លោក ជា មុនី គ្រោង​ប្ដឹង​ករណី​លោក ជា វិជ្ជា ទៅ​តុលាការ​​អន្តរជាតិ

អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ តុលាការ​មិន​ទាន់​រក​ឃើញ​ឃាតក​ពិត​ដែល​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឃើញ​នៅ​ឡើយ។
ដោយ ទីន ហ្សាការីយ៉ា
2013-09-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខ្មែរ​និង​ក្រុម​សិទ្ធិ​មនុស្ស​ដង្ហែ​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២២ មករា ២០០៩។
ពលរដ្ឋ​ខ្មែរ​និង​ក្រុម​សិទ្ធិ​មនុស្ស​ដង្ហែ​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២២ មករា ២០០៩។
AFP Photo

ក៏​ប៉ុន្តែ​លោក ប៊ន សំណាង និង សុខ សំអឿន ដែល​ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អះអាង​ថា ជា​ឃាតក​សិប្បនិម្មិត​កំពុង​តែ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ជា​លើក​ទី​ពីរ​នោះ ត្រូវ​តុលាការ​កំពូល​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ចុង​ខែ​កញ្ញា ខាង​មុខ​នេះ។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា បាន​ឲ្យ​ដឹង​ថា លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លើ​ករណី​លោក ជា វិជ្ជា ពីព្រោះ​លោក​គ្មាន​ជំនឿ​លើ​តុលាការ​កម្ពុជា។

លោក ជា មុនី ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​ពិភាក្សា​ជាមួយ​មេធាវី​របស់​លោក​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា និង​ករណី​ឃាតកម្ម​លើ​សមាជិក​សហជីព​របស់​លោក គឺ​លោក ហ៊ី វុទ្ធី ជាដើម។

លោក ជា មុនី អះអាង​ថា ប៊ន សំណាង និង សុខ សំអឿន អ្នក​ទាំង​ពីរ​មិន​មែន​ជា​ឃាតក​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤ នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​ក៏​នឹង​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​កម្ពុជា ចំពោះ​ករណី​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា ពីព្រោះ​ថា តុលាការ​គ្មាន​រក​ចាប់​បាន​ឃាតក​ពិត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​ពី​ស្ត្រី​លក់​កាសែត​នោះ​ទេ។ ទី​បំផុត​សាលាឧទ្ធរណ៍​មាន​តែ​ចាប់​ខ្លួន ប៊ន សំណាង និង សុខ សំអឿន ដើម្បី​បិទ​បាំង​ឃាតក​ពិត​ដដែល។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​ស្ថាប័ន​អចិន្ត្រៃយ៍ ហើយ​ត្រូវ​មាន​អំណាច​អនុវត្ត​យុត្តាធិការ​របស់​ខ្លួន​លើ​ជន​ទាំង​ឡាយ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​បំផុត ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​អន្តរជាតិ។ មាត្រា ៨ នៃ​ច្បាប់​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ស្ដីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចែង​ថា ការ​ប្រើប្រាស់​អាវុធ កាំភ្លើង​ផ្លោង ព្រម​ទាំង​ឧបករណ៍ និង​វិធីសាស្ត្រ​ធ្វើ​សង្គ្រាម​សឹក ដែល​មាន​លក្ខណៈ​បណ្ដាល​ឲ្យ​រង​គ្រោះ​ដ៏​លើសលប់ ឬ​គ្រោះថ្នាក់​ដែល​មិន​ចាំបាច់ ឬ​ដែល​មិន​រើស​មុខ​ជាប់​នៅ​ក្នុង​ច្បាប់​អន្តរជាតិ​ស្ដីពី​ជម្លោះ​ប្រដាប់​អាវុធ​ដោយ​លក្ខខណ្ឌ​ថា អាវុធ​កាំភ្លើង​ផ្លោង ព្រម​ទាំង​ឧបករណ៍ និង​វិធី​សាស្ត្រ​ធ្វើ​សង្គ្រាម​សឹក​នោះ គឺ​ជា​កម្មវត្ថុ​នៃ​ការ​ហាមឃាត់​ដ៏​ទូលំទូលាយ​ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ឧបសម្ពន្ធ​នៃ​ច្បាប់​លក្ខន្តិកៈ​ទីក្រុង​រ៉ូម។

ការ​គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​លោក ជា មុនី នេះ បន្ទាប់​ពី​តុលាការ​កំពូល​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ និង​មេធាវី​របស់​លោក ប៊ុន សំណាង និង សុខ សំអឿន ថា​តុលាការ​កំពូល​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៥ កញ្ញា ខាង​មុខ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ សាលាឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា​ផ្ដន្ទាទោស​ជា​ថ្មី​ឲ្យ​លោក សុខ សំអឿន និង លោក ប៊ន សំណាង ជាប់​គុក​ម្នាក់ៗ ចំនួន ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា បាន​បាញ់​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា។

មេធាវី​លោក សុខ សំអឿន គឺ លោក ហុង គឹមសួន មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ជូន ប៊ន សំណាង និង សុខ សំអឿន ជា​ថ្មី​ម្ដង​ទៀត ពីព្រោះ​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កន្លង​មក​នេះ ហាក់​មាន​រឿង​អ្វី​នៅ​​ពីក្រោយ​ខ្នង​រឿង​នេះ។

លោក​បញ្ជាក់​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នោះ ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ ដោយសារ​ថា ការ​សម្រេច​ផ្ដន្ទាទោស​អ្នក​ទាំង​ពីរ​នេះ​គឺ​ពុំ​ធ្វើ​ឡើង​ដោយ​ព្រះរាជអាជ្ញា​ជា​អ្នក​ចោទ​ប្រកាន់​ទេ។

ក្រោយ​ពី សុខ សំអឿន និង ប៊ន សំណាង ជាប់​ពន្ធនាគារ​លើក​ទី​ពីរ បាន​ជិត​មួយ​ឆ្នាំ​មក​ហើយ​នេះ ក្រុម​គ្រួសារ​របស់​ពួកគាត់​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​ផ្នែក​ជីវភាព ដោយសារ​ថា​ពួក​គាត់​បាត់បង់​អ្នក​រក​ប្រភព​ចំណូល​ដ៏​ធំ​មួយ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។

ភរិយា​របស់ សុខ សំអឿន អ្នកស្រី នាង ថេន បាន​រៀបរាប់​ថា សព្វថ្ងៃ​នេះ​គាត់​ទៅ​កាប់​អុស​លក់​ដើម្បី​យក​លុយ​ទិញ​អង្ករ​ហូប ពីព្រោះ​ថា គាត់​មាន​កូន​នៅ​ក្នុង​បន្ទុក និង​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ទេ។ អ្នកស្រី​បញ្ជាក់​ថា នៅ​មុន​ពេល​លោក សុខ សំអឿន ត្រូវ​បាន​គេ​ចាប់​ខ្លួន​នោះ ស្វាមី​របស់​គាត់​បាន​បង្រៀន​ភាសា​អង់គ្លេស ដើម្បី​រក​លុយ​ផ្គត់ផ្គង់​គ្រួសារ។

លោក ជា មុនី ជា​ប្អូន​ប្រុស​បង្កើត​លោក ជា វិជ្ជា និង​ជា​ដើម​បណ្ដឹង​ក្នុង​ករណី​ឃាតកម្ម​លើ​រូប​លោក ជា វិជ្ជា នេះ លោក​បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​លោក ប៊ន សំណាង និង សុខ សំអឿន តាំង​ពី​អាជ្ញាធរ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​លើក​ដំបូង បន្ទាប់​ពី​ឃាតក​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤ មក​ម្ល៉េះ ពីព្រោះ​លោក​ដឹង​ថា ការ​ចាប់​ខ្លួន ប៊ន សំណាង និង សុខ សំអឿន នេះ គ្រាន់​តែ​ជា​ល្បែង​នយោបាយ​ដើម្បី​លាក់​មុខ​ឃាតក​ពិត​តែប៉ុណ្ណោះ។

រី​ឯ​មន្រ្តី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ កន្លង​មក​បាន​លើក​ឡើង​ប្រហាក់ប្រហែល​លោក ជា មុនី ដែរ​ថា ប៊ន សំណាង និង សុខ សំអឿន គឺ​ជា​ឃាតក​សិប្បនិម្មិត​ដែល​ពួក​គាត់​ទាមទារ​ឲ្យ​តុលាការ​និង​រដ្ឋាភិបាល​ដោះលែង​អ្នក​ទាំង​ពីរ និង​ស្វែង​ចាប់​ខ្លួន​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០០៤។ គិត​មក​ទល់​ពេល​នេះ​អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ ដែល​តុលាការ​មិន​ទាន់​ស្វែង​រក​ចាប់​ខ្លួន​ឃាតក​ពិត​ឃើញ​នៅ​ឡើយ។

មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ឃាតក​ពិត​មិន​បាន​នេះ មិន​មែន​មាន​ន័យ​ថា មន្ត្រី​នគរបាល​គ្មាន​សមត្ថភាព​នោះ​ឡើយ ប៉ុន្តែ​ករណី​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាថ៌កំបាំង​នយោបាយ​ដ៏​ធំ​មួយ​នៅ​ពី​ក្រោយ​ខ្នង​ករណី​នេះ។ លោក​បញ្ជាក់​ថា មន្ត្រី​នគរបាល​មួយ​ចំនួន​នៅ​សម័យ​នោះ ទី​បំផុត​ក៏​ត្រូវ​ជាប់​គុក​ដោយ​ខ្លួន​ឯង​មក​ដល់​បច្ចុប្បន្ន​នេះ​ដែរ។

លោក ប៊ន សំណាង មក​ទល់​ពេល​នេះ​មាន​អាយុ ៣២​ឆ្នាំ និង សុខ សំអឿន មាន​អាយុ ៤៤​ឆ្នាំ។ អ្នក​ទាំង​ពីរ​ត្រូវ​តុលាការ​កំពូល​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៥ កញ្ញា ខាង​មុខ​ទៅ​តាម​បណ្ដឹង​សាទុក្ខ​របស់​អ្នក​ទាំង​ពីរ។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​មួយ​នេះ​ត្រូវ​បាន​តុលាការ​កំពូល​យក​មក​ជំនុំ​ជម្រះ។

តុលាការ​កំពូល​ធ្លាប់​បាន​សម្រេច​ដោះលែង​​លោក សុខ សំអឿន និង ប៊ន សំណាង នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​រួច​ហើយ កាល​ពី​ចុង​ឆ្នាំ​២០០៨ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ជាប់​គុក​ចំនួន ៥​ឆ្នាំ។ ក៏​ប៉ុន្តែ​វាសនា​របស់​អ្នក​ទាំង​ពីរ​នឹង​បន្ត​រស់​នៅ​ក្នុង​ពន្ធនាគារ​ទៅ​តាម​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ឬ​តុលាការ​កំពូល​ត្រូវ​ដោះលែង​វិញ ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ការ​ជំនុំជម្រះ​និង​ការ​សម្រេច​ចុង​ក្រោយ​របស់​តុលាការ​កំពូល​នៅ​ចុង​ខែ​កញ្ញា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

Kon Khmer

How much money do you have? If you have enought money, why not do it?.

Sep 30, 2013 06:03 PM

អ្នក​អាន​អនាមិក

តាមពិតរឿងនេះលោក ជា មុនី គួរតែធ្វើជាយូរមកហើយកុំចាំតុលាខ្មែរឬសមត្តិកិច្ចខ្មែររកយុត្តិធមអោយគឺគ្មានទេ

Sep 11, 2013 11:08 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

Hope you will find justice for your brother. I know that Hun Sen has neither time nor willing to send himself to the jail because of his fraud of killing your brother, many Khmer people who were in the protest in the 1997, which is now almost 20 years without any news or reaction of the government, and Chout Vuthy. Hun Sen should step down!

Sep 11, 2013 12:16 AM

អ្នក​អាន​អនាមិក

តុលាការស្រុកខ្មែរគ្មានឯករាជ្យ​មិនអាចរកយុត្តិធម៍បានឡើយ។​ពួកគេធ្វើតាមតែបញ្ជាថ្នាក់លើប៉ុណ្ណេះ។យកល្អ សុំព្រះមហាក្សត្រលើកលែងទោសទៅ​ ដើម្បីអោយអ្នកទាំងមានសេរីភាពឡើងវិញ។

Sep 11, 2013 12:05 AM

Sorrow

ពី Phnom Penh

The justice system in Cambodia is just nothing. It can be changed from black to white and from white to black provided that there would be enough money and high nepotism network to give and show to the judge. The world of Cambodia contains no true justice as it should be. The root of the main cause is started by Hun Sen, who is the head of this mindset. Damn shit!

Sep 11, 2013 12:04 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល