តុលាការ​លើក​ពេល​បើក​សវនាការ​សំណុំ​រឿង​លោក ឈូក បណ្ឌិត

តុលាការ​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា បាន​សម្រេច​លើកពេល​សវនាការ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់ អោយ​រង​របួស ដែល​មាន​​អតីត​អភិបាល​ក្រុង​បាវិត ​លោក ឈូក បណ្ឌិត ជា​ជន​សង្ស័យ​ ដោយ​សំអាង​ថា ​អវត្តមាន​មេធាវី​ការពារ​ជន​ជាប់​ចោទ។
ដោយ សុ ជីវី
2013-05-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២០-កុម្ភៈ-២០១២៖ កម្មការិនី​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ក្នុង​ពេល​កំពុង​តវ៉ា សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង។
២០-កុម្ភៈ-២០១២៖ កម្មការិនី​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ក្នុង​ពេល​កំពុង​តវ៉ា សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង។
Adhoc Photo

តុលាការ​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា បាន​បើក​សវនាការ​សំណុំរឿង​អតីត​អភិបាល​ក្រុង​បាវិត តាម​ពេល​កំណត់។ នៅ​ក្នុង​សវនាការ​គេ​ឃើញ​មាន​វត្តមាន​ជន​រងគ្រោះ សហជីព​កម្មករ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ដែល​ឃ្លាំ​មើល​រឿង​ក្ដី​នេះ។ ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​វត្តមាន​ជន​ជាប់​ចោទ លោក ឈូក បណ្ឌិត និង​មេធាវី​ការពារ​លោក​ឡើយ។ ករណី​នេះ​ចៅក្រម​ជំនុំ​ជម្រះ​សម្រេច​មិន​បន្ត​ដំណើរការ​​ ​នីតិវិធី​សវនាការ​ភ្លាមៗ​បន្ទាប់​ពី​បាន​ដំណើរ​រយៈ​ពេល​ជិត​មួយ​ម៉ោង។

ចៅក្រម​ជំនុំ​ជម្រះ​ប្រកាស​ជា​សាធារណៈ​ពន្យារ​ពេល​សវនាការ​សំណុំ​រឿង​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) និង​បាន​កំណត់​យក​ថ្ងៃ​ទី​១២ ខែ​មិថុនា ជា​ថ្ងៃ​បើក​សវនាការ​ជាថ្មី​ទៀត។

ចៅ​ក្រម​ជំនុំ​ជម្រះ​ និង​ជា​អនុប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង លោក លាង សួគ៌ បាន​ប្រកាស​នៅ​ក្នុង​បន្ទប់​សវនាការ​ជា​សាធារណៈ​ចំពោះ​មុខ​ជនរងគ្រោះ​តំណាង​សហជីព និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​សវនាការ​ថា មេធាវី​ការពារ​ជន​ជាប់​ចោទ គឺ​កញ្ញា ម៉ៅ សំវុទ្ធារី បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​សវនាការ​ដោយ​មូលហេតុ​ជាប់​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន។

លោក​ចៅក្រម លាង សួគ៌ បន្ត​ថា លោក​សម្រេច​លើក​ពេល​សវនាការ ដើម្បី​ទុក​សិទ្ធិ​អោយ​មេធាវី និង​ម្យ៉ាង​ជន​ជាប់​ចោទ ឈូក បណ្ឌិត ជា​តួអង្គ​សំខាន់​ក្នុង​សវនាការ​បែរ​ជា​ពុំ​មាន​វត្តមាន​ដែរ។

ជន​រងគ្រោះ តំណាង​សហជីព និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ខកចិត្ត​ចំពោះ​ការ​លើក​ពេល​នេះ និង​បាន​ហៅ​ការ​ពន្យារ​ពេល​សវនាការ​ថា ពុំ​បាន​ឈរ​លើ​ហេតុ​ផល​ត្រឹមត្រូវ។

ជន​រងគ្រោះ​លោកស្រី កែវ នា មាន​ប្រសាសន៍​ថា នាង​បាន​រង់ចាំ​យុត្តិធម៌​ជាង ១​ឆ្នាំ​មក​ហើយ មក​ដល់​ពេល​នេះ​នាង​នៅ​មាន​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ។ នាង​ទទូច​អោយ​តុលាការ​រក​យុត្តិធម៌​អោយ​ពួក​នាង ដែល​ជា​ជន​រងគ្រោះ​ក្រីក្រ គ្មាន​អំណាច។

កាល​ពី​ថ្ងៃ​ទី៤ មីនា សាលា​ឧទ្ធរណ៍​បាន​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ជា​អភិបាល​ក្រុង​បាវិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា ២៣៦ ហើយ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ជំនុំ​ជម្រះ​តាម​ផ្លូវ​ច្បាប់។ ករណី​នេះ​ប្រសិន​បើ​រក​ឃើញ​ថា មាន​កំហុស​ជន​ល្មើស​អាច​ជាប់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ថា លោក​នៅ​តែ​មើល​ឃើញ​ថា យុត្តិធម៌​នៅ​តែ​ពិបាក​ត្រូវ​គេ​ផ្ដល់​អោយ​ក្រុម​កម្មករ​រងគ្រោះ។

លោក អំ សំអាត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ខាង​មុខ​តុលាការ​ខេត្ត​ស្វាយរៀង​ថា លោក ឈូក បណ្ឌិត ទំនង​ភ័យ​ខ្លាច​ថា​គាត់​អាច​នឹង​មាន​បញ្ហា​នៅ​ពេល​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់ ទើប​រក​លេស​ដើម្បី​ពន្យារ​ពេល។ យ៉ាង​ណា លោក​សង្ឃឹម​ថា តុលាការ​នឹង​មិន​ទុក​អោយ​សំណុំ​រឿង​នេះ​អូស​បន្លាយ​ពេល​បន្ថែម​ទៀត​ទេ។

កម្មការិនី​នៃ​រោងចក្រ​កៅវ៉េ ៣​នាក់ ត្រូវ​បាញ់​អោយ​របួស​នៅ​ក្នុង​ពេល​កម្មករ​ជា​ច្រើន​ពាន់​នាក់​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល និង​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។ ក្នុង​នោះ អ៊ុន ចិន្តា ឬ ប៊ុន ចិន្តា ត្រូវ​បាញ់​ចំ​ទ្រូង​ខាង​ឆ្វេង​ធ្លុះ​ទៅ​ខ្នង កែវ នា របួស​ដៃ និង ប៊ុត សាខន របួស​ខ្នង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Stop buying time !The guy shot 3 innocent girls in broad day light still go free. This raises more tension btwn people and justice puppet.
To serve justice,Chhouk Bandit should be in jail since Feb,2012.

May 21, 2013 09:26 AM

គេហទំព័រ​ទាំងមូល