យុវជន​២​នាក់​ត្រៀម​ដាក់​ពាក្យ​ប្ដឹង​ទាស់​ការ​សម្រេច​របស់​សាលា​ដំបូង

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​យុវជន ២​នាក់ ដែល​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​សមត្ថកិច្ច​ជាមួយ​កម្មករ​រោងចក្រ អែស.អិល (SL) នៅ​ស្ទឹងមានជ័យ។
ដោយ ទេព សុរ៉ាវី
2013-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ដឹក​យុវជន​ពីរ​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ក្នុង​អំពើ​ហិង្សា​នៅ​ស្ទឹងមានជ័យ ក្នុង​ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៣។
ប៉ូលិស​ដឹក​យុវជន​ពីរ​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ក្នុង​អំពើ​ហិង្សា​នៅ​ស្ទឹងមានជ័យ ក្នុង​ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Morm Moniroth

យុវជន​ទាំង​ពីរ​នាក់​ជាប់​ចោទ​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ជេរ​ប្រមាណ​អ្នក​រាជការ​សាធារណៈ និង​បទ​រារាំង​អ្នក​រាជការ​សាធារណៈ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស។

មេធាវី​ការពារ​ក្ដី​ឲ្យ​យុវជន ២​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ស្ទឹងមានជ័យ ត្រៀម​ដាក់​ពាក្យ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ជំទាស់​នឹង​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង ដែល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

លោក ជិន លីដា មេធាវី​ការពារ​ក្តី​មក​ពី​អង្គការ​លីកាដូ (Licadho) មាន​ប្រសាសន៍​ថា ទាំង​មេធាវី​និង​គ្រួសារ​របស់​យុវជន​ទាំង​ពីរ​នាក់ បាន​ព្យាយាម​សុំ​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​មាន​ការ​ធានា​ពី​គ្រួសារ​ថា ពួកគេ​នឹង​មាន​វត្តមាន​គ្រប់​ពេល ប្រសិន​បើ​ខាង​តុលាការ​ត្រូវ​ការ​មាន​ការ​ជូន​ដំណឹង​ទៅ​តុលាការ ក្នុង​ករណី​ផ្លាស់ប្ដូរ​ទីលំនៅ និង​មិន​បង្ក​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​នីតិវិធី​ស៊ើប​សួរ​របស់​ចៅក្រម។

យ៉ាង​ណា​ការ​ធានា និង​សំណើ​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គឹម រដ្ឋណារិទ្ធ បដិសេធ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ដោយ​សំអាង​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន​ថា ករណី​នេះ​ទើប​ចាប់​ផ្ដើម​ស៊ើប​អង្កេត ដូច្នេះ​មិន​អាច​ឲ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​បាន​ទេ៖ «ប្រសិន​បើ​ផ្អែក​ទៅ​លើ​យោបល់​និង​ស្ថានភាព​ខួរក្បាល វា​គួរ​តែ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សិន​ទៅ ហើយ​ចៅក្រម​ស៊ើប គាត់​អាច​ស៊ើបសួរ​បន្ត​ទៅ​ថា​តើ ៤​បទល្មើស​ហ្នឹង តើ​គាត់​ពាក់ព័ន្ធ ៤​បទល្មើស​ហ្នឹង ឬ​ក៏​ពាក់ព័ន្ធ​តែ​មួយ ឬ​ពីរ​ក្នុង​ចំណោម​បទល្មើស​ហ្នឹង? មាន​គ្រួសារ​គេ​ធានា​ប៉ុណ្ណឹង​គួរ​តែ​ឲ្យ​នៅ​ក្រៅ​ឃុំ​សិន​ទៅ»

មាស នន់ មាន​ស្មារតី​មិន​នឹងន និង​​ម្នាក់​ទៀត​ឈ្មោះ វណ្នី វណ្ណន ត្រូវ​ជាប់​ចោទ ៤​ករណី។ ទី​១ ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា ទី​២ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ទី​៣ បទ​ជេរ​ប្រមាណ​អ្នក​រាជការ​សាធារណៈ និង​​ទី​៤ ពី​បទ​រារាំង​អ្នក​រាជការ​សាធារណៈ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស។ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ស្ទឹងមានជ័យ ដែល​ពេល​នោះ​សមត្ថកិច្ច​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​រោងចក្រ អែស.អិល និង​ពលរដ្ឋ បណ្ដាល​ឲ្យ​ស្ត្រី​លក់​បាយ​ម្នាក់​ស្លាប់ និង​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​ទៀត​រង​របួស​ធ្ងន់ រហូត​អ្នក​ខ្លះ​ពិការ​មួយ​ជីវិត។ ប៉ុន្តែ​ករណី​នេះ​មិន​ឃើញ​មាន​សមត្ថកិច្ច​ណា​មួយ​ត្រូវ​ដាក់​ទោស ឬ​ចាប់​ខ្លួន​ទេ ទោះ​បី​ជា​​មាន​សាក្សី​ជា​ច្រើន​នៅ​កន្លែង​កើត​ហេតុ​មើល​ឃើញ​ថា សមត្ថកិច្ច​បាន​ប្រើប្រាស់​អាវុធ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ក៏ដោយ។

រហូត​មក​ដល់​ពេល​នេះ គណៈកម្មការ​ស៊ើប​អង្កេត​រក​ឃាតក​ពិត​របស់​ក្រសួង​មហាផ្ទៃ នៅ​មិន​ទាន់​ចាប់​ខ្លួន​នរណា​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ស្ត្រី​លក់​បាយ​ម្នាក់ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​នៅ​ឡើយ​ទេ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ករណី​នេះ មិន​ជឿ​ថា សមត្ថកិច្ច​អាច​រក​ឃាតក​ពិត​ឃើញ​ឡើយ ដោយ​គិត​ថា ជន​ដៃ​ដល់​ក្នុង​ពេល​នោះ គឺ​ជា​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​បាតុករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ដរាបណាត្រកូលហ៊ុន នៅតែមានអំណាច យុត្តធម៌មិនអាចកើតមានសំរាប់ពលរដ្ឋក្រីក្រនោះទេ!!!

Dec 03, 2013 10:17 PM

អ្នក​អាន​អនាមិក

ខ្ញុំគិតថាមនុស្សមិនអាចទះដៃម្ខាងឮទេ​ ដូច្នេះតុលាការគួរតែចាប់អ្នកបង្ករបួសស្នាមទាំងសងខាង
ដាក់គុកទើបត្រឹមត្រូវ តែបើសិនសម្លាប់មនុស្សទៀត​នោះរិតតែមានទោសធ្ងន់ធ្ងរ តែតុលាការបែជាចាប់តែភាគគីម្ខាងដាក់គុក ខ្ញុំមិនសូវចេះច្បាប់​ មិនដឹងថាតុលាការធ្វើនេះយុត្តិធម៌ដែរឬក៏អត់?

Dec 03, 2013 10:34 AM

អ្នក​អាន​អនាមិក

ស្រុកខ្មែរ សម័យ ហ៊ុន សែន អ្នកបាញ់គេ អត់តាមរកចាប់ !
តើធ្វើនេះ យុត្តិធម៍ដែរ ឬ ទេ ? !
«« ស.ម ហ៊ុន សែន សាងអំពើអាក្រក់ ដោយសារយួននៅពីក្រោយបញ្ជា ! »»

Dec 03, 2013 08:20 AM

គេហទំព័រ​ទាំងមូល