សង្គម​ស៊ីវិល​រិះគន់​តុលាការ​ខេត្ត​ប៉ៃលិន​រឿង​គាស់​ទ្វារ​បន្ទប់​ចាប់​ស្ត្រី​ម្នាក់​យក​ទៅ​ឃុំ

ដោយ សួន សុផលមុន្នី
2014-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ព្រះរាជ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដឹក​នាំ​កង​កម្លាំង​សមត្ថកិច្ច​ប៉ូលិស ចុះ​ទៅ​គាស់​ទ្វារ​បន្ទប់​នៅ​ផ្ទះ​ស្ត្រី​ឈ្មោះ រឿន ចរិយា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៤។
សកម្មភាព​ព្រះរាជ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដឹក​នាំ​កង​កម្លាំង​សមត្ថកិច្ច​ប៉ូលិស ចុះ​ទៅ​គាស់​ទ្វារ​បន្ទប់​នៅ​ផ្ទះ​ស្ត្រី​ឈ្មោះ រឿន ចរិយា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៤។
Adhoc Photo

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រតិកម្ម​ចំពោះ​តុលាការ​ខេត្ត​ប៉ៃលិន ដែល​បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ទៅ​គាស់​ទ្វារ​បន្ទប់ ចូល​ចាប់​ស្ត្រី​ម្នាក់​យក​ទៅ​ឃុំ​ខ្លួន ដោយ​ចោទ​ពី​បទ​ជេរ​បរិហារ​ទៅ​លើ​មន្ត្រី​តុលាការ។ ករណី​នេះ ពួក​គេ​ចាត់​ទុក​ថា ជា​បទ​ល្មើស​មជ្ឈិម ប៉ុន្តែ​ជន​ដែល​គេ​ចាប់​ឃុំ​ខ្លួន​បញ្ជាក់​ថា បទ​ល្មើស​នេះ​បង្ក​ឡើង​ដោយ​នាយក​ក្រឡា​បញ្ជី​របស់​តុលាការ។

នាយក​ក្រឡា​បញ្ជី​រូប​នោះ បាន​ទទួល​លុយ​ចំនួន ៣០​ដុល្លារ ពី​ស្ត្រី​រងគ្រោះ ប៉ុន្តែ​បដិសេធ​មិន​បោះ​ត្រា​លើ​សាល​ដីកា​ស្ថាពរ​តុលាការ​កំពូល ហើយ​ថែម​ទាំង​បាន​ជេរ​ប្រមាថ​ទៅ​ស្ត្រី​រូប​នោះ​ថែម​ទៀត។

តុលាការ​ខេត្ត​ប៉ៃលិន រង​ការ​ចោទ​ប្រកាន់​ថា បាន​អំណាច​របស់​ខ្លួន​ហួស​ពី​នីតិវិធី​ច្បាប់ ដោយសារ​តែ​រឿង​គំនុំ​បុគ្គល​ផ្ទាល់​ខ្លួន ក៏​សម្រេច​ដឹក​នាំ​កង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ចូល​ទៅ​គាស់​ទ្វារ​ផ្ទះ​របស់​ស្ត្រី​ម្នាក់ បន្ទាប់​មក​ចាប់​យក​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដោយ​ចោទ​ប្រកាន់​ពី​បទ​ជេរ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ថាប័ន​តុលាការ។

ស្ត្រី​ដែល​រងគ្រោះ​ឈ្មោះ រឿន ចរិយា បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៤ រូប​គាត់​បាន​យក​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ក្នុង​ជម្លោះ​ដីធ្លី​មួយ​ដាក់​ពាក្យ​សុំ​ចុះ​លេខ​នៅ​តុលាការ​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​ឲ្យ​មាន​ការ​ចុះ​អនុវត្ត។ រូប​គាត់​បាន​បង់​លុយ​ឲ្យ ៣០​ដុល្លារ តែ​មន្ត្រី​តុលាការ​ប្រាប់​ថា រង់ចាំ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ហើយ។

លុះ​ដល់​ថ្ងៃ​ទី​២២ ខែ​មេសា លោកស្រី រឿន ចរិយា បាន​ទៅ​សួរ​ម្ដង​ទៀត ស្រាប់​តែ​នាយក​ក្រឡា​បញ្ជី​ឈ្មោះ ហ៊ុន ចិត្រា ប្រាប់​ឲ្យ​រង់ចាំ​ពេល​ថ្ងៃ​រសៀល។ លុះ​ពេល​រសៀល​មក​ដល់ រូប​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ម្ដង​ទៀត តែ​មិន​បាន​ជួប​នាយក​ក្រឡា​បញ្ជី​ឈ្មោះ ហ៊ុន ចិត្រា នោះ​ឡើយ។ ឃើញ​ដូច្នេះ គាត់​ទូរស័ព្ទ​ទាក់ទង​ទៅ​អ្នក​ផ្សេង​ក៏​សុំ​លេខ​បាន ប៉ុន្តែ​នៅ​ពេល​សុំ​លេខ​បាន គាត់​បាន​ទូរស័ព្ទ​សួរ​ឈ្មោះ ហ៊ុន ចិត្រា ថា បង! ម៉េច​ហើយ​ឯកសារ​ខ្ញុំ? ឈ្មោះ ហ៊ុន ចិត្រា ឆ្លើយ​ថា អញ​មិន​ធ្វើ អ្នក​ឯង​មាន​សិទ្ធិ​អី​មក​បញ្ជា។ ទៅ​ប្ដឹង​អ្នក​ណា​ប្ដឹង​ទៅ៖ «ខ្ញុំ​ទៅ​ដល់​នាយក​ក្រឡា​បញ្ជី ខ្ញុំ​សួរ​ថា ឯកសារ​ខ្ញុំ​ម៉េច​ហើយ គេ​ដេញ​ខ្ញុំ​ចេញ ខ្ញុំ​ថា ខ្ញុំ​អត់​ចេញ​ទេ។ ពួក​ឯង​កុហក​ខ្ញុំ​តាំង​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣។ ឥឡូវ​ឲ្យ​ឯកសារ​ដើម​ខ្ញុំ​វិញ​មក បើ​មិន​ធ្វើ​ទេ ចា៎! ថា​មិន​ធ្វើ ស្រាប់​តែ​គេ​ចង្អុល​មុខ ឲ្យ​ប៉ូលិស​មក​ចាប់ ហើយ​ជេរ​ខ្ញុំ អញ​ទះ​កណ្ដាល​មុខ​ឥឡូវ។ ដល់​ពេល​មក​ដល់​ផ្ទះ ស្រាប់​តែ​មាន​ព្រះរាជ​អាជ្ញា ជុំ សែនសទ្ធា ក្រឡា​បញ្ជី ជាង វណ្ណរ៉ន ហើយ​ប៉ូលិស​ព្រហ្មទណ្ឌ​មាន​ឈ្មោះ ផុន ឈ្មោះ វុធ និង​ប៉ូលិស​ប៉ុស្តិ៍ មក​ព័ទ្ធ​ផ្ទះ​ខ្ញុំ​ពេញ ខ្ញុំ​អត់​ចេញ​ពី​ក្នុង​បន្ទប់​ទេ ទាក់ទង​មេធាវី​ក៏​មក​មិន​ទាន់ ស្រាប់​តែ​គេ​គាស់​ទ្វារ​បន្ទប់​ខ្ញុំ»

ក្រោយ​មក លោកស្រី រឿន ចរិយា ត្រូវ​បាន​គេ​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ពេញ​មួយ​យប់ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មេសា នេះ​ក៏​នៅ​តែ​បន្ត​ឃុំ​ខ្លួន​នៅ​ឡើយ។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ប៉ៃលិន លោក ជុំ សែនសទ្ធា ថ្លែង​ថា ការ​ចាប់​ខ្លួន​នេះ​ដោយសារ​ស្ត្រី​ឈ្មោះ រឿន ចរិយា ជេរ​ប្រមាថ​មន្ត្រី​តុលាការ។

ការ​ជេរ​ប្រមាថ​នេះ​ជា​បទ​ល្មើស និង​ធ្វើ​ឲ្យ​បាត់​បង់​ជំនឿ​ចិត្ត​លើ​ស្ថាប័ន​តុលាការ។ លោក​បន្ត​ថា ស្ត្រី​រូប​នោះ​បន្ទាប់​ពី​ជេរ​ហើយ គាត់​បាន​ដើរ​បរិហារ​កេរ្តិ៍​នៅ​តាម​តុ​កាហ្វេ​តុ​គុយទាវ​ថែម​ទៀត។ ករណី​នេះ លោក​ថា​ជា​បទ​ល្មើស​មួយ​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ៖ «បន្ទាប់​ពី​គាត់​ជេរ​ហើយ គាត់​បាន​ទៅ​ផ្ទះ យើង​បាន​ទៅ​អញ្ជើញ​គាត់ គាត់​មិន​ចេញ​មក​ក្រៅ ក្នុង​នាម​គាត់​ជា​ជន​សង្ស័យ យើង​ត្រូវ​អនុវត្ត​នីតិវិធី​ច្បាប់ ខ្ញុំ​បាន​ហៅ​ចៅសង្កាត់​អូរតាវ៉ៅ ចូល​រួម។ ខ្ញុំ​បាន​ឲ្យ​ស្មៀន ដើម្បី​គាស់​សោ គាត់​បាន​ដាក់​គន្លឹះ យើង​មិន​ទាន់​បាន​គាស់​អី គ្រាន់​តែ​ធ្វើ​ស្ថិតិ​អារម្មណ៍​គាត់»

ទាក់ទិន​ករណី​របស់​ក្រឡា​បញ្ជី​តុលាការ ដែល​បាន​ជេរ​ប្រមាថ​ទៅ​លើ​ស្ត្រី​ឈ្មោះ រឿន ចរិយា វិញ លោក ជុំ សែនសទ្ធា បញ្ជាក់​ថា បើ​សិន​ស្ត្រី​ឈ្មោះ រឿន ចរិយា ដាក់​ពាក្យ​បណ្ដឹង តុលាការ​នឹង​បើក​ការ​ចោទ​ទៅ​លើ​មន្ត្រី​តុលាការ​រូប​នោះ​ដូច​គ្នា៖ «នៅ​ពេល​ដែល​គាត់​ដាក់​ពាក្យ​បណ្ដឹង ខ្ញុំ​នឹង​ធ្វើ​ការ​ចោទ​តែ​ម្ដង ពីព្រោះ​ឥឡូវ​សំណុំ​រឿង​មិន​ទាន់​មក​ដល់​ទេ ហើយ​បើ​សិន​ជា​មាន​មែន ខ្ញុំ​ក៏​ចោទ​មន្ត្រី​តុលាការ​ដែរ។ ខ្ញុំ​អត់​ទុក​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​យើង​ឃាត់​គាត់ ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង វា​ប៉ះពាល់​ដល់​ស្ថាប័ន យើង​ជេរ​ពីរ​ថ្ងៃ​ជាប់​គ្នា ទៅ​ដើរ​និយាយ​នៅ​តុ​កាហ្វេ​តុ​គុយទាវ​ទៀត»

យ៉ាង​ណា​ក៏ដោយ ការ​ដែល​តុលាការ​ចាប់​ខ្លួន​ស្ត្រី​ឈ្មោះ រឿន ចរិយា នេះ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មតិ​សាធារណៈ និង​មន្ត្រី​សាលា​ខេត្ត​ប៉ៃលិន។

អភិបាល​រង​ខេត្ត​ប៉ៃលិន លោក កាន រិទ្ធី ថ្លែង​ថា នៅ​ក្រោយ​ការ​ចាប់​យក​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន រួច​មក រូប​លោក​ចេញ​មុខ​ទៅ​ធានា​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​រូប​នោះ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​តំណាង​អយ្យការ​បដិសេធ​ថា សំណុំ​រឿង​របស់​ស្ត្រី​រូប​នោះ​មិន​ទាន់​បញ្ជូន​ដល់​ដៃ​តុលាការ។

លោក​បន្ត​ថា បច្ចុប្បន្ន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កំពុង​ប្រជុំ​គ្នា ដើម្បី​ចេញ​លិខិត​ផ្លូវ​ការ​មួយ​ដាក់​ជូន​តុលាការ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​សង្ស័យ​នៅ​ក្រៅ​ឃុំ៖ «តុលាការ​គាត់​ធ្វើ​ហួសហេតុ ការ​ធ្វើ​អ៊ីចឹង វា​អត់​ត្រូវ​ទេ ផ្លូវ​ច្បាប់ ទង្វើ​ហ្នឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាជ​រដ្ឋាភិបាល មុខ​មាត់ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន។ ទី​មួយ រឿង​ហ្នឹង​វា​អត់​ទាក់ទង​នឹង​ទោស​ឧក្រិដ្ឋ​សម្លាប់​ឆក់​ប្លន់​អី​ណា គាស់​ផ្ទះ​ចាប់​មនុស្ស​អូស​មក​អ៊ីចឹង អត់​ត្រូវ​ទេ រឿង​ជេរ​គ្នា​ដោយសារ​ក្រឡា​បញ្ជី​ខ្លួន​ឯង​យក​របស់​គេ​ទៅ ហើយ​គេ​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​អនុវត្ត​សាលក្រម​ឲ្យ​គេ យើង​អត់​យក​លុយ​គេ​លើស​ចំនួន​នៃ​ច្បាប់​កំណត់​ទៀត អត់​ឲ្យ​គេ ដល់​គេ​ទារ​រក​របស់​គេ មក​ជេរ​គេ​ថា ទៅ​ប្ដឹង​ណា​ប្ដឹង​ទៅ»

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មេសា ស្ត្រី​ជា​ជន​សង្ស័យ កំពុង​ឋិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន នៅ​ឡើយ។ ប្រភព​ពី​មន្ត្រី​សាលា​ខេត្ត​ប៉ៃលិន បង្ហើប​ថា ករណី​ចាប់​ខ្លួន​ស្ត្រី​រូប​នោះ បាន​ធ្វើ​ឡើង​ដោយសារ​រឿង​គំនុំ​ផ្ទាល់​ខ្លួន ពាក់ព័ន្ធ​សាច់ញាតិ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ជន​រងគ្រោះ។

លោក យិន ម៉េងលី ជា​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ប្រចាំ​ខេត្ត​បាត់ដំបង ថ្លែង​ថា បទ​ល្មើស​ដែល​កើត​នេះ​ជា​បទ​ល្មើស​មជ្ឈិម។ តុលាការ​មិន​គប្បី​ប្រើ​កម្លាំង​ចុះ​ចាប់ និង​ចង់​គាស់​ទ្វារ​ដូច​បទ​ឧក្រិដ្ឋ​នោះ​ទេ។ លោក​ចាត់​ទុក​រឿង​នេះ​ថា​មាន​ចេតនា​កាច់​បំបាក់​មុខ​មាត់​គ្នា​ទៅ​វិញ​ទៅ​មក។

ពាក់ព័ន្ធ​រឿង​មន្ត្រី​ក្រឡា​បញ្ជី​របស់​តុលាការ​វិញ លោក យិន ម៉េងលី សង្កាត់​ធ្ងន់​ថា មន្ត្រី​តុលាការ​គួរ​តែ​គោរព​ក្រម​សីលធម៌​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​សម​ជា​អ្នក​អនុវត្ត​ច្បាប់៖ «រាល់​លិខិត​ស្នាម​ទាំងអស់​ដែល​គេ​ដាក់​ចូល​ទៅ​តុលាការ បើ​យើង​មិន​ទទួល យើង​ប្រាប់​ពី​មូលហេតុ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ការ​មិន​ព្រម​បោះ​ត្រា​មិន​ព្រម​បិទ​តែម​ឲ្យ មិន​ប្រាប់​ពី​មូលហេតុ នេះ​ជា​កំហុស​រដ្ឋបាល។ អ៊ីចឹង​សុំ​ឲ្យ​តុលាការ ឬ​ក៏​ប្រធាន​តុលាការ​ហ្នឹង មើល​ផង​ពី​កំហុស​របស់​ខ្លួន ចៅ​របស់​ខ្លួន បញ្ហា​នេះ​កើត​ញឹកញាប់​ណាស់ វា​កើត​ក្នុង​ការ​បោះ​ត្រា​ជា​ផ្លូវ​ការ អ្នក​ត្រូវ​ទទួល​របស់​គេ ហើយ​ចង់​អ្នក​ឯង»

លោក យិន ម៉េងលី បន្ត​ថា ករណី​នេះ​ជា​បទ​ល្មើស​មជ្ឈិម​តូចតាច​បំផុត តុលាការ​មិន​គប្បី​បដិសេធ​មិន​ឲ្យ​ជន​សង្ស័យ​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ។ ក្នុង​ទំនាស់​នេះ គួរ​មាន​ការ​ពិនិត្យ​ឡើង​វិញ ព្រោះ​តុលាការ​ក្ដី មន្ត្រី​របស់​តុលាការ​ក្ដី មិន​ទាន់​គ្រប់គ្រាន់​នៅ​ពេល​ខ្លួន​ចេះ​តែ​ច្បាប់ ប៉ុន្តែ​រឿង​សំខាន់ ត្រូវ​មាន​ក្រម​សីលធម៌ និង​ត្រូវ​យល់​ដឹង​ពី​សង្គម​ឲ្យ​បាន​ច្បាស់ ដើម្បី​បម្រើ​ការ​ឲ្យ​បាន​ល្អ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

អ្នកណាធំ អ្នកនឹងឈ្នះ សម្រាប់ប្រទេសមាននីតិរដ្ឋដូចកម្ពុជា

Apr 25, 2014 11:06 PM

អ្នក​អាន​អនាមិក

សូមបន្ថែមម៉ោងផ្សាយ​ជា​ពិសេសគឺវេទិកាអាស៊ីសេរីពីព្រោះដូចជាវេទិកាយប់ម៉ិញលោក​ កែម​ឡី មិនទាន់បកស្រាយអស់ផង​ អស់ម៉ោងបាត់។

Apr 25, 2014 10:52 PM

អ្នក​អាន​អនាមិក

អង្គភាពប្រឆាំងអំពើពុករលួយគួរបើកភ្នែក និងបើកត្រចៀកឲ្យធំៗ ហើយចាត់ការរឿងនេះផងទៅ!កុំចេះតែហាឲ្យគេប្តឹង!ចាំបាច់គេប្តឹងស្អី បើអង្គភាពនេះពិតជាមានចេតនាលប់បំបាត់អំពើពុករលួយមែន បើកការស៊ើបអង្កេតទៅមើល ឬមួយស្តោះលើទ្រូងឯង????

Apr 25, 2014 12:27 AM

ហានិភ័យ

ពី តាកែវ

អាងអំណាច អត្តចរិតថោកទាប ចង់ឲ្យគេគោរព សូម្បីទៅចាប់ចងគេ ក៏ប្រើច្បាប់ព្រៃរំលោភទាំងបំពានដែរ ។​នេះហើយកំហុសឯងមើលមិនយល់ រីឯគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ។ តើទៅដល់ថ្ងៃណាទៅទើបខ្មែរផុតអស់កម្ម?

Apr 24, 2014 06:37 PM

អ្នក​អាន​អនាមិក

Drinking on the job! Can not see the line for siniture.

Apr 24, 2014 11:06 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល