សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទា​ទោស​លោក ឈូក បណ្ឌិត

តុលាការ​ខេត្ត​ស្វាយរៀង កំណត់​យក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៣ ជា​ថ្ងៃ​បើក​សវនាការ​ជា​ថ្មី​ក្នុង​សំណុំ​រឿង​លោក ឈូក បណ្ឌិត បាញ់​ប្រហារ​លើក​ក្រុម​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​បង្វែរ​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ខេត្ត​ស្វាយរៀង តាំង​ពី​ដើម​ខែ​មីនា។
ដោយ វណ្ណ វិចារ
2013-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sochivy

សហភាព​ការងារ​កម្ពុជា និង​សហភាព​សហជីព​កម្ពុជា ដែល​មាន​សម្ព័ន្ធ​សហជីព និង​សមាគម​ចំនួន ១៤ មក​ពី​វិស័យ​ចំនួន ៩ មាន​សមាជិក​ជាង ១៥​ម៉ឺន​នាក់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ នៅ​ថ្ងៃ​ទី​១៨ ឧសភា ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សំណុំ​រឿង​របស់​លោក ឈូក បណ្ឌិត។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​តុលាការ​ក្ដី​ប្រកប​ដោយ​តម្លាភាព​និង​យុត្តិធម៌។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ស្នើ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង ធ្វើ​ការងារ​ឯករាជ្យ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​ធំ​ដែល​នៅ​ពី​ក្រោយ​ខ្នង​លោក ឈូក បណ្ឌិត ដូច​លើក​មុន​ទៀត។ លោក​បន្ត​ថា ក្រុម​សហជីព​នឹង​តាម​ឃ្លាំមើល​ដំណើរការ​ក្តី​នៅ​តុលាការ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធានា​ថា កម្មការិនី​រង​គ្រោះ​នឹង​ទទួល​បាន​នូវ​យុត្តិធម៌​ពិត​ប្រាកដ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្មករ​មិន​មាន​គម្រោង​រៀបចំ​ការ​ដង្ហែ​ក្បួន​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​ស្វាយរៀង នោះ​ឡើយ។

លោក រ៉ុង ឈុន៖ «នៅ​តែ​ធ្វើ​ការ​ទាមទារ​បន្ត​បន្ទាប់ បើ​ការ​វិនិច្ឆ័យ​នៅ​ថ្ងៃ​២១ ខាង​មុខ​នេះ​មិន​បាន​ផ្ដល់​យុត្តិធម៌​ទេ​ជូន​កម្មការិនី​ទាំង​បី​នាក់​ហ្នឹង​ទេ យើង​នឹង​ធ្វើ​ការ​ទាមទារ​នូវ​យុត្តិធម៌ យក​ជន​ល្មើស​ទៅ​ផ្ដន្ទា​ទោស​តាម​ច្បាប់»

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចំហ​របស់​តំណាង​សហជីព​កម្មករ​លើក​ឡើង​ថា សង្គម​ស៊ីវិល​និង​កម្មករ​ចង់​ឃើញ​តុលាការ​ឈរ​លើ​គោលការណ៍​ឯករាជ្យ​ពិត​ប្រាកដ ហើយ​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​គាំទ្រ​ចំពោះ​ការ​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់​ចំពោះ​លោក ឈូក បណ្ឌិត ដើម្បី​បង្ហាញ​ពី​ចេតនា​លុប​បំបាត់​និទណ្ឌភាព​នៅ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា សង្គម​ស៊ីវិល​មិន​រា​ថយ​ឡើយ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​ទាំង​បី​នាក់ ហើយ​ក៏​មិន​សុខ​ចិត្ត​ចំពោះ​បុគ្គល​ដែល​មាន​លុយ​មាន​អំណាច​ប្រព្រឹត្ត​ល្មើស​ច្បាប់​បែរ​ជា​ត្រូវ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

ទាក់ទង​នឹង​សវនាការ​នេះ កម្មការិនី​រង​គ្រោះ​លោកស្រី កែវ នា នៅ​ថ្ងៃ​ទី​១៩ ឧសភា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​កញ្ញា​បាន​លា​ឈប់​ពី​រោងចក្រ​កៅវ៉េ​ហើយ ដោយ​ត្រឡប់​ទៅ​ធ្វើ​ការ​ជា​កម្មការិនី​នៅ​រោងចក្រ​មួយ​ដែល​ជិត​ផ្ទះ​នាង​វិញ។ លោកស្រី​បន្ត​ថា របួស​ដៃ​ជា​ឧបសគ្គ​ចម្បង​បំផុត​ដែល​មិន​អាច​ឲ្យ​នាង​តោង​ជិះ​ឡាន​ដោយ​រលាក់ៗ ទៅ​ធ្វើ​ការ​នៅ​កន្លែង​ចាស់​បាន។

លោកស្រី​បញ្ជាក់​ថា កម្មការិនី​រង​គ្រោះ​ទាំង​អស់​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព ដោយសារ​ឈឺ​ចាប់​របួស​បណ្ដាល​មក​ពី​គ្រាប់​កាំភ្លើង​នាំ​ឲ្យ​ប្រសិទ្ធភាព​ការងារ​ធ្លាក់​ចុះ ចំណូល​ក៏​ថយ ឯ​ចំណាយ​ចាយ​វាយ​ថ្លៃ​របួស​ក៏​កើន​ឡើង​ដែរ៖ «ខ្ញុំ​ឡើង​ទៅ​ស្អែក​ហ្នឹង ដាក់​ច្បាប់​នៅ​រោងចក្រ​ហ្នឹង ដាច់​លុយ​អស់ ៣០​រៀល​ហើយ។ ខ្វះ​ខាត​ច្រើន​ណាស់ ខ្ញុំ​ឈឺ​ដៃ​អ៊ីចឹង ចង់​ធ្វើ​ការ​នៅ​ផ្ទះ​កុំ​ឲ្យ​អស់​លុយ​ឡាន​លុយ​អី​អ៊ីចឹង​ណាស់!»

ទោះ​យ៉ាង​ណា​ក៏ដោយ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា លោក អ៊ូ វីរៈ ព្យាករ​ថា តុលាការ​ខេត្ត​ស្វាយរៀង នឹង​មិន​លើក​លែង​ការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ដូច​មុន​ទៀត​ទេ។ លោក​បន្ត​ថា លោក ឈូក បណ្ឌិត ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អ្នក​មាន​អំណាច​ធំ​នៅ​ពី​ក្រោយ​ខ្នង ប៉ុន្តែ​គណបក្ស​កាន់​អំណាច​នឹង​ដាក់​ទោស​លោក ឈូក បណ្ឌិត ដើម្បី​ផ្គាប់​ចិត្ត​អ្នក​បោះ​ឆ្នោត​ជា​ពិសេស​ក្រុម​កម្មករ​រោងចក្រ។

លោក អ៊ូ វីរៈ៖ «រាប់​សែន​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​ប្រហែល​ជា​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​បោះ​ឆ្នោត ហើយ​ទើប​ដោះ​លែង។ តុលាការ​គ្មាន​ឆន្ទៈ​ដោះស្រាយ​រឿង​ហ្នឹង​ប្រកប​ដោយ​យុត្តិធម៌​ទេ។ រឿង​កាត់​ក្តី​នេះ​ជា​រឿង​នយោបាយ»

អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​សហជីព​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃ​ទី​១៧ មីនា ដោយ​ទាមទារ​ឲ្យ​សាលា​ឧទ្ធរណ៍​ពិចារណា​ឡើង​វិញ និង​បង្វែរ​សំណុំ​រឿង​លោក ឈូក បណ្ឌិត ឲ្យ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជា​អ្នក​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នេះ​វិញ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​សំដែង​ការ​មិន​ទុក​ចិត្ត​ចំពោះ​ការ​កាត់​ក្តី​របស់​តុលាការ​ខេត្ត​ស្វាយរៀង នោះ​ឡើយ ហើយ​ចាត់​ទុក​ថា សំណុំ​រឿង​លោក ឈូក បណ្ឌិត នេះ ជា​រឿយៗ​បាន​រក្សា​ទុក​ដែល​ជា​និមិត្ត​រូប​នៃ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា។

ក្រុម​អ្នក​វិភាគ​សង្គម​ក្រើន​រំលឹក​ថា តួនាទី​សំខាន់​ពីរ​យ៉ាង​របស់​តុលាការ គឺ​ទី​១ គោរព​នីតិ​រដ្ឋ​រក្សា​នូវ​ភាព​ឯករាជ្យ​ភាព​របស់​ខ្លួន​ពី​ស្ថាប័ន​នីតិប្រតិបត្តិ និង​ប្រឆាំង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ និង​អំពើ​ពុក​រលួយ។ ទី​២ គឺ​ធានា​នូវ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​ជន​រងគ្រោះ និង​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ ដោយ​នាំ​ឧក្រិដ្ឋជន​យក​មក​ផ្ដន្ទាទោស និង​ដើម្បី​ការពារ​មិន​ឲ្យ​កើត​មាន​ឡើង​នូវ​ឧក្រិដ្ឋកម្ម ហើយ​ករណី​នេះ ជា​រឿង​ពិសេស​មួយ​សម្រាប់​តុលាការ​កម្ពុជា ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ភាព​ជឿ​ជាក់​ខ្លះ និង​បង្ហាញ​ថា ខ្លួន​ជា​ស្ថាប័ន​មួយ​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ប្រជាពលរដ្ឋ។

កាល​ពី​ថ្ងៃ​ទី​៤ មីនា សាលាឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​អសាធារណៈ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ជា​អភិបាល​ក្រុង​បាវិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា ២៣៦ ហើយ​បញ្ជូន​សំណុំ​រឿង​នេះ និង​ជន​ត្រូវ​ចោទ​លោក ឈូក បណ្ឌិត ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ជំនុំ​ជម្រះ​តាម​ផ្លូវ​ច្បាប់។ ការ​ផ្ដន្ទាទោស​តាម​មាត្រា ២៣៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ គឺ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

គតិទាំងបីនៃតុលាការស្រុកខ្មែរគឹ ឆន្ទាគតិ លោភាគតិ និង​ភ័យាគតិ។

May 21, 2013 03:00 AM

អ្នក​អាន​អនាមិក

ពី បន្ទាយមានជ័យ

មានលុយ មានបក្សពួក និងមានអំណាច មិនទាន់បានសន្មត់ថា
ខ្លួនឈ្នះ យកប្រៀបទាំងបំពាន គៀបសង្កត់លើគេបានទេ។ ភាព
ចេះឈឺឆ្អាល អាណិតដល់ជនក្រីក្រដែលគួរអាណិត ដោយមានការ
គាំទ្រពីទឹកចិត្តបរិសុទ្ធពិតៗ ដូចអង្គការសង្គមស៊ីវិលសុច្ចរិទ្ធិ ពិតជា
អាចពួតដៃគ្នា លុបបំបាត់អំពើឃុបឃិតថោកទាប បាន។ យើងនាំ
គ្នាគាំទ្រអំពើយុត្តិធម៌ ដើម្បីមាគារឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិត
ប្រាកដ។ ជយោ! យុត្តិធម៌ ត្រូវតែឈ្នះ មានបារមី ជួយថែរក្សា
យើង! សូមកុំខ្លាច

May 21, 2013 02:19 AM

អ្នក​អាន​អនាមិក

តុលាការដ៏មហាអន់ ក្រសួងមហាផ្ទៃដ៏មហាកំសាកដោះស្រាយ
រឿងមួយនេះមិនទៅមុខ

May 20, 2013 03:50 AM

អ្នក​អាន​អនាមិក

គាត់ប្រព្រិត្តិខុសហើយ គួរទទួលទោសទៅ នោះផ្លូវសំរាប់កូនចៅ ផៅញ្ញាតិរបស់ខ្លួននឹងមិនរងនូវសម្ពាធទៅថ្ងៃអនាគត ។

May 20, 2013 01:46 AM

អ្នក​អាន​អនាមិក

ពី កណ្ដាលក្រុង

បុគ្គលឈូក-បន់ឌិតនេះមិនអាចមាននរណាហ៊ានបញ្ជុនចូលគុកបានទេ មូលហេតុដូចយើងទាំងអស់គ្នា
បានដឹងរួចហើយ។ បើតាមខ្ញុំមើលឃើញគឺត្រឹមភ្យួរទោសទម្រាំបោះឆ្នោតរួច ហើយពួកគេនឹងលប់ចោល
ការសម្រេចពីមុនថែមទៀត។ នេះហើយតុលាការ​របស់ព្រះរាជាណាចក្រកម្ពុជា!​ តើអ្នករងគ្រោះឈឺចាប់
យ៉ាងណា? តើស្ថាប័នកំពូលទាំងពីរបិទមាត់ដើរទន្ទឹមដើម្បីជាប្រយោជន៍កន្លែងណាសម្រាប់រាស្រ្តខ្សត់
ខ្សោយ? ឬមួយក៏រាស្រ្តទាំងនោះនាំគ្នារើបម្រះដូចសត្វព្រាបក្នុងស្រីហិតោបទេស? គួរពិចារណាដើម្បី
ឈានទៅរកសេចក្ដីសម្រេចចិត្ត!

May 19, 2013 11:00 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល