

កម្មករ​សំណង់​ទាំង ៥​នាក់ ដែល​ត្រូវ​ចោទ​ប្រកាន់​នោះ​មាន​ឈ្មោះ ចែម ឈុន ចែម ថើត លន់ សំអុល ឃួន វិជ្ជា និង សូ សាវ៉ៃ។ បច្ចុប្បន្ន អ្នក​ទាំង​៥ ត្រូវ​ឃុំ​ខ្លួន។

ក្រោយ​ពី​មាន​ហេតុការណ៍​ធ្លាក់​ដែក​ចំ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្លាប់​មក មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រកាស​ផ្អាក​សកម្មភាព​ការដ្ឋាន​សំណង់​នោះ​មួយ​រយៈ ដើម្បី​ស្រាវជ្រាវ​អំពី​មូលហេតុ​បណ្ដាល​ឲ្យ​មាន​ដែក​ធ្លាក់​មាន​គ្រោះថ្នាក់​នោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ។

ប៉ុន្តែ លោក ឡៅ ទិព្ធសីហា អគ្គនាយក​រង​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ប្រសាសន៍​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផ្អាក​សកម្មភាព​សំណង់​បុរី​អូឡាំព្យា​ស៊ីធី​នោះ រហូត​ដល់​ពេល​ជូន​ដំណឹង​ឡើង​វិញ ជាពិសេស ក្រុមហ៊ុន​ត្រូវ​អនុវត្ត​តាម​ច្បាប់​បទដ្ឋាន​គតិយុត្តិ ប្រុង​ប្រយ័ត្ន​គ្រោះថ្នាក់ និង​ឲ្យ​មាន​ការ​រៀបចំ​ត្រួត​ពិនិត្យ​ការដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​សិន មុន​នឹង​បន្ត​ដំណើរ​ការ​សាងសង់​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ភាគីជនរងគ្រោះដកពាក្យបណ្តឹង មកពីគេយល់ថា កម្មករ៥នាក់នោះរងគ្រោះដែរ (ម្នាក់រងគ្រោះស្លាប់ ៥នាក់រងគ្រោះជាប់គុក ឯអ្នកបញ្ជាមើលការខុសត្រូវរួចខ្លួនឆ្កុយ

Nov 18, 2014 11:48 AM

អ្នក​អាន​អនាមិក

បានប្រយោជន៍អី ធ្វើបាបតែអ្នកក្រ(កម្មករ​ បើមានស៊ីឈ្នួលគេធ្វើអី
បើចេះមិនធ្វើកម្មករទេ បានប្រាក់មួយថ្ងៃស៊ីមួយថ្ងៃហ្នឹងដល់ជាប់គុក
ងាប់ប្រពន្ធកូនឯផ្ទះ=ទីបញ្ចប់ ជក់គ្រឿងញៀន​,ហិតកាវ​,ប្លន់,លួច...សុំទាន...រើសអេតចាយលំអរទីក្រុងPPលេង)
ពួក៥នាក់នោះធ្វើតាមតែគេហ្នឹង ខុសចៅកែ និងមេការឯណោះ​ទេ ដែលបញ្ជាពួក៥នាក់ធ្វើ ឮមួយតុលាការ​ភ្នំពេញ មិនហ៊ានប៉ះ
ចៅកែ និងមេការ ឬព្រោះខ្នងគេក្រាស់(អស់អាយ៉ូសកុំជោរ)

Nov 18, 2014 11:41 AM

គេហទំព័រ​ទាំងមូល