មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៣ ឲ្យដឹងថា មន្ត្រីថ្នាក់មេភូមិ និងជំនួយការភូមិតេន ឃុំយ៉ាទុង កំពុងរងការប្ដឹងតាមផ្លូវតុលាការពីបទរើសអើង គំរាមកំហែងបណ្ដេញប្រជាពលរដ្ឋចេញពីភូមិ។
សេចក្ដីអះអាងនេះកើតមានឡើងបន្ទាប់ពីប្រជាពលរដ្ឋភូមិតេន លោក រម៉ាស់ ស្វាង អាយុ ៤៧ឆ្នាំ ជនជាតិដើមភាគតិចចារ៉ាយ កាលពីថ្ងៃសុក្រ ទី១៧ ខែឧសភា បានមកការិយាល័យសមាគមអាដហុក សុំឲ្យសមាគមនេះជួយអន្តរាគមន៍ពាក្យប្ដឹងមេភូមិតេន លោក សល់ ជី និងជំនួយការភូមិ លោក សេវ ធ្វី ជូនមន្ត្រីស្ថាប័នអយ្យការតុលាការខេត្តរតនគិរី។
ដើមបណ្ដឹងលោក រម៉ាស់ ស្វាង មានប្រសាសន៍បញ្ជាក់ថា មន្ត្រីភូមិទាំងពីរបានរៀបចំគម្រោងប្រើប្រាស់អាជ្ញាធរប្រពៃណីប្រជុំបណ្ដេញលោកចេញពីភូមិ ដោយសារតែលោកបានប្ដឹងមន្ត្រីមូលដ្ឋានឃុំពីបទលក់ដីព្រៃឈើ។
លោកបន្តថា នេះគឺជាការគំរាមកំហែងទៅលើសិទ្ធិរស់នៅរបស់លោក និងរំលោភទៅលើច្បាប់រដ្ឋធម្មនុញ្ញ៖ «ធ្វើខុសអ៊ីចឹង ខ្ញុំប្ដឹងហ្នឹងហើយ បើសិនយើងទុកចោលអ៊ីចឹងវាមកបន្តធ្វើអាក្រក់តទៅទៀត។ ចង់ឲ្យថ្នាក់លើជួយណែនាំគេកុំឲ្យគេធ្វើបន្តទៀត»។
យោងពាក្យបណ្ដឹងរបស់លោក រម៉ាស់ ស្វាង ដែលប្ដឹងមន្ត្រីភូមិទាំងពីរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ លោកបានឃើញមានការប្រជុំសម្ងាត់មួយ ក្នុងនោះមានសមាសភាពមេឃុំ ជំទប់ទី១ឃុំ មេប៉ុស្តិ៍ ជាជនដែលលោកបានប្ដឹងពីបទលក់ដីព្រៃជាង ៤០០ហិកតារ កាលពីឆ្នាំ២០១១ និងមានជំនួយការភូមិ និងមេភូមិចូលរួមផង។ ពួកគេបានប្រជុំគ្នានៅក្រោមផ្ទះឈ្មោះ រម៉ាស អ៊ុក ប៉ុន្តែលោកមិនដឹងថា ពួកគេប្រជុំពីរឿងអ្វីទេ។ បន្ទាប់មកនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ៦ល្ងាច ឪពុកក្មេក និងប្អូនថ្លៃរបស់លោក បានចូលមកផ្ទះ ហើយសុំឲ្យលោកដកពាក្យប្ដឹងមន្ត្រីឃុំវិញ ប៉ុន្តែលោកមិនយល់ព្រម។
លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ៦ និង ២៣នាទីល្ងាច ឪពុកក្មេក និងមេកន្ទ្រាញ បានជួបលោកមកម្ដងទៀត ដើម្បីបញ្ជាក់ពីករណីនេះ ប៉ុន្តែលោកបានបដិសេធដដែល។ បន្ទាប់មកលោកបានឮសំឡេងមេក្រូ គឺសំឡេង លោក សេវ ធ្វី បានជិះម៉ូតូកាន់មេក្រូស្រែកហៅជុំវិញភូមិថា ចូលប្រជុំទាំងក្មេងទាំងចាស់យប់នេះ យើងនឹងប្រជុំពីមនុស្សម្នាក់ដែលបានប្ដឹងយើងពីមុននោះ និងបានប្រកាសចេញពីរោងប្រជុំភូមិថា តើយើងទាំងអស់គ្នាចង់ទុកវានៅទីនេះ ឬចង់បណ្ដេញវាចេញ? បើយើងទុកវានៅទីនេះទៀត យើងនឹងដួលរលំដោយសារវាម្នាក់។ ឮសំឡេងប្រកាសដូច្នេះ ប្រជាពលរដ្ឋមួយចំនួនបានស្រែកឡើងថា បណ្ដេញចេញៗ អ្នកខ្លះថា សម្លាប់វាចោលៗ ខ្លះថា ចាប់ដាក់គុកៗ និងខ្លះទៀតថា ដុតផ្ទះវាចោលឲ្យវាចេញពីទីនេះ។ ដោយភ័យខ្លាចបញ្ហានេះ លោកនិងគ្រួសារបានសម្រេចចិត្តចាកចេញពីភូមិទាំងយប់ដើម្បីសុវត្ថិភាព។
ឆ្លើយតបបញ្ហានេះ មេភូមិតេន លោក សល់ ជី បដិសេធថា សេចក្ដីចោទប្រកាន់ថា មិនពិត គឺលោកប្រជុំអ្នកភូមិក្នុងគម្រោងបណ្ដេញក្រុមហ៊ុនសម្បទានដែលឈូសឆាយព្រៃសហគមន៍ទៅវិញទេ៖ «កុំជឿបើជឿអ៊ីចឹងងាប់ហើយ ចេះតែវាយប្រហារគេអ៊ីចឹងអត់បានទេ»។
យ៉ាងនេះក្ដីប្រជាពលរដ្ឋភូមិតេន ដែលបានចូលរួមប្រជុំជាមួយមេភូមិ គឺលោក រម៉ាស វែត មានប្រសាសន៍បញ្ជាក់ថា លោកមេភូមិពិតជាបានប្រជុំចលនាឲ្យអ្នកភូមិមានចាស់ទុំ មេកន្ទ្រាញ បណ្ដេញលោក រម៉ាស ស្វាង ចេញពីភូមិ និងសុំឲ្យអ្នកភូមិរៃប្រាក់មួយគ្រួសារ ២០០ដុល្លារ ដើម្បីយកប្រាក់នោះប្រើប្រាស់យកឈ្នះតាមផ្លូវតុលាការក្នុងរឿងក្តីជាមួយលោក រម៉ាស់ ស្វាង៖ «ជយោ! ពួកយើងដេញគាត់ចេញពីទីនេះ កុំឲ្យគាត់នៅនេះ គេថា អ៊ីចឹង។ ...មានភាគតិចទេមិនចង់ឲ្យគាត់ទៅ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា មន្ត្រីលោកបានរៀបចំពាក្យបណ្ដឹងករណីនេះជូនមន្ត្រីស្ថាប័នអយ្យការរួចហើយ។ លោកបន្តថា ប្រសិនមេភូមិធ្វើដូច្នេះមែន គឺជាអំពើរំលោភសិទ្ធិមនុស្ស៖ «ប្រើតួនាទីក្នុងអាជ្ញាធរបណ្ដេញចេញគឺជាលក្ខណៈខុសច្បាប់»។
កាលពីឆ្នាំ២០១១ លោក រម៉ាស ស្វាង បានដាក់ពាក្យប្ដឹងមកស្ថាប័នអយ្យការតុលាការខេត្តរតនគិរី ប្ដឹងមេឃុំជំទប់ទី១ និងនាយប៉ុស្តិ៍នគរបាលឃុំតេន ពីបទឃុបឃិតគ្នាយកដីព្រៃជាង ៤០០ហិកតារ លក់ចែកប្រាក់គ្នា ហើយយកប្រាក់មួយចំណែកចែកសហគមន៍មួយគ្រួសារបាន ២០០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។