សាលាឧទ្ធរណ៍​លើក​ពេល​សម្រេច​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ព្រះសង្ឃ​២​អង្គ

ដោយ សុ ជីវី
2014-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះតេជព្រះគុណ ថាច់ សាង និង​ព្រះតេជព្រះគុណ ឃិត វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
ព្រះតេជព្រះគុណ ថាច់ សាង និង​ព្រះតេជព្រះគុណ ឃិត វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Rann Samnang

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ សម្រេច​លើក​ពេល​ប្រកាស​សេចក្ដី​សម្រេច​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​ព្រះសង្ឃ​ពីរ​អង្គ​នៅ​វត្ត​ស្ទឹងមានជ័យ ទៅ​ដើម​ខែ​មករា ឆ្នាំ​ក្រោយ។ ការសម្រេច​នេះ​បន្ទាប់​ពី​សភា​ស៊ើបសួរ​បាន​បើក​ការ​សាកសួរ​អតីត​ព្រះ​សង្ឃ​ទាំង ២​អង្គ​រយៈពេល ១៥​នាទី។

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដែល​ដឹក​នាំ​ដោយ​ចៅក្រម សេង ស៊ីវុត្ថា ​កំណត់​យក​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៥ វេលា​ម៉ោង ៨​ព្រឹក​ជា​ពេល​វេលា​ប្រកាស​ជា​សាធារណៈ​ពី​សេចក្ដី​សម្រេច​ចំពោះ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ព្រះសង្ឃ ២អង្គ​ដែល​គង់​នៅ​វត្ត​ស្ទឹងមានជ័យ។

ព្រះតេជ​ព្រះ​គុណ ឃិត វណ្ណៈ និង ថាច់ សាង ហៅ សាង កុសល ដែល​ធ្លាប់​ជា​ព្រះសង្ឃ​គង់​នៅ​វត្ត​ស្ទឹងមានជ័យ ត្រូវ​អាជ្ញាធរ​ចាប់​ផ្សឹក​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា និង​នាំ​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​មណ្ឌល​កែប្រែ​ទី១ ឬ​គុក​ព្រៃស។ សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ព្រះសង្ឃ​ទាំង​២​អង្គ​ពី​បទ​ចូលរួម​ក្នុង​សមាគម​ទុច្ចរិត​តាម​មាត្រា​៤៩៩ នៃ​ក្រមព្រហ្មទណ្ឌ។

មេធាវី​ការពារ​ជនសង្ស័យ​គឺ​អ្នកស្រី សាម សុគន្ធា មាន​ប្រសាសន៍​ថា កូន​ក្ដី​អ្នកស្រី សំអាង​ហេតុផល​មួយ​ចំនួន​ក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ​​រួម​មាន​ព្រះអង្គ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ចំនួន​ ព្រះអង្គ​មាន​សុខភាព​ខ្សោយ​ដោយ​ឆាន់​តែ​មួយ​ពេល​ដដែល​ រួមផ្សំ​នឹង​ផ្សែង​បារី​ក្នុង​ពន្ធនាគារ ម្យ៉ាង​ព្រះអង្គ​ត្រូវ​បន្ត​ការ​សិក្សា និង​​បួស​រៀន​ធម៌​វិន័យ។ ស្របគ្នានោះ​ក៏បាន​សន្យា​ថា នឹង​មិន​ផ្លាស់ប្ដូរ​ទីលំនៅ និង​យល់ព្រម​បង្ហាញ​ខ្លួន​គ្រប់​ពេល​​តាម​ការបង្គាប់​របស់​តុលាការ។

អ្នកស្រី​សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​ពិចារណា​ចំពោះ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះ។ អ្នកស្រី​លើក​ឡើង​ថា ពុំ​មាន​ភស្តុតាង​ណា​មួយ​ដែល​អាច​ដាក់​បន្ទុក​កូន​ក្ដី​អ្នកស្រី​នៅ​ឡើយ ក្រៅ​តែ​ពី​ទង់ជាតិ និង​ទង់​សាសនា​ជាង ១០០​ទង់ ដែល​រឹបអូស​បាន​នៅ​ពេល​ចាប់ខ្លួន​ព្រះសង្ឃ​ទាំង២​អង្គ។

នៅ​ខាងក្រៅ​របង​សាលាឧទ្ធរណ៍ មាន​​ព្រះសង្ឃ សកម្មជន​ដី​ធ្លី និង​អ្នក​ការពារ​សិទ្ធិមនុស្ស​សរុប​ប្រមាណ ១០០​អង្គ និង​នាក់​ បាន​ស្រែក​ទាមទារ​អោយ​ចៅក្រម​សាលា​ឧទ្ធរណ៍​ពិចារណា​ដោះលែង​ព្រះសង្ឃ​ទាំង ២​អង្គ​អោយ​មាន​សេរីភាព និង​ត្រូវ​កាត់​សេចក្ដី​ដោយ​យុត្តិធម៌​ឯករាជ្យ។

អ្នក​គ្រប់គ្រង​​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ អាជ្ញាធរ​បាន​ធ្វើ​ខុស​នីតិវិធី​ទាំង​ការ​ចាប់​ផ្សឹក​ព្រះសង្ឃ និង​ការ​ចោទ​ប្រកាន់។ លោក អំ សំអាត ហៅ​ការ​ចោទ​ប្រកាន់​ព្រះសង្ឃ​ទាំង​២​អង្គ​ថា ពុំ​បាន​សំអាង​លើ​ភស្តុតាង ប៉ុន្តែ​ទំនង​ថា សំអាង​លើ​សកម្មភាព​ចូលរួម​តវ៉ា​របស់​ព្រះអង្គ​ក្នុង​ការ​ទាមទារ​អោយ​វៀតណាម​សុំទោស​ក្នុង​សំណុំ​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​ក្រោម​នា​ពេល​កន្លង​ទៅ។ លោក អំ សំអាត បញ្ជាក់​ថា ទង់ជាតិ ទង់​សាសនា​មិនមែន​ជា​អាវុធ​ដែល​អ្នក​ណា​ក៏អាច​ដឹក​បាន​ពុំ​គួរ​ជា​កំហុស។

កាល​ពី​ថ្ងៃ​ទី១២ ខែ វិច្ឆិកា​ព្រះ​ សង្ឃ​ទាំង​ពីរ​អង្គ​ត្រូវ​ចាប់​ព្រះកាយ​នៅ​ពេល​ដែល​ព្រះ​អង្គ​ដឹក​ការុង​មាន​ដង​ទង់​ជាតិ និង​ទង់​សាសនា សរុប​ជាង ១០០​ទង់ ដើម្បី​គាំទ្រ​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​មក​ពី​ខេត្ត​ព្រះវិហារ មក​តវ៉ា​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ចំពោះ​ការ​ចោទ​ប្រកាន់​ពី​បទ​ចូល​រួម​ក្នុង​សមាគម​ទុច្ចរិត​តាម​មាត្រា​៤៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​នេះ ព្រះសង្ឃ​ទាំង​២អង្គ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ ២​ពាន់​ដុល្លារ​អាមេរិក ប្រសិនបើ​រក​ឃើញ​កំហុស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល