សភា​យុវជន​ត្រាប់​នៅ​ខេត្ត​បាត់ដំបង​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង

ដោយ ហ៊ុំ ចំរើន
2016-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សភា​យុវជន​ត្រាប់​របស់​ក្រុម​យុវជន នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦។
សភា​យុវជន​ត្រាប់​របស់​ក្រុម​យុវជន នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦។
RFA

យុវជន​ខេត្ត​បាត់ដំបង ប្រមាណ​ជាង ១០០​នាក់​នៅ​ថ្ងៃ​ទី​២០ មីនា ចូលរួម​ធ្វើ​ជា​សភា​ត្រាប់​ដើម្បី​អនុម័ត​លើ​សេចក្ដី​ស្នើ​ច្បាប់​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សម្ពន្ធភាព​យុវជន ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ (YCUD) នៅ​ក្រុង​បាត់ដំបង។ សភា​យុវជន​ត្រាប់​នេះ គោល​បំណង​សំខាន់​ដើម្បី​ឲ្យ​យុវជន​យល់​ដឹង​អំពី​សេចក្ដី​ស្នើ​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង មាន​ឱកាស​បាន​សួរ​ដេញដោល​គ្នា​នៅ​ក្នុង​អង្គ​ប្រជុំ និង​ផ្ដល់​ការ​អប់រំ​ដល់​យុវជន​អំពី​ដំណើរ​ការ​ប្រជុំ​សភា។

ក្រុម​យុវជន​ភាគ​ច្រើន​ចាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​ស្នើ​ច្បាប់​នេះ ថា​មាន​សារសំខាន់​ខ្លាំង​ដល់​សង្គម​ជាតិ ដែល​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​រដ្ឋសភា ត្រូវ​តែ​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ឲ្យ​បាន​ឆាប់​រហ័ស។

និស្សិត​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ បៀលប្រាយ (BBU) គឺ​លោក ទូច វិច្ឆិកា ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា គ្រឿង​ស្រវឹង គឺ​ជា​ដើម​ហេតុ​ចម្បង​នាំ​ឲ្យ​កើត​អំពើ​ហិង្សា​ក្នុង​គ្រួសារ ធ្វើ​ឲ្យ​បាត់បង់​សេដ្ឋកិច្ច​គ្រួសារ និង​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ ជាដើម ពីព្រោះ​នៅ​ពេល​មនុស្ស​ស្រវឹង ធ្វើ​ឲ្យ​បាត់បង់​ស្មារតី និង​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ឡើយ។ ម្យ៉ាង​ទៀត​លោក​អះអាង​ថា បន្ទាប់​ពី​លោក​បាន​ចូលរួម​ក្នុង​សភា​យុវជន​ត្រាប់​នេះ​ហើយ ពួក​គេ​នឹង​តស៊ូ​មតិ​ស្នើ​ឲ្យ​រដ្ឋសភា បង្កើត​ច្បាប់​នេះ​ឲ្យខាងតែ​បាន ដើម្បី​ទប់ស្កាត់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​កម្ពុជា៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ច្បាប់​ឲ្យ​បាន​តឹងតែង ដូចជា​ការ​កំណត់​ការ​ផាក​ពិន័យ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​មន្ត្រី​អនុវត្តន៍​ច្បាប់ ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ»

ស្រដៀង​នេះ​ដែរ យុវតី​ម្នាក់​ទៀត គឺ​កញ្ញា ឌិម មិនីវត្តី មាន​ទស្សនៈ​ថា ផលិតផល​គ្រឿង​ស្រវឹង​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ​នោះ​ទេ ជាពិសេស​គឺ​ក្រុម​យុវជន​ដូចជា​កញ្ញា​ជាដើម។ កញ្ញា​បន្ថែម​ថា កន្លង​មក កញ្ញា​បាន​យល់​ដឹង​តិចតួច​អំពី​សារសំខាន់​នៃ​អត្ថប្រយោជន៍​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​នេះ តែ​ក្រោយ​ពី​បាន​ចូលរួម​ធ្វើ​សមាជិក​សភា​ត្រាប់​ហើយ ធ្វើ​ឲ្យ​យុវតី​រូប​នេះ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ពី​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ឲ្យ​មាន​ចំនួន​តិចតួច​បំផុត និង​សំណូមពរ​ឲ្យ​រដ្ឋាភិបាល មាន​វិធានការ​ទប់ស្កាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពី​ផលិតផល​នេះ​តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​ឲ្យ​បាន​រៀង​រាល់​ថ្ងៃ៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើន​ពន្ធ​ទៅ​ផលិតផល​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​ជាង​មុន ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង»

សភា​ត្រាប់​របស់​ក្រុម​យុវជន​នេះ មាន​ការ​សួរ​ដេញដោល​គ្នា​វែក​ញែក​អំពី​សេចក្ដី​ស្នើ​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​នៅ​ក្នុង​អង្គ​ប្រជុំ ស្រដៀង​នឹង​ការ​ប្រជុំ​របស់​សមាជិក​រដ្ឋសភា​ដែរ។ សភា​នេះ មាន​សមាជិក​ជា​ក្រុម​យុវជន​ទាំងអស់​ចំនួន ១២៣​នាក់ មាន​លេខាធិការ​រដ្ឋសភា ប្រធាន និង​អនុប្រធាន​រដ្ឋសភា​ចំនួន ៣​នាក់ សម្រាប់​គ្រប់គ្រង​អង្គ​ប្រជុំ។

អគ្គលេខាធិការ​សម្ពន្ធ​យុវជន ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ អ្នកស្រី ម៉ី សម្ផស្ស ដែល​ជា​អ្នក​រៀបចំ​កម្មវិធី ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សភា​ត្រាប់​របស់​ក្រុម​យុវជន​នៅ​ខេត្ត​បាត់ដំបង គឺ​ជា​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧ ដែល​ពិភាក្សា និង​អនុម័ត​ទៅ​លើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង​នៅ​កម្ពុជា។ អ្នកស្រី​បន្ថែម​ថា បន្ទាប់​ពី​ការ​ប្រជុំ​សភា​យុវជន​នេះ​ហើយ នឹង​ចេញ​ជា​សេចក្ដី​សម្រេច​រួម​មួយ​របស់​សមាជិក​ទាំង ១២៣​នាក់ ធ្វើ​ជា​សន្និសីទ​កាសែត​ដល់​អ្នក​សារព័ត៌មាន និង​ដាក់​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​ឲ្យ​យុវជន​ដទៃ​ទៀត​បាន​ឃើញ​ពី​ការ​ជជែក​គ្នា​នេះ។ អ្នកស្រី​បញ្ជាក់​ថា ករណី​ចុង​ក្រោយ នឹង​នាំ​សេចក្ដី​សម្រេច​របស់​ក្រុម​យុវជន ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត៖ «អ្វី​ដែល​ជា​ស្នើ​ចម្បង​របស់​យុវជន គឺ​ការ​កំណត់​អាយុ​អ្នក​ទិញ​គ្រឿង​ស្រវឹង និង​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម ព្រោះ​ជា​កត្តា​ទាក់ទាញ​យុវជន​ឲ្យ​ទិញ​គ្រឿង​ស្រវឹង»

អភិបាល​រង​ខេត្ត​បាត់ដំបង លោក ស៊ូ អារ៉ាហ្វាត មាន​ប្រសាសន៍​សាទរ​ចំពោះ​វេទិកា​សភា​យុវជន​នេះ ថា​ជា​រឿង​ល្អ​ក្នុង​ការ​រួម​ចំណែក​បញ្ចេញ​មតិ​យោបល់​របស់​ក្រុម​យុវជន ដើម្បី​ប្រយោជន៍​ដល់​សង្គម​ជាតិ៖ «ហើយ​ខ្ញុំ​សូម​ឲ្យ​ប្អូន​ដែល​ជា​សមាជិក​សមាជិកា​រដ្ឋសភា​ថ្មី​នេះ ពិចារណា​លើ​បញ្ហា​ទាំងអស់​នេះ​ផង ហើយ​ត្រូវ​ស្រាវជ្រាវ​វែក​ញែក​នូវ​បញ្ហា​ផ្សេងៗ​ទៀត​ដែរ»

របាយការណ៍​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៥ របស់​អង្គការ​សម្ពន្ធ​យុវជន ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ រក​ឃើញ​ថា បញ្ហា​អាទិភាព​របស់​យុវជន​មាន​ចំនួន ៣​សំខាន់ គឺ​ទី​១ យុវជន និង​ការងារ។ ទី​២ យុវជន និង​សន្តិសុខ​សង្គម និង​ទី​៣ យុវជន និង​ការ​អប់រំ។ ក្នុង​ចំណោម​នេះ យុវជន និង​សន្តិសុខ គឺ​ជា​កង្វល់​ដ៏​សំខាន់​មួយ​របស់​ឪពុក​ម្ដាយ និង​ក្រុម​យុវជន។ ដោយសារ​យុវជន​ជាច្រើន​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​នេះ បន្ទាប់​ពី​អង្គការ​នេះ​បាន​សម្ភាស​ក្រុម​យុវជន​ចំនួន ៥​ខេត្ត និង​រាជធានី​នា​ពេល​កន្លង​មក មាន​ការ​ប្រើប្រាស់​គ្រឿង​ញៀន គ្រឿង​ស្រវឹង​ច្រើន​ជាង​គេ។ របាយការណ៍​ដដែល​នេះ​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង ជា​បញ្ហា​អាទិភាព​ដែល​ត្រូវ​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់​នៅ​ក្នុង​សង្គម។

របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា បង្ហាញ​ថា នៅ​ឆ្នាំ​២០១៤ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​មាន​មនុស្ស​ស្លាប់​ចំនួន​ជិត ៤០០​នាក់ (៣៨១​នាក់)។ តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​មូលនិធិ​អាស៊ី នៅ​ឆ្នាំ​២០១៤ បង្ហាញ​ថា គ្រឿង​ស្រវឹង​ជា​កត្តា​រួម​ចំណែក​សំខាន់​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ដៃគូ​ស្និទ្ធស្នាល។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​គ្រឿង​ស្រវឹង ក្រសួង​សុខាភិបាល កំពុង​តែ​ពិនិត្យ​ឡើង​វិញ​នៅ​ឡើយ ដែល​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​ក្រសួង​នេះ​បញ្ជូន​ឲ្យ​សភា​ត្រួត​ពិនិត្យ និង​បើក​ឲ្យ​មាន​ការ​ពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ មុន​នឹង​សភា​អនុម័ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ប្អូនៗជាទីស្រលាញ់ នេះបានចំជាខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា​មែន ត្បិតព្រះពុទ្ធសម្តែងថា ស្រា ស្រី ល្បែង នាំឲ្យវិនាស តែអញ្ចេះបើ​អត់​​ស្រាទៅ វាអត់មានបេះដូងខ្មែរ អត់មានមោទនភាពជាតិខ្មែរ អត់​បានរង្វាន់រថយន្តទំនើបជិះទៅទៀត និងដល់អញ្ចឹងលោក​ចាបសុវត្ត​បានអីគក់ទ្រូង​ថាបេះដូងខ្មែរទៀតទៅ និងហើយអាលាប់ខ្ញុំមិនសូវ​ដឹង​អីទេ ចូរប្អូនៗកុំប្រកាន់ អោបិះភ្លេច មានយុវជនម៉ាក្រុមទៀត​ដេកមិន​លក់បក់មិនល្ហើយប្រឹកស្រែក ប្រឹងប្តឹង ប្រឹងបង្ហាញ​មុខក្នុងទូរទស្ទ បង្ហោះតាម ខ្វេះប៊ុក ព្រោះចង់ដឹងរស់ជាតិស្នេហ៌ណាស់ ក្រុមជា​មួយ​ប្អូនៗដែរអី?

Mar 21, 2016 09:51 PM

គេហទំព័រ​ទាំងមូល