សង្គម​ស៊ីវិល​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ចៅក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​សំណូមពរ​ឱ្យ​អង្គភាព​មាន​សមត្ថកិច្ច​ត្រួត​ពិនិត្យ​តុលាការ ជួយ​សើរើ​ឡើង​វិញ​ចំពោះ​រឿង​ចៅក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប ដែល​បាន​សម្រេច​ដោះលែង​បុរស​ម្នាក់​ជា​ប្រធាន​អង្គការ​កុមារ​កំព្រា ដែល​គេ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​សេពសន្ថវៈ​ជាមួយ​ក្មេង​ស្រី​ខ្លះ​នៅ​ក្នុង​មណ្ឌល​នោះ។
ដោយ ហង្ស សាវយុត
2013-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​ខេត្ត​សៀមរាប។
តុលាការ​ខេត្ត​សៀមរាប។
Photo: RFA

មន្ត្រី​សង្គម​ស៊ីវិល បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ពេល​ថ្មីៗ​ដោយ​រិះ​រក​នីតិវិធី ដើម្បី​សើរើ​ករណី​នេះ​ឡើង​វិញ បើ​ទោះ​បី​ជា​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដោះលែង​បុរស​ប្រធាន​មណ្ឌល​កុមារ​កំព្រា​នោះ​ហើយ​ក៏ដោយ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​សម្ព័ន្ធ​អង្គការ​ធ្វើ​ការ​ជួយ​ដល់​កុមារ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​សៀមរាប បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​នេះ ដែល​បាន​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​បទ​សេពសន្ថវៈ ព្រម​ទាំង​ដោះលែង​បុរស​ជា​ប្រធាន​អង្គការ​កុមារ​កំព្រា​អប់រំ​អង្គរ ឱ្យ​មាន​សេរីភាព​វិញ។

ក្រុម​អង្គការ​ទាំង​នោះ​បាន​ចាត់​ទុក​ការ​ដោះលែង​ប្រធាន​អង្គការ​នោះ​ថា មាន​ភាព​មិន​ប្រក្រតី​ខុស​ពី​ការ​ពិត ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ស៊ើប​អង្កេត។

អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប គឺ​លោក នូ ពុទ្ធិ។ លោក​បាន​មាន​ប្រសាសន៍​ថា សេចក្តី​សម្រេច​របស់​លោក​ចៅក្រម​ដែល​ដោះលែង​ប្រធាន​អង្គការ​កុមារ​កំព្រា​អប់រំ​អង្គរ (A.O.E.O) បាន​ធ្វើ​ឱ្យ​សម្ព័ន្ធ​អង្គការ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ការ​ជួយ​កុមារ​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង។

លោក នូ ពុទ្ធិ បាន​បញ្ជាក់​ថា ការ​លើក​លែង​ចោទ​ប្រកាន់​នោះ គឺ​នៅ​មាន​ការ​សង្ស័យ​ជាច្រើន ហើយ​អង្គការ​លីកាដូ នឹង​ព្យាយាម​ពិនិត្យ​លើ​ផ្លូវ​ច្បាប់ ដើម្បី​សើរើ​រឿង​នោះ​ឡើង​វិញ៖ «តាម​ចម្លើយ​របស់​ជន​ត្រូវ​ចោទ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើប កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា គឺ​សារភាព​ថា គាត់​បាន​ឱប​រឹត​បង្កើត​ឱ្យ​មាន​តម្រេក​ផ្លូវ​ភេទ ប៉ះពាល់​ទៅ​លើ​ក្មេង​នោះ​ហើយ ប៉ុន្តែ​ដូច​ជា​លោក​ចៅក្រម​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​នេះ។ ចំពោះ​ការ​ដោះលែង​ទៀត​សោត យើង​មិន​សប្បាយ​ចិត្ត​សោះ ហើយ​ចំណុច​មួយ​ចំនួន​ទៀត ឃើញ​ថា​មិន​ទាន់​មាន​ភាព​រលូន​នៅ​ឡើយ​ទេ។ គិត​ត្រឹម​ថ្ងៃ​ទី១០ គឺ​ថា អាណាព្យាបាល​ជន​រងគ្រោះ​ហ្នឹង គឺ​ថា​មិន​ទាន់​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ថា តើ​គាត់​យល់​ស្រប​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ហើយ គាត់​នឹង​ត្រូវ​ធ្វើ​អ្វី​ទៀត គឺ​ថា​មិន​ទាន់​បាន​ទទួល​គ្រប់គ្រាន់​នៅ​ឡើយ»

ចំណែក​នាយក​អង្គការ​អេផល (APLE) ដែល​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​អំពើ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ គឺ​លោក សំលាង សិលា បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​ក៏​ខក​ចិត្ត​ចំពោះ​ការ​ដោះលែង​បុរស​ប្រធាន​អង្គការ​កុមារ​កំព្រា​អប់រំ​អង្គរ​នោះ​ដែរ៖ «មាន​ចំណុច​សង្ស័យ​ជាច្រើន​នៅ​ក្នុង​ករណី​នេះ ដែល​យើង​មិន​ទាន់​អាច​បង្ហើប​ឱ្យ​ដឹង​បាន ក៏ប៉ុន្តែ​យើង​សង្ឃឹម​ថា​ការ​ស៊ើប​អង្កេត​ឡើង​វិញ នឹង​អាច​រក​ឃើញ​សញ្ញា​មួយ​ចំនួន ដើម្បី​ផ្ដន្ទាទោស​ទៅ​លើ​ជន​ល្មើស។ យើង​នឹង​ធ្វើ​ការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៅ​ក្នុង​រឿង​នេះ ហើយ​អ្វី​ដែល​យើង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​មិញ​នេះ គឺ​ឱ្យ​អង្គការ​របស់​យើង​បាន​ចូល​ពាក់ព័ន្ធ​ក្នុង​ការ​ផ្ដល់​សេវា​ផ្លូវ​ច្បាប់​ទៅ​ដល់​ជន​រងគ្រោះ»

កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា កន្លង​ទៅ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៥ រួម​នឹង​មន្ត្រី​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ផង បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ស្វែង​រក​គន្លឹះ​ផ្លូវ​ច្បាប់​មួយ​ចំនួន​ក្នុង​ការ​សើរើ​ករណី​នោះ​ឡើង​វិញ។

ប្រតិកម្ម​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ថ្ងៃ​ទី២២ ខែ​មីនា កន្លង​ទៅ ប៉ូលិស​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ម៉ន សាវុធ ជា​ប្រធាន​អង្គការ​កុមារ​កំព្រា​អប់រំ​អង្គរ​ពី​បទ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ផ្លូវ​ភេទ​លើ​ក្មេង​ស្រី​មួយ​ចំនួន ដែល​ស្នាក់​នៅ​ក្នុង​មណ្ឌល​នោះ។ ការ​ចាប់​ខ្លួន​បន្ទាប់​ពី​សមត្ថកិច្ច និង​អង្គការ​ក្រៅ​រដ្ឋាភិបាល សហការ​ស៊ើប​អង្កេត​រួម​គ្នា​អស់​ជាច្រើន​ថ្ងៃ។

ទោះ​យ៉ាង​ណា ចៅក្រម​ដែល​កាន់​សំណុំ​រឿង​ក្តី​នោះ បាន​បង្ហាញ​ឆន្ទៈ​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​ការ​រិះគន់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ ពីព្រោះ​តែ​តុលាការ​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​នៅ​មុន​ការ​សម្រេច​លើក​លែង​ចោទ​ប្រកាន់​ទៀត​សោត តុលាការ​ក៏​បាន​អញ្ជើញ​អង្គការ​លីកាដូ ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន ព្រម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ទៀត​មក​ស្ដាប់ ព្រម​ទាំង​បាន​ស្នើសុំ​ឱ្យ​តុលាការ​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​ក្មេង​ស្រី​ទៀត​ផង។

ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ក្តី​នោះ គឺ​លោក កូយ សៅ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ដែល​ចាប់​ខ្លួន​បុរស​ឈ្មោះ ម៉ន សាវុធ ពី​ដំបូង​ដោយសារ​តែ​ក្មេង​ស្រី​បាន​ប្ដឹង​ពី​បទ​រំលោភ​សេពសន្ថវៈ ក៏ប៉ុន្តែ នៅ​ពេល​ដែល​សំណុំ​រឿង​នោះ​បាន​ដាក់​ដល់​ដៃ​តំណាង​អយ្យការ​ពិនិត្យ​មើល​ទៅ យល់​ថា​មិន​មែន​ជា​អំពើ​សេពសន្ថវៈ ក៏​បាន​ប្ដូរ​បទ​ចោទ​ទៅ​ជា​បទ​ប្រទូស្ដ​កេរ្តិ៍​ខ្មាស​វិញ។ លោក​ចៅក្រម កូយ សៅ បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​ដែល​លោក​ស៊ើបសួរ​ដោយ​ជួប​ជាមួយ​មនុស្ស​ជាច្រើន រួម​ទាំង​កោសល្យវិច័យ ឃើញ​ថា ក្មេង​ស្រី​នៅ​មាន​ព្រហ្មចារី ហើយ​ថែម​ទាំង​ប្រធាន​អង្គការ​នោះ​បាន​ឆ្លើយ​បដិសេធ​តាំង​ពី​ដើម​រៀង​មក មិន​មាន​រក​ឃើញ​បទ​ល្មើស ទើប​តំណាង​អយ្យការ​ស្នើសុំ​ឱ្យ​លោក​លើក​លែង​ការ​ចោទ​ប្រកាន់។

