ពលរដ្ឋ​ពីរ​នាក់​សុំ​ពន្យារ​ពេល​ចូល​ទៅ​បំភ្លឺ​ពី​បទ​បរិហារកេរ្តិ៍​លោក ទ្រី ភាព

មេធាវី​ការពារ​ប្រជាពលរដ្ឋ​ពីរ​នាក់​នៅ​ខេត្ត​កណ្ដាល ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្តាល កោះ​ហៅ​តាម​បណ្ដឹង​របស់​លោក ទ្រី ភាព អោយ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពី​បទ​បរិហារកេរ្តិ៍ បាន​ស្នើ​ទៅ​តុលាការ​អោយ​ពន្យារ​ពេល​ការ​សាកសួរ​ដេញ​ដោល​សំណុំ​រឿង​នេះ។
ដោយ យាង សុជាមេត្តា
2013-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ ប៊ុនធា បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ថា មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​បាន​ស្នើ​ទៅ​តុលាការ​ពន្យារ​ពេល​សាកសួរ​ ដើម្បី​ទុក​ពេល​អោយ​ពួកគេ​សិក្សា​អោយ​បាន​ស៊ី​ជម្រៅ ទាក់ទង​ករណី​បណ្ដឹង​របស់​លោក ទ្រី ភាព។ លោក​ថា តុលាការ​បាន​ទទួល​យក​សំណើ​របស់​មេធាវី​ចុង​ចោទ ហើយ​ការ​ចូល​ខ្លួន​បំភ្លឺ​នៅ​ពេល​ណា​នោះ តុលាការ​នឹង​ផ្ដល់​ដំណឹង​ជា​ក្រោយ។

សាលា​ដំបូង​ខេត្ត​កណ្ដាល បាន​ចេញ​ដីកា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា កោះ​ហៅ​ប្រជាពលរដ្ឋ​ពីរ​នាក់ គឺ​លោក សេ សាន និង​អ្នកស្រី អ៊ុក សំបូរ រស់​នៅ​ភូមិ​ជន្លង ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល អោយ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា តាម​បណ្ដឹង​របស់​ឧកញ៉ា ទ្រី ភាព បន្ទាប់​ពី​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​មួយ​អំពី​សាវតារ និង​ការ​ធ្វើ​ជំនួញ​របស់​ក្រុមហ៊ុន ទ្រី ភាព ដោយ​មាន​ដក​ស្រង់​ប្រភព​ពី​ប្រជាពលរដ្ឋ​ទាំង​ពីរ​នាក់។

អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បង្ហាញ​ថា លោក ទ្រី ភាព និង​ប្រពន្ធ​ឈ្មោះ ម៉ៅ មុម មាន​ក្រុមហ៊ុន​ចំនួន ១៥ ដែល​រក​ស៊ី​ដាំ​ដំណាំ​កសិឧហ្សាហកម្ម ហើយ​ភាគ​ច្រើន​បាន​ទទួល​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល និង​ជា​អ្នក​ម៉ៅ​ទិញ​ព្រៃ​ឈើ​ដែល​ស្ថិត​ក្នុង​ដី​សម្បទាន​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា។

របាយការណ៍​ក៏​បាន​បញ្ជាក់​ថា លោក ទ្រី ភាព ជា​អ្នក​មេ​ឈ្មួញ​ជួញ​ឈើ​ទាំង​ស្រប​ច្បាប់​និង​ខុស​ច្បាប់​ដ៏​ធំ​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​ក៏​បាន​បង់​ប្រាក់​ឲ្យ​ទៅ​គ្រួសារ​នាយករដ្ឋមន្ត្រី ក្នុង ១​ខែ ១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដឹក​ឈើ​ចេញ​ទៅ​វៀតណាម និង​ទៅ​ប្រទេស​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល