តើ​មាន​ច្បាប់​ការពារ​កុមារ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ​ដែរ​ឬ​ទេ?

ដោយ ខែ សុណង
2013-05-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កុមារ​កម្ពុជា​អង្គុយ​ក្បែរ​វេទិកា​ប្រឆាំង​ពល​កម្ម​កុមារ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ
កុមារ​កម្ពុជា​អង្គុយ​ក្បែរ​វេទិកា​ប្រឆាំង​ពល​កម្ម​កុមារ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ
RFA/Vohar Cheath

កុមារ​ដែល​កំពុង​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ​ក្នុង​ពេល​បច្ចុប្បន្ន មិន​សូវ​បាន​គេ​ដឹង​ឮ​ពី​ព័ត៌មាន​របស់​ពួក​គេ​នោះ​ទេ។ យូរៗ​ម្ដង មាន​លេច​ឡើង​នូវ​ព័ត៌មាន​ពី​ការ​រំលោភ​បំពាន​ពី​សំណាក់​ម្ចាស់​ផ្ទះ បន្ទាប់​ពី​ក្មេងៗ​ទាំង​នោះ​បាន​ព្យាយាម​រត់​ចេញ​ដោយ​ខ្លួន​ឯង ដើម្បី​ស្វែង​រក​ជំនួយ​សង្គ្រោះ។

ក្មេងៗ​ទាំង​នោះ បាន​រងគ្រោះ​ដោយ​អំពើ​ទារុណកម្ម ដូចជា ត្រូវ​ម្ចាស់​ផ្ទះ​វាយ​ដំ និង​ធ្វើ​ឲ្យ​រលាក​កាយ​ជាដើម។

តើ​កុមារ​ទាំង​នោះ​អាច​ទទួល​បាន​ការ​គាំពារ​តាម​ផ្លូវ​ច្បាប់​បែប​ណា​ខ្លះ? តើ​ប្រទេស​កម្ពុជា មាន​ច្បាប់​ការពារ​កុមារ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ​ដែរ​ឬ​ទេ?

កុមារ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ បាន​ប្រឈម​នូវ​បញ្ហា​ជាច្រើន​ចំពោះ​មុខ​ក្នុង​ពេល​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​បាត់​បង់​ឱកាស​ចូល​រៀន ហើយ​ត្រូវ​ម្ចាស់​ផ្ទះ​ខ្លះ​វាយ​ធ្វើ​បាប​ថែម​ទៀត។

កុមារ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ឪពុក​ម្ដាយ ឬ​អាណាព្យាបាល គឺ​ជា​អ្នក​បញ្ជូន​ពួក​គេ​ឲ្យ​ទៅ​រស់នៅ​ធ្វើ​ការ​ក្នុង​ផ្ទះ​អ្នក​ដទៃ​ដោយ​ផ្ទាល់ ដើម្បី​បាន​កម្រៃ​ឈ្នួល​ទ្រទ្រង់​ជីវភាព​គ្រួសារ ដោះ​បំណុល ឬ​កាត់​បំណុល​ជាដើម។

ទាក់ទង​បញ្ហា​នេះ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក បាន​ថ្លែង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពុំ​មាន​ស្ថាប័ន​ណា​មួយ ទាំង​ស្ថាប័ន​ឯកជន និង​ស្ថាប័ន​រដ្ឋ មាន​ស្ថិតិ​បញ្ជាក់​ថា​មាន​កុមារ​ប៉ុន្មាន​នាក់​ដែល​កំពុង​ធ្វើ​ការ​បម្រើ​ក្នុង​ផ្ទះ​នោះ​ទេ។ អ្នកស្រី​បន្ត​ថា បញ្ហា​នេះ​នឹង​បែក​ធ្លាយ​នៅ​ពេល​ដែល​កុមារ​បាន​ព្យាយាម​រត់​ចេញ​មក​ក្រៅ​ផ្ទះ ឬ​មាន​អ្នក​ជិត​ខាង​បាន​ឃើញ ហើយ​ឈឺ​ឆ្អាល ទើប​កុមារ​រងគ្រោះ​ទាំង​នោះ​ទទួល​បាន​ការ​អន្តរាគមន៍ និង​ជំនួយ​សង្គ្រោះ។

អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក៖ «យើង​មិន​អាច​មើល​ឃើញ​ទេ​ពី​ក្រៅ ទាល់​តែ​លេច​មក​ដោយសារ​កុមារ​ហ្នឹង គេ​ធ្វើ​បាប​ទៅ​ហើយ មាន​អ្នក​ជិត​ខាង​មក​ប្ដឹង​យើង បាន​យើង​ដឹង​រឿង​ហ្នឹង​នៅ​ខាង​ក្នុង​ផ្ទះ​គេ ហើយ​បើ​គេ​ហ្នឹង​ចិត្ត​មិន​ល្អ គេ​ធ្វើ​បាប​គ្នា​មិន​អាច​ទាក់ទង​មក​ក្រៅ​បាន​ទេ។ នៅ​ក្នុង​ផ្ទះ​បិទ​ទ្វារ​ជិត យើង​មិន​អាច​ទៅ​ចូល​ផ្ទះ​គេ​បាន​ទេ ទាល់​តែ​មាន​ការ​រំលោភ​នៅ​ក្នុង​ហ្នឹង ហើយ​ក្មេង​នោះ​ស្រែក​អី​ទៅ​ចេញ​មក​ដល់​ក្រៅ។ ដូច​អង្គការ​លីកាដូ បាន​ជួយ​កូន​នោះ ៨​ឆ្នាំ​សោះ វាយ​ធ្វើ​បាប​ទាល់​តែ ១​ថ្ងៃ​ហ្នឹង បែក​ក្បាល​ហ្នឹង​ទៅ​ម្ដាយ​ចិញ្ចឹម​យក​មក​ខាង​ក្រៅ ឲ្យ​ពេទ្យ​គេ​ដេរ​ប៉ុន្មាន​ថ្នេរ​ទៅ បាន​ក្មេង​ហ្នឹង​ឃើញ​នគរបាល​មួយ​រត់​ទៅ​អោប​នគរបាល​ឲ្យ​ជួយ​បាន​ជួយ​បាន បើ​មិន​អ៊ីចឹង​ទេ ផ្ទះ​របស់​គេ​បិទ​ទ្វារ យើង​មិន​អាច​ចូល​ផ្ទះ​គេ​បាន​ទេ ទាល់​តែ​មាន​ដីកា»

អ្នកស្រី ពុង ឈីវកេក បាន​បញ្ជាក់​ថា កុមារ​ធ្វើ​ការ​បម្រើ​ក្នុង​ផ្ទះ​នៅ​តែ​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​នៅ​សាលា​ដូច​កុមារ​ដទៃ​ទៀត​ដែរ។ ដូច្នេះ ម្ចាស់​ផ្ទះ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​ពួក​គេ​បាន​ទៅ​រៀន​យ៉ាង​ហោច​ណាស់​ត្រឹម​ថ្នាក់​ទី​៩។ អ្នកស្រី​យល់​ថា ការ​បាត់​ព័ត៌មាន​ពី​កុមារ​កំពុង​ធ្វើ​ការ​បម្រើ​ក្នុង​ផ្ទះ គឺ​ជា​បញ្ហា​ផ្ទាល់​របស់​កុមារ​ដែល​ជា​ឱកាស​ឲ្យ​ម្ចាស់​ផ្ទះ​មួយ​ចំនួន​ដែល​ខ្វះ​ការ​យល់​ដឹង​ពី​ច្បាប់​កាន់​តែ​រំលោភ​បំពាន​ទៅ​លើ​ពួក​គេ​ថែម​ទៀត។

អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក៖ «យើង​មិន​អាច​ចូល​ផ្ទះ​គេ​ស្រួលៗ ដើម្បី​ដឹង​ថា តើ​កុមារ​ដែល​ធ្វើ​ការ​ក្នុង​ផ្ទះ​ហ្នឹង ម្ចាស់​ផ្ទះ​មាន​ចិត្ត​ធម៌​សប្បុរស​ទេ ចិត្ត​ល្អ​ទេ ថែទាំ​កុមារ​ហ្នឹង​ឲ្យ​ទៅ​រៀន​សាលា​ទេ ហើយ​ឲ្យ​ធ្វើ​ការ​ស្រាលៗ​ទេ ហើយ​មួយ​ទៀត មាន​អាយុ​ដែល​មិន​អាច​ធ្វើ​ការ​ធ្ងន់ៗ​បាន គឺ​ថា​ពី ១៥​ឆ្នាំ ទៅ ១៧​ឆ្នាំ ប៉ុន្តែ​នៅ​តែ​ឲ្យ​ទៅ​សាលា​រៀន ឲ្យ​ម្ហូប​គ្រប់គ្រាន់ ទទួល​ទាន​ដំណេក​គ្រប់គ្រាន់។ យើង​មិន​អាច​មើល​ឃើញ​ទេ​ពី​ក្រៅ ហើយ​កុមារ​បើ​នៅ​ខាង​ក្នុង​ផ្ទះ​គេ គេ​ចិត្ត​មិន​ល្អ​គេ​ធ្វើ​បាប គ្នា​មិន​អាច​ទាក់ទង​មក​ខាង​ក្រៅ​បាន​ទេ»

របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​បច្ចុប្បន្ន​ហៅ​ថា អង្គការ​អន្តរជាតិ​ខាង​ការងារ អាយ​ឡូ (ILO) ជាមួយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ឆ្នាំ​២០០៣ រក​ឃើញ​ថា មាន​កុមារ​កំពុង​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​ជាង ២​ម៉ឺន ៧​ពាន់​នាក់។ ចំណែក​អង្គការ​លីកាដូ បាន​ស្រាវជ្រាវ​ថា ប្រាក់​បៀវត្សរ៍​ពួក​គេ​ទទួល​បាន​មិន​លើស​ពី ១៥​ម៉ឺន​រៀល​ទេ ក្នុង​មួយ​ខែ។ កុមារ​ដែល​ធ្វើ​ការ​នេះ គេ​រក​ឃើញ​ថា ភាគ​ច្រើន​មាន​អាយុ​ពី ១២ ទៅ ១៥​ឆ្នាំ។ ពួក​គេ​ធ្វើ​ការ​ជា​មធ្យម ១៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​របាយការណ៍​នេះ មិន​បាន​បង្ហាញ​ថា​មាន​កុមារ​ប៉ុន្មាន​នាក់​ដែល​រងគ្រោះ​ដោយ​ម្ចាស់​ផ្ទះ​ធ្វើ​បាប​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ បញ្ហា​នេះ​នាយិកា​ប្រតិបត្តិ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ី.ដាប់ប៊ែលយូ.ស៊ី.ស៊ី (CWCC) អ្នកស្រី ប៉ុក បញ្ញាវិចិត្រ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​មាន​ផ្នត់​គំនិត​ថា អំពើ​ហិង្សា​គឺ​ជា​រឿង​ធម្មតា គឺ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គ្រួសារ​នីមួយៗ ដូច្នេះ​នៅ​ពេល​ដែល​កុមារ​ធ្វើ​ការ​ក្នុង​ផ្ទះ ត្រូវ​រងគ្រោះ​ដោយ​អំពើ​ផ្សេងៗ​ជា​លក្ខណៈ​ពលកម្ម​ក្ដី ជា​ការ​បំពាន​លើ​រាងកាយ​ក្ដី គឺ​ពុំ​សូវ​មាន​ការ​រាយការណ៍​នោះ​ទេ។ អ្នកស្រី​បន្ត​ថា កង្វះ​ការ​យល់​ដឹង​ទៅ​លើ​សិទ្ធិ​កុមារ និង​គោលការណ៍​ការពារ​កុមារ និង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ជិត​ខាង ក៏​ជា​ចំណុច​មួយ​នាំ​ឲ្យ​កុមារ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​តែ​រងគ្រោះ​បន្ត​ទៀត។ ទាំងអស់​នេះ អ្នកស្រី​គិត​ថា​មក​ពី​កង្វះ​ខាត​នៃ​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ។

អ្នកស្រី ប៉ុក បញ្ញាវិចិត្រ៖ «គណៈកម្មការ​កុមារ​នៃ​ក្រសួង​សង្គមកិច្ច បាន​បង្កើត​ឲ្យ​មាន​គោលការណ៍​ការពារ​កុមារ ប៉ុន្តែ​ភាគ​ច្រើន​គោលការណ៍​ទាំងអស់​នោះ គឺ​បាន​ផ្សព្វផ្សាយ​តែ​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គភាព​រាជ​រដ្ឋាភិបាល​ផ្សេងៗ ដែល​ធ្វើ​ការ​ផ្ទាល់​ជាមួយ​កុមារ​ដើម្បី​ឲ្យ​យើង​មាន​ការ​យល់​ដឹង​ថា តើ​កម្រិត​ណា​ដែល​កុមារ​មិន​មាន​សុវត្ថិភាព​ហើយ​រាយការណ៍។ល។ ប៉ុន្តែ​មិន​បាន​ផ្សព្វផ្សាយ​ដល់​សាធារណជន ដើម្បី​ឲ្យ​គាត់​ចាប់​អារម្មណ៍​ថា នៅ​ពេល​ដែល​កុមារ​ស្ថិត​នៅ​ក្នុង​ជ្រុង​គ្រោះថ្នាក់​មួយ ឬ​ក៏​ស្ថានភាព​គ្រោះថ្នាក់ គាត់​ត្រូវ​រាយការណ៍​នោះ​ទេ»

សាលា​រាជធានី​ភ្នំពេញ កាល​ពី​ខែ​តុលា ឆ្នាំ​២០០៧ បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ស្ដីពី​វិធាន​ការ​ទប់ស្កាត់ និង​លុប​បំបាត់​ពលកម្ម​កុមារ​ក្នុង​វិស័យ​ការងារ​បម្រើ​តាម​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ។ សេចក្ដី​ណែនាំ​នេះ មាន ៩​ចំណុច ណែនាំ​ទៅ​កាន់​ម្ចាស់​ផ្ទះ និយោជក ម្ចាស់​ក្រុមហ៊ុន សហគ្រាស និង​ម្ចាស់​គ្រឹះស្ថាន​ក្នុង​រាជធានី​ភ្នំពេញ។ ការ​ណែនាំ​ដោយ​យោង​ទៅ​លើ​ហេតុផល​ថា ពលកម្ម​របស់​កុមារ​បម្រើ​ការងារ​តាម​ផ្ទះ គឺ​ជា​គ្រោះថ្នាក់​ខ្ពស់​បំផុត ព្រោះ​កុមារ​ធ្វើ​ការ​ក្នុង​ផ្ទះ​មាន​ទ្វារ​បិទ​ជិត ហើយ​មិន​មាន​នរណា​មួយ​អាច​ដឹង​ពិត​ប្រាកដ​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​លើ​កុមារ​នោះ​ឡើយ។ ជាក់ស្ដែង កុមារ​បម្រើ​ការងារ​តាម​ផ្ទះ ស្ថិត​ក្នុង​ស្ថានភាព​ខុសៗ​គ្នា ហើយ​ពួក​គេ​តែង​ទទួល​រង​ការ​ដក​ហូត​ឱកាស​សម្រាប់​ការ​សិក្សា ដាច់​ឆ្ងាយ​ពី​ក្រុម​គ្រួសារ បង្ខំ​ឲ្យ​ធ្វើ​ការ​ច្រើន​ម៉ោង គ្មាន​កិច្ច​សន្យា​ការងារ មាន​ប្រាក់​ខែ​តិចតួច ឬ​គ្មាន​ការងារ​គ្មាន​ពេល​ឈប់​សម្រាក ហើយ​ពុំ​មាន​ការ​លើក​ទឹក​ចិត្ត​ឡើយ ព្រម​ទាំង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ទៅ​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​អំពើ​ហិង្សា​ផ្សេងៗ​មក​លើ​កុមារ។

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ រាជធានី​ភ្នំពេញ លោក នូ នីម បាន​ថ្លែង​ថា សម្រាប់​គម្រោង​ការពារ​កុមារ​បម្រើ​តាម​ផ្ទះ​នេះ ស្ថាប័ន​រដ្ឋ​កំពុង​មាន​ការ​ខ្វះខាត​ថវិកា​ធ្វើ​សកម្មភាព ដោយ​ស្ថាប័ន​រដ្ឋ​ត្រូវ​ការ​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល។ លោក​ថា ឧបសគ្គ​នេះ​នាំ​ឲ្យ​បាត់​ចំណែក​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​កុមារ​ធ្វើ​ការ​បម្រើ​ក្នុង​ផ្ទះ​មិន​ទទួល​បាន​ការ​អប់រំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បញ្ហា​នេះ​ក៏​ជា​ឧបសគ្គ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ទប់ស្កាត់​ហិង្សា​លើ​កុមារ​ដែរ។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី​វេជ្ជ​បណ្ឌិត ពុង ឈីវកេក បាន​ផ្ដល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ច្បាប់​មួយ​ដាច់​ដោយ​ឡែក ដើម្បី​ការពារ​កុមារ និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ទប់ស្កាត់​ការ​រំលោភ​បំពាន​លើ​កុមារ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​គាំពារ​កុមារ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​គ្រូ​បង្រៀន​ផង ត្រូវ​តែ​រួម​គ្នា​ការពារ​កុមារ​បម្រើ​ការងារ​តាម​ផ្ទះ។ ជាង​នេះ​ទៅ​ទៀត ឪពុក​ម្ដាយ ឬ​អាណាព្យាបាល រួម​ទាំង​កុមារ ត្រូវ​មាន​ភាព​វ័យ​ឆ្លាត និង​យល់​ដឹង​ពី​លក្ខខណ្ឌ​ការងារ។ ហើយ​អ្វី​ដែល​ខាន​មិន​បាន​នោះ គឺ​ការ​ប្រឈម​មុខ​តតាំង​តាម​ផ្លូវ​ច្បាប់ កុំ​ខ្លាច កុំ​បារម្ភ និង​ជៀស​ឲ្យ​បាន​នូវ​ការ​សម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ពេល​ដែល​កុមារ​បាន​រងគ្រោះ និង​មាន​ស្លាកស្នាម​លើ​រាងកាយ​ធ្ងន់ធ្ងរ​នោះ ដើម្បី​លុប​បំបាត់​និទ្ទណ្ឌភាព។ ការ​ធ្វើ​ដូច្នេះ នាំ​ឲ្យ​កុមារ​ទទួល​បាន​នូវ​សុវត្ថិភាព​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

The government should care about safety, protection of the children, no physical, mental abuse of the children as they said in this RFA's audio.

May 05, 2013 05:06 AM

គេហទំព័រ​ទាំងមូល