សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​តាម​ដាន​សវនាការ​មនុស្ស​២៣​នាក់

ដោយ ម៉ៅ សុធានី
2014-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ ប្រជាពលរដ្ឋ និង​កម្មករ លើក​បដា​ទាមទារ​ឲ្យ​ដោះ​លែង លោក វន់ ពៅ សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ ២០​នាក់​ផ្សេង​ទៀត នា​មុខ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។
ព្រះសង្ឃ ប្រជាពលរដ្ឋ និង​កម្មករ លើក​បដា​ទាមទារ​ឲ្យ​ដោះ​លែង លោក វន់ ពៅ សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ ២០​នាក់​ផ្សេង​ទៀត នា​មុខ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Vohar Cheath

មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​មជ្ឈមណ្ឌល​រួប​រួម​គ្នា (Solidarity Center) ដែល​ជា​អង្គការ​អន្តរជាតិ​ការពារ​សិទ្ធិ​កម្មករ​នៅ​ទូទាំង​ពិភពលោក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ២៤ មេសា អំពាវនាវ​ឲ្យ​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​កាត់​ដេរ​នៅ​កម្ពុជា តំណាង​អង្គការ​សហប្រជាជាតិ តំណាង​ស្ថានទូត និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ព្រម​ទាំង​សហជីព​កម្មករ​នានា ចូល​រួម​ស្តាប់ និង​សង្កេត​ការណ៍​សវនាការ​លើ​ជន​ជាប់​ចោទ ២៣​នាក់ នៅ​ថ្ងៃ​សុក្រ នេះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​អង្គ​ជំនុំ​ជម្រះ​៣​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ លើ​ករណី​ជន​ជាប់​ចោទ​ទាំង ២៣​នាក់​នោះ ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា នៅ​ពេល​ដែល​ពួក​គេ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។

ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា បាន​មាន​ប្រសាសន៍​កាល​ពី​យប់​មិញ​ថា វត្តមាន​របស់​តំណាង​អង្គការ​អន្តរជាតិ ប្រមុខ​ការទូត និង​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​ក្នុង​សវនាការ​បង្ហាញ​បទ​ចោទ​នានា​លើ​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ នៅ​ថ្ងៃ​សុក្រ នេះ គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ឃើញ​ច្បាស់​អំពី​នីតិវិធី​នៃ​ប្រព័ន្ធ​តុលាការ​ខ្មែរ។

លោក មឿន តុលា៖ «សវនាការ​ថ្ងៃ​ស្អែក​ជា​សវនាការ​ប្រភេទ​សាធារណៈ គាត់​អាច​បាន​ឮ​ផ្ទាល់​ត្រចៀក​គាត់ ថា​តើ​នៅ​ពេល​សួរ​ដេញ​ដោល​គ្នា ទាំង​សាក្សី និង​ជន​ជាប់​ចោទ​ក្តី ព្រម​ទាំង​សាក្សី​ដាក់​បន្ទុក និង​ដោះ​បន្ទុក គាត់​ដែល​មក គេ​ឃើញ នឹង​អាច​ដឹង​តែ​ម្តង​ថា តើ​ចៅក្រម​មាន​ភស្តុតាង​អ្វី​ខ្លះ​មក​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​ទាំង ២៣​នាក់​នោះ ហ្នឹង​ទី​១។ ទី​២ ចង់​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា ដែរ​ថា ការ​បន្ត​ឃុំ​ខ្លួន ការ​បង្ក្រាប​ដោយ​ហិង្សា ការ​ចាប់​គេ​ដោយ​មិន​មាន​ហេតុផល​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ ជាពិសេស​អ្នក​ដែល​មក​ដាក់​ទុន​ច្រើន​ណាស់​ក្នុង​វិស័យ​កាត់​ដេរ​នេះ»

ជន​ជាប់​ចោទ​ទាំង ២៣​នាក់ ដែល​បាន​ចាប់​ឃុំ​ខ្លួន រួម​មាន កម្មករ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស លោក វន់ ពៅ ជាដើម។ ក្នុង​ហេតុការណ៍​បង្ក្រាប​ដោយ​ហិង្សា​របស់​ក្រុម​សមត្ថកិច្ច​កាល​ពី​ដើម​ខែ​មករា នោះ គឺ​បណ្ដាល​ឲ្យ​មាន​មនុស្ស ៥​នាក់​ស្លាប់ និង​ជាង ៤០​នាក់​ទៀត​រង​របួស។

លោក មឿន តុលា អះអាង​ថា ចាប់​តាំង​ពី​ព្រឹត្តិការណ៍​ហិង្សា​បាញ់​បង្ក្រាប​ក្រុម​កម្មករ​មក គេ​ពុំ​ទាន់​ឃើញ​មាន​ក្រុម​ឯករាជ្យ​ណា​មួយ​ចុះ​ស៊ើប​អង្កេត​ករណី​នោះ​ឡើយ ជាពិសេស គឺ​រដ្ឋាភិបាល​នៅ​ពុំ​ទាន់​ផ្តល់​ប្រាក់​សំណង​ដល់​ជន​រងគ្រោះ​ដែល​ស្លាប់ និង​រង​របួស​នោះ​នៅ​ឡើយ​ទេ។ អង្គការ​អន្តរជាតិ​ផ្នែក​ការងារ និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ជន​ជាប់​ចោទ​ទាំង​នោះ ដោយ​សំអាង​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

លោក មឿន តុលា បន្ត​ថា ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​យ៉ាង​តិច​៤ នៅ​កម្ពុជា នឹង​បញ្ជូន​តំណាង​របស់​ខ្លួន​មក​ចូល​រួម​ស្តាប់ និង​សង្កេត​ការណ៍​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ៖ «ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​បាន​សន្យា​ដែរ​កន្លង​មក​ថា គេ​នឹង​តាម​ដាន​ឲ្យ​បាន​ដិតដល់​បំផុត​ចំពោះ​ការ​កាត់​ក្តី ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ២៣​នាក់​ហ្នឹង ពីព្រោះ​គេ​ជឿជាក់​ថា អ្នក​ទាំង ២៣​នាក់​នោះ មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​មួយ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ»

ចំណែក​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​មជ្ឈមណ្ឌល​រួប​រួម​គ្នា នឹង​ចាត់​បុគ្គលិក​របស់​ខ្លួន​ជា​ពីរ​ផ្នែក។ មួយ​ក្រុម​ទៅ​ចូល​រួម​ស្តាប់ និង​សង្កេត​ការណ៍​ក្នុង​សវនាការ​ដេញដោល និង​មួយ​ក្រុម​ទៀត តាម​ដាន​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​នោះ​រួម​មាន កម្មករ ក្រុម​សកម្មជន​តវ៉ា ក្រុម​អ្នក​កាសែត ជាដើម នៅ​ខាង​ក្រៅ​អគារ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល