បក្ស​សង្គ្រោះ​ជាតិ​ប្ដឹង​មេ​ឃុំ​បក្ស​ប្រជាជន​នៅ​បាត់ដំបង

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​មេ​ឃុំ​បាយដំរាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ទាក់ទិន​ករណី​យក​សន្លឹក​ឆ្នោត​ទៅ​បង្រៀន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ឲ្យ​ចេះ​គូស និង​បង្ខំ​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។
ដោយ សួន សុផលមុន្នី
2013-07-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

គណបក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​បាយដំរាំ ហើយ​បាន​ចោទ​ប្រកាន់​មេ​ឃុំ​មួយ​រូប​ពី​បទ​គំរាម​កំហែង​ប្រជាពលរដ្ឋ ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង លោក សា សុបិន ថ្លែង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ ខែ​កក្កដា មេ​ឃុំ​បាយដំរាំ លោក ងុង ឆាន់លី និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​ជាង ៥០​នាក់ យក​ទៅ​បង្រៀន​ឲ្យ​ចេះ​គូស​សន្លឹក​ឆ្នោត​នៅ​សាលា​បឋម​សិក្សា​ទួលច្រនៀង៖ «ព្រឹក​មិញ​នេះ មេ​ឃុំ​គេ​ប្រមូល​ប្រជាពលរដ្ឋ​បង្រៀន​គូស​សន្លឹក​ឆ្នោត។ មេ​ឃុំ​បាយដំរាំ ហើយ​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ចុះ​ទៅ​ប្រមូល​ប្រជាពលរដ្ឋ​ប្រហែល​ជា ៥០​នាក់ ហើយ​គេ​យក​សន្លឹក​ឆ្នោត​គំរូ​ហ្នឹង​ទៅ​បង្រៀន ហើយ​ចំណុច​ចុង​ក្រោយ​គេ​ថា កុំ​ឲ្យ​ភ្លេច​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន កុំ​ឲ្យ​គូស​ក្រៅ​តែ​ពី​គណបក្ស​ប្រជាជន»

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា នេះ​ជា​ករណី​គំរាម​កំហែង និង​ជា​ការ​អនុវត្ត​រំលោភ​បំពាន​លើ​ជំហរ​អព្យាក្រឹត្យ​របស់​មេ​ឃុំ។ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​បាយដំរាំ លោក គយ កុសល បញ្ជាក់​ថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ នឹង​បើក​ការ​ស្រាវជ្រាវ​លើ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​អះអាង​ថា តាម​ដំណឹង​ដែល​ទទួល​បាន គឺ​លោក ងុង ឆាន់លី បាន​កោះ​ហៅ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​បង្រៀន​ឲ្យ​ចេះ​គូស​សន្លឹក​ឆ្នោត ប៉ុន្តែ​ករណី​នេះ​បែក​ធ្លាយ ដោយសារ​តែ​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ចូល​ខ្លួន​ទៅ​បង្កប់​នៅ​ក្នុង​ក្រុម​នោះ។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន គូស​បញ្ជាក់​ថា តាម​គោលការណ៍​ច្បាប់ មេ​ឃុំ​ជា​អាជ្ញាធរ​ដែនដី ហើយ​ការ​កោះ​ហៅ​ប្រជាពលរដ្ឋ​ទៅ​បង្រៀន​ឲ្យ​គូស​សន្លឹក​ឆ្នោត​នោះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់៖ «ប៉ុន្តែ​អា​នេះ​មិន​ដឹង​ថា គាត់​ទៅ​ក្នុង​នាទី​ជា​ស្អី ព្រោះ​ថា យើង​វា​មាន​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ មាន​មេ​ឃុំ រឿង​គាត់​លាលែង​យ៉ាង​ម៉េច យើង​អត់​ទាន់​ដឹង​ច្បាស់​លាស់​ទេ មូលហេតុ​អី​បាន​គាត់​ហ៊ាន។ អ៊ីចឹង អ្វី​ក៏ដោយ យើង​ពុំ​អាច​ធ្វើ​បុរេនិច្ឆ័យ​ពូជ​បាន​ទេ យើង​ចាំ​មើល​អង្គហេតុ​ពាក់ព័ន្ធ​នឹង​អង្គ​ច្បាប់​បាន​អាច​ធ្វើ​បាន»

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី គូស​បញ្ជាក់​ថា ករណី​អាជ្ញាធរ​មូលដ្ឋាន​បង្រៀន​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​នេះ កើត​មាន​ច្រើន​ករណី​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ ហើយ​មន្ត្រី​ថ្នាក់​លើ​របស់​គណបក្ស​ប្រជាជន បាន​ចុះ​ទៅ​បង្រៀន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ឲ្យ​ចេះ​គូស​សន្លឹក​ឆ្នោត។

លោក​សង្កត់​ធ្ងន់​ថា គេ​គួរ​ចែក​ឲ្យ​ដាច់​ពី​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ការ​គូស​សន្លឹក​ឆ្នោត​កុំ​ឲ្យ​ខូច និង​ការ​ឃោសនា ព្រោះ​ក្នុង​សន្លឹក​ឆ្នោត​ដែល​គេ​យក​ទៅ​បង្រៀន​ប្រជាពលរដ្ឋ​នោះ ពី​លេខ​រៀង​ទី១ ដល់​លេង​រៀង​ទី៨ មិន​មាន​សញ្ញា​របស់​គណបក្ស​នយោបាយ​ផ្សេង​នោះ​ទេ គឺ​មាន​តែ​សញ្ញា​របស់​គណបក្ស​ប្រជាជន​តែ​មួយ​គត់៖ «បង្រៀន​គឺ​ប្រាប់​ថា ឲ្យ​គូស​នៅ​ក្នុង​ប្រអប់ ហើយ​សួរ​ថា តើ​គណបក្ស​ប្រជាជន មាន​លេខ​រៀង​ទី​ប៉ុន្មាន? អ៊ីចឹង បើ​យើង​មើល​ទៅ​ចំណុច​ការ​អប់រំ ៧.១៥ អំពី​បទ​បញ្ជា និង​នីតិវិធី​ក្នុង​ការ​ឃោសនា​បោះឆ្នោត ពុំ​មែន​ជា​ការ​អប់រំ​ទេ ពីព្រោះ​ការ​អប់រំ​ប្រជាពលរដ្ឋ សម្ភារៈ​ដែល​យក​ទៅ​អប់រំ គេ​មិន​ឲ្យ​ផលិត​ជា​សន្លឹក​ឆ្នោត​ទេ ថត​ចម្លង​ក៏ដោយ អ៊ីចឹង​ហើយ​អ្នក​អប់រំ​ប្រជាពលរដ្ឋ​ហ្នឹង ក៏​គេ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ដែរ»

សមាគម​អាដហុក ប្រមូល​បាន​ភាព​មិន​ប្រក្រតី​នេះ​ជា​ច្រើន​ករណី​នៅ​តាម​ឃុំ​ស្រុក​នានា ក្នុង​ខេត្ត​បាត់ដំបង ដូចជា​នៅ​ស្រុក​សង្កែ និង​ស្រុក​ឯកភ្នំ ជា​ដើម។ ករណី​នេះ សមាគម​ចាត់​ទុក​ថា ពុំ​មែន​ជា​ការ​អប់រំ​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ជា​ការ​ឃោសនា​ដោយ​ខុស​ច្បាប់។ បញ្ហា​នេះ​កំពុង​បំពុល​បរិយាកាស​ឃោសនា​បោះឆ្នោត និង​រុញ​ច្រាន​ឲ្យ​ដំណើរ​ការ​បោះឆ្នោត ប្រព្រឹត្តិ​ទៅ​មិន​សេរី ពុំ​បាន​ល្អ និង​ពុំ​មាន​តម្លាភាព​ក្នុង​ការ​ប្រកួត​ប្រជែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Khmer Farmer

Believe me CPP commune chief will be free. NEC will do nothing to this issue.

Jul 06, 2013 05:26 PM

អ្នក​អាន​អនាមិក

Why National Election Comity do a lot extra vote papers ? because NEC and CPP work together .The night before vote day group and village chief give the vote papers that the chief already circle to the CPP members who they don't trust and give to the people who they can buy ,the chief ask those people to put the vote papers already circle in the box ,and ask them to bring back the blank vote papers to the chief to prove that all those people did well and the chief can return all the blank vote papers to the NEC.That the one of many trick NEC and CPP work together .

Jul 06, 2013 10:04 AM

៧មករាសច្ចៈ

ពី ភ្នំពេញ

គណបក្សប្រជាជនប៉ិចប្រសប់ធ្វើចរិកថោកតាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម ។ មិនយកក្បួនលទ្ធិប្រជាធិបតេយ្យយកទៅ អនុវត្តទេ សុខចិត្តយកក្បួនឡប់ ក្បួនព្រៃវាហួនកុម្មុយនីសន៍និយម ទៅទៀត ។ អានេះគេហៅថាចេះអត់គ្រូ រៀនអត់ថ្នាក់ ។

Jul 06, 2013 08:21 AM

គេហទំព័រ​ទាំងមូល