លោក ឈូក បណ្ឌិត ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ

ចៅក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​មិថុនា ប្រកាស​សាលក្រម​សំណុំ​រឿង​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់ អោយ​រង​របួស ដោយ​សម្រេច​អោយ​អតីត​អភិបាល​ក្រុង​បាវិត ជាប់​គុក ១​ឆ្នាំ​កន្លះ និង​បង្គាប់​ឲ្យ​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​សរុប ៣៨​លាន​រៀល។
ដោយ សុ ជីវី
2013-06-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sochivy

ជន​រង​គ្រោះ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាត់​ទុក​សាលក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង ដែល​កាត់​អោយ​លោក ឈូក បណ្ឌិត ជាប់​គុក និង​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ​ថា មាន​ចំណុច​វិជ្ជមាន​ច្រើន​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​អោយ​ជនរងគ្រោះ។

មេធាវី​ជន​រងគ្រោះ អ្នកស្រី សារី បុត្រចរិយា មាន​ប្រសាសន៍​បន្ទាប់​ពី​ការ​ប្រកាស​សាល​ក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា ពិត​មែន​ថា​សេចក្ដី​សម្រេច​របស់​ចៅក្រម​​នៅ​ពុំ​ទាន់​បាន​ដូច​ការ​ចង់​បាន​របស់​ក្រុម​មេធាវី​ជន​រង​គ្រោះ ប៉ុន្តែ​នេះ​បង្ហាញ​ថា តុលាការ​បាន​យក​ចិត្ត​ទុក​ដាក់​រក​យុត្តិធម៌​អោយ​ជន​រង​គ្រោះ ដែល​ជា​កម្មករ​ក្រីក្រ​ស្លូត​ត្រង់។

ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក លាង សួស្តិ៍ បាន​កាត់​អោយ​លោក ឈូក បណ្ឌិត មាន​ទោស​រយៈ​ពេល ១​ឆ្នាំ​កន្លះ និង​បាន​ចេញ​ដី​កា​អោយ​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត​រូប​នេះ​អោយ​មក​ទទួល​ទោស។ រីឯ​ជន​ជាប់​ចោទ សរ ចន្ថា នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង​បាវិត ត្រូវ​រួច​ខ្លួន​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ប៉ុន្តែ​ត្រូវ​ផ្ដន្ទា​ទោស​អោយ​ជាប់​ពន្ធនាគារ ៦​ខែ និង​ពិន័យ​ជា​ប្រាក់ ១​លាន​រៀល ពី​បទ​ប្រើ​ប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់។

ស្រប​គ្នា​នេះ​ក៏​បាន​បង្គាប់​អោយ​លោក ឈូក បណ្ឌិត បង់​ប្រាក់​សំណង​សរុប ៣៨​លាន​រៀល​ទៅ​ជន​រង​គ្រោះ​ដែល​ជា​កម្មការិនី​ទាំង ៣​នាក់។ ក្នុង​នោះ​ត្រូវ​បង់​ទៅ​អោយ ប៊ុន ចិន្ដា ដែល​របួស​ធ្ងន់​ជាង​គេ​នូវ​ទឹក​ប្រាក់​ចំនួន ២០​លាន​រៀល នុត សាខន ចំនួន ១០​លាន​រៀល និង កែវ នា ចំនួន ៨​លាន​រៀល។

ឆ្លើយ​តប​នឹង​ការ​កាត់​ទោស​នេះ​លោក​មេធាវី ស៊ុន ប៊ុណ្ណារិទ្ធ ការពារ​អោយ​លោក ឈូក បណ្ឌិត អះអាង​ថា លោក​នឹង​ប្ដឹង​ឧទ្ធរណ៍៖ «កូន​ក្ដី​ខ្ញុំ​នឹង​ប្ដឹង​មក​តុលាការ​ជាន់​ខ្ពស់ ដើម្បី​ឲ្យ​ស្វែង​រក​យុត្តិធម៌​ជូន​គាត់»

ដូច​គ្នា​នេះ​ដែរ​ចំពោះ​លោក សរ ចន្ថា បាន​ចាត់​ទុក​សាលក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង ថា​ពុំ​មាន​យុត្តិធម៌​ចំពោះ​ខ្លួន​ឡើយ៖ «ដល់​រក​ហេតុ​ផល​មិន​ឃើញ មក​ចោទ​ថា​ខ្ញុំ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ទៅ​វិញ។ អាវុធ​នោះ​ខ្ញុំ​អត់​បាន​ប្រើប្រាស់​ទេ វា​អយុត្តិធម៌​ចំពោះ​ខ្ញុំ​ដែរ»

ចំណែក​ជន​រង​គ្រោះ​បាន​អះអាង​ថា ពួក​គេ​ចាប់​ផ្ដើម​ភ័យ​ខ្លាច​នៅ​ពេល​ដែល​លោក ឈូក បណ្ឌិត នៅ​មាន​សេរីភាព​ពី​ការ​ឃុំឃាំង​នៅ​ឡើយ។

កម្មការិនី នុត សាខន បាន​បញ្ជាក់​ថា បើ​ទោះ​ជា​ពួក​នាង​ជា​ជន​រងគ្រោះ​មិន​ទាន់​ទទួល​បាន​ការ​គំរាម​កំហែង​ណា​មួយ​ក៏​ពួក​នាង​កំពុង​រស់​ក្នុង​ភាព​ភិតភ័យ៖ «ពី​មុន​មក​មិន​ដែល​មាន​ចេញ​ដីកា​ចាប់​ខ្លួន​ទេ ឥឡូវ​ចេញ​ដីកា​ចាប់​ខ្លួន ហើយ​មនុស្ស​នៅ​ក្រៅ​ឃុំ ពួក​ខ្ញុំ​ខ្លាច»

ភ្លាមៗ​នេះ​អង្គការ​មិនមែន​រដ្ឋាភិបាល​រួម​មាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដោយ​សាទរ​សាលក្រម​តុលាការ​ខេត្ត​ស្វាយរៀង ប៉ុន្តែ​បាន​ចាត់​ទុក​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ថា មាន​ការ​ប្រើប្រាស់​បទដ្ឋាន​ច្រើន​ខុសៗ​គ្នា។

សេចក្ដី​ថ្លែងការណ៍​នោះ​បន្ត​ថា បទដ្ឋាន​តុលាការ​ខ្មែរ​មាន​ពីរ​ផ្សេង​គ្នា​រវាង​ការ​ផ្ដន្ទាទោស​បុគ្គល​ដែល​មាន​អំណាច​ដូច​ជា​លោក ឈូក បណ្ឌិត និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដូច​អ្នកស្រី យ៉ោម បុប្ផា ជាដើម។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា តុលាការ​គួរ​តែ​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ដោយ​ស្មើ​ភាព​គ្នា ដូច​ដែល​មាន​ធានា​ដោយ​ច្បាប់៖ «ករណី​អ្នក​មាន​អំណាច មាន​ខ្នង​បង្អែក ច្រើន​តែ​គេច​ផុត​ពី​ច្បាប់ ឬ​ក៏​ការ​កាត់​ទោស​មាន​កម្រិត​ស្រាល...»

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ស្នើ​អោយ​ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង ឬ​អគ្គព្រះរាជអាជ្ញា​ត្រូវ​ប្ដឹង​ជំទាស់​នឹង​សាលក្រម​​កាត់ទោស លោក ឈូក បណ្ឌិត។

ឆ្លើយ​តប​នឹង​សំណើ​នេះ​ ព្រះ​រាជអាជ្ញា​ខេត្ត​ស្វាយរៀង លោក គា សាន់ថារ៉ូ មាន​ប្រសាសន៍​ថា លោក​យល់​ថា ការ​កាត់​ទោស​នេះ​សមរម្យ​ហើយ ប៉ុន្តែ​លោក​នឹង​ពិចារណា​ទៀត​ថា តើ​ត្រូវ​ប្ដឹង​ជំទាស់ ឬ​អត់៖ «ប្រកាស​ឲ្យ​មាន​ទោស​ប៉ុណ្ណឹង​វា​សមរម្យ​ហើយ តែ​ការ​ប្ដឹង​ឧទ្ធរណ៍​មិន​ប្ដឹង ចាំ​គិត​មើល​សិន»

ស្រប​ពេល​ដែល​មាន​ការ​សាទរ​ចំពោះ​ការ​កាត់​ទោស​លោក ឈូក បណ្ឌិត ទាំង​ជន​រង​គ្រោះ និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្នើ​អោយ​សមត្ថកិច្ច​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ​ជា​បន្ទាន់ ទៅ​តាម​ដីកា​របស់​សាលាដំបូង​ដែល​បញ្ជាក់​ថា ពុំ​អនុញ្ញាត​អោយ​លោក​នៅ​ក្រៅ​ឃុំ​ឡើយ បើ​ទោះ​ជា​លោក​ប្ដឹង​ឧទ្ធរណ៍​ភ្លាមៗ​នេះ​យ៉ាង​ណា​ក៏​ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (33)
Share

អ្នក​អាន​អនាមិក

បាញ់គេ ២,៣​នាក់ គុកមួយឆ្នាំកន្លះ យ៉ោមបុប្ផា ត្រូវបវចោទវាយ គេ គុក ២​,៣ ឆ្នាំ

Jul 01, 2013 11:22 AM

អ្នក​អាន​អនាមិក

ពី បន្ទាយមានជ័យ

តាងនាមប្រជាពលរដ្ឌខ្មែរ​សូមអបអរសាទ​ចំពោះចំណាត់ការ​របស់​តុលាការ ដែលបានផ្ដន់ទាទោសលោកឈូកបណ្ឋិត នេះជាកាយវិការល្អរបស់តុលាការក្រុង​បាវិត​....

Jun 26, 2013 11:48 PM

HURRICANE

IS IT FUNNY? CHHUK BENDIT CHOOTED WORKERS(THREE GILDS) SERVED JAIL ONE AND HALF YEARS, HAW ABOUT BOPHA JUCT WANT HER LAND AND HOME BACK PUT HER IN JAIL FOR THREE YEARS THAT SHE DID NOT COMMIT THE CRIME, HA HA HA !!!! KHMER JUSTICE. MR CHHUM MEI DID GET YUOR JUSTICE YET??? HHH I DID NOT SEE.

Jun 26, 2013 08:12 PM

អ្នក​អាន​អនាមិក

ការ​កាត់ទោសមិនសមនិង​ទង្វើឡើយ

Jun 26, 2013 10:23 AM

Kim Chhouk

ពី Posat Province

ខ្ញុំសូមជូនពរដល់ ចៅក្រមសាលាដំបូងខេត្តស្វាយរៀង ដែលបាន
ផ្ដល់យុត្តិធម៌អោយ ជនរងគ្រោះ ដែលជាកម្មការិនី ក្រីក្រស្លូតត្រង់។

កឹម ឈូក

Jun 26, 2013 08:36 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល