សង្គម​ស៊ីវិល​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ចាត់​តាំង​នៃ​ស្ថាប័ន​តុលាការ

សង្គម​ស៊ីវិល​បើក​កិច្ច​ប្រជុំ​ពិភាក្សា​មួយ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ស្វែង​រក​អនុសាសន៍ ឬ​ផ្តល់​ជា​មតិ​កែលំអ​លើ​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​ចាត់​តាំង និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ស្ថាប័ន​តុលាការ និង​អយ្យការ នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ។ នេះ​ជា​កិច្ច​ពិភាក្សា​ទូលំទូលាយ​លើក​ទី​មួយ បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌ និង​បាន​បញ្ជូន​មក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ពិនិត្យ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។
ដោយ សេក បណ្ឌិត
2013-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្លាក​សាលាដំបូង​រាជធានី​ភ្នំពេញ
ស្លាក​សាលាដំបូង​រាជធានី​ភ្នំពេញ
Photo: RFA

កិច្ច​ពិភាក្សា​នេះ​ដែរ មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​សង្គម​ស៊ីវិល​ជាច្រើន រួម​មាន គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​យុត្តិធម៌​អន្តរជាតិ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ព្រម​ទាំង​អង្គការ​សមាគម​ដែល​ធ្វើ​ការងារ​គាំទ្រ​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស​ជាច្រើន​ទៀត។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ។ លោក​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ចាត់​តាំង និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ស្ថាប័ន​តុលាការ និង​អយ្យការ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជំរុញ និង​គាំទ្រ​ឲ្យ​មាន​ឯករាជ្យ​ភាព​របស់​តុលាការ។

លោក​បញ្ជាក់​ថា លើស​ពី​នេះ​ទៅ​ទៀត ក្រុម​សង្គម​ស៊ីវិល​នឹង​ពិនិត្យ​ទៅ​លើ​ច្បាប់​ពីរ​សំខាន់​ថែម​ទៀត គឺ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​នៃ​អង្គ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​សេចក្តី​ព្រាង​ច្បាប់​មួយ​ទៀត គឺ​សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​ទៅ​លើ​ច្បាប់​ស្ដីពី​ការ​ចាត់​តាំង និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម៖ «លើស​ពី​នេះ​ទៅ​ទៀត នៅ​ខាង​មុខ​យើង​នឹង​ធ្វើ​ការ​ទៅ​លើ​ច្បាប់​ពីរ សំខាន់​មួយ​ទៀត គឺ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​នៃ​អង្គ​ចៅក្រម និង​ព្រះរាជ​អាជ្ញា រួច នែ៎! សេចក្តី​ព្រាង​ច្បាប់​មួយ​ទៀត​ដែល​យើង​នឹង​ធ្វើ​ការ​ផ្តល់​ជា​មតិ​ផង​ដែរ គឺ​ធ្វើ​ទៅ​លើ​សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​ទៅ​លើ​ច្បាប់​ស្ដីពី​ការ​ចាត់​តាំង និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​នេះ គឺ​ច្បាប់​សរុប​ទៅ​ចំនួន ៣​ធំៗ ដែល​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​យើង​សហការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​ការ​ផ្តល់​មតិ និង​អនុសាសន៍​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ហ្នឹង»

កិច្ច​ប្រជុំ​នេះ អង្គការ​ពាក់ព័ន្ធ​នានា បាន​ពិនិត្យ​ទៅ​លើ​ទម្រង់​ទូទៅ​នៃ​ទិដ្ឋភាព​ច្បាប់ ដើម្បី​កំណត់​ជំហរ​ច្បាស់​លាស់ ដែល​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ចង់​បាន​ឲ្យ​ច្បាប់​នេះ​មាន​ប្រយោជន៍​សម្រាប់​ជន​ទូទៅ បន្ទាប់​មក​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ជំហរ​នោះ​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​ធានា​ថា មតិ និង​យោបល់​របស់​ក្រុម​សង្គម​ស៊ីវិល នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​រដ្ឋសភា​ពិភាក្សា​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នោះ។

គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​សន្យា​នៅ​មុន​ការ​បោះ​ឆ្នោត​ថា ខ្លួន​នឹង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ បើសិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​ឆ្នោត​នា​អាណត្តិ​ទី​៥ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ក្មេងវត្ត

ពី វត្តភ្នំ

នេះជា”សាលាដំបង”មិនមែន”សាលាដំបូង”ឡើយ។

Dec 20, 2013 04:07 PM

គេហទំព័រ​ទាំងមូល