លោក​ចៅក្រម កូយ សៅ បាន​យល់​ថា ប្រធាន​អង្គការ​កុមារ​កំព្រា​អប់រំ​អង្គរ រូប​នោះ អាច​ត្រូវ​គេ​កាច់កុង​ក្នុង​រឿង​ទំនាស់​ផល​ប្រយោជន៍ ហើយ​មាន​អ្នក​ញុះញង់​កុមារ​ឱ្យ​ប្ដឹង​លោក ម៉ម សាវុធ នោះ​ពី​បទ​រំលោភ​សេពសន្ថវៈ​ដូច្នេះ៖ «យើង​ស៊ើប​ទៅ​អត់​មាន! គ្រាន់​តែ​ដេក​ក្នុង​នាម​ឪពុក និង​កូន ហើយ​ដេក​មិន​មែន​តែ​ម្នាក់​ឯណា ៣-៤​នាក់​ឯណោះ ហើយ​ជួន​កាល​បម្រះ​មក ឪពុក​ហ្នឹង​ដាក់​មក​ឱ្យ​ត្រូវ​កន្លែង​វិញ​អីចឹង។ ហើយ​យើង​ក៏​ធ្វើ​កោសល្យវិច័យ​ទៅ វា​អត់​មាន​អី​ទាំងអស់ មិន​មាន​បទ​ល្មើស​ទេ។ ដូច្នេះ​ហើយ យើង​លើក​លែង​ចោទ​ប្រកាន់​គាត់។ វា​ជា​ការ​ឆ្លើយ​ដាក់​បង្ខូច​កិត្តិយស​គាត់។ លោក អ៊ុង ផាត ហ្នឹង​ឥឡូវ​គាត់​រត់​គេច​ខ្លួន មិន​ដឹង​គាត់​ទៅ​នៅ​ឯណា ពីព្រោះ​ក្មេង​ហ្នឹង​ចង់​ឱ្យ​ហៅ​គាត់​មក​ត​ទល់​ជាមួយ​ក្មេង​ហ្នឹង ហើយ ២-៣​នាក់​ទៀត រួម​គ្នា​ចោទ​គាត់​ហ្នឹង មាន​ឈ្មោះ ធីតា មួយ​ទៀត ដែល​ខ្ញុំ​ហៅ​អត់​ចូល​មក​សោះ។ អ្នក​ដែល​បង្ក​រឿង​ឆ្លើយ​ដាក់​គាត់​ហ្នឹង»

ទោះ​យ៉ាង​ណា អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​សៀមរាប អ្នកស្រី ម៉ៅ យិន បាន​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​នៅ​តែ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ប្រធាន​អង្គការ​កុមារ​កំព្រា​អប់រំ​អង្គរ​នោះ។ អ្នកស្រី ម៉ៅ យិន បាន​បញ្ជាក់​ថា អ្នកស្រី​បាន​ចំណាយ​ពេល​ស៊ើប​អង្កេត​ទៅ​លើ​ករណី​នោះ​ជាច្រើន​ថ្ងៃ ហើយ​បាន​រក​ឃើញ​ថា បុរស​ប្រធាន​កុមារ​កំព្រា​នោះ គឺ​ពិត​ជា​មាន​ជាប់​សង្ស័យ​នឹង​ការ​សេពសន្ថវៈ​ជាមួយ​កុមារ​ខ្លះ​មែន។

មន្ត្រី​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត​សៀមរាប មាន​គម្រោង​បញ្ជូន​លិខិត​ទៅ​ក្រសួង​សង្គម​កិច្ច ដើម្បី​ឱ្យ​ចេញ​សេចក្តី​សម្រេច​បិទ​អង្គការ​កុមារ​កំព្រា​អប់រំ​អង្គរ នេះ ដោយ​ថា អង្គការ​នោះ​មាន​កំហុស​ផ្លូវ​ច្បាប់​ជាច្រើន​ក្នុង​ការ​គ្រប់គ្រង និង​ចាត់​ចែង​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បទដ្ឋាន​របស់​ក្រសួង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Christian

ពី Siem Reap

I support the idea to verify the decision that the Siem Reap court judge made. If he is pledged guilty, then the appeal court will prosecute the judge. More importantly, we really need the law to control the desired judges throughout Cambodia. I hope that when CNRP wins the 28 July election and CNRP wil form a new elected government, the new elected government will draft and make the law to control the judges.

Jun 16, 2013 09:48 PM

គេហទំព័រ​ទាំងមូល