អគ្គីភ័យកំពុងក្លាយជាអាវុធកាត់ផ្តាច់យកជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់ពលរដ្ឋយ៉ាងសាហាវ។ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយនេះ រដ្ឋសភាបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យ ដោយសំដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ហើយអង្គការសង្គមស៊ីវិល បានស្វាគមន៍ចំពោះការអនុម័តនោះ ប៉ុន្តែស្នើសុំឲ្យការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
មន្ត្រីជំនាញពន្លត់អគ្គីភ័យ និងអង្គការសង្គមស៊ីវិល បានស្វាគមន៍ចំពោះច្បាប់ថ្មីដែលទើបអនុម័តពីរដ្ឋសភា ហើយថាច្បាប់នេះជាចំណុចចាប់ផ្ដើមល្អមួយក្នុងការបង្ការ និងពន្លត់អគ្គីភ័យបាន។ អគ្គីភ័យ កំពុងគំរាមកំហែងដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់អាយុជីវិត និងបំផ្លាញទ្រព្យសម្បត្តិ បរិស្ថាន ព្រមទាំងជះឥទ្ធិពលធ្ងន់ធ្ងរដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ការបង្កើតច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គីភ័យ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះមហន្តរាយដែលបង្កឡើងដោយអគ្គីភ័យ ដែលមួយឆ្នាំទៅមួយឆ្នាំចេះតែមានការកើនឡើងគួរឲ្យព្រួយបារម្ភ៖ «បង្ការអគ្គីភ័យមាន ៧មាត្រា ចាប់ពីមាត្រា១៤ ដល់មាត្រា២០ ជំពូកនេះចែងវិធានការនានាក្នុងការបង្ការកុំឲ្យមានអគ្គីភ័យកើតឡើង»។
កាលពីថ្ងៃទី៧ ខែឧសភា សភាជាតិបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យ។ ច្បាប់ថ្មីនេះមានចំនួន ៨ជំពូក និង ៣៣មាត្រា។ ក្នុងច្បាប់នោះ ក៏មានកំណត់ទោសបញ្ញត្តិលើមន្ត្រីសមត្ថកិច្ចអគ្គីភ័យដែលខ្វះការទទួលខុសត្រូវ មិនបំពេញភារកិច្ច ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារ ៦ខែ ទៅ ២ឆ្នាំ និងពិន័យប្រាក់ពី ១លានរៀល ដល់ ៤លានរៀល។ ចំណែកអ្នករារាំងដល់សកម្មភាពពន្លត់អគ្គីភ័យដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅដល់ ៥ឆ្នាំ និងពិន័យប្រាក់ពី ៤លានរៀល ដល់ ១០លានរៀល។
ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក នេត វន្ថា យល់ថា ការមានច្បាប់នេះធ្វើឲ្យពលរដ្ឋដឹងពីតួនាទី និងទោសទណ្ឌនៃច្បាប់ ដើម្បីពង្រឹងស្មារតីប្រុងប្រយ័ត្ន និងកាត់បន្ថយបទល្មើសពាក់ព័ន្ធនឹងអគ្គីភ័យ៖ «ការដែលមិនចូលរួមសហការ ការអប់រំពីអាជ្ញាធរ ជាពិសេសជំនាញទៅ គាត់មិនគោរពបទដ្ឋានគតិច្បាប់ ការកំណត់អគារសាងសង់លំនៅឋានមិនប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ មិនអនុវត្តតាម ពេលដែលមានអគ្គីភ័យកើតឡើង គាត់មានទោសហ្នឹងហើយដែលដាក់បញ្ញត្តប្រជាពលរដ្ឋត្រូវតែចូលរួមការងារបង្ការពន្លត់អគ្គីភ័យ។ ទី២ គឺពាក់ព័ន្ធនឹងកម្លាំងយើងដែលកន្លងមកតែងមានបាតុភាពថាកម្លាំងមិនមានភាពប្រក្រតី ពាក់ព័ន្ធនឹងការទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋនៅកន្លែងភ្លើងឆេះផ្ទះ និងពេលដែលចូលជាធរមាន យើងឃើញថា ច្បាប់ហ្នឹងដាក់ទោសធ្ងន់ធ្ងរចំពោះបុគ្គលប្រតិបត្តិផ្ទាល់ដែលមានការធ្វេសប្រហែស ឬឆ្លៀតឱកាសជំរិតទារប្រាក់នៅពេលនោះ គឺសរុបទៅវិញ ទាំងប្រជាពលរដ្ឋ ទាំងសមត្ថកិច្ច រួមគ្នាធ្វើទាំងអស់គ្នា ទប់ស្កាត់ភាពអសកម្ម»។
យ៉ាងណា អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ សង្កេតឃើញថា ពេលមានអគ្គីភ័យកើតឡើងម្តងៗ អ្នកពន្លត់អគ្គីភ័យតែងតែតថ្លៃយកលុយពីម្ចាស់ផ្ទះ ទើបព្រមបាញ់ទឹកពន្លត់ភ្លើង។ មួយវិញទៀត ចំនួនរថយន្តដឹកទឹកសង្គ្រោះ មានតិចតួច មិនអាចសង្គ្រោះតាមតម្រូវការជាក់ស្តែង៖ «រថយន្តពន្លត់អគ្គីភ័យហ្នឹងក្នុងប្រទេសកម្ពុជា យើងហាក់ដូចជាមានចំនួនតិចនៅឡើយ ហើយជាតម្រូវការប្រជាពលរដ្ឋតែងតែជួបប្រទះបញ្ហាអគ្គីភ័យសំខាន់ គឺការផ្តល់សង្គ្រោះដល់អ្នករងគ្រោះ គឺកន្លងមកមិនសូវមានការផ្តល់ជូនដោយរដ្ឋហ្នឹងឲ្យទាន់ពេលវេលា និងទាន់ចិត្តប្រជាពលរដ្ឋនោះទេ»។
រថយន្តទឹកសង្គ្រោះករណីអគ្គីភ័យដែលកម្ពុជា មាន ភាគច្រើនជារថយន្តចាស់ៗដែលបានជំនួយឧបត្ថម្ភពីប្រទេសចិន ប្រទេសជប៉ុន និងបណ្ដាអង្គការសង្គមស៊ីវិលនៅបរទេសមួយចំនួន។ បច្ចុប្បន្ន កម្ពុជា មានឡានទឹកសង្គ្រោះចំនួន ១០២គ្រឿង។ ប៉ុន្តែអាចប្រតិបត្តិការបានតែ ១០០គ្រឿងប៉ុណ្ណោះ ដោយ ២គ្រឿងទៀតខូចមិនអាចប្រើបាន។ ជាទូទៅ នៅតាមបណ្ដាខេត្តនីមួយៗ មានឡានទឹកចំនួន ២គ្រឿងប្រចាំការ លើកលែងតែខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ដែលមានចំនួន ៧គ្រឿង។ នៅរាជធានីភ្នំពេញ អង្គភាពបង្ការ និងពន្លត់អគ្គីភ័យ មានឡានទឹកចំនួន ៤៥គ្រឿង។
យ៉ាងណាក្តី លោក សន ជ័យ យល់ថា ដើម្បីអនុវត្តច្បាប់បង្ការ និងពន្លត់អគ្គីភ័យប្រកបដោយប្រសិទ្ធភាព លុះណាតែរាជរដ្ឋាភិបាលមានកញ្ចប់ថវិកាសម្រាប់ត្រៀមបង្ការក្នុងវិស័យមួយនេះ ដែលអាចចំណាយលើការទិញឡានទឹកសង្គ្រោះ អប់រំ និងពង្រឹងសមត្ថភាពភ្នាក់ងារពន្លត់អគ្គីភ័យបន្ថែមទៀត ដើម្បីឆ្លើយតបនូវតម្រូវការ និងស្ថានភាពសង្គ្រោះធំៗដែលអាចកើតមានឡើងជាយថាហេតុ៖ «ការត្រៀមរបស់រាជរដ្ឋាភិបាលក្នុងការចំណាយថវិកាសម្រាប់ក្នុងវិស័យនេះ គឺជារឿងមួយដ៏សំខាន់ បើគ្មានថវិកាគ្រប់គ្រាន់ទេ ពេលនោះយើងមិនសង្ឃឹមថាវាគ្មានការរីកចម្រើន ហើយអត្រានៃការថយចុះនៃប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យនោះ មិនអាចថយនោះទេ»។
ការលើកឡើងនេះ ត្រូវបានមន្ត្រីជំនាញពន្លត់អគ្គីភ័យពន្យល់ថា រាជរដ្ឋាភិបាលមិនមានកញ្ចប់ថវិកាពិសេសណាមួយសម្រាប់អង្គភាពបង្ការ និងពន្លត់អគ្គីភ័យទេ។ ក៏ប៉ុន្តែ ក៏មិនមែនមានន័យថា រដ្ឋាភិបាលគ្មានសមត្ថភាពជួយសង្គ្រោះករណីអគ្គីភ័យដែលកើតឡើងនោះដែរ។ ជាគោលការណ៍ រដ្ឋាភិបាលមានកាតព្វកិច្ចទាំងស្រុងសម្រាប់ផ្តល់សេវាពន្លត់អគ្គីភ័យ ឬមានន័យថា ពលរដ្ឋដែលរងគ្រោះផ្ទាល់ ឬមិនផ្ទាល់ដោយសារគ្រោះអគ្គីភ័យ មិនត្រូវចំណាយប្រាក់លើសេវាកម្មឡានទឹករបស់មន្ត្រីពន្លត់អគ្គីភ័យទេ កុំថាឡើយថ្លៃឡានទឹកមួយគ្រឿង សូម្បីតែថ្លៃឡានទឹក ១ពាន់គ្រឿង ក៏មិនត្រូវចំណាយដែរ។ រាជរដ្ឋាភិបាលបានចំណាយថវិកាពី ៦ម៉ឺនដុល្លារ ទៅ ១០ម៉ឺនដុល្លារ សម្រាប់យុទ្ធនាការជួយសង្គ្រោះ និងពន្លត់អគ្គីភ័យនៅរាជធានីភ្នំពេញ។
«សំឡេងស៊ីរ៉ែនឡានទឹកពន្លត់អគ្គីភ័យ»
យ៉ាងណា នៅពេលពន្លត់អគ្គីភ័យ ជៀសមិនរួចពីការរិះគន់របស់ក្រុមប្រជាពលរដ្ឋថាសមត្ថកិច្ចជំនាញធ្វើការមិនបានល្អ ភាពមិនប្រក្រតីច្រើន ហើយកន្លែងដែលត្រូវបាញ់ទឹកពន្លត់ បែរជាមិនបាញ់ពន្លត់ និងភាពយឺតយ៉ាវនៃការជួយសង្គ្រោះ និងចរចាតម្លៃមុនចុះអន្តរាគមន៍ជាដើម។
ជាក់ស្តែង អាជីវករផ្សារទួលសង្កែ ដែលតូបលក់របស់គាត់ត្រូវឆេះបំផ្លាញកាលពីឆ្នាំមុន បានរិះគន់កម្លាំងពន្លត់អគ្គីភ័យថា មិនបានបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ៖ «នៅតែអាក្រៅ អាក្នុងអត់ចុះបាញ់ មានផ្ទះមានសិទ្ធិរស់រានដូចគ្នា ហើយអត់ចូលទៅបាញ់នៅក្នុងឡានមក នៅតែអាក្រៅ ចង់ឡានប៉ុណ្ណាក៏ចូលរួចដែរផ្លូវក្នុងនោះ។ ពន្លត់អគ្គីភ័យអត់ចូលទៅក្នុង ឡានចូលទៅហើយឲ្យចេញមកវិញ មិនដឹងជាហេតុការណ៍អីបានឲ្យឡាននោះចេញមកវិញ។ ខ្ញុំតូចចិត្តឡានទឹកហ្នឹងដែរ បានហេតុអីបានខាងក្នុងខាងក្រៅអត់បាញ់ ទាល់តែឆេះខ្លាំងហើយបានបាញ់ បើអត់ទាន់ឆេះខ្លាំងអត់បាញ់ទេ»។
តាមរបាយការណ៍នៅភ្នំពេញ រយៈពេល ៤ខែឆ្នាំ២០១៣ មានអគ្គីភ័យកើតឡើងនៅរាជធានីភ្នំពេញ ចំនួន ៥៦ករណី ធ្វើឲ្យមនុស្ស ៣នាក់ស្លាប់។ ចំនួននេះកើនឡើងជាងឆ្នាំ២០១២ ដែលពេញមួយឆ្នាំមានគ្រោះអគ្គីភ័យកើតឡើងចំនួន ៧៩ករណី និងមនុស្ស ១ម្នាក់បានស្លាប់។
នៅក្នុងច្បាប់ថ្មីនេះ ក៏បានកំណត់ពីការគាំពារដល់ភ្នាក់ងារនគរបាលបង្ការ និងពន្លត់អគ្គីភ័យដែលពលីជីវិត ឬរងរបួសប៉ះពាល់សុខភាព ឬពិការមួយជីវិតក្នុងពេលប្រតិបត្តិការពន្លត់អគ្គីភ័យ រដ្ឋទទួលខុសត្រូវដោះស្រាយគោលនយោបាយផ្តល់កិត្តិយស និងផ្តល់ការព្យាបាលដោយឥតគិតថ្លៃ។ ក្នុងនោះ រដ្ឋក៏ធានារកជម្រកស្នាក់នៅបណ្ដោះអាសន្ន និងដោះស្រាយជីវភាពសង្គមដល់ជនរងគ្រោះទាំងអស់ដោយសារអគ្គីភ័យដែរ។
កាលពីខែធ្នូ ឆ្នាំ២០១២ អគ្គីភ័យបានឆេះផ្សាររាត្រីនៅខេត្តសៀមរាប បណ្ដាលឲ្យស្លាប់មួយគ្រួសារ ដែលមានសមាជិកចំនួន ៨នាក់។ មានករណីមួយទៀតនៅខែមីនា ឆ្នាំ២០១៣ នៅខេត្តមណ្ឌលគិរី ដែលបានផ្តាច់ជីវិតជនជាតិភាគតិចមួយគ្រួសារទៀត ដែលមានសមាជិក ៧នាក់។ គ្រោះអគ្គីភ័យក្នុងមួយឆ្នាំៗ សមត្ថកិច្ចជំនាញសន្និដ្ឋានថា បំផ្លាញទ្រព្យសម្បត្តិពលរដ្ឋជាង ៦០លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។