សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​មណ្ឌលគិរី​ម្នាក់​អំពាវនាវ​រក​យុត្តិធម៌

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​មណ្ឌលគិរី មួយ​រូប កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​អស់​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក ទាក់ទិន​បទ​ចោទ​ប្រកាន់​ក្នុង​រឿង​រំលោភ​លើ​ទំនុក​ចិត្ត ក៏ប៉ុន្តែ​សកម្មជន​រូប​នេះ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​នេះ​ជា​អំពើ​អយុត្តិធម៌ ពីព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​នោះ​ឡើយ។
ដោយ រដ្ឋា វិសាល
2013-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​រូប​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​គំរាម​កំហែង​ផ្នែក​នយោបាយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឋានៈ​ជា​លេខា​គណៈកម្មការ​ប្រតិបត្តិ​បក្ស​ប្រចាំ​ខេត្ត​មណ្ឌលគិរី និង​ជា​ជំនួយ​ការ​ប្រធាន​ក្រុមហ៊ុន ម៉ូប៊ីតែល (Mobitel) សាខា​ខេត្ត​មណ្ឌលគិរី គឺ​លោក តើន សុខណៃ ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៣ នៅ​ការិយាល័យ​ក្រុមហ៊ុន ដោយសារ​ក្រុមហ៊ុន​បាន​ប្ដឹង​ថា​លោក​មាន​ពាក់ព័ន្ធ​យក​ប្រាក់​ក្រុមហ៊ុន​ជាង ៦​ម៉ឺន​ដុល្លារ ជាមួយ​ប្រធាន​សាខា​ក្រុមហ៊ុន គឺ​លោក ភូ ប៉ូហេង។

ឆ្នាំ​នេះ លោក​មាន​អាយុ ៣២​ឆ្នាំ និង​មាន​កំណើត​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់​នៅ​ភូមិ​ពូស្សាម ឃុំ​សែនមនោរម្យ ស្រុក​អូររាំង។ លោក តើន សុខណៃ ត្រូវ​បាន​មន្ត្រី​ស្ថាប័ន​អយ្យកា​តុលាការ​ខេត្ត​មណ្ឌលគិរី សម្រេច​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេចក្តី​ទុក​ចិត្ត ហើយ​ចាប់​ឃុំ​ខ្លួន​លោក​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត តាំង​ពី​ពេល​នោះ​រហូត​មក។

លោក សុខណៃ មិន​ប្រាកដ​ថា​ការ​ចាប់​ខ្លួន​លោក​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​រើសអើង​នយោបាយ ឬ​យ៉ាង​ណា​ទេ ក៏ប៉ុន្តែ​លោក​ប្រាកដ​ថា មិន​បាន​ឃុបឃិត​យក​ប្រាក់​ក្រុមហ៊ុន​ដូច​ការ​ចោទ​នោះ​ឡើយ។ លោក​ទទួល​ស្គាល់​ថា គ្រា​ដែល​ក្រុម​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ឃាត់​ខ្លួន​លោក គឺ​ក្រុម​សមត្ថកិច្ច​ទាំង​នោះ​រក​ឃើញ​ឯកសារ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​នៅ​ជាប់​នឹង​ខ្លួន​លោក។ ហើយ​នេះ ទំនង​ជា​ហេតុផល​មួយ​ដែល​ត្រូវ​សមត្ថកិច្ច​សម្រេច​បញ្ជូន​ខ្លួន​លោក​ទៅ​តុលាការ ដោយ​មិន​មាន​ភស្តុតាង​អ្វី​បញ្ជាក់​ថា លោក​ជាប់​ពាក់ព័ន្ធ​យក​ប្រាក់​ក្រុមហ៊ុន។

លោក តើន សុខណៃ៖ «ខ្ញុំ​អត់​ដឹង​ផង ដល់​ពេល​ចាប់​ហ្នឹង ក៏​មាន​ឯកសារ​នយោបាយ​ក្នុង​ហ្នឹង ហើយ​ឯកសារ ខ្ញុំ​ជា​លេខាធិការ​ប្រចាំ​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​ខ្ញុំ​មក​ធ្វើ​ការ​ក្រុមហ៊ុន​បណ្ដើរ។ ក្នុង​លក្ខណៈ​ហ្នឹង ខ្ញុំ​អត់​បាន​យក​ទេ ខាង​ក្រុមហ៊ុន​ហ្នឹង​គេ​ប្ដឹង​ចាប់​ពួក​ខ្ញុំ​នៅ​ក្នុង​ការិយាល័យ ហៅ​ពួក​ប៉េអិម​ចុះ​ចាប់​ដក​ហូត​របស់របរ និង​ទូរស័ព្ទ​របស់​ខ្ញុំ»

កាល​ពី​ដើម​ខែ​កញ្ញា ភរិយា លោក តើន សុខណៃ គឺ​អ្នកស្រី ម៉េង គន្ធា អាយុ ២១​ឆ្នាំ បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​កិច្ច​ជួយ​អន្តរាគមន៍​ពី​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (Adhoc) ស្វែង​រក​យុត្តិធម៌​ជួយ​ប្ដី​គាត់​ដែល​ត្រូវ​ជាប់​ឃុំ ដោយ​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​អ្វី។ ក្នុង​ពាក្យ​ប្ដឹង​របស់​អ្នកស្រី បាន​សរសេរ​ថា រឿងរ៉ាវ​បាត់​ប្រាក់​របស់​ក្រុមហ៊ុន កើត​ឡើង​មុន​ពេល​ប្ដី​អ្នកស្រី​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នេះ​ទៅ​ទៀត។ ចំណែក​ប្រធាន​សាខា​ក្រុមហ៊ុន គឺ​លោក ភូ ប៉ូហេង ក៏​បាន​ឆ្លើយ​សារភាព​នៅ​ការិយាល័យ​កង​រាជ​អាវុធហត្ថ​ថា លោក​បាន​យក​ប្រាក់​ជាង ៦​ម៉ឺន​ដុល្លារ​របស់​ក្រុមហ៊ុន​ទៅ​ព្យាបាល​ជំងឺ។

កាល​ពី ៣​ឆ្នាំ​កន្លង​ទៅ​នេះ លោក តើន សុខណៃ ជា​សមាជិក​ធម្មតា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​មណ្ឌលគិរី។ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ លោក​បាន​តែង​តាំង​ជា​លេខា​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ប្រចាំ​ខេត្ត​មណ្ឌលគិរី ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ទើប​កន្លង​ទៅ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​នេះ​ថា ជា​ការ​រើសអើង​នយោបាយ មិន​មែន​ជា​រឿង​យក​ប្រាក់​ក្រុមហ៊ុន​នោះ​ឡើយ។

សមាជិក​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ឡាក់ សុភាព កត់​សម្គាល់​ថា អត្តសញ្ញាណ និង​ឯកសារ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រុម​សមត្ថកិច្ច​រក​ឃើញ​នៅ​នឹង​ខ្លួន លោក តើន សុខណៃ គឺ​ជា​ហេតុផល​នៃ​ការ​រើសអើង និង​នាំ​ឲ្យ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​សម្រេច​បញ្ជូន​សកម្មជន​នេះ​ទៅ​តុលាការ និង​ឃុំ​ខ្លួន​ដើម្បី​គំរាម​កំហែង​ស្មារតី​សកម្មជន​គណបក្ស​ប្រឆាំង៖ «ចំពោះ​មុខ គឺ​អាជ្ញាធរ​សមត្ថកិច្ច និង​កម្លាំង​ប៉េអិម​ហ្នឹង យើង​ឃើញ​ថា អ្វី​ដែល​ជា​ករណី​ពិសេស គឺ​បញ្ហា​ផ្នែក​នយោបាយ​ហ្នឹង​ធំ​ជាង​អ្វី​ទាំងអស់។ ធំ​ជាង​រឿង​បញ្ហា​លុយ​កាក់។ អ្នក​ដែល​យក​លុយ​កាក់​នោះ ប្រធាន​សាខា​របស់​គាត់​អ្នក​ចាយ​លុយ​ហ្នឹង​រយៈពេល ៥​ឆ្នាំ​ហើយ គឺ​បាត់​ម្តង​បន្តិចៗ បើ​គេ​សរុប​ទៅ ៦១.៤០០​ដុល្លារ ដល់​ហើយ​មក​ចាប់​ខ្លួន​គាត់​ដែល​អត់​បាន​ប៉ះពាល់​អ្វី ចាប់​យក​ទៅ​ឃុំ​ខ្លួន»

នៅ​ក្នុង​ពន្ធនាគារ​ប្រមាណ ២​សប្ដាហ៍ លោក តើន សុខណៃ បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​មន្ត្រី​ពន្ធនាគារ​បាន​បញ្ជូន​លោក​ទៅ​មន្ទីរពេទ្យ​ខេត្ត ខណៈ​ជំងឺ​លោក​មាន​សភាព​ធ្ងន់ធ្ងរ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ក្នុង​មន្ទីរពេទ្យ លោក តើន សុខណៃ ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​មន្ត្រី​ពន្ធនាគារ និង​សមត្ថកិច្ច​ប៉ូលិស ចំណែក​មន្ត្រី​កង​រាជ​អាវុធហត្ថ មិន​បាន​សហការ​ផ្តល់​លទ្ធភាព​ឲ្យ​មន្ត្រី​លោក អង្កេត​ពី​ហេតុផល​ពិត​ប្រាកដ​នៃ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​ឡើយ។

លោក​បន្ត​ថា នឹង​ធ្វើ​លិខិត​អន្តរាគមន៍​ជូន​មន្ត្រី​ស្ថាប័ន​តុលាការ រួម​ទាំង​ផ្តល់​មេធាវី​ការពារ​ក្តី​ជូន​ជន​ជាប់​ចោទ ដើម្បី​ស្វែង​រក​យុត្តិធម៌​ក្នុង​បញ្ហា​នេះ៖ «ពេល​ដែល​ចុះ​ទៅ​សួរ​ព័ត៌មាន​ពី​ជន​រងគ្រោះ​ហ្នឹង ប៉ូលិស​មក​ប្រហែល​ជា ៦-៧​នាក់ ច្រូងច្រាង​ព័ទ្ធ​សកម្មជន​សិទ្ធិ​មនុស្ស​យើង​ហ្នឹង ពី​ហេតុផល​ថា​មូលហេតុ​អ្វី​បាន​ជា​យើង​មក​ទាក់ទង​ជន​រងគ្រោះ​អ៊ីចឹង។ រយៈពេល​ទៅ​សួរ​ព័ត៌មាន​ពី​អាជ្ញាធរ​អាវុធហត្ថ​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​ហ្នឹង គាត់​បាន​ដេញ​យើង​ចេញ​ពី​មុខ​របង​អាវុធហត្ថ ថា​នៅ​ក្នុង​គ្មាន​អ្នក​ធ្វើ​ការ​អ្វី​ទេ ហើយ​មិន​បាច់​សួរ​ព័ត៌មាន​អ្វី​ទេ»

ទាក់ទិន​ករណី​នេះ​ដែរ ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត​មណ្ឌលគិរី លោក ឃុត សុភាង បដិសេធ​ថា ការ​សម្រេច​ចោទ​ប្រកាន់​ទៅ​លើ​ជន​សង្ស័យ គឺ​មាន​ភស្តុតាង​ដាក់​បន្ទុក ដែល​នាំ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ជា​បណ្ដោះ​អាសន្ន ដើម្បី​ស៊ើប​អង្កេត​បន្ត។ លោក​អះអាង​ថា ការ​សម្រេច​របស់​ស្ថាប័ន​តុលាការ គឺ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ មិន​ទាក់ទិន​បញ្ហា​នយោបាយ​អ្វី​ឡើយ៖ «មិន​មែន​អ៊ីចឹង​ទេ កិច្ចការ​តុលាការ​មិន​អាច​លូកលាន់​ជាមួយ​អ្នក​នយោបាយ​អ្វី​ទេ បទ​ល្មើស គឺ​បទ​ល្មើស។ ដូច្នេះ ការ​ចាប់​ខ្លួន គឺ​មាន​ភស្តុតាង​ច្បាស់​លាស់ ដែល​អាច​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​បាន​នោះ»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ចំពោះ លោក តើន សុខណៃ ចាត់​ទុក​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​លោក​នៅ​ពេល​នេះ គឺ​ជា​រឿង​អយុត្តិធម៌។ លោក​អំពាវនាវ​សុំ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ជាក់​លាក់ ផ្តល់​យុត្តិធម៌​ពី​ការ​ចោទ​ប្រកាន់ និង​ប្រគល់​សេរីភាព​ឲ្យ​លោក​វិល​ទៅ​បំពេញ​ភារកិច្ច​ចិញ្ចឹម​ក្រុម​គ្រួសារ និង​ចូល​រួម​ក្នុង​សកម្មភាព​បម្រើ​សង្គម​ជាតិ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល