តុលាការ​កោះហៅ​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​សវនាការ​នៅ​ថ្ងៃ​២៥ ធ្នូ

ដោយ សេក បណ្ឌិត
2014-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ៤​នាក់ ក្នុង​ចំណោម ៥​នាក់​ដែល​ត្រូវ​តុលាការ​កោះហៅ ចូល​រួម​កម្មវិធី​កិច្ច​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​១៨ សីហា ២០១៤។
ក្រុម​យុវជន​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ៤​នាក់ ក្នុង​ចំណោម ៥​នាក់​ដែល​ត្រូវ​តុលាការ​កោះហៅ ចូល​រួម​កម្មវិធី​កិច្ច​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​១៨ សីហា ២០១៤។
Photo: RFA

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ចោទ​ប្រើ​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ទាំង​អស់ គ្រោង​នឹង​ចូល​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ធ្នូ ខាង​មុខ​នេះ។

​លោក​មេធាវី ជូង ជូងី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ថា កូន​ក្តី​លោក​ជា​យុវជន​ដែល​កំពុង​នៅ​ក្រៅ​ឃុំ ត្រូវ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ ប៉ុន្តែ​អ្នកខ្លះ​ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៤ និង ១៥ ហើយ​អ្នក​ខ្លះ​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ។ កូន​ក្តី​លោក​ដែល​នៅ​ខាងក្រៅ​ឃុំ មាន​លោក អាន បឋម សាន សីហៈ និង​លោក សាន គឹមហេង និង​អ្នក​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ផ្សេង​ទៀត មាន​លោក ទេព ណារិន លោក អ៊ុក ពេជ្រសំណាង និង​លោក មាជ សុវណ្ណារ៉ា ជា​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ចូល​រួម​សវនាការ​ក្នុង​ថ្ងៃ​តែមួយ។

លោក សាន គឹមហេង ថ្លែង​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ក្រោយ​ទទួល​បាន​ដីកា​ភ្លាមៗ​ថា លោក​មិន​រុញរា​ក្នុង​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ខាង​មុខ​នេះ​ឡើយ៖ «ព្រោះ​អី​រូប​ខ្ញុំ​បាទ​គិត​ថា គ្មាន​អី​ខុស​ឆ្គង​ដែល​ត្រូវ​គេច​ខ្លួន​ទេ ព្រោះ​អី​កាលពី​វេលា​ដំបូង​នៃ​ការ​ធ្វើ​បាតុកម្ម​នោះ​មាន​ការ​ប៉ះទង្គិច ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ការពារ​ខ្លួន​ទេ បន្ទាប់​មក​ក៏​ទទួល​រង​គ្រោះ ហើយ​ត្រូវ​បញ្ជូន​ទៅ​ពេទ្យ​លីកាដូ»

​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដូចគ្នា​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា និង​ប្រឆាំង​តួនាទី​របស់​មន្ត្រី​សាធារណៈ​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល