សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ភ្នំពេញ​កាត់​ក្ដី​លោកឈូក​បណ្ឌិត

សាលា​ដំបូង​ខេត្ត​ស្វាយរៀង មិន​ទាន់​កំណត់​ពេល​វេលា​បើក​សវនាការ​សំណុំ​រឿង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត នៅ​ឡើយ​ទេ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​បញ្ជូន​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ​ឲ្យ​ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បើក​សវនាការ​ជំនុំ​ជម្រះ​ម្ដង​ទៀត​នោះ។
ដោយ ទីន ហ្សាការីយ៉ា
2013-03-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ដើរ​ចូល​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Ouk Savborey

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​សហជីព​គ្មាន​ជំនឿ​ទៅ​លើ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ថា​នឹង​ផ្ដន្ទាទោស​លោក ឈូក បណ្ឌិត ដែល​ជា​ជន​សង្ស័យ​បាញ់​កម្មករ​នោះ​ទេ ពីព្រោះ​ដោយ​យល់​ឃើញ​ថា តុលាការ​នេះ​ធ្លាប់​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ម្ដង​រួច​មក​ហើយ​នោះ។

អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​សហជីព បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយ​ទាមទារ​ឲ្យ​សាលា​ឧទ្ធរណ៍​ពិចារណា​ឡើង​វិញ និង​បង្វែរ​សំណុំ​រឿង​លោក ឈូក បណ្ឌិត ឲ្យ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជា​អ្នក​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នេះ​វិញ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម នៅ​ថ្ងៃ​ទី១៧ មីនា នេះ រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សហភាព​សជីព​កម្ពុជា និង​សហភាព​ការងារ​កម្ពុជា។

លោក អាត់ ធន់ ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា មាន​ប្រសាសន៍​ថា លោក ឈូក បណ្ឌិត ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​ក្នុង​ការ​បាញ់​រះ​ទៅលើ​ក្រុម​កម្មករ ធ្វើ​ឲ្យ​កម្មការិនី​បី​នាក់​រង​របួស​ធ្ងន់ ដែល​មាន​ទាំង​សាក្សី​ច្បាស់​លាស់​បាន​ឃើញ ហើយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​បាន​ចង្អុល​បង្ហាញ តែ​សាលា​ដំបូង​បាន​ត្រឹម​តែ​ចោទ​ប្រកាន់​ពី​ការ​បង្ក​របួស​ស្នាម​ដោយ​អចេតនា រហូត​ដល់​លើក​ការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ទៅ​ទៀត។

ហើយ​សាលា​ឧទ្ធរណ៍​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ឲ្យ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ជំនុំ​ជម្រះ​រឿង​ក្ដី​ឡើង​វិញ ដូច្នេះ​លោក​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​សាលា​ឧទ្ធរណ៍ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណី​ស្នើសុំ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ មីនា។

កាល​ពី​ថ្ងៃ​ទី៤ មីនា សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​អសាធារណៈ ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ជា​អភិបាល​ក្រុង​បាវិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា​២៣៦ ហើយ​បញ្ជូន​សំណុំ​រឿង​នេះ និង​ជន​ត្រូវ​ចោទ ឈូក បណ្ឌិត ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ជំនុំ​ជម្រះ​តាម​ផ្លូវ​ច្បាប់។

ការ​ផ្ដន្ទាទោស​តាម​មាត្រា​២៣៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ គឺ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល។

ក៏ប៉ុន្តែ នៅ​ខណៈ​ដែល​សាលា​ដំបូង​ខេត្ត​ស្វាយរៀង មិន​ទាន់​មាន​គម្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​នេះ ក្រុម​សហជីព និង​អង្គការ​សិទ្ធិ​មនុស្ស​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​បង្វែរ​សំណុំ​រឿង​នេះ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជំនុំ​ជម្រះ​វិញ ដោយ​ហេតុ​ថា តុលាការ​ខេត្ត​ស្វាយរៀង ធ្លាប់​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ​ថា តុលាការ​នេះ​ពុំ​មាន​ឆន្ទៈ​កាត់​ទោស​បុគ្គល​មាន​អំណាច និង​មាន​ទំនាក់ទំនង​ស្អិត​ល្មួត​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នោះ​ទេ។

សេចក្ដី​ថ្លែងការណ៍​រួម​បាន​សរសេរ​ថា សំណុំ​រឿង​លោក ឈូក បណ្ឌិត នេះ ជា​រឿយៗ​បាន​រក្សា​ទុក ដែល​ជា​និមិត្ត​រូប​នៃ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា។ ដោយ​ឡែក តួនាទី​សំខាន់​ពីរ​យ៉ាង​របស់​តុលាការ គឺ​ទី១ គោរព​នីតិរដ្ឋ រក្សា​នូវ​ភាព​ឯករាជ្យ​ភាព​របស់​ខ្លួន​ពី​ស្ថាប័ន​នីតិប្រតិបត្តិ និង​ប្រឆាំង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ និង​អំពើ​ពុក​រលួយ។ ទី២ គឺ​ធានា​នូវ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​ជន​រងគ្រោះ និង​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ ដោយ​នាំ​ឧក្រិដ្ឋជន​យក​មក​ផ្ដន្ទាទោស និង​ដើម្បី​ការពារ​មិន​ឲ្យ​កើត​មាន​ឡើង​នូវ​ឧក្រិដ្ឋកម្ម។ ហើយ​ករណី​នេះ ជា​រឿង​ពិសេស​មួយ​សម្រាប់​តុលាការ​កម្ពុជា ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ភាព​ជឿជាក់​ខ្លះ និង​បង្ហាញ​ថា ខ្លួន​ជា​ស្ថាប័ន​មួយ​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ប្រជាពលរដ្ឋ។

បន្ថែម​ពី​លើ​នេះ​ទៀត លោក អាត់ ធន់ បាន​អះអាង​ថា ក្រុម​សហជីព​របស់​លោក​នឹង​ដាក់​លិខិត​ទៅ​ក្រសួង​យុត្តិធម៌ និង​សាលា​ឧទ្ធរណ៍​បន្ថែម​ទៀត ដើម្បី​សុំ​ឲ្យ​បង្វែរ​សំណុំ​រឿង​លោក ឈូក បណ្ឌិត ឲ្យ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជំនុំ​ជម្រះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

bun kosala

ពី From France

ឈូក ដុះផុតពីទឹក ត្រូវពន្លឺថ្ងៃ មានក្លិនក្រអូប សម្រាប់បូជាព្រះ គួរត្រូវហៅថា បណ្ឌិត មែនៗព្រោះសម្រាប់សប្បុរសបំពេញសុចរិត ដោយកាយវាចាចិត្ត ។ លក្ខណៈនេះ គឺព្រះពុទ្ធត្រាស់ហៅថា បណ្ឌិត។
ចុះ ឈូក វង្វេងបឹង ជ្រកក្រោម ដួន ទេវតាយួន នេះ តើពេលណា នឹងបានទទួលការអបរំ ឬពន្លឺសីលធម៌?
បើតាមធម៌នោះ គេមិនគួរ ហៅថា ឈូក បណ្ឌិត ទេ។ សមតែ ឈូក ពាល?

Mar 19, 2013 04:25 AM

អ្នក​អាន​អនាមិក

Wow wow wow!!! CHUOK BENDAN TRY TO KILL THREE PEOPLE, BUT HE GOT AWAY FROM TRIAL, EVEN KEIV RAMY AND PAIT SYPHAN SHUTUP NEVER TALK ABUOT THE LAW. THAT ARE YOU DRIKING POWER TOMUCH. SICK NEM.....

Mar 18, 2013 01:42 PM

ភាពភ្នំពេញ

ពី Phnom Penh

ខ្ញុំតែងតែឮផៃស៊ីនផាន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលតែងតែ និយាយអំពីការគោរពច្បាប់ និងនីតិរដ្ឋ ចុះចំពោះករណី លោកឈូកបណ្ឌិតនេះហេតុអីបានជាបាត់មាត់ដូចគេចុក?? បើករណីតាសូណង់ដូ និងលោកសមរង្ស៊ីវិញកេ្អងក្អាងដូច ក្អាត់ចូលក្អមថាសុទ្ធតែចង់ពង្រឹងនីតិរដ្ឋ និងការគោរពច្បាប់ សម្តីអន់ជាងអាច់ម៍មាន់កសិកម្មទៅទៀត!!!

Mar 18, 2013 12:02 AM

អ្នក​អាន​អនាមិក

ជ្រិញណាស់ៗៗៗ​ រុញទៅរុញមកដើម្បីអូសបន្លាយរហូតដល់
ធុញទ្រាន់ លែងចាប់អារម្មណ បិទសំណុំរឿងចោល នេះហើយតុលាការបក្សពួក តុលាការលុយ តុលាការចោរ តុលាការចាំស្តាប់បញ្ឋារ​ តុលាការចាត់តាំង តុលាការក្បត់ឧត្តមគតិ

Mar 17, 2013 09:59 PM

ក្រអៅឈូក បណ្ឌិត

ពី ភ្នំពេញ

ស្រុកខ្មែរមានបុរសខ្លាំងតែម្នាក់ទេ។ ប្រហែលជាឈូកបណ្ឌិតជាបុរសមិនធម្មតាទើបបុរសខ្លាំងមិនហ៊ានចាត់ការរឿងនេះ។

Mar 17, 2013 12:31 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